សៀវភៅបៃតង – ភាគ៩
៧. សេចក្តីសង្ខេប
តាមរយៈសៀវភៅនេះ គបម បានដាក់ចេញនូវគោលនយោ-បាយ និងកម្មវិធីនយោបាយគន្លឹះចំនួន១២៥ ដែលក្នុងនោះយើងបានសង្ខេបជាគោលនយោបាយអាទិភាពសម្រាប់ជាសារនយោបាយខ្លីៗ ដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទូទៅ ដែលយើងហៅថា គោលនយោបាយ ស៥។
៧.១ សទី១៖ សេដ្ឋកិច្ច និងការងារ
- អ្នកជំនាញ ៥.០០០(ប្រាំពាន់)នាក់ធ្វើការបម្រើកសិករគ្រប់ភូមិ ដើម្បីទទួលបាន ទឹក ទុន ទីផ្សារ និងបច្ចេកទេសកសិកម្មល្អ។
- កសិករ សហគ្រាសកែច្នៃ និងក្រុមហ៊ុននាំចេញកសិផល ត្រូវបានគាំទ្រពីរដ្ឋ ទាំងទុន ទីផ្សារ និងការអនុគ្រោះផ្សេងៗ។ ជាពិសេសទទួលបានទុន ដែលមានការប្រាក់ ០,៥% ក្នុងមួយខែ ដើម្បីធ្វើការជំរុញផលិតផលក្នុងស្រុក។
- រាល់ការចុះបញ្ជីក្រុមហ៊ុន និងសហគ្រាសធ្វើតែមួយកន្លែង ហើយនៅត្រឹមតែស្រុក ក្រុង ខណ្ឌ និងក្រុមហ៊ុនបង្កើតដំបូង ត្រូវបានអនុគ្រោះពន្ធ ៥ឆ្នាំ។ យុវជន យុវនារី បង្កើតសហគ្រាស ដោយខ្លួនឯង ទទួលបានទុនចំណងដៃ ៥លានរៀល និងទទួលបានប្រាក់កម្ចីបន្ថែម ដែលមានការប្រាក់ទាបជាង ០,៥%ក្នុង១ខែ។
៧.២ សទី២៖ សុខាភិបាល
- រៀបចំប្រព័ន្ធធានារ៉ាប់រងការព្យាបាល និងថែទាំសុខភាពជាសកល សម្រាប់ខ្មែរគ្រប់រូប ដោយមានការចូលរួមទ្រទ្រង់ពី ប្រជាពលរដ្ឋអាយុ១៨ ទៅ៦៥ឆ្នាំ តែ៥០០រៀល ក្នុងមួយខែ។
- រៀបចំឱ្យមានមណ្ឌលសុខភាពមន្ទីរពេទ្យស្តង់ដារល្អ (ស្តង់ដារអន្តរជាតិ ISO 9001) នៅគ្រប់ឃុំស្រុក ក្រុង ខណ្ឌ តាមខេត្ត-រាជធានី និងលើកស្ទួយ សមត្ថភាពព្រមទាំងគុណតម្លៃគ្រូពេទ្យ។ គ្រូពេទ្យគ្រប់រូប ទទួលបានប្រាក់បៀវត្សចាប់ពី ២លានរៀលក្នុងមួយខែ។
- អនុវត្តឱ្យបានប្រកបដោយប្រសិទ្ធភាព នូវច្បាប់ស្តីពីសុវត្ថិភាពចំណីអាហារ។
៧.៣ សទី៣៖ សិក្សាធិការ និងយុវជន
- រៀបចំឱ្យមានសាលាមត្តេយ្យល្អគ្រប់ភូមិ។
- ឧបត្ថម្ភដល់យុវជន យុវនារី នូវប្រាក់កម្ចីចំនួន៥លានរៀលក្នុងមួយឆ្នាំ រយៈពេល៥ឆ្នាំ សម្រាប់យកទៅបន្តការសិក្សាគ្រប់ជំនាញ និងគ្រប់កម្រិត។
- រៀបចំសាលារដ្ឋ ឱ្យមានគុណភាពអប់រំស្តង់ដារអន្តរជាតិ ISO 9001 ចាប់ពីមត្តេយ្យដល់សាកលវិទ្យាល័យ តាមរយៈការលើកស្ទួយសមត្ថភាព និងគុណតម្លៃគ្រូបង្រៀនក្នុងការ បណ្តុះកូនខ្មែរ។ គ្រូបង្រៀនគ្រប់រូបទទួលបានប្រាក់បៀវត្ស ចាប់ពី២លានរៀលឡើងទៅ។
៧.៤ សទី៤៖ សង្គមកិច្ច
- ស្ត្រីសម្រាលកូន១ដងទទួលបានការឧបត្ថម្ភពីរដ្ឋ ៥ សែនរៀល។
- ចាស់ជរាអាយុចាប់ពី៦៥ឆ្នាំឡើងទៅទទួលឧបត្ថម្ភពីរដ្ឋ១៥ម៉ឺនរៀលក្នុងមួយខែ។
- កម្មករ កម្មការិនី នៅពេលអត់ការងារធ្វើ ទទួលបានការឧបត្ថម្ភពីរដ្ឋ ៥០%នៃប្រាក់ខែក្នុងរយៈពេល៥ខែ។
៧.៥ សទី៥៖ សេវាសាធារណៈ និងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ
- តំណាងរាស្រ្តល្អ៖ តំណាងរាស្ត្រ ដែលប្រជាពលរដ្ឋងាយស្រួលទំនាក់ទំនង និងធ្វើការដោយមានការទទួលខុសត្រូវខ្ពស់ ចំពោះមុខរាស្រ្តគ្រប់រូប ដែលជាម្ចាស់ឆ្នោត។
- មន្ត្រីល្អ៖ ធានាឱ្យមន្ត្រីគ្រប់រូប មានសមត្ថភាព ធនធាន និងសេរីភាពគ្រប់គ្រាន់ ដើម្បីធ្វើការបម្រើប្រជាពលរដ្ឋ ដោយមានការទទួលខុសត្រូវខ្ពស់។
- ពលរដ្ឋសកម្ម៖ បង្កឱកាសពលរដ្ឋចូលរួមសកម្មឃ្លាំមើល និងតំរង់ទិសការងាររបស់តំណាងរាស្ត្រ និងមន្រ្តី ហើយមានសិទ្ធិប្តឹងមន្ត្រីសាធារណៈ តាមរយៈតុលាការរដ្ឋបាល៕
ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ
ប្រជាពលរដ្ឋខ្មែរ ដែលជាម្ចាស់អំណាចនាំគ្នាទៅបោះឆ្នោតជ្រើសតាំងតំណាង ១២៥រូប ដើម្បីតម្រង់ទិសដៅកសាងជាតិនាំមកនូវភាពសម្បូរសប្បាយសម្រាប់ខ្មែរគ្រប់រូប។ |