ការដោះស្រាយបញ្ហាទីផ្សារជូនកសិករមាន 2 របៀប៖
1) បុរេសកម្មនិយម៖ មានន័យថាកសិករទទួលបានទីផ្សារតាមរយៈយន្តការកិច្ចសន្យាផលិតកម្មកសិកម្មមុនការធ្វើដាំដុះ។
2) ប្រតិកម្មនិយម៖ មានន័យថាកសិកររកមន្រ្តីកសិកម្មជួយដោះស្រាយបញ្ហាទីផ្សារដែលកើតឡើងពេលប្រមូលផលស្រូវ។
វិធីសាស្រ្តបុរេសកម្មអាចដោះស្រាយបញ្ហាទីផ្សារបានល្អប្រសើរ។ ដើម្បីដោះស្រាយបញ្ហាទាក់ទងនឹងផលិតកម្មកសិកម្មនិងទីផ្សារជូនកសិករ រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាពសម្រាប់វិស័យកសិកម្ម (អាទិភាពទី 5 និងទី 6)។ ក្នុងការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទាំងនេះ ក្រសួងកសិកម្មបានដាក់ពង្រាយមន្រ្តីកសិកម្មឃុំនៅគ្រប់ឃុំកសិកម្ម និងរៀបចំសហគមន៍កសិកម្មទំនើបដើម្បីដោះស្រាយទីផ្សារជូនកសិករជាលក្ខណៈបុរេសកម្ម ដោយកសិករចុះឈ្មោះសហការជាមួយមន្រ្តីកសិកម្មឃុំ ដើម្បីទទួលបានការគាំទ្ររៀបចំផែនការផលិត និងការសម្របសម្រួលឲ្យទទួលបានកិច្ចសន្យាទីផ្សារជាមួយរោងម៉ាស៊ីនមុនរដូវដាំដុះ។
រោងម៉ាស៊ីនសហការទទួលបានការសម្របសម្រួល ទទួលបានទុនពីកម្មវិធីហិរញ្ញប្បទានពិសេស (កម្មវិធីគោលនយោបាយអាទិភាពទី 5) ដើម្បីប្រមូលទិញស្រូវតាមកិច្ចសន្យា ។
កសិករចូលរួមកិច្ចសន្យាផលិតកម្មកសិកម្មក៏ទទួលបានការសម្របសម្រួលទីផ្សារ សេវានិងធាតុចូលកសិកម្មក្នុងតម្លៃសមរម្យ ជាមួយការសម្របសម្រួលទុនឬទូទាត់ចំណាយពេលប្រមូលផល។
យើងខ្ញុំសូមអំពាវនាវឲ្យកសិករដែលផលិតស្រូវលក់ចុះឈ្មោះសហការជាមួយមន្រ្តីកសិកម្មឃុំ នៅតាមឃុំសាមីដើម្បីងាយស្រួលទទួលបានការដោះស្រាយបញ្ហាទីផ្សារបានល្អប្រសើរតាមគោលការណ៍បុរេសកម្ម។