វិធីសាស្ត្រសន្សំជីធម្មជាតិឲ្យបានច្រើន

0 676

ការមានជីធម្មជាតិឲ្យបានច្រើនគ្រប់គ្រាន់សំរាប់ប្រើប្រាស់ជាកត្តាមួយសំខាន់ ​ដើម្បីធានាឲ្យទិន្ន​ផលដំណាំមានការកើនឡើងជាប់ជានិច្ច។ នៅជុំវិញផ្ទះកសិករមានសារធាតុសរីរាង្គច្រើនមុខ ដែលគេអាចយកមកប្រើប្រាស់ជាជីធម្មជាតិបាន ក្នុងនោះមានស្លឹក និងមែករុក្ខជាតិជាធនធានដ៏សំខាន់មួយហើយវាជាធនធានសម្បូរ និងងាយរកនៅរដូវវស្សា។ តែគួរឲ្យស្តាយកន្លង​មកប្រជាកសិករយើងមិនសូវឲ្យតម្លៃលើការប្រើប្រាស់នូវធនធានដ៏សំខាន់មួយនេះដើម្បីប្រើជាជីធម្មជាតិទេ។ ស្លឹកឈើ និង​មែករុក្ខជាតិទាំងអស់ដែលគេយកមកប្រើប្រាស់ជាជីធម្មជាតិមានដូចជា ទន្ទ្រានខែត្រ ស្នោ សណ្តែកខ្មោច ល្ហុងខ្វង អង្កាញ់ ស្តៅ ដើមចេកដែលកាប់ផ្លែហើយ។ល។ និង ។ល។ ក្រៅពីនេះ កំប្លោក និងចក ក៏ជារុក្ខជាតិ​មួយអាចប្រើប្រាស់ជាជីធម្មជាតិបានដែរ។ គេយកប្រភេទរុក្ខជាតិទាំងនោះ មកប្រើជាជីធម្មជាតិតាមរបៀបដូចខាងក្រោម។

  1. គ្របដី ឬគ្របគល់ដំណាំ
  2. ធ្វើជាជីកំប៉ុស្តគោក
  3. ធ្វើជាជីកំប៉ុស្តទឹក។

ក្នុងចំណោមរបៀបទាំង៣នេះ ការប្រើប្រាស់សំរាប់គ្របដី ជាពិសេសសំរាប់​រោយនៅចន្លោះគុម្ពស្រូវ ជារបៀបមួយងាយស្រួលហើយមានប្រសិទ្ធភាពខ្ពស់​។ តាមបទពិសោធន៍កន្លងមក ការគ្របដីនៅចន្លោះគុម្ពស្រូវនាំឲ្យយើងបាន​ទទួលនូវទិន្នផលស្រូវជាង ១តោនក្នុងមួយហិកតាលើវាលស្រែដែលមិនមានការគ្របដី។ ដើម្បីឲ្យយើងបានទទួលទិន្នផលកាន់តែខ្ពស់ថែមទៀតលើការប្រើស្លឹករុក្ខជាតិគ្របដី​ស្រែ គួរតែកុំមានទឹកដក់ច្រើនពេក និងស្រូវនីមួយៗត្រូវបានស្ទួងមានប្រវែងចន្លោះគុម្ពប្រហែលគ្នា។ យោងតាមសារៈ​សំខាន់នៃការប្រើប្រាស់រុក្ខជាតិឲ្យបានច្រើន ជាពិសេសការគ្របដីចន្លោះគុម្ពស្រូវ ដើម្បីទទួលបានផលស្រូវខ្ពស់ ដោយចំណាយតិចទៅលើការទិញជីពីខាងក្រៅ៕

អត្ថបទដោយ បណ្ឌិត យ៉ង សាំងកុមារ

Comments
Loading...