សៀវភៅបៃតង – ភាគ៨
៦. ធនធានមនុស្ស
ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពនូវគោលនយោបាយ ១២៥ យើងត្រូវការធនធានមនុស្សដែលមានសមត្ថភាពល្អ និងមានការទទួលខុសត្រូវខ្ពស់។ រាជរដ្ឋាភិបាលដឹកនាំដោយ គបម នឹងមានធនធានមនុស្សប្រកបដោយ សមត្ថភាពគ្រប់គ្រាន់សម្រាប់ធ្វើការបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋយោងទៅតាមមូលហេតុសំខាន់ៗដូចខាងក្រោម៖
១. មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធរាប់សែននាក់ ដែលបម្រើការងារនៅតាមស្ថាប័នរដ្ឋទាំងអស់ចាប់ពីតំណែងអគ្គនាយក ចុះមកក្រោមត្រូវរក្សាទុកដដែល។ ដូចគ្នាដែរសម្រាប់កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ទាំងអស់ក៏គ្មានការផ្លាស់ប្តូរតំណែង និងតួនាទីដែរ សំខាន់គឺយើងគ្រាន់តែផ្លាស់ប្តូរថ្នាក់ដឹកនាំកំពូលរាជរដ្ឋាភិបាល គោលនយោបាយ និងប្រព័ន្ធការងារ។
២. យើងនឹងធ្វើការលើកទឹកចិត្ត និងបង្កើនគុណភាពការងាររបស់មន្ត្រីរាជការ ទាំងអស់តាមគោលការណ៍សមត្ថភាពធិបតេយ្យ (Meritocracy) ហើយលុបបំបាត់ចោលការភ្ជាប់តួនាទីនៅក្នុងស្ថាប័នរដ្ឋ ជាមួយតួនាទីគណបក្សនយោបាយ និងធ្វើការតំឡើងប្រាក់ខែយ៉ាងតិចបំផុត ២លានរៀល ដោយចាប់ផ្តើមពីគ្រូបង្រៀន គ្រូពេទ្យ គ្រូកសិកម្ម និងនគរបាល។
៣. បង្កឱកាសឱ្យមន្ត្រីរាជការដែលមានស្រាប់ ទទួលនូវការពង្រឹងសមត្ថភាពបន្ថែម នៅក្នុងនិងក្រៅប្រទេសតាមរយៈវគ្គបណ្តុះបណ្តាលរយៈពេលខ្លី រយៈពេលវែង កម្មសិក្សា និងទស្សនកិច្ចសិក្សា ដើម្បីឱ្យធ្វើការបម្រើ ប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ។
៤. ជ្រើសរើសអ្នកជំនាញខ្មែរ ដែលមានសមត្ថភាពខ្ពស់ពីសំណាក់អង្គការ ក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ និងក្រុមហ៊ុនឯកជនផ្សេងៗ ដើម្បី ចូលរួមចំណែកបម្រើការងារក្នុងស្ថាប័នរដ្ឋទៅតាមតម្រូវការជាក់ស្តែង។ ជ្រើសរើសអ្នកដែលទើបបញ្ចប់ការសិក្សា ដើម្បីចូលរួមបម្រើការងារក្នុងស្ថាប័នរដ្ឋ ជាពិសេសនៅតាមខេត្ត ស្រុក ដើម្បីបំពេញនូវកង្វះខាតធនធានមនុស្សនៅតាមមូលដ្ឋាន។ រដ្ឋនឹងធ្វើការឧបត្ថម្ភពិសេសបន្ថែមដល់អ្នកទាំងនោះ ដើម្បីឱ្យពួកគាត់ អាចទៅបំពេញការងារនៅតាមតំបន់ឆ្ងាយៗបានពេញលេញល្អ។
៥. រៀបចំឱ្យមានកម្មវិធីស្ម័គ្រចិត្តជាតិ និងអន្តរជាតិ ដើម្បីបានធនធាន មនុស្សបន្ថែមមកជួយលើការងារអប់រំ សុខាភិបាល សង្គមកិច្ច បរិស្ថាន និងវប្បធម៌ជាដើម។