មានកសិករខ្មែរជាច្រើន ជាពិសេសអ្នកប្រកបមុខរបរដាំបន្លែ និងដំណាំផ្សេងៗ សំរាប់លក់ ក៏ដូចជាអ្នកធ្វើស្រែ ប្រាំង បាននិងកំពុងនិយមប្រើថ្នាំពុលដែលទិញពីទីផ្សារ។ កសិករយើងមួយចំនួនធំ ចាត់ទុកថ្នាំពុលជាដំណោះស្រាយ មួយលឿន ស្រួលទាន់ចិត្តក្នុងការការពារដំណាំ ។ មានកសិករខ្លះយល់ថា ថ្នាំពុលជាថ្នាំដែលជួយអោយដំណាំលូត លាស់បានល្អ ។ កសិករភាគច្រើនដែលយើងជួប បានប្រើប្រាស់ថ្នាំដោយមិនដឹងថាវាជាថ្នាំពុលត្រូវនឹងសត្វល្អិត ឬ ជំងឺអ្វីនោះទេ ពេលខ្លះពួកគាត់មិនដឹងថាវាជាថ្នាំពុលប្រភេទអ្វីអោយច្បាស់លាស់ ដោយចេះតែប្រើស្មានៗ លាយ ច្រើនមុខចូលគ្នា លាយគ្មានកំរិតច្បាស់លាស់ និងបាញ់ច្រើនសា។ នៅពេលលាយ និងប្រើប្រាស់ថ្នាំពុល ពួកគាត់ ហាក់ដូចជា មិនសូវមានការបារម្ភ អំពីសុខភាពផ្ទាល់ខ្លួនទាល់តែសោះ ។ មានកសិករខ្លះមិនបានកត់សំគាល់ ពីការ ប្រើប្រាស់ថ្នាំពុលរបស់ខ្លួនទេ រហូតដល់ពេលធ្លាក់ខ្លួនឈឺធ្ងន់ទើបដឹងថាមកពីការប្រើថ្នាំពុលច្រើនជ្រុលពេក មានអ្នកខ្លះដាំបន្លែយូរទៅសឹងតែរកប្រាក់ចំណូលមកទប់ នឹងការចំណាយលើការប្រើថ្នាំពុល និងព្យាបាលជម្ងឺ ផ្ទាល់ខ្លួនសឹងមិនបាន រហូតដល់ផ្លាក ឬបោះបង់មុខរបរនេះចោល ។ មានអ្នកខ្លះបាញ់ថ្នាំពុលលែងកើត ក៏ជួល អ្នកដទៃមកបាញ់ រហូតដល់អ្នកស៊ីឈ្នួលបាញ់ថ្នាំពុលអោយគេនោះ បាញ់ថ្នាំពុលលែងកើត ដោយសារពុល ហើយ ធ្លាក់ខ្លួនឈឺ ដែរ ។ល ។
ទាញយកឯកសារខាងក្រោម៖