បទពិសោធន៍ដាំស្រកានាគបានផលច្រេីន

0 600

អត្ថបទដោយ ពៅ សុភា
កែសម្រួលបន្ថែមដោយ យ៉ង សាំងកុមារ
បងស្រី ជាប ហួយ អាយុ ៤០ឆ្នាំ ជាកសិកររស់នៅក្នុងភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។គាត់មានបទពិសោធន៍ល្អក្នុងការដាំ ស្រកានាគចំនួន ៣០០គុម្ព ដោយក្នុងនោះ ១០០គុម្ពដាំតាំងពី៥ឆ្នាំមុន ១០០ទៀតគុម្ពដាំកាលពីឆ្នាំទៅ ហើយឆ្នាំនេះដាំបាន១០០គុម្ពបន្ថែម ខណៈដែលគាត់គ្រោងដាំ ៥០គុម្ពបន្ថែមទៀត។ ចំនុចសំខាន់នៃការដាំស្រកានាគទទួលបានជោគជ័យគឺការជ្រើសរើសទីតាំងដាំ មានបង្គោលគ្រាក់ ពូជស្រកានាគ ការថែទាំ និងការប្រមូលផល។


1. ការរើសទីតាំងនិងរៀបចំដី
ដំណាំស្រកានាគគឺជាប្រភេទដំណាំដែលត្រូវការដីខ្ពស់មិនលិចទឹក និងទីតាំងដែលមានពន្លឺថ្ងៃគ្រប់គ្រាន់ទើបទទួលបានផលល្អ។មុនពេលដាំត្រូវធ្វើការភ្ជួររាស់ដីពីរដងដើម្បីឲ្យដីផុសបានល្អ និងការពារកុំអោយមានដុះស្មៅ។
2. ការរើសពូជនិងដាំ
ចំពោះស្រកានាគដែលគាត់ដាំគីពូជក្នុងស្រុកមានសាច់ក្នុងពណ៌ផ្កាឈូកដែលមានរសជាតិផ្អែមឆ្ងាញ់។ ចំពោះការដាំគាត់បានជីកជារណ្ដៅដាំជន្លុងគ្រាក់ជម្រៅ ០,៥ម៉ែត្រ ដើម្បីកុំអោយវាដួលនៅ ពេលវាបោះទងច្រើន។ បន្ទាប់មកគាត់បានកាប់រណ្ដៅ ៣ជ្រុង ជុំវិញ បង្គោលគ្រាក់ដាក់ជីលាមកគោរួចដាំជម្រៅ ១ ទៅ ២ តឹក។ ដើម្បីឆាប់ទទួលបានផលលឿន គាត់បានយកទងស្រកានាគប្រវែងចន្លោះ ពី ១ម៉ែត្រ ទៅ ១,៥ម៉ែត្រ ដាំរយៈពេល ៨ខែ ទៅ ១០ខែ ចាប់ផ្ដើមផ្លែហើយ។ ចំពោះការដាំស្រកានាគ គាត់ដាំពីជួរមួយទៅជួរមួយប្រវែង ២,៥ ម៉ែត្រ និងពី គុម្ពមួយទៅ គុម្ពមួយប្រវែង ២ម៉ែត្រ។
3. ការថែទាំ
បន្ទាប់ពីដាំរួច ដំណាំស្រកានាគត្រូវការចងផ្អោបដើមទៅនឹងបង្គោលគ្រាក់ ៣ ទៅ ៤ កន្លែង ដើម្បីកុំអោយវាដួល និងឆាប់ចាប់ឬសជាប់ទៅ នឹងបង្គោលគ្រាក់។ បង្គោលគ្រាក់នីមួយៗត្រូវវាយភ្ជាប់ជាមួយសំបកម៉ូតូចាស់ៗ នៅចុងបង្គោលខាងលើ ដើម្បីអោយទងស្រកានាគវាគងពីលើ។
ដំណាំស្រកានាគត្រូវការស្រោចទឹកអោយសើមគល់ និងបង្គោលគ្រាក់ដើម្បី ឆាប់ចាប់ឬស និងឧស្សាហ៍សំអាតស្មៅ ក្រោយពេលដាំ។ ក្រោយពេលដាំ ក្នុងមួយខែគាត់ថែមជីលាមកគោម្តងដើម្បីពន្លឿនការលូតលាស់។

4. ការប្រមូលផល
ដំណាំស្រកានាគចាប់ផ្ដើមផ្លែ នៅអាយុពី ៨ខែ ទៅ ១០ខែ ក្រោយពេលដាំ (ដាំទងវែង) និងរដូវផ្លែផ្កាចាប់ពីខែមិនា និងមេសា សម្រាប់គុម្ពដាំរយៈពេលយូរឆ្នាំ ហើយផ្លែបន្តរហូតដល់ខែតុលា ឬខែវិច្ឆិកា ទើបផ្អាក់ផ្លែ។ ម្យ៉ាងចាប់ពីខែ វិច្ឆិកា ដល់ខែមេសាជាពេលដែលស្រកានាគចាប់ផ្ដើមដុះទងថ្មី និងលូតលាស់ដើម្បី ត្រៀមផ្លែ ចាប់ពី ខែមេសា ដល់ខែ វិច្ឆិកាវិញ។ ស្រកានាគត្រូវប្រមូលផលនៅពេលវាទុំល្មម កុំទុកយូរពេក បើទុកយូរពេកធ្វើអោយផ្លែវាប្រេះ នាំអោយសត្វល្អិតចូលក្នុងផ្លែ។ ក្នុងមួយគុម្ពគាត់អាចប្រមូលផលបានចន្លោះពី ៥គីឡូក្រាម ទៅ ៣០គីឡូក្រាម វាអាស្រ័យការដាំមុន និងដាំក្រោយ (ទំហំ គុម្ពតូច ឬធំ) ហើយក្នុងឆ្នាំ ២០១៨នេះគាត់លក់បានចំណូល ប្រហែល ៨លានរៀលដោយ ១គីឡូក្រាមតម្លៃចន្លោះពី ៤០០០ ទៅ ៥០០០រៀល។
5. ចំណាប់អារម្មណ៍
បងស្រីមានប្រសាសន៍ថា ចំពោះការដាំស្រកានាគ គាត់មិនមានការលំបាកក្នុងការថែទាំទេ អោយតែមានទឹកស្រោចម្តងម្កាលនៅ រដូវប្រាំង ឬពេលគ្មានភ្លៀង រយៈពេលយូរថ្ងៃ។ ម្យ៉ាងទៀតអោយលាមកសត្វស្រស់ក៏បានដែរព្រោះវាមិនរើសជីទេ។ លើសពីនេះទៀតការដាំស្រកានាគមិនបានធ្វើអោយរវល់ច្រើនទេ គឺគាត់មានពេលគ្រប់គ្រាន់ក្នុងការធ្វើការងារផ្សេងៗទៀតបាន។
កំណត់សម្គាល់បន្ថែម
1. គេអាចដាំទងខ្លីបាន តែទងកាន់តែវែងកាន់តែឆាប់បានផល។
2. ស្រកានាគមានឬសរាក់នៅផ្នែកខាងលើនៃស្រទាប់ដីច្រើន។ ដូចនេះការធ្វើឲ្យមានសំណើមជាប់ជាមួយនឹងការគ្របដីបន្ថែមដោយប្រើកាកសំណល់រុក្ខជាតិនឹងជួយឲ្យស្រកានាគលូតលាស់បានល្អជាប់ជានិច្ច។
3. ស្រកានាគដាំក្នុងថូ ឬក្នុងធុង ក៏ឲ្យផលល្អដែរ តែដីត្រូវមានជម្រៅយ៉ាងតិចបំផុត ៤ ទៅ ៥ តឹកដែរ។
4. ការកាត់មែកស្រកានាគចេញខ្លះ នឹងជួយឲ្យផ្លែច្រើន និងផ្លែធំល្អ។

Comments
Loading...