ការត្រឡប់មកវិញរបស់លោក សម រង្ស៊ី និងលោក អាគីណូ នៃប្រទេសហ្វីលីពីន

0 2,976

កាលពីឆ្នាំ១៩៨៣ រដ្ឋាភិបាលលោកម៉ាកូស (Marcos) នៃប្រទេសហ្វីលីពីន ដែលគេធ្លាប់ស្គាល់ថា ជនផ្តាច់ការដឹកនាំប្រទេសប្រើច្បាប់អាជ្ញាសឹក បានព្យាយាម រារាំង មិនឱ្យមានការវិលត្រឡប់ចូលមកប្រទេសវិញ របស់អ្នកនយោបាយប្រឆាំងរបស់ គាត់ គឺ លោក អាគីណូ (Beningo Aquino Jr) តែលោក អាគីណូ បានព្យាយាមចូល មកប្រទេសហ្វីលីពីន បានសម្រេចតាមរយៈ កោះតៃវ៉ាន់ ដោយរដ្ឋាភិបាលហ្វីលីពីន មិនមានទំនាក់ទំនងទូតជាមួយរដ្ឋាភិបាលតៃវ៉ាន់។

ក៏ប៉ុន្តែពេលគាត់មកដល់ព្រលានយន្តហោះទីក្រុងម៉ានីល គេបានធ្វើឃាតគាត់ភ្លាម ពេលចុះពីយន្តហោះ។  តាមពិតលោក អាគីណូ បានដឹងខ្លួនគាត់ថា គាត់ប្រឈមនឹង គ្រោះថ្នាក់ដល់ជីវិត ប្រសិនបើគាត់នៅតែជម្នះ ត្រឡប់មកហ្វីលីពីនវិញ។

ឃាតកម្មលើលោក អាគីណូ បានបង្កឱ្យមានភាពរស់រវើកនៃចលនាប្រជាធិបតេយ្យ នៅហ្វីលីពីន ដែលនាំឱ្យមានការបោះឆ្នោត និងបដិវត្តអំណាចប្រជាជន (People Power Revolution)ឬ អ្នកខ្លះហៅថា (បដិវត្តពណ៌លឿង) ដែលជំរុញលោក ម៉ាកូស ចុះចេញពីតំណែង ហើយនិរទេសទៅរស់នៅសហរដ្ឋអាមេរិក។ ភរិយាលោក អាគីណូ បានក្លាយជាប្រធានាធិបតី ប្រទេសហ្វីលីពីន នៅចន្លោះឆ្នាំ ១៩៨៦-១៩៩២ ហើយក្រោយមកទៀតកូនប្រុសរបស់លោក គឺ លោក Benigno Aquino III ក៏បានក្លាយជាប្រធានាធិបតី តាមរយៈការបោះឆ្នោតពីឆ្នាំ២០១០-២០១៦។

ទាក់ទងផែនការវិលត្រឡប់មកវិញរបស់លោក សម រង្ស៊ី មានចំណុចស្រដៀងគ្នានឹង ការត្រឡប់មកវិញរបស់លោក អាគីណូ គឺមានការរារាំងគ្រប់មធ្យោបាយពី រដ្ឋាភិបាលមិនឱ្យគាត់ត្រឡប់មកវិញ ប៉ុន្តែចំណុចដែលខុសគ្នា គឺលោក អាគីណូ ព្យាយាមត្រឡប់មកវិញ ឱ្យទាល់តែបាន ដោយប្រើភាពស្ងៀមស្ងាត់ ហើយគាត់ប្រើ ច្រកចូលតាមកោះតៃវ៉ាន់។ តាមពិតលោក សម រង្ស៊ី ក៏អាចប្រើច្រកចូលតាម កោះតៃវ៉ាន់បានដែរ ដោយសារទី១ មានយន្តហោះពីតៃវ៉ាន់មកកម្ពុជារាល់ថ្ងៃ ទី២ រដ្ឋាភិបាលតៃវ៉ាន់គ្មានទំនាក់ទំនងការទូតជាមួយរាជរដ្ឋាភិបាលកម្ពុជា ទី៣ រដ្ឋាភិបាល តៃវ៉ាន់ដឹកនាំដោយគណបក្សប្រជាធិបតេយ្យចម្រើននិយម ដែលជាស្ថាបនិកក្រុម ប្រឹក្សាអ្នកសេរីនិយម និងប្រជាធិបតេយ្យនិយមអាស៊ី  ឬ CALD (CALD ក៏បានចេញ សេចក្តីប្រកាសសុំឱ្យរដ្ឋាភិបាលអនុញ្ញាតឱ្យលោក សម រង្ស៊ី ត្រឡប់ចូលប្រទេស វិញដែរ)។

ប៉ុន្តែទាក់ទងការវិលត្រឡប់មកវិញរបស់លោក សម រង្ស៊ី យើងមិនចង់ឃើញឱ្យមាន ឃាតកម្មដូចការណីលោក អាគីណូ យើងចង់ឃើញការវិលត្រឡប់មកវិញ ជាការចាប់ ផ្តើមជាថ្មីនូវវប្បធម៌នយោបាយថ្មី  ដើម្បីត្រៀមខ្លួនចូលរួមការបោះឆ្នោតជាថ្មីនៅពេលខាងមុខ ឬនៅឆ្នាំ២០២២/២០២៣ ដើម្បីស្ថារឡើងវិញនូវប្រជាធិបតេយ្យ សេរី ពហុបក្ស នៅកម្ពុជា៕  

Comments
Loading...