របៀបដោះស្រាយបញ្ហាទីផ្សារស្រូវសម្រាប់ការប្រមូលផលស្រូវដើមរដូវនេះ
បញ្ហាទីផ្សារអាចបែងចែកជា ២
១) បញ្ហាអត់ទីផ្សារ មានន័យថា អត់មានអ្នកទិញស្រូវ។
២) បញ្ហាតម្លៃ មានន័យថា មានអ្នកទិញ តែតម្លៃមិនសូវល្អ។
ករណីទី ១៖ ក្រសួងកសិកម្មផ្តល់អាទិភាពដោះស្រាយតាមរយៈការតម្រង់ទិសរោងម៉ាស៊ីនសហការឲ្យចូលរួមជួយប្រមូលទិញក្នុងតម្លៃសមរម្យ។ដូចនេះបើកសិករឬលោកអ្នកជួបករណីនេះសូមទាក់ទងមកមន្រ្តីកសិកម្មឃុំ ឬមកក្រសួង។បើផ្សព្វផ្សាយតាមបណ្តាញសង្គមសូមរាយការណ៍ឲ្យច្បាស់នូវឈ្មោះកសិករទីតាំង និងថ្ងៃខែឆ្នាំផង។
ករណីទី ២៖ ក្រសួងធ្វើការសម្របសម្រួលនូវការចរចាតម្លៃរវាងកសិករ និងរោងម៉ាស៊ីនសហការ ដោយកំណត់យកតម្លៃណាមួយដែលភាគីទាំងពីរ អាចទទួលយកបាន ហើយការពារមិនឲ្យមានការក្រឡុកតម្លៃ។ គុណភាពស្រូវ (កម្រិតទុំ គ្រាប់ស្រូវមានអុជ ភាពសុទ្ធរបស់ពូជ និងសំណើម) គឺជាកត្តាសំខាន់មួយក្នុងការកំណត់តម្លៃ។
បច្ចុប្បន្ន មានរោងម៉ាស៊ីនខ្នាតធំចំនួន 20 បានចូលរួមសហការដើម្បីជួយដោះស្រាយបញ្ហាទាំងពីរខាងលើ។ ក្រសួងកសិកម្ម បានសហការជាមួយ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ផ្តល់ឥណទានពិសេសរបស់រាជរដ្ឋាភិបាលដល់រោងម៉ាស៊ីនទាំងនេះ(នេះជាការផ្តល់ដំណាក់កាលទី 3) ដើម្បីបង្កើនការទិញស្រូវឲ្យបានទាន់ពេលវេលា និងឆ្លើយតបតាមគោលដៅកំណត់ ជាមួយនឹងការជួយសហការសម្របសម្រួលនៅតាមវាលពីមន្រ្តីកសិកម្មឃុំ ខេត្តនិងថ្នាក់ជាតិ។
ជារួមរាជរដ្ឋាភិបាលមិនទុកឲ្យកសិករអត់ទីផ្សារ(ករណីទី 1) និងសម្របសម្រួលឲ្យទាំងភាគីកសិករនិងរោងម៉ាស៊ីនទទួលបានតម្លៃសមរម្យដើម្បីរក្សានូវសមត្ថភាពប្រកួតប្រជែង ជីវភាពកសិករ និង និរន្តរភាពវិស័យស្រូវអង្កររបស់ជាតិយើង។ទន្ទឹមនឹងនេះដើម្បីដោះស្រាយបញ្ហាទីផ្សារ និងទុនជូនកសិករនៅរដូវខាងមុខក្រសួងកសិកម្មលើកទឹកចិត្តឲ្យកសិករចុះឈ្មោះសហការជាមួយមន្រ្តីកសិកម្មឃុំជាក្រុមផលិតឬសហគមន័កសិកម្មទំនើបដើម្បីងាយស្រួលរៀបចំផែនការដាំដុះនិងកិច្ចសន្យាកសិកម្មជាមួយការធានានូវតម្លៃអប្បបរិមារមុនធ្វើការដាំដុះ។
សូមបញ្ជាក់ថាក្នុងឆ្នាំនេះយើងផលិតស្រូវលើសតំរូវការក្នុងស្រុកជាង 6 លានតោនសម្រាប់ការនាំចេញជាអង្ករនិងស្រូវទៅកាន់ទីផ្សារអន្តរជាតិដែលពោរពេញទៅដោយការប្រកួតប្រជែងតម្លៃនិងគុណភាព ជាពិសេសជាមួយឥណ្ឌា ថៃ និងវៀតណាមដែលគ្រប់គ្រងទីផ្សារពិភពលោក៧០ភាគរយ។ជាមធ្យមនៅខែសីហានេះការប្រមូលផលស្រូវនៅកម្ពុជាប្រមាណ 40000 តោនក្នុងមួយថ្ងៃ។
ពេលនេះជាពេលចូលរួមសហការគ្នាដើម្បីវិស័យស្រូវអង្ករជាតិយើង ដែលជាផ្នែកមួយនៃការកសាងជាតិផងដែរ។

