ដូរពីតំណាងរាស្រ្តស្តាប់នាយករដ្ឋមន្រ្តី មកតំណាងរាស្រ្តស្តាប់រាស្រ្ត

0 4,620

សម្រាប់ប្រព័ន្ធដឹកនាំប្រទេសនៅកម្ពុជា ដែលអនុវត្តតាមប្រជាធិបតេយ្យបែបសភានិយមអ្នកនយោបាយថ្នាក់ជាតិ គ្មាននរណាក្រៅពីតំណាងរាស្ត្រ (សមាជិកសភា) ឬអ្នកដែលឈរ ឈ្មោះជាបេក្ខជនតំណាងរាស្ត្រ។

អ្នកនយោបាយល្អ ឬមិនល្អ អាស្រ័យសំខាន់លើការបំពេញតួនាទីជាតំណាងរាស្ត្របានល្អ ឬមិន បានល្អ ដែលតួនាទីទាំងនោះមានដូចជា៖

  1. តួនាទីជាតំណាងឲ្យប្រជាពលរដ្ឋ
  2. តួនាទីជាអង្គបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងអ្នកដឹកនាំថ្នាក់ជាតិ សំខាន់ៗទៀត
  3. តួនាទីធ្វើច្បាប់ និងអនុម័តច្បាប់ ដែលមានទាំងច្បាប់ថវិកាជាតិ
  4. តួនាទី មើលពីលើការងាររបស់រដ្ឋាភិបាលក្នុងការធ្វើការបម្រើប្រជាពលរដ្ឋបានល្អ

ទាក់ទងទៅនិងតំណាងរាស្ត្រ និងតួនាទីរបស់តំណាងរាស្ត្រ ប្រជាពលរដ្ឋគួរសួរខ្លួនឯងថា៖

  1. កន្លងមក តើប្រជាពលរដ្ឋមានស្គាល់ទេ តើនរណាជាតំណាងរបស់យើង?
  2. តើអ្នកតំណាងរាស្ត្រទាំងនោះ បានបំពេញតួនាទីទាំងអស់បានល្អឬទេ?
  3. ប្រសិនបើតំណាងរាស្ត្រយើង បំពេញតួនាទីមិនសូវបានល្អ តើក្នុងនាមជាពលរដ្ឋយើង អាចធ្វើអ្វីបានខ្លះ ដើម្បីទទួលបានតំណាងរាស្ត្រល្អ សម្រាប់អាណត្តិថ្មីខាងមុខ ២០១៨-២០២៣?

ចាប់ពីថ្ងៃទី ៣០ខែមេសា ដល់ថ្ងៃ១៤ឧសភា ២០១៨ ខាងមុខនេះ គណបក្សនយោបាយនឹងចុះ ឈ្មោះដាក់បេក្ខជនតំណាងរាស្ត្រសម្រាប់ឲ្យប្រជាពលរដ្ឋធ្វើការបោះឆ្នោតជ្រើសរើសនៅថ្ងៃទី២៩ កក្កដា ២០១៨។

ក្នុងនាមប្រជាពលរដ្ឋ យើងនៅមានឱកាសសម្រាប់ទទួលបានតំណាងរាស្ត្រល្អ តាមរយៈ៖

  • ជំរុញឲ្យគណបក្ស ដែលលោកអ្នកគាំទ្រជ្រើសរើសបេក្ខជនល្អ ហើយរៀបចំឲ្យមាន គោលនយោបាយល្អ  ឬ
  • បោះឆ្នោតរើសគណបក្សណា ដែលមានបេក្ខជនល្អ មានគោលនយោបាយល្អ និងមាន​យន្តការក្នុងការដកតំណាងរាស្ត្រមុនអាណត្តិបាន នៅពេលបំពេញតួនាទីមិនបានល្អ។

ជារួមដើម្បីឲ្យ នយោបាយក្លាយជារឿងល្អ អ្នកនយោបាយជាអ្នកធ្វើការល្អបម្រើប្រជាពលរដ្ឋ និងសង្គមជាតិ មានតែប្រជាពលរដ្ឋរួមគ្នាយាងសកម្ម (ពលរដ្ឋសកម្ម) ជំរុញឲ្យគណបក្ស នយោបាយនិមួយៗ រើសមនុស្សល្អៗជាបេក្ខជនតំណាងរាស្ត្រ និងរៀបចំឲ្យមាន គោលនយោបាយល្អៗ ដើម្បីដោះស្រាយបញ្ហាសង្គមជាតិ។

នៅពេលគណបក្សនយោបាយ និងអ្នកនយោបាយ ចាប់ផ្តើមប្រកួតប្រជែងគ្នាលើប្រធានបទ «បេក្ខជនល្អ» «គោលការណ៍ល្អ» និង «គោលនយោបាយល្អ» ពេលនោះគណបក្សដែលល្អជាង គេនឹងឈ្នះ ហើយអ្នកដែលឈ្នះទាំងអស់គ្នា គឺប្រជាពលរដ្ឋ និងប្រទេសជាតិ។

 

Leave A Reply

Your email address will not be published.