ដាំល្ហុង​​​​​​​​​​​​​​​​​​​​​​​​​​​​ឱ្យបានផលល្អ

0 497

ល្ហុង គឺជារុក្ខជាតិហូបផ្លែមួយប្រភេទដែលងាយស្រួលដាំដុះ និងថែទាំ។ ប៉ុន្តែកសិករមួយចំនួនមិនបានយល់ដឹងពីវិធីសាស្ត្រក្នុងការដាំដុះ និងថែទាំឱ្យត្រូវទៅតាមបទដ្ឋាន (ក្បួនខ្នាត) ដែលជាហេតុនាំឱ្យល្ហុងផ្តល់ផលមិនសូវបានល្អ។

លោកបណ្ឌិត យ៉ង សាំង កុមារ ជាអ្នកជំនាញផ្នែកកសិកម្ម បានបង្ហាញពីបទពិសោធន៍ និងចំណេះដឹងមួយចំនួនពាក់ព័ន្ធនឹងការដាំដុះ និងថែទាំល្ហុង ដើម្បីទទួលបានទិន្នផលច្រើន និងជៀងវាងពីជំងឺដង្កាត់ផ្សេងៗដែលបៀតបៀនទៅលើល្ហុង ដែលសង្ខេបដូចខាងក្រោម៖

១. ការបណ្ដុះកូន

  • ជាដំបូងត្រូវបណ្តុះកូនល្ហុងឱ្យបានលូតលាស់ល្អ ហើយដើម្បីឲ្យបានកូនល្ហុងល្អ គឺត្រូវយកជីកំប៉ុសដែលកាច់ល្អលាយជាមួយដី និងបន្ថែមធ្យូងអង្កាមបើមាន។
  • យកកន្ទោងដែលត្រូវបណ្តុះកូនល្ហុងនោះមិនត្រូវដាក់កៀកគ្នាពេកទេ ដើម្បីកុំឱ្យកូនល្ហុងដណ្តើមគ្នាលួតខ្ពស់ទៅលើ និងវែងពេក។
  • ចំណែកឯទីតាំងដែលដាក់កន្ទោងកូនល្ហុង ក៏ត្រូវរកទីណាដែលខ្ពស់ និងធានាថាមិនជាំទឹក ឬត្រូវពួនដីឱ្យខ្ពស់បើទីនោះអាចនឹងជាំទឹក។

២. ការដាំដុះ

  • ពេលដាំត្រូវរើសកូនល្ហុងណាដែលថ្លោសៗល្អ ហើយទីតាំងដែលដាំនោះទៀតសោតក៏ត្រូវជាទីតាំងដែលមិនជាំទឹក ឬបើជាំទឹកត្រូវលើកដីឱ្យខ្ពស់ជាមុនសិនមុននឹងដាំកូនល្ហុង ហើយត្រូវធ្វើចង្ហូរបង្ហូរទឹកខ្វាត់ខ្វែង ដើម្បីបញ្ជៀសទឹកជាយថាហេតុមានទឹកផ្សេងៗដូចជាទឹកភ្លៀងជាដើម។
  • ត្រូវកាប់បំផុសដីទំហំ៣ទឹក ៤ជ្រុង ហើយជំរៅអាចប្រហែលពី ២-៣តឹក រួចត្រូវច្របល់ដីជាមួយជីកំប៉ុសដែលលាយកាច់ល្អ។
  • យកល្អដាំកូនល្ហុងនៅពេលល្ងាច ព្រោះវាត្រជាក់មិនធ្វើឱ្យកូនល្ហុងដែលដាំនោះអន់។
  • ពេលដាំកូនល្ហុងរួច ត្រូវដោតបង្គោលចងកូនល្ហុងផ្អោបឱ្យជាប់ ជៀសវាងខ្យល់បក់បោក ដែលធ្វើឱ្យកូនល្ហុងនោះចាប់​ឫស​មិនបានល្អ ឬក៏ងាប់ (បានមួយ ឬពីរសប្តាហ៍)។
  • បន្ទាប់ពីដាំបាន២-៣សប្តាហ៍ ត្រូវធ្វើជើងកូនល្ហុង និងដាក់ជីកំប៉ុសបន្ថែម ហើយក្រោយមកទៀតត្រូវធ្វើជើងជាប្រចាំ១ខែម្តង។

៣. ការថែទាំ

  • នៅពេលល្ហុងធំ ត្រូវឧស្សាហ៍ដើរកាច់ធាងស្លឹកណាដែលចាស់ៗចោល (ធាងស្លឹកដែលមានពណ៌លឿង) ដើម្បីឱ្យវាស្រឡះទទួលបានពន្លឺគ្រប់គ្រាន់។
  • ត្រូវឧស្សាហ៍បាញ់ទឹកផេះអង្កាម ដែលយកអង្កាមដុតរួចទៅត្រាំជាមួយទឹក១យប់ រួចហើយយកទឹកផេះនោះទៅលាយជាមួយទឹកធម្មតាទៀត ហើយបាញ់ទៅលើដើមល្ហុង និងដី ដើម្បីការពារជំងឺដង្កាត់ផ្សេងដែលមកបៀតបៀនដើមល្ហុង។
  • បើដាំល្ហុងច្រើនមិនត្រូវដាំតែល្ហុងមួយមុខទេ ត្រូវដាំចម្រុះ ឬឆ្លាស់ ជាមួយដំណាំផ្សេងៗ ហើយដាំណាំដែលល្អគឺដាំឆ្លាស់ចេកជាមួយល្ហុង ដើម្បីការពារកត្តាចង្រៃផ្សេងៗ។

បើកាលណាអនុវត្តបែបនេះ ធ្វើឱ្យល្ហុងលូតលាស់បានល្អ និងការពារទៅដល់បញ្ហាចំនួនធំពីរដែលកើតឡើងចំពោះល្ហុង គឺការជាំទឹក និងការផ្ទុះឡើងនូវជំងឺផ្សេងៗ៕

Comments
Loading...