វិស័យដំណាំម្រេចនៅកម្ពុជាពេលបច្ចុប្បន្ន – បញ្ហាប្រឈម និងដំណោះស្រាយ

0 941

កសិករអ្នកដាំម្រេចនៅកម្ពុជា កំពុងតែជួបបញ្ហាទាក់ទងទៅនឹងទីផ្សារជាពិសេសការធ្លាក់ចុះនៃតម្លៃម្រេច ដែលនៅសល់តែប្រមាណ ៨០០០រៀលក្នុង១គីឡូក្រាម (តម្លៃនៅខែមីនា ២០១៩) គឺជាតម្លៃមួយមិនអាចឱ្យ កសិករចំណេញបាន ឬពិបាកនឹងចំណេញ។ បើប្រៀបធៀបទៅនឹងប្រមាណ ៥ឆ្នាំមុន តម្លៃម្រេចបច្ចុប្បន្ន ទាបជាងប្រមាណ ៤ ទៅ ៥ដង។ ដោយសារបញ្ហាធ្លាក់ចុះតម្លៃរយៈពេលប្រមាណ ៣ឆ្នាំជាប់គ្នា តម្លៃធ្លាក់ចុះកាន់តែទាបទៀតនៅឆ្នាំ២០១៩ ធ្វើឱ្យកសិករប្រមាណ ២៥%បាននិងកំពុងបោះបង់ការថែទាំម្រេចោល ក៏ប៉ុន្តែ យើងខ្ញុំ យល់ឃើញថាកសិករមិនគួរបោះបង់ចោលទេ គឺគួរបន្តថែទាំម្រេចបន្តទៀត ដោយសារការដាំម្រេចកន្លងមកត្រូវការវិនិយោគទុនច្រើនណាស់ និងតម្លៃម្រេចអាចនឹងងើបឡើងវិញក្នុងរយៈពេលប្រមាណ ២ឆ្នាំខាងមុខនេះ។ ការធ្លាក់ចុះនៃតម្លៃម្រេច មិនមែនមានតែនៅកម្ពុជាទេ គឺនៅទូទាំងពិភពលោក ហើយការធ្លាក់ចុះការឡើងថ្លៃវិញ ក៏អាស្រ័យលើកត្តាផលិត និងទីផ្សារនៅលើពិភពលោកទាំងមូលដែរ។


អត្ថបទ៖ គោលនយោបាយដោះស្រាយបញ្ហាទុនជូនកសិករ

នៅលើពិភពលោកទាំងមូល តម្រូវការម្រេចនៅឆ្នាំ២០១៧ ប្រមាណ ៤៤៦ ០០០ តោន ហើយកើនឡើងចំនួន ២,៥%ក្នុង១ឆ្នាំ គឺស្មើនឹង ១០ 000តោនក្នុង១ឆ្នាំ។ ដោយឡែកនៅឆ្នាំ២០១៧ បរិមាណផលិតកម្មម្រេច នៅលើពិភពលោកកើនឡើងដល់ ៥២៣ ០០០តោន គឺលើសពីតម្រូវការចំនួន ៧៧ ០០០តោន។ បរិមាណម្រេចកើនឡើងដោយសារការកើនឡើងខ្លាំងនៃការផលិតនៅប្រទេសវៀតណាមច្រើនជាងគេ។ ក្រៅពី វៀតណាម បរិមាណផលិតកម្មម្រេចក៏កើនឡើងច្រើនដែរនៅប្រស៊ីល និងកម្ពុជា។

  1.  នៅឆ្នាំ២០១៥ វៀតណាមផលិតម្រេចចំនួន ១២២ ០០០តោន កើនដល់ ១៦៥ ០០០តោននៅឆ្នាំ ២០១៦ និងកើនរហូតដល់ ២៤០ ០០០តោននៅឆ្នាំ២០១៧ (កើន ១១៨ ០០០តោន បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៥។ នៅឆ្នាំ២០០៣ វៀតណាមមានផ្ទៃដីដាំម្រេចតែ ៨០ ០០០ha តែនៅឆ្នាំ ២០១៧ មានដល់ទៅ ១៥២ ០០០ha។
  2. ផលិតកម្មនៅប្រទេសប្រេស៊ីល កើនពីប្រមាណ ៤៣ ០០០តោននៅឆ្នាំ២០១២ដល់ ៧៦ ៧៧០តោន នៅឆ្នាំ២០១៧ (គឺកើនជាង ៤០ ០០០តោន)។
  3. ផលិតកម្មនៅកម្ពុជា កើនពី ១ ០០០តោន នៅឆ្នាំ២០១១ ដល់ ២១ ០០០តោននៅឆ្នាំ២០១១៥ (គឺ កើន ២០ ០០០តោន)។

ដោយសារបញ្ហាតម្លៃម្រេច មានការធ្លាក់ចុះដែលទាក់ទងនៅនឹងការកើនឡើងនសៃការផលិតធ្វើឱ្យស្ថានភាព ការដាំម្រេចនៅប្រទេសនីមួយៗមានការប្រែប្រួល ដែលជាពិសេសការបន្ថយ និងការបោះបង់ចោលការដាំម្រេច ។ ឧទាហរណ៍ រដ្ឋាភិបាល វៀតណាម បានដាក់ចេញជាគោលនយោបាយ ឱ្យមានការកាត់បន្ថយការដាំម្រេច ចំនួន ៤០ ០០០ha ដែលនឹងធ្វើឱ្យបរិមាណផលិតកម្មម្រេចនៅវៀតណាមមានការថយចុះប្រមាណ ៧០ ០០០តោន។ ចំណែកនៅកម្ពុជាវិញ រដ្ឋាភិបាលមិនមានគោលនយោបាយអ្វីច្បាស់លាស់ទាក់ទងទៅនឹងដំណាំ ម្រេចទេ តែកសិករខ្មែរកាន់តែច្រើនទៅចាប់ផ្តើមបោះបង់ចោលដំណាំម្រេច គឺអាចស្មើនឹងប្រហែល ២៥% ឬ អាចកើនឡើងបន្ថែមទៀត ដែលធ្វើឱ្យបរិមាណផលិតកម្មម្រេចនៅកម្ពុជាថយចុះបន្ថែមទៀត។ ទន្ទឹមនិង កត្តា រាំងស្ងួតដែលកំពុងកើតមានឡើងនៅកម្ពុជា និងប្រទេសមួយចំនួនទៀត ក៏នឹងធ្វើឱ្យបរិមាណផលិតកម្មម្រេច មានការថយចុះ។ ការកាត់បន្ថយ និងការថយចុះនៃផ្ទៃដីដាំម្រេចរួមផ្សំនិងការលែងហ៊ានវិនិយោគដាំម្រេចបន្ថែម នឹងរួមចំណែកឱ្យបរិមាណផលិតកម្មម្រេចមកនៅប្រហាក់ប្រហែល ឬក្រោមតម្រូវការម្រេចពិភពលោកដែលបន្តកើនប្រមាណ ១០ ០០០តោនក្នុង១ឆ្នាំ។

យោងទៅតាមការវិភាគខាងលើនេះ យើងយល់ឃើញថាកសិករខ្មែរ គួរតែបន្តថែទាំដំណាំម្រេចបន្តទៀត។ តែការខ្វះខាតទុន ដើម្បីបន្តការថែទាំ និងសងបំណុលធនាគារជាបញ្ហាប្រឈមរបស់កសិករភាគច្រើន។

ទន្ទឹមនឹងនេះ កសិករគួរដាំដំណាំផ្សេងៗទៀតនៅចន្លោះម្រេច ឬជាមួយម្រេច ដើម្បីទទួលបានផលបន្ទាប់បន្សំ និងអាចឈានទៅជំនួសដំណាំម្រេចបាន។ ដំណាំដែលអាចដាំចន្លោះម្រេច និងក្រោមម្លប់ឧទាហរណ៍ដូចជាខ្ញី ការ៉ុត កាហ្វេ ទុរេន ឬល្ហុងជុំវិញចម្ការម្រេច។

ដោយសារវិស័យម្រេចជាវិស័យសំខាន់មួយសម្រាប់សេដ្ឋកិច្ចជាតិ ហើយពាក់ព័ន្ធនិងជីវភាពរស់នៅរបស់កសិករ រាប់ពាន់គ្រួសារ រាជរដ្ឋាភិបាលគួរតែមានគោលនយោបាយគាំទ្រដល់កសិករអ្នកដាំម្រេចដូចជា៖

  1. ការឧបត្ថម្ភធនលើការបន្តថែទាំម្រេច ជាពិសេសការបញ្ចុះតម្លៃពន្ធលើប្រេងឥន្ធនៈ ដែលប្រើប្រាស់សម្រាប់ស្រោចស្រពដំណាំម្រេច។
  2. ការៀបចំឱ្យមានទុនសម្រាប់សង្គ្រោះម្រេចខ្មែរ តាមរយៈពេលការផ្តល់ប្រាក់កម្ចីការប្រាក់ទាបដោយស្មើនឹង ០,២% ក្នុង១ខែ ឬ២ភាគរយក្នុង១ឆ្នាំ (ដោយមានរយៈពេលអនុគ្រោះការបង់ដើមរយៈពេល ៣ឆ្នាំ) ដើម្បីឱ្យកសិករប្រើប្រាស់ជាដើមទុនបន្ថែមក្នុងការបន្តថែទាំម្រេច។
  3. រៀបចំឱ្យមានឃ្លាំង ដែលកសិករអាចយកម្រេចមកបញ្ចាំ ដោយបរិមាណប្រាក់ ដែលកសិករទទួលបាន អាចស្មើនឹង ឬប្រហាក់ប្រហែល ឬទាបជាងតម្លៃម្រេចលើទីផ្សារ។ ការមានឃ្លាំងបញ្ចាំម្រេច ក៏អាច ជួយកាត់បន្ថយបរិមាណម្រេចនៅលើទីផ្សារ ដែលនឹងជួយឱ្យតម្លៃម្រេចមានភាពល្អប្រសើរដែរ និង ផ្តល់ចំណេញបន្ថែមទៀត ដល់កសិករករណីដែលលក់ម្រេចបានក្នុងតម្លៃខ្ពស់ជាងពេលបញ្ចាំ។
  4. គាំទ្រដល់សិប្បកម្ម និងក្រុមហ៊ុនក្នុងស្រុកក្នុងការកែច្នៃ និងនាំម្រេចចេញដោយផ្ទាល់ទៅកាន់ទីផ្សារអន្តរជាតិ។
  5. លើកស្ទួយនូវយុទ្ធសាស្ត្រទិញ និងបរិភោគម្រេចខ្មែរ ក្នុងចំណោមស្រទាប់ប្រជាពលរដ្ឋ និងទេសចរបរទេស។
  6. គាំទ្រដល់ការបង្កើតសមាគម និងសហគមន៍អ្នកដាំម្រេច និងទីផ្សារម្រេចដូចជាបង្ករភាពងាយស្រួលក្នុងការចុះបញ្ជីដោយគ្មានការចំណាយក្រៅប្រព័ន្ធ ការផ្តល់អ្នកជំនាញជួយធ្វើការនៅដំណាក់កាលដំបូង និងសម្របសម្រួលឱ្យមានការសហការគ្នាល្អរវាងសហគមន៍ និងក្រុមហ៊ុនទីផ្សារម្រេច។

អត្ថបទដោយ៖ បណ្ឌិត យ៉ង សាំង កុមារ

អត្ថបទ៖ ស្រុកខ្មែរសម្បូរសប្បាយ តាមរយៈសេដ្ឋីស្រុកស្រែ

Comments
Loading...