អ្វីទៅជា ការបាញ់ជីលើស្លឹក?
ការលាយជី NPK (អាសូត–ផូស្វ័រ–ផូតាស្យូម) ជាមួយទឹកស្អាត ហើយបាញ់លើស្លឹក ដើម្បីឲ្យរុក្ខជាតិអាចស្រូបយកជីបានលឿន។
សូមបញ្ជាក់ថារុក្ខជាតិស្រូបជីបានតាមរយៈឬសនិងស្លឹក ដោយការស្រូបជីតាមស្លឹកជាការបំពេញបន្ថែម។
ហេតុអ្វីត្រូវបាញ់ជីលើស្លឹក?
– ផ្តល់ជាតិចិញ្ចឹមដល់ដំណាំបានរហ័ស។
– ជួយកែសម្រួលការខ្វះជាតិចិញ្ចឹម។
– ជួយពេលដំណាំមានស្ថានភាពស្ត្រេស (រាំងស្ងួត ទឹកជំនន់ ដីខ្សោយ)។
– ជួយបន្ថែមជីដើម្បីបង្កើនផលដំណាំ។
វិធីប្រើ៖
– ជ្រើសជីសមស្រប គឺពពួកជី NPK ដែលសម្រាប់ប្រើបាញ់លើស្លឹកនឹងមានសារធាតុ NPK សមស្របទៅតាមដំណាក់កាលលូតលាស់របស់ដំណាំ។
– លាយជី 10 ទៅ 20 ក្រាម ជាមួយទឹកស្អាត 1 លីត្រ (ប្រហែល 1–2% ជាតិសារធាតុរាវ)។
ដំណាក់កាលនិងពេលវេលាបាញ់៖
– ដំណាក់កាលស្រូវបែកគុម្ព (Tillering) ឬដំណាក់កាលលូតលាស់របស់ដំណាំដែល ជួយឲ្យដំណាំរឹងមាំ។
– ដំណាក់កាលចេញផ្កា (Panicle initiation) ឬមុនចេញផ្កា – ជួយឲ្យចេញផ្កាល្អ។
– ដំណាក់កាលបំពេញគ្រាប់ (Grain filling) ឬកកើតផ្លែដើម្បីបង្កើនទិន្នផល និងគុណភាព។
ពេលវេលាល្អក្នុងការបាញ់គឺព្រឹកមុនថ្ងៃរះ ឬល្ងាច (កុំបាញ់ពេលក្តៅខ្លាំង)។
វិធីបាញ់៖
ប្រើម៉ាស៊ីនបាញ់ ឬបាញ់ដោយដ្រូន និងបាញ់ទាំងខាងលើ និងខាងក្រោមស្លឹក។
កំណត់សម្គាល់បន្ថែម៖
– ការបាញ់លើស្លឹក មិនអាចជំនួស ការប្រើជីក្នុងដីបានទេ។
– កុំបាញ់ពេលភ្លៀង ឬខ្យល់ខ្លាំង។
– កុំលាយជីខ្លាំងពេក ដើម្បីជៀសវាងការរលាកស្លឹក។
– សូមកុំលាយជីគ្រាប់ NPK សម្រាប់ដាក់ក្នុងដីប្រើជាជីបាញ់លើស្លឹកដោយប្រសិទ្ធភាពទាប