ចកបាយទាជាដំណាំដែលមានសក្តានុពលខ្ពស់

0 263

ចកបាយទា (Duck Weed) ជារុក្ខជាតិដុះក្នុងទឹកដែលមានសក្តានុពលខ្ពស់ សម្រាប់មនុស្សជាតិ ជាពិសេសប្រើប្រាស់សម្រាប់ជាចំណី មាន់ ទា ត្រី និងធ្វើជាជីធម្មជាតិ។ វាជារុក្ខជាតិដុះឯង តែការយកវាមកដាំដុះនឹងជួយដល់ការបង្កើនចំណូលរបស់កសិករ។ ចកបាយទា មានការលួតលាស់លឿន គឺក្នុងរយៈពេល ១ ឬ២ថ្ងៃ វាអាចបង្កើនទម្ងន់ដល់ទៅ២ដង ដែលផ្តល់ដល់សារធាតុជីវៈខ្ពស់ (Biomass) រហូតដល់ផលធាតុស្ងួតជាង១០០តោនក្នុង១ហិកតារក្នុង១ឆ្នាំ។ ចកបាយទាស្ងួត មានប្រតេអ៊ីនរហូតដល់ជាង ៤០% ដែលជួយឱ្យសត្វលួតលាស់បានលឿន (សាច់ និងស៊ុត)។

គេនិយមប្រើចកបាយទា ជាចំណីសត្វ ជាពិសេស មាន់ ទា និងត្រី។ គេអាចប្រើជាចំណីស្រស់ ឬ ហាលឱ្យស្ងួតធ្វើជាម្សៅ។

ចកបាយទា ក៏ត្រូវបានប្រើជាជីធម្មជាតិ ជាពិសេសវាសម្បូរដោយសារធាតុអាហ្សូត ដែលជួយឱ្យដំណាំលួតលាស់បានល្អ។

ចកបាយទា មានដុះឯងជាលក្ខណៈធម្មជាតិ ជាពិសេសនៅរដូវវស្សា។ តែដើម្បីបានទទួលផលច្រើន និងគ្រប់រដូវ គេធ្វើការដាំដុះវា ក្នុងស្រះ ប្រឡាយ។ កន្លែងដែលដាំដុះចកបាយទា ត្រូវមានម្លប់ខ្លះៗ ហើយទឹកមិនត្រូវជ្រៅពេកទេ យកល្អជម្រៅប្រហែល ៣ ទៅ៤តឹក។

ដើម្បីឱ្យចកបាយទាលួតលាស់បានច្រើន គេប្រើជីធម្មជាតិ ដូចជាលាមកសត្វ ដែលពុក ឬកាច់ល្អ។ ការបន្ថែមកំបោកសិកម្មខ្លះ ដើម្បីឱ្យទឹកមានអាស៊ីត ជាការល្អ។

សម្រាប់អ្នកចិញ្ចឹមមាន់ ទា ការមានស្រះដាំចកបាយទា នឹងជួយកាត់បន្ថយចំណាយលើចំណីសត្វយ៉ាងច្រើន។

គេប្រើចកបាយទា ជាចំណីសត្វ(អាចលាយជាមួយកន្ទក់) ហើយលាមកសត្វប្រើជាជី សម្រាប់ចិញ្ចឹមចកបាយទា វិញ ដែលបង្កើតជាប្រព័ន្ធចិញ្ចឹមគ្នាទៅវិញទៅមកតាមលក្ខណៈធម្មជាតិ៕

Comments
Loading...