ការដកប្រព័ន្ធអនុគ្រោះពន្ធ (EBA)៖ សេនារីយោ ២ សម្រាប់ដោះស្រាយ

0 313

កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ សហភាពអ៊ឺរ៉ុប សម្រេចដក​ប្រព័ន្ធអនុគ្រោះពន្ធលើមុខទំនិញមួយចំនួនក្នុងនោះមានស្ករអំពៅមួយដែរ ដែលការ ដកនេះ នឹងប៉ះពាល់ដល់ការនាំចេញប្រមាណ ១០០០លានអឺរូ ឬ ប្រមាន ២០%។ សេចក្តីសម្រេចនេះ នឹងដំណើរ ការនៅក្រោយថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០។ សភាអ៊ឺរ៉ុប និងក្រុមប្រឹក្សាអ៊ឺរ៉ុប នៅមានសិទ្ធិជួយកម្ពុជាឱ្យទទួលបាន EBA ទាំងស្រុងដូចដើម ប្រសិនបើអ្នកដឹកនាំ នយោបាយខ្មែរចេះធ្វើការរួមគ្នាស្តារស្ថានការណ៍ប្រជាធិបតេយ្យឡើងវិញមុនខែសីហា ឆ្នាំ២០២០។ ពេលវេលាមិន មានសល់ច្រើនទេ សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ក្នុងបញ្ចេញកិច្ចខិតខំប្រឹងប្រែងធ្វើឱ្យសេចក្តីសម្រេចនេះត្រឡប់ ក្រោយវិញបាន។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន យល់ឃើញថា ការរក្សាEBA ជារឿងសំខាន់ណាស់សម្រាប់សេដ្ឋកិច្ចកម្ពុជា (ម៉ាក្រូសេដ្ឋកិច្ច និងមីក្រូសេដ្ឋកិច្ច) ដោយផ្សាភ្ជាប់ជាមួយការលើកស្ទួយសិទ្ធិមនុស្ស និងសេរីភាពនយោបាយ។

ការដកអនុគ្រោះពន្ធ EBA លើមុខទំនិញមួយចំនួននាំមកនូវសេណារីយោ២គឺ៖

  1. សេណារីយោទី១៖ ការមិនបិទរោងចក្រដែលប៉ះពាល់។
  2. សេណារីយោទី២៖ ការបិទរោងចក្រដែលប៉ះពាល់។

សេណារីយោទី១ នឹងមិនប៉ះពាល់អ្វីទាំងអស់ តែដើម្បីឲ្យរោងចក្រដែលប៉ះពាល់បន្តការផលិតរបស់ ខ្លួន ដោយរដ្ឋាភិបាលត្រូវគាំទ្ររោងចក្រទាំងនេះកាត់បន្ថយថ្លៃដើមតាមរយ:វិធានការ ៥ចំណុច៖

  1. កាត់បន្ថយការចំណាយលើអគ្គិសនី
  2. កាត់បន្ថយចំណាយលើការដឹកជញ្ចូន
  3. កាត់បន្ថយពេលវេលានិងការចំណាយលើការនាំចេញ
  4. លុបចោលការយកលុយក្រៅប្រព័ន្ធនិងបង្កបរិយាកាសងាយស្រួលដល់ការធ្វើអាជីវកម្ម
  5. ឧបត្តម្ភធនបន្ថែមលើប្រាក់ខែកម្មករនិងផ្នែកផ្សេងៗបើចាំបាច់។

វិធានការ៥ចំណុចនេះត្រូវការថវិកាជាតិមិនដល់១០០លានដុល្លារផងគឺមិនដល់៥ភាគរយនៃថវិកា បម្រុង២០២០ផង។ តាមពិរវិធានការទាំង ៥នេះជាពិសេសទី១ដល់ទី៤ក៏នឹងជួយលើកស្ទួយ សមត្ថភាពប្រកួតប្រជែងរបស់រោងចក្រនិងសហគ្រាសទាំងអស់ដែរ ហើយក៏មិនមែនជារឿងថ្មី។

សេណារីយោទី២គឺរោងចក្រដែលប៉ះពាល់សម្រេចចិត្តផ្អាកដោយសារការបង់ពន្ធ។ បើតាមសេណា រីយោនេះកម្មករប្រមាណ៧ម៉ឺននាក់អាចនឹងបាត់បង់ការងារនិងកម្ពុជាអាចបាត់ចំណូលប្រមាណ៣០០ទៅ៤០០លានដុល្លារដែលភាគច្រើនជាចំណូលប្រាក់ខែ(ការបិទរោងចក្រអាចប៉ះពាល់ដល់ការនាំចេញប្រមាណ១៣០០លានដុល្លារតែមួយចំណែកធំត្រូវចំណាយទៅលើការនាំចូលវត្តុធាតុដើមពីក្រៅប្រទេសវិញ)។
ដើម្បីដោះស្រាយបញ្ហាការងារនិងរក្សាលំនឹងសេដ្ឋកិច្ចគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) ស្នើនូវវិធានការ ៧ចំណុច៖

  1. សហការជាមួយរោងចក្រដែលផ្អាកសកម្មភាព ដើម្បីដោះស្រាយប្រាក់អតីតភាព និងបញ្ហា ពាក់ព័ន្ធទាំងឡាយផ្សេងៗ។
  2. បើកប្រាក់ឧបត្ថម្ភដល់កម្មករស្មើនឹងប្រមាណ៧០ភាគរយនៃប្រាក់ខែគោលក្នុងរយៈពេល៦ខែឬតិចជាង៦ខែបើគាត់បានការងារថ្មីធ្វើ។
  3. គាំទ្រដល់រោងចក្រ និងសហគ្រាសមានស្រាប់ដើម្បីបង្កើនសមត្ថភាពទទួលយកកម្មករ បន្ថែម។
  4. បណ្តុះបណ្តាលជំនាញដល់កម្មករដើម្បីងាយរកការងារថ្មី។
  5. គាំទ្រទុន និងបង្កលក្ខខណ្ឌងាយស្រួលដល់កម្មករដែលបង្កើតមុខរបរដោយខ្លួនឯង។
  6. គាំទ្រដល់កសិករ និងសិប្បករសក្តានុពលដើម្បីបង្កើនការផលិតក្នុងស្រុកជំនួសការនាំចូល ដែលចូលរួមចំណែកបង្កើនចរន្តលុយនៅក្នុងប្រទេស។
  7. បង្កើនយុទ្ធនាការការប្រើប្រាស់ផលិតផលក្នុងស្រុកនិងរិតបន្តឹងការនាំចូលផលិតផលណា ដែលយើងអាចផលិតក្នុងស្រុកបាន។

វិធានការទាំង៧នេះត្រូវការប្រើប្រាស់ថវិកាជាតិមិនដល់៣០០លានដុល្លារឬតិចជាង១០ភាគរយ ថវិកាបំរុងដែលរដ្ឋាភិបាលអះអាងថាត្រៀម៣០០០(បីពាន់)លានដុល្លារ។

តាមពិតការដក EBA ២០ភាគរយជាបញ្ហាដែលអាចដោះស្រាយបានហើយសេណារីយោទី១ ជា ជម្រើសល្អ។ ប៉ុន្តែអ្វីដែលធ្ងន់ធ្ងរជាងការដក EBA ២០ភាគរយ គឺផលប៉ះពាល់អាសន្តរោគកូរូណាថ្មី (COVID-19) ដល់វិស័យទេសចរណ៍ សង្វាក់ផលិតកម្ម និងពាណិជ្ជកម្ម។ គ្រាន់តែការធ្លាក់ចុះភ្ញៀវ ទេសចរ ៣០ភាគរយ វានឹងប៉ះពាល់ដល់ចំណូលប្រហែល១០០លានដុល្លារមួយខែ  ឬ១២០០លាន ដុល្លារក្នុងមួយឆ្នាំ។ ការដកEBA និងការផ្ទុះ COVID-19នឹងតេស្តសមត្តភាពរាជរដ្ឋាភិបាលដឹកនាំ ដោយគណបក្សប្រជាជនក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ចនិងការងារជូនប្រជាជាតិខ្មែរ៕

ប្រភពអត្ថបទ៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម),​ សេនារីយោ នៃការដកប្រព័ន្ធអនុគ្រោះពន្ធ (EBA)

Leave A Reply

Your email address will not be published.