ការគ្រប់គ្រងដីស្រទាប់លើ ដើម្បីការដាំដុះបានផលល្អ

0 945

ដើម្បីធានាឲ្យការដាំដុះបន្លែ និងដំណាំផ្សេងៗទៀតទទួលបានជោគជ័យ ការមានដីស្រទាប់លើល្អជាកត្តាចាំបាច់មួយ។ ដីស្រទាប់លើ (Top Soil) គឺជាដីដែលនៅផ្នែកខាងលើបំផុតមានជម្រៅឬកំពស់ពី ០,១៥ ទៅ ០,៣ម៉ែត្រ (១តឹកកន្លះ ទៅ ៣តឹក) ឬអាចជ្រៅជាងនេះ។ដីស្រទាប់លើនេះហើយជាកន្លែងដែលឫសមានសកម្មភាពបំផុតក្នុងការស្រូបសារធាតុចិញ្ចឹម និងទឹកដើម្បីឲ្យដំណាំដុះលូតលាស់បានល្អ។ ដីស្រទាប់លើល្អ គឺមានលក្ខណៈសំខាន់ៗដូចខាងក្រោមនេះ៖
១. មានរូបរាងល្អ មិនខ្សាច់ពេក ឬមិនឥដ្ឋពេក។ យើងអាចដឹងបានតាមរយៈយកដីសើមៗមកលុញជាកូនបាល់ (ដុំមូល) បើវាមិនអាចជារាងមូលបានមានន័យថា វាជាដីខ្សាច់ច្រើនហើយ។ តែបើលុញទៅជាកូនបាល់បាន ហើយបែកវិញជាដុំតូចៗ គឺជាដីដែលមានលក្ខណៈរូបល្អ។ តែបើវាមានរាងជាកូនបាល់ ហើយមិនងាយបែកវិញជាដុំតូចៗមានន័យថា វាឥដ្ឋពេកហើយ។


ប្រសិនបើដីស្រទាប់លើឥដ្ឋពេក អ្នកគួរលាយដីខ្សាច់បន្ថែមនិងលាយធ្យូងអង្កាមបន្ថែមឬជីកំប៉ុស្តបន្ថែមឲ្យដីផុសល្អ។បើដីស្រទាប់លើមានខ្សាច់ច្រើនពេក លោកអ្នកត្រូវលាយដីឥដ្ឋបន្ថែមដូចជា ដីដំបូក ដីល្បាប់ជាដើម។
២. ដីដែលមានសារធាតុសរីរាង្គ មានន័យថា មានសារធាតុដូចជា ស្លឹកឈើ លាមកសត្វដែលពុកល្អ ដីមមោកក្នុងព្រៃធម្មជាតិ (ដីស្រទាប់លើបំផុតនៅក្នុងព្រៃធម្មជាតិ)។ ដើម្បីបង្កើនសារធាតុសរីរាង្គក្នុងដីរបស់អ្នក ការប្រើជីកំប៉ុស្ត និងធ្យូងជីវៈ ជាជម្រើសល្អបំផុត (ធ្យូងអង្កាម ឬកំទេចធ្យូង រុក្ខជាតិផ្សេងៗ)។


បច្ចុប្បន្នយើងនិយមប្រើធ្យូងអង្កាម (ធ្យូង គឺមិនមែនផេះទេ) ដើម្បីលាយបង្កើនសារធាតុសរីរាង្គ (សារធាតុកាបោន) ដែលជួយឲ្យដីផុសបានល្អ រក្សាសំណើមបានល្អ និងបង្កលក្ខខណ្ឌងាយស្រួលដល់សត្វល្អិតរស់នៅក្នុងដីធ្វើសកម្មភាព។
៣. ដីស្រទាប់លើដែលមានកម្រាស់ ១តឹកកន្លះ ទៅ ៣តឹក មិនត្រូវស្ថិតនៅភាពងាយជាំទឹកទេ។ ដើម្បីកុំឲ្យហានិភ័យនៃភាពជាំទឹកកើតមានឡើង យើងត្រូវធ្វើរងលើកឲ្យខ្ពស់ យកល្អមានឈើ ឬឥដ្ឋបាំងជុំវិញរង។ សម្រាប់ដំណាំដូចជា ម្រេច ទុរេន ល្ហុង។ល។ គេអាចយកឈើ ឬឥដ្ឋព័ន្ធជុំវិញគល់ ហើយបន្ថែមដីស្រទាប់លើល្អ។


សូមបញ្ជាក់ថាធ្យូងដែលបានមកពីការដុតផ្នែកផ្សេងៗរបស់រុក្ខជាតិសម្រាប់យកមកកែលំអជីជាតិដី ភាសាបច្ចេកទេសហៅថា ធ្យូងជីវៈ (Biochar) ដែលក្នុងនោះធ្យូងអង្កាម ជាឧទាហរណ៍មួយ។តែគេអាចដុតដោយយកកាកអំពៅ ស្នូលពោត សំបកកាហ្វេ និងកាកសំណល់រុក្ខជាតិផ្សេងៗឬគេក៍អាចយកកម្ទេចធ្យូងមកប្រើក៏បានដែរ។
ធ្យូងជីវៈ មានសារធាតុកាបោនខ្ពស់ ៣០ ទៅ ៤០ភាគរយឬខ្ពស់ជាងនេះ វាស្ថិតនៅក្នុងដីបានយូរឆ្នាំ ជួយឲ្យដីផុសបានល្អ រក្សាសំណើមបានយូរកាត់បន្ថយជាតិអាស៊ីតក្នុងដីនិងជួយបង្កើនប្រសិទ្ធភាពឫសដំណាំក្នុងការស្រូបយកសារធាតុចិញ្ចឹម និងផ្តល់សារធាតុចិញ្ចឹមបន្ថែមដល់ដំណាំ។ ធ្យូងជីវៈល្អ ជាធ្យូងដែលគ្មានជាតិផេះត្រូវបានដុតក្នុងចំហេះសព្វល្អ ដោយគ្មានខ្យល់អុកស៊ីហ្សែន ក្នុងកម្រិតសីតុណ្ហភាពរហូតដល់ ៤០០-៦០០អង្សាសេ។
ដោយឡែកជីកំប៉ុស្ត គឺជាជីដែលកើតចេញមកពីភាពពុកបំបែកធាតុរបស់សារធាតុសរីរាង្គ មានដូចជា រុក្ខជាតិ លាមកសត្វ។ជីកំប៉ុស្តល្អ គឺមិនមានក្លិនស្អុយ មិនមានកម្តៅ ហើយយើងមើលលែងស្គាល់ថាវាជាធាតុដើមអ្វី ដោយវាពុក ឬបំបែកធាតុអស់ហើយ។
ក្រៅពីចំណុចរៀបរាប់ខាងលើ ដើម្បីកសាងដីស្រទាប់លើឲ្យស្ថិតស្ថេរ គេមិនត្រូវកាប់ដី ឬភ្ជួរដីត្រឡប់ទេ គឺគេគ្រាន់តែរាស់ ឬកាប់បំផុស ហើយធ្វើការបន្ថែមដីស្រទាប់លើបន្តិចម្តងៗជាប់ជានិច្ច។ គេក៏ដាំពពួកសណ្ដែកបន្ថែមជាដំណាំឆ្លាស់ ឬដំណាំគ្របដី ដើម្បីបង្កើនសារធាតុអាហ្សូត (តាមរយៈបាក់តេរីដែលរស់នៅក្នុងពកឫស) និងបង្កើនសារធាតុសរីរាង្គក្នុងដី (ឫស ស្លឹក និងដើមសណ្តែក ជាជីធម្មជាតិដ៏ល្អ)។
ជាសរុបមក ដីស្រទាប់លើដែលល្អបំផុត ជាដីដែលផុសល្អ (មិនឥដ្ឋពេក មិនខ្សាច់ពេក) មានសារធាតុធ្យូងជីវៈ និងមានលាយជាមួយជីកំប៉ុស្តល្អ។ កសិករល្អ ជាកសិករដែលកសាង និងការពារដីស្រទាប់លើឲ្យបានល្អជាប់ជានិច្ច៕
ពាក្យគន្លឹះសំខាន់ៗ
ដីស្រទាប់លើ មមោក ធ្យូងជីវៈ ជីកំប៉ុស្ត ដំណាំសណ្តែក ភាពមិនឥដ្ឋពេក និងមិនខ្សាច់ពេករបស់ដី
អត្ថបទ បណ្ឌិត យ៉ង សាំងកុមារ

Comments
Loading...