ផលប្រយោជន៍ផ្លែស្វាយដល់សុខភាព
ស្វាយ ជាប្រភេទផ្លែឈើមួយ ដែលសម្បូរនៅស្រុកខ្មែរយើងជាពិសេសនៅចន្លោះពេលពីខែកុម្ភៈ ដល់ខែឧសភា។ ប្រជាជនខ្មែរយើង និយមបរិភោគផ្លែស្វាយ ដែលទាំងខ្ចី ក៏ដូចជាស្វាយទុំ ។
ការបរិភោគស្វាយជាពិសេសស្វាយទុំនាំដល់ផលប្រយោជន៍ដល់សុខភាព ដូចមានការរាយរាប់ ខ្លីៗដូចខាងក្រោមនេះ៖
- ជួយថែរក្សា និងលើកស្ទួយសុខភាពទូទៅ និងការពារជម្ញឺផ្សេងៗ ព្រោះស្វាយសម្បូរទៅដោយ សារធាតុចិញ្ចឹមសំខាន់ៗជាច្រើន ដូចជា ប៉ូតាស្យូម (Poatssium) ម៉ាញ៉េស្យូម (Magnesium) សេលីស្យូម (Selessium) កាល់ស្យូម (Calcium) ដែក (Iron) និងផូសផ្វ (Phosphorus) ជាសារធាតុដែលរាងកាយយើងត្រូវការរាល់ថ្ងៃ។ លើសពីនេះទៀត ស្វាយក៏សម្បូរទៅដោយវីតាមីន មាន វីតាមីនB6 វីតាមីនC វីតាមីនE វីតាមីនK និង វីតាមីនផ្សេងៗទៀត ដែលជួយការពាររាងកាយទប់ទល់ទៅនឹងជម្ញឺ ផ្សេងៗទៀត ។
- ជួយការពារជម្ញឺមហារីក ដោយស្វាយមានសារធាតុប៉ិកទីន (Pectin)ច្រើន ហើយសារធាតុ នេះក៏ជួយកាត់បន្ថយបរិមាណកូឡេស្តេរុល (Cholesterol) ដែរ។
- ជួយដល់ការរំលាយអាហារ និងកាត់បន្ថយការលើសជាតិអាស៊ីត នៅក្នុងរាងកាយ របស់យើង ។
- ជួយព្យាបាលជម្ងឺខ្វះគ្រាប់ឈាមក្រហម (Anemia) ដោយសារស្វាយសម្បូរជាតិដែក ។
- ជួយដល់សុខភាពស្ត្រីមានផ្ទៃពោះ ដោយសារតែស្វាយមានជាតិដែកច្រើន។
- ជួយឲ្យរាងកាយយើងនៅក្មេងបានយូរកុំឲ្យឆាប់ចាស់ពេក ជាពិសេសដោយសារស្វាយ សម្បូរទៅដោយវីតាមីនA និងវីតាមីនC។
- លើកស្ទួយសុខភាពខួរក្បាល ដោយសារស្វាយសម្បូរវីតាមីនB6 ។
- ជួយដល់សុខភាពឆ្អឹង តាមរយៈការផ្តល់វីតាមីនC និងសារធាតុកាលស្យូម (Calcium) ។
- កាត់បន្ថយបញ្ហាទាក់ទងទៅនិងជម្ញឺបេះដូងដោយស្វាយសម្បូរទៅដោយសារធាតុ សរសៃរ (Fibre)ប៉ូតាស្យូម និងមានសារធាតុសូដ្យូមតិច។
- ជួយដល់សុខភាពភ្នែក ស្បែក និងសក់ជាពិសេសតាមរយៈវីតាមីនA ដែលមាននៅក្នុង ស្វាយ ។
- វីតាមីនE ដែលមាននៅក្នុងស្វាយ ក៏ជួយលើកស្ទួយសុខភាពផ្លូវភេទថែមទៀតផង។
ក្រៅពីផលប្រយោជន៍ ដែលរៀបរាប់ខាងលើនេះ នៅមានផលប្រយោជន៍ផ្សេងៗជាច្រើនទៀត។ ដោយសារស្វាយមានផលប្រយោជន៍ច្រើនដល់សុខភាព គេក៏ហៅវាថាជា ស្តេចផ្លែឈើ (King of Fruit) ។
ជាទូទៅ ដើម្បីបានទទួលផលប្រយោជន៍ដល់សុខភាព និងជួយសម្អាតជាតិពុលចេញពីខ្លួន យើង ការបរិភោគស្វាយទុំ គួរធ្វើនៅពេលព្រឹកព្រលឹម មុនការបរិភោគអាហារពេលព្រឹក ឬ បរិភោគស្វាយជាអាហារពេលព្រឹក ។
គួរបញ្ជាក់ផងដែរថា ការបរិភោគស្វាយមិនប៉ះពាល់អ្វីដល់ អ្នកដែលមានជម្ញឺទឹកនោមផ្អែមទេ តាមពិតវាអាចចូលរួមកាត់បន្ថយនូវបញ្ហាទាក់ទងទៅនិងជម្ញឺនេះថែមទៀតផង ។
ជាសរុប ស្វាយជាផ្លែឈើល្អដល់សុខភាពមនុស្សគ្រប់រូប តែវាមិនមែនជាឱសថព្យាបាលជម្ញឺ គ្រប់មុខទេ។ ការបរិភោគផ្លែស្វាយទុំ ពី១ទៅ២ផ្លែរាល់ពេលព្រឹក នឹងជួយលើកស្ទួយសុខភាព អ្នក និងជួយកាត់បន្ថយជាតិពុលពីរាងកាយអ្នក តែយកល្អសូមបរិភោគស្វាយសរីរាង្គ ឬស្វាយ ដែលដាំដុះ និងទុកដាក់ដោយគ្មានប្រើសារធាតុគីមីសំយោគ ។
ឯកសារយោង ៖
Surprising Benefits of Mangos Long One Facts, https://www.organiefacts.net/mango
Top 10 Health Benefits of Mangoes – Health Fitness Revolution, www.healthfitnessrevolution.com
Mangoes: Health Benefit, Nutrition, Recipes – Medical News Today, https://www.medicalnewstoday.com
10 Health Benefit of Mangoes – Real Food for Life, www.realfoodforlife.com/10-health-be
ដោយបណ្ឌិត យ៉ង សាំងកុមារ