ចំណុចមួយចំនួនទាក់ទងការអនុគ្រោះពន្ធ EBA សម្រាប់កម្ពុជា

0 1,630

នៅឆ្នាំ ២០០១ សហភាពអ៊ឺរ៉ុប បានចាប់ផ្តើមបង្កើតឱ្យមានប្រព័ន្ធអនុគ្រោះពន្ធដែលគេដាក់ឈ្មោះថា «អ្វីៗ ទាំងអស់លើកលែងតែអាវុធ» ដែលហៅកាត់ថា អ៊ីប៊ីអេ EBA (Everything But Arm) ដែលជាផ្នែកមួយនៃ ប្រព័ន្ធ GSP (Generalized System of Preferences)។ ប្រព័ន្ធអនុគ្រោះពន្ធ EBA ផ្តល់ឱកាសដល់ការនាំ ចូលទីផ្សាររួមអ៊ឺរ៉ុប ដែលមាន២៨ប្រទេសសម្រាប់ផលិតផលទាំងអស់លើកលែងតែអាវុធ និងមិនមានកំណត់ កូតា និងបរិមាណនាំចូលទេ។

ការបង្កើតឱ្យមានប្រព័ន្ធអនុគ្រោះពន្ធនេះ គឺក្នុងគោលបំណងគាំទ្រដល់ការអភិវឌ្ឍរបស់ប្រទេសក្រីក្របំផុត នៅលើពិភពលោក។ ប្រទេសដែលអាចទទួលបានការអនុគ្រោះពន្ធ EBA ជាប្រទេសដែល អង្គការសហប្រជាជាតិចំណាត់ថ្នាក់ជាប្រទេសដែលមានការអភិវឌ្ឍទាបបំផុត (Least Developed Countries LDC) ដែលនៅឆ្នាំ២០១៨ មាន ៤៧ប្រទេស ក្នុងនោះមានកម្ពុជាមួយដែរ។ ការចំណាត់ថ្នាក់ប្រទេស LDC នេះ ក្រុមការងារអង្គការសហប្រជាជាតិសម្រេចឈរលើចំណុចធំៗចំនួន ៣គឺ ទី១ ភាពក្រីក្រ ទី២ ការអភិវឌ្ឍធនធានមនុស្ស និងទី៣ ភាពងាយរងគ្រោះនៃសេដ្ឋកិច្ច។

សហភាពអ៊ឺរ៉ុប ក៏អាចដក ឬព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះក្នុងករណីពិសេសណាមួយ ជាពិសេសទាក់ទងការ រំលោភយ៉ាងធ្ងន់ធ្ងរ និងជាប្រព័ន្ធនូវគោលការណ៍ដែលមានចែងក្នុងអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្ស និង សិទ្ធិការងារ។ អនុសញ្ញាទាំងនេះមានចំនួន ១៥ ដូចបានចែងនៅក្នុងឧបសម្ព័ន្ធទី VIII ផ្នែក A ក្នុងមាត្រាទី១៩ នៃ Regulation 978/2012។ នៅក្នុងអនុសញ្ញាទាំង១៥ ក៏មានអនុសញ្ញាស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលកម្ពុជាបានចុះហត្ថលេខា និងអនុម័តនៅឆ្នាំ១៩៩២។

លើសពីនេះទៀត ការដកឬព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះ ជាដំណើរការ និងនីតិវិធីវែងឆ្ងាយហើយមានពាក់ព័ន្ធ ភាគីច្រើន ក្នុងនោះរដ្ឋាភិបាលកម្ពុជាជាតួអង្គសំខាន់បំផុត។ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ស្នងការ សហភាពអ៊ឺរ៉ុប គ្រាន់តែប្រកាសប្រាប់ឱ្យដឹងពីការចាប់ផ្តើមនីតិវិធីដើម្បីនឹងធ្វើការសម្រេចចិត្តលើការព្យួរ ឬ មិនព្យួរការអនុគ្រោះពន្ធ EBA។ ទោះបីជាមានការសម្រេចចិត្តព្យួរ ក៏ការព្យួរនេះនឹងអនុវត្តរយៈពេល១៨ខែ ទៀត ឬអាច២០ខែទៀតដូចតំណាងEU ប្រចាំកម្ពុជាបានបញ្ជាក់ប្រាប់សារព័ត៌មានអេឡិចត្រូនិចថ្មីៗ កាលពី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩។ ម្យ៉ាងវិញទៀត ប្រសិនបើមានការព្យួរមែនប្រហែលក៏មិនទាន់ ព្យួរការអនុគ្រោះ ពន្ធលើទំនិញទាំងអស់ ឬទំនិញខ្លះ ឬការព្យួរនេះក៏ធ្វើជាជំហានៗដែរ។

សរុបសេចក្តីមក សហភាពអ៊ឺរ៉ុបមិនទាន់បានសម្រេចការព្យួរការអនុគ្រោះពន្ធទេ ហើយការសម្រេចព្យួរត្រូវការពេល១៨ ទៅ២០ខែ ហើយប្រសិនបើមានការព្យួរមែន ក៏គេមិនព្យួរគ្រប់មុខទំនិញភ្លាមៗដែរ។ ការព្យួរ អាចក៏ដោយយោងលើរដ្ឋាភិបាលកម្ពុជា មានបានរំលោភលើអនុសញ្ញាអន្តរជាតិធ្ងន់ធ្ងរត្រង់ណាខ្លះ ហើយអាច កែលម្អបានត្រឹមកម្រិតណាដែរក្នុងរយៈ ពេល៦ខែខាងមុខនេះ។ អ្វីដែលសំខាន់មួយទឿត គឺបើមានការព្យួរ ប្រព័ន្ធ EBA មែន មិនមែនមានន័យថា អ៊ឺរ៉ុបបិទទីផ្សារទេ តែកម្ពុជាត្រូវបង់ពន្ធដូចប្រទេសមួយចំនួនពេល នាំទំនិញទៅលក់នៅអ៊ឺរ៉ុប។ ដូចនេះ បើកម្ពុជា ពិត ជាយល់ឃើញថាទីផ្សារអ៊ឺរ៉ុបដែលមាន២៨ប្រទេស ហើយការអនុគ្រោះពន្ធសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និង ការងាររបស់ប្រជាពលរដ្ឋ រដ្ឋាភិបាលមានតួនាទី និងកាតព្វកិច្ចធ្វើការជាមួយស្នងការអ៊ឺរ៉ុបក្នុងរយៈពេល៦ខែ ខាងមុខដើម្បីឈានទៅរកដំណោះស្រាយរួមមួយ ដែលភាគីទាំង២ អាចទទួលយកបាន ទន្ទឹមគ្នានេះ ក៏ជាឱកាសសម្រាប់រដ្ឋាភិបាលធ្វើការកែទម្រង់វិស័យ សេដ្ឋកិច្ចជាពិសេសវិស័យកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។ យើង នៅតែមានសុទិដ្ឋិនិយមថា រាជរដ្ឋាភិបាលនឹងបំពេញកាតព្វកិច្ច ខ្លួនបានល្អ ដើម្បីផលប្រយោជន៍ប្រទេស ជាតិ ហើយការចរចារដើម្បីទទួលបានការអនុគ្រោះពន្ធ វាអត់មាន ទាក់ទងនឹងការបាត់បង់អធិបតេយ្យជាតិទេ គឺវាទាក់ទងទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការងារជូនប្រជាពលរដ្ឋ។

Comments
Loading...