ផលប្រយោជន៍នៃការអភិរក្សកង្កែបក្នុងវាលស្រែ

0 314

នៅរដូវវស្សាឆ្នាំនេះ អង្គការសេដាកបានពង្រឹងនិងពង្រីកការគាំទ្រដល់កសិករក្នុងការអភិវឌ្ឍស្រែរបស់ពួកគាត់ឲ្យក្លាយជាវាលស្រែខ្ញុំ ដែលក្នុងនោះការអភិរក្ សនិងការចិញ្ចឹមកង្កែបក្នុងស្រែ គឺជាគំនិតដ៏សំខាន់មួយក្នុងចំណោមគំនិតជាច្រើន។

សត្វកង្កែបមានតួនាទីសំខាន់ណាស់ ក្នុងការការពារកុំឲ្យដំណាំស្រូវ ទទួលរងនូវការបំផ្លាញពីសត្វល្អិត ជាពិសេសនៅដំណាក់កាលដំបូងនៃការធ្វើស្រែគឺជាដំណាក់កាលសំណាបនិងពេលស្រូវទើបនិងបែកគុម្ពដំបូង ។ តែកន្លងមកកសិករភាគច្រើនមិនសូវបានយកចិត្តទុកដាក់ក្នុងការអភិរក្សសត្វកង្កែបដើម្បីឲ្យវាជួយការពារដំណាំស្រូវទេ។ ជាពិសេសនៅពេលដើមរដូវ គេតែងនាំគ្នាចាប់កង្កែបធ្វើជាចំណីអាហារ និងលក់ទៅវិញ។ ការធ្វើរបៀបនេះប្រៀបដូចជាការទប់ស្កាត់មិនឲ្យកង្កែបអាចមានឱកាសបង្កកំណើតឲ្យបានច្រើន ដើម្បីជួយការពារដំណាំស្រូវ និងផ្តល់ផលច្រើននៅពេលក្រោយ។ លើសពីនេះទៀតកសិករយើងបានធ្វើការប្រើប្រាស់សារធាតុគីមី ដូចជាជីគីមី និងថ្នាំពុលគីមីដែលនាំឲ្យកង្កែបអាចពុលងាប់​ ជាពិសេសដោយស្បែកកង្កែបងាយទទួលរងនូវការបំផ្លាញពីសារធាតុគីមីណាស់។

ដើម្បីជួយឲ្យកសិករទទួលបានផលស្រូវច្រើន និងមិនចាំបាច់ចំនាយច្រើនលើសារធាតុគីមី និងបានផលកង្កែបច្រើន យើងសូមអំពាវនាវឲ្យកសិករងាកមកគិតគូរអភិរក្ស និងចិញ្ចឹមកង្កែបតាមវាលស្រែឲ្យបានច្រើនដោយអនុវត្តតាមគំនិតសំខាន់ដូចខាងក្រោម៖

១. សូមកុំនាំគ្នាចាប់កង្កែបនៅពេលដើមរដូវ។ បើយើងចង់ចាប់អាចចាប់បានគឺពីពាក់កណ្តាលរដូវទៅ ជាពិសេសនៅពេលស្រូវបែកគុម្ពបានច្រើន។​កង្កែបវាអាចជួយការពារដំណាំស្រូវពីការបំផ្លាញបាន។ កង្កែបមួយវាស៊ីសត្វល្អិតបានក្នុងបរិមាណស្មើនឹង​ទម្ងន់របស់វា។

២. កុំប្រើជីគីមី និងថ្នាំពុលលើដំណាំស្រូវនិងស្រែឲ្យសោះ។

៣. ប្រើជីធម្មជាតិឲ្យបានច្រើនលើដីស្រែ ជាពិសេសប្រើកំទេចចំបើង អង្កាម និងស្លឹកឈើដើម្បីគ្របដីចន្លោះគុម្ពស្រូវ ពីព្រោះវាផ្តល់​ជាជម្រក និងចំណីបន្ថែមដល់កង្កែប។

៤. រៀបចំឲ្យមានកូនប្រឡាយ កូនស្រះ ដើម្បីផ្តល់ជាជម្រកដល់កង្កែប។

៥. ផ្តល់ចំណីបន្ថែមដល់កង្កែបដូចជា កន្ទក់​ ចុងអង្ករ​ និងកាកសំណល់ផ្ទះបាយ។ល។

៦. សហការជាមួយអ្នកជិតខាងដើម្បីការពារកុំឲ្យមានការចូលចាប់កង្កែបក្នុងវាលស្រែ។

ការអនុវត្តនូវគំនិតខាងលើបានជោគជ័យ មិនត្រឹមតែធ្វើឲ្យកសិករទទួលបានផលស្រូវច្រើនទេ គេអាចប្រមូលផលកង្កែបសំរាប់បរិភោគ និងលក់បានថែមទៀតផងនៅចុងរដូវក្រោយពេលច្រូតកាត់។ ​ដើម្បីទទួលបានផលកង្កែបពីស្រែ គេត្រូវយកសំណាញ់ព័ទ្ធលើដីស្រែនៅចុងរដូវ ដើម្បីការពារកុំឲ្យកង្កែបរត់ចេញពីស្រែបាត់ក្រោយពេលច្រូតកាត់។ លោកអ្នកគួរចាប់ផ្តើមសាកល្បងអនុវត្តតាមគំនិតខាងលើ នៅលើផ្ទៃដីដែលអាចធ្វើបាន។

ឧទាហរណ៍ ៥ទៅ១០អារ ដើម្បីទទួលបាននូវលទ្ធផលល្អ និងបទពិសោធន៍ជាក់លាក់។យើងខ្ញុំសូមអំពាវនាវឲ្យកសិករអ្នកពាក់ព័ន្ធគ្រប់រូបចូលរួមយ៉ាងសកម្មក្នុងការអភិរក្សសត្វកង្កែបស្រែដើម្បីផលប្រយោជន៍​វែងឆ្ងាយ​របស់យើងទាំងអស់គ្នា៕

Comments
Loading...