១ឆ្នាំក្រោយបោះឆ្នោតជាតិ លទ្ធផលកម្ពុជាសល់តែរដ្ឋាភិបាលឯកបក្ស

0 137

គិតត្រឹមថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៩ នេះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ មានរយៈកាល១ឆ្នាំគត់ ដែលជាលទ្ធផលគណបក្សប្រជាជនកម្ពុជា បានកាន់អំណាចរបស់ខ្លួនបន្តទៀតតែឯកឯង។ មេដឹកនាំជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានថ្លែងថា បរទេសមិនអាចជួយឱ្យខ្មែរមានប្រជាធិបតេយ្យសេរីពហុបក្សបានទេ បើប្រជាពលរដ្ឋខ្មែរខ្លួនឯងនៅតែប្រកាន់យកគំនិតបុគ្គលនិយមជាធំនោះ។

ថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨ គឺជាថ្ងៃដែលប្រជាពលរដ្ឋខ្មែរមានជម្រើសបីដែលត្រូវសម្រេចចិត្ត ដែលទី១គឺពួកគាត់បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យបន្តកាន់អំណាចទៀត។ ទី២ពួកគាត់នៅដេកផ្ទះឈ្នះឯង និងទី៣ គឺប្រជាពលរដ្ឋកម្ពុជាមានសិទ្ធិស្វ័យសម្រេចក្នុងផ្លាស់ប្តូរតាមរយៈសន្លឹកឆ្នោត ជាអ្វីដែលហៅថាគឺជាការអនុវត្តតាមបែបប្រជាធិបតេយ្យសេរីពហុបក្ស។ ប៉ុន្តែជាលទ្ធផលគឺ ប្រទេសកម្ពុជាទទួលបាននូវសភា និងរដ្ឋាភិបាលមួយដែលដឹកនាំដោយឯកបក្ស១០០% ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រចាប់តាំងពីឆ្នាំ១៩៩៣ ដែលកម្ពុជាចាប់ផ្តើមបោះជំហានរបស់ខ្លួនចូលទៅរករបបប្រជាធិបតេយ្យសេរីពហុបក្ស។ នេះជាការលើកឡើងរបស់បណ្ឌិត យ៉ង សាំង កុមារ ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។

លោកគូសបញ្ជាក់បន្តថា ជាមេរៀននៅក្នុងរបបប្រជាធិបតេយ្យសេរីពហុបក្សគ្មាននរណាអាចជួយខ្មែរបាន ក្រៅពីខ្មែរខ្លួនឯងនោះឡើយ។ មេដឹកនាំជាន់ខ្ពស់នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋានរូបនេះបន្តថា «ដើម្បីឱ្យមានប្រជាធិបតេយ្យសេរីពហុបក្ស ទាល់តែប្រជាពលរដ្ឋខ្លួនឯងទៅបោះឆ្នោតយកប្រជាធិបតេយ្យសេរីពហុបក្សនឹងមក ហើយការគិតទៅលើបុគ្គលជាធំគឺមិនអាចនាំឱ្យយើងទៅរកសេរីពហុបក្សបានទេ។ ការពឹងពាក់អឺរ៉ុប នឹងមេរិកមកឱ្យជួយយើងមានសេរីពហុបក្សក៏វាមិនអាចទៅរួចដែរ មានតែប្រជាពលរដ្ឋខ្លួនឯងប៉យណ្ណោះ»។

បណ្ឌិត យ៉ង សាំង កុមារ បន្ថែមទៀតថា «បើយើងចង់បានសេរីពហុបក្ស នាំគ្នាទៅបោះឆ្នោតជ្រើសរើសសេរីពហុបក្សទៅ។ បើយើងចង់ឱ្យគណបក្សកាន់អំណាចបន្តកាន់អំណាចទៀតយើងបោះឆ្នោតគាំទ្រគណបក្សកាន់អំណាចទៀតទៅ ហើយបើយើងចង់ឱ្យមានការផ្លាស់ប្តូរ និងចង់ឱ្យមានបក្សច្រើនចូលធ្វើការក្នុងសភា យើងកុំបោះឆ្នោតឱ្យគណបក្សដែលកំពុងកាន់អំណាច»។

ជាមួយគ្នានេះលោកបានបញ្ជាក់បន្ថែមថា ទោះបីគណបក្សផ្សេងមិនទទួលបានសំឡេងឆ្នោតឈ្នះគណបក្សកាន់អំណាចក៏ដោយ ក៏ការកើនសំឡេងនៃការមិនគាំទ្រគណបក្សកាន់អំណាចនឹងរុញឱ្យគណបក្សកាន់អំណាចខំកែលម្អការដឹកនាំប្រទេសដើម្បីផលប្រយោជន៍ប្រជាជាតិទាំងអស់គ្នា៕

ប្រជាពលរដ្ឋខ្មែរភាគច្រើន ត្រូវការពេលវេលាបន្ថែមទៀតដើម្បីរៀនទទួលយកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ ហើយគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) នឹងបន្តបេសកកម្មរបស់ខ្លួនទៀត ក្នុងការបណ្តុះលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅក្នុងប្រទេសកម្ពុជា។

Comments
Loading...