វិធានការ៥ចំណុច ធានាឱ្យប្រជាពលរដ្ឋគ្រប់ភូមិ/ឃុំ ទទួលបានផ្លូវល្អជាប់ជានិច្ច

0 197

យើងសង្កេតឃើញថា​ផ្លូវនៅស្រុកខ្មែរ ជាពិសេស ផ្លូវតាមជនបទ មានការខូចខាតច្រើន ជាពេសេសនៅរដូវវស្សា ដែលប៉ះពាល់ដល់ការធ្វើដំណើរ ពេលវេលា និងការចំណាយ ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនផលិតផល ក៏ដូចជាទំនិញផ្សេងៗ។ បញ្ហាសំខាន់កន្លងមក គឺការខ្វះប្រព័ន្ធត្រួតពិនិត្យ ថែទាំ និងជួសជុលផ្លូវ។

ដើម្បីដោះស្រាយបញ្ហានេះ ជាពិសេសធានាឱ្យមានផ្លូវល្អ នៅគ្រប់ភូមិ/ឃុំ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន លើកទឹកចិត្តឱ្យរាជរដ្ឋាភិបាល ជម្រុញឱ្យមានការអនុវត្តនូវវិធានការសំខាន់ៗដូចខាងក្រោមនេះ៖

១. វិមជ្ឈការការសាងសង់ ជួសជុល និងថែទាំផ្លូវភូមិ/ឃុំ ទៅដល់ក្រុមប្រឹក្សាឃុំ/សង្កាត់

២. ឃុំ/សង្កាត់ នីមួយៗ ទទួលបានូវគ្រឿងយន្ត មានដូចជាគ្រឿងចក្រសម្រាប់ ឈួស កាយ កិនបង្ហាប់ និងដឹកដី

៣. ផ្ទេរថវិកាពីថ្នាក់ជាតិ ដល់ថ្នាក់ឃុំ/សង្កាត់ផ្ទាល់ទៅតាមតម្រូវការជាក់ស្តែងក្នុងការសាងសង់ ជួសជុល និងថែទាំផ្លូវ

៤. ពង្រឹងសមត្ថភាពដល់ក្រុមប្រឹក្សាឃុំ/សង្កាត់ លើការងារគ្រប់គ្រងផ្លូវ រៀបចំឱ្យមានគណៈកម្មការត្រួតពិនិត្យលើការសាងសង់ និងជួសជុលផ្លូវជនបទ ដោយមានការចូលរួមពីតំណាងប្រជាពលរដ្ឋ គណៈកម្មការវត្ត

៥. រៀបចំឱ្យមានប្រព័ន្ធត្រួតពិនិត្យពីថ្នាក់ស្រុក ឬ ខេត្ត ដើម្បីធានានូវគុណភាព និងប្រសិទ្ធិភាពនៃការសាងសង់ ជួសជុល និងថែទាំផ្លូវ។

យើងយល់ឃើញថា រាជរដ្ឋាភិបាលថ្នាក់ជាតិមានកាតព្វកិច្ចក្នុងការធានាឱ្យប្រជាពលរដ្ឋតាមភូមិ/ឃុំទទួលបានផ្លូវល្អ ស្ពានល្អ តាមរយៈការធានាឱ្យរដ្ឋបាលឃុំ/សង្កាត់ មានសមត្ថភាព ធនធាន និងសេរីភាពគ្រប់គ្រាន់ក្នុងការធ្វើកិច្ចការនេះ៕

Comments
Loading...