គំនិត ដើម្បីលើកស្ទួយប្រជាធិបតេយ្យសេរីនៅកម្ពុជា ក្រោយថ្ងៃ២៩ កក្កដា ២០១៨

0 7,332

ក្រោយថ្ងៃបោះឆ្នោត ២៩ កក្កដា ២០១៨ ស្ថាប័នប្រជាធិបតេយ្យសំខាន់ៗ មានដូចជាព្រឹទ្ធសភា និងរដ្ឋសភា ក្លាយជាស្ថាប័នឯកបក្ស ដែលមិនធ្លាប់មានតាំងពីឆ្នាំ១៩៩៣។ ក្នុងស្ថានភាពនេះ ដើម្បីឱ្យប្រជាធិបតេយ្យសេរី ពហុបក្សដំណើរការបានល្អប្រសើរ ជាពិសេសប្រជាពលរដ្ឋអាចចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងការដឹកនាំ ប្រទេស យើងខ្ញុំគាំទ្រដល់់រាជរដ្ឋាភិបាលអាណត្តិទី៦ អនុវត្តនូវគំនិតសំខាន់ៗចំនួន៩ដូចខាងក្រោមនេះ៖

  1. រៀបចំឱ្យមានវេទិកាសន្ទនាមតិ និងពិភាក្សាពីគោលនយោបាយឱ្យបានទៀងទាត់រវាងតំណាង រាជ រដ្ឋាភិបាល និងតំណាងគណបក្ស នយោបាយក្រៅសភា ដោយការចូលរួមឈរលើគោលការណ៍ ស្ម័គ្រចិត្ត ភាតរភាព និងស្មើភាពគ្នា។ ការសន្ទនាមតិនេះ អាចធ្វើក្នុងក្របខណ្ឌឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលជាស្ថាប័នឯករាជ្យ។ សមាជិករបស់ឧត្តមក្រុមប្រឹក្សា ត្រូវបានជ្រើសតាំងឡើង ដោយគណបក្សនយោបាយសាម៉ី ហើយមិនចាំបាច់មានឋានៈស្នើទេសរដ្ឋមន្ត្រី ឬរដ្ឋមន្ត្រី ឬមន្ត្រីជាន់ ខ្ពស់ក្នុងរាជរដ្ឋាភិបាលនោះទេ។
  2. គណបក្សនយោបាយ មានសិទ្ធិបង្កើតកម្មវិធីស្រាវជ្រាវបណ្តុះបណ្តាល អប់រំ និងពិគ្រោះយោបល់ ជាមួយប្រជាពលរដ្ឋពីកិច្ចការនយោបាយ (ឬអាចក្នុងក្របខណ្ឌអង្គការសម្ព័ន្ធរបស់គណបក្ស) ដោយ មានការចូលរួមចំណែកឧបត្ថម្ភពីថវិកាជាតិ ដែលបរិមាណថវិកាដែលត្រូវឧបត្ថម្ភអាស្រ័យលើចំនួន សន្លឹកឆ្នោត ដែលគណបក្សនិមួយៗទទួលបានកាលពីបោះឆ្នោត ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
  3. អនុញ្ញាតិឱ្យមានការស្ទង់មតិទៀងទាត់ក្នុងចំណោមប្រជាពលរដ្ឋលើកម្រិតនៃភាពពេញចិត្ត ឬមិនពេញ ចិត្តលើការដឹកនាំរបស់រដ្ឋាភិបាល។
  4. គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលក៏ដូចជាក្រុមប្រជាពលរដ្ឋមានសិទ្ធិក្នុងការធ្វើសកម្មភាពស្ទង់ប្រជា មតិលើសេចក្តីពង្រាងច្បាប់របស់រាជរដ្ឋាភិបាល ដើម្បីផ្តល់ជាយោបល់កែលម្អផ្សេងៗមុន ច្បាប់នេះអនុម័តដោយរដ្ឋសភាជាតិ។
  5. រៀបចំឱ្យមានការបោះឆ្នោតជ្រើសរើសអភិបាលរាជធានី ខេត្ត ដោយអាចចាប់ផ្តើមពីរាជធានីភ្នំពេញ និងខេត្តមួយចំនួន។ តែបើការបោះឆ្នោតមិនទាន់ធ្វើបាន នាយករដ្ឋមន្ត្រីគួរធ្វើការស្នើបេក្ខជនអភិបាល ខេត្តរាជធានីចំនួន២ ទៅ៣រូបឱ្យប្រជាពលរដ្ឋមូលដ្ឋានចូលរួមសម្រេចចិត្តតាមរយៈការស្ទង់មតិជាមុន និង រៀបចំឱ្យមានយន្តការដែលអនុញ្ញាតិឱ្យប្រជាពលរដ្ឋផ្តល់យោបល់ត្រឡប់ដល់នាយករដ្ឋមន្ត្រីលើ គុណភាពការងាររបស់អភិបាលខេត្ត រាជធានី។ បេក្ខជនអភិបាលខេត្ត រាជធានី គួរតែបង្ហាញពីចក្ខុវិស័យ យុទ្ធសាស្ត្រជាក់លាក់ក្នុងការដឹកនាំខេត្ត រាជធានី។
  6. នាយករដ្ឋមន្ត្រី គួរស្នើបេក្ខជនរដ្ឋមន្ត្រី២ទៅ៣រូប ហើយឱ្យមានការស្ទង់មតិពីមន្ត្រីរាជការក្នុងក្រសួងសាម៉ីមុននឹងសម្រេចចិត្តជ្រើសតាំងជាផ្លូវការ។ បេក្ខជនរដ្ឋមន្ត្រីនិមួយៗ គួរតែបង្ហាញពីចក្ខុវិស័យ យុទ្ធសាស្ត្រ និង ផែនការជាក់លាក់ក្នុងការដឹកនាំក្រសួងពាក់ព័ន្ធ។ មន្ត្រីរាជការ និងប្រជាពលរដ្ឋ មានសិទ្ធិផ្តល់យោបល់ ត្រឡប់ពីគុណភាពការងាររបស់រដ្ឋមន្ត្រី។
  7. លើកស្ទួយតួនាទី និងសេរីភាពប្រព័ន្ធផ្សព្វផ្សាយ និងធានានូវឯករាជ្យភាពនៃប្រព័ន្ធផ្សព្វផ្សាយក្នុងការ ចូលរួមផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋ។
  8. លើកស្ទួយតួនាទី និងសេរីភាពអង្គការសង្គមស៊ីវិល ក្នុងការចូលរួមអភិវឌ្ឍសង្គម និងតស៊ូមតិ នយោបាយ។
  9. ដោះលែងអ្នកទោសមនសិការទាំងអស់ និងធានាឱ្យអ្នកនយោបាយ និងប្រជាពលរដ្ឋគ្រប់រូបទាំងអស់ មានសេរីភាពក្នុងការធ្វើសកម្មភាពនយោបាយរបស់ខ្លួន។

Leave A Reply

Your email address will not be published.