សៀវភៅបៃតង – ភាគ៧
៥. ការគ្រប់គ្រង និងបែងចែកថវិកាជាតិ
រាជរដ្ឋាភិបាលបច្ចប្បន្ន បានប្រើប្រាស់ថវិកាជាតិចំនួនប្រមាណ ២៤០០០ ពាន់លានរៀល (ជាង ៦០០០ លានដុល្លារអាមេរិច) ដែលថវិកានេះបានមកពីចំណូលក្នុងស្រុក និងជំនួយបរទេស។ បរិមាណថវិកានេះ មានការកើនឡើងជាប់ជានិច្ច ដែលបរិមាណនេះអាចកើនឡើងដល់ជាង ៣២០០០ លានរៀល (៨ ពាន់លានដុល្លារ) នៅឆ្នាំ២០២៣។ រាជរដ្ឋាភិបាលថ្មីដែលដឹកនាំដោយ គបម នឹងធ្វើការគ្រប់គ្រង ប្រើប្រាស់ថវិកាជាតិប្រកបដោយប្រសិទ្ធភាព តម្លាភាព និងចំទិសដៅជាពិសេសលើវិស័យអាទិភាពសំខាន់ៗ (ស៥) ដូចជាវិស័យសេដ្ឋកិច្ចនិងការងារ វិស័យសុខាភិបាល វិស័យសិក្សាធិការនិងអប់រំ វិស័យសង្គមកិច្ច និងគុណភាពសេវាសាធារណៈ។ ការធ្វើផែនការថវិកាជាតិ ត្រូវមានការចូលរួមពីរដ្ឋបាលមូលដ្ឋាន ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍ។
រាជរដ្ឋាភិបាលដែលដឹកនាំដោយ គបម មានគម្រោងប្រមូល និងបង្កើនថវិកាជាតិ តាមរយៈប្រភពសំខាន់ៗដូចខាងក្រោម៖
១. គ្រប់គ្រងចំណូលពន្ធដារ និងអាករដែលមានស្រាប់ ឱ្យមានប្រសិទ្ធភាព ដោយមិនចាំបាច់ធ្វើការតម្លើងអត្រាពន្ធដារបន្ថែមឡើយ។
២. ធ្វើការគ្រប់គ្រងចំណូលរដ្ឋផ្សេងៗទៀត ដែលមានស្រាប់ឱ្យបានល្អប្រសើរ ដូចជាចំណូលសេវារដ្ឋបាល ចំណូលពីសម្បទាន អាជីវកម្មផ្សេងៗ ចំណូលពីអាជីវកម្មផ្ទាល់របស់រដ្ឋ ចំណូលទិដ្ឋាការ ចំណូលពីការលក់សំបុត្រចូលទស្សនាតំបន់ប្រាសាទអង្គរ និងចំណូលពីសេវារដ្ឋបាលផ្សេងដទៃទៀត។
៣. លុបបំបាត់អំពើពុករលួយនៅគ្រប់វិស័យ ដូចជាវិស័យឧស្សាហកម្មរ៉ែ និងថាមពល វិស័យសាធារណការ វិស័យធារាសាស្ត្រ វិស័យសុខាភិបាល វិស័យពាណិជ្ជកម្ម។ល។ កាត់បន្ថយនូវការចំណាយអត់ប្រយោជន៍មួយចំនួន ដូចជាការចំណាយលើទីប្រឹក្សា រថយន្តទំនើប អង្គរក្ស ដែលមានចំនួនសន្ទឹកសន្ធាប់ និងមន្ត្រីរាជការដែលមានតែឈ្មោះ។
៤. បន្តសហការជាមួយប្រទេសជាមិត្ត និងអង្គការអន្តរជាតិ ដើម្បីទទួល ជំនួយថវិកា សម្រាប់គម្រោងសំខាន់ ដូចជាវិស័យកសិកម្ម អប់រំ សុខាភិបាល អគ្គិសនីជនបទ និងគមនាគមន៍ ជាពិសេសសំណូមពរឱ្យ ប្រទេសម្ចាស់ជំនួយប្រើប្រាស់ថវិកាជំនួយ ដើម្បីឧបត្ថម្ភដល់យុវជនខ្មែរទៅបន្តការសិក្សា និងធ្វើកម្មសិក្សានៅប្រទេសរបស់ខ្លួន។ លើកទឹកចិត្ត ឱ្យប្រទេសម្ចាស់ជំនួយ សហការគ្នាដោយដាក់ថវិកាក្នុងកញ្ចប់រួមតែមួយ សម្រាប់គាំទ្រគម្រោងអភិវឌ្ឍផ្សេងៗ។
៥. សម្របសម្រួលឱ្យមានការចូលរួមបដិភាគពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងក្រុមហ៊ុន សហគ្រាស ជាពិសេសក្នុងការអភិវឌ្ឍសហគមន៍ និងកសាងប្រព័ន្ធធានារ៉ាប់រងសង្គម។
៦. បន្តទទួលនូវប្រាក់កម្ចីពីស្ថាប័នអន្តរជាតិ និងប្រទេសជាដៃគូអភិវឌ្ឍ ដែលមានជាកម្ចីរយៈពេលវែងការប្រាក់ទាប (ជាង ១%ក្នុង១ឆ្នាំ) សម្រាប់កម្មវិធីវិនិយោគសាធារណៈ អភិវឌ្ឍធារាសាស្ត្រ ផ្លូវ ស្ពាន អគ្គិសនី ជនបទ និងការធ្វើឥណទានកសិកម្ម និងឥណទានសហគ្រាសខ្នាតតូច និងមធ្យម។ រាល់គំរោងប្រាក់កម្ចីនីមួយៗ ត្រូវមានតម្លាភាព និងមានការចូលរួមពិភាក្សាសម្រេចពីតំណាងរាស្ត្រ ហើយក៏មិនឱ្យកម្ពុជាមានភាពអាស្រ័យខ្លាំងតែទៅលើប្រទេសណាមួយ ក្នុងការទទួលបានកម្ចីទេ។