បទ​ពិសោធន៍​របស់កសិករក្នុង​ការ​ប្រើប្រាស់ជីទឹក​ ដើម្បី​បង្កើនផលដំណាំខ្ទឹមស្លឹក

0 1,134

អត្ថបទដើម៖ ប៉ែន វណ្ណៈ – «ក្រុមកសិដ្ឋានពន្លកបៃតង – សេដាក»

កសិករ​ឈ្មោះ​ សួ​ន​ ម៉ានី ភេទស្រី អាយុ​៣៧ឆ្នាំ​រស់​នៅ ភូមិ​ព្រៃវែង ឃុំស្រែក្នុង ស្រុក​ជុំគីរី ខេត្តកំពត។ គាត់​មាន​បទ​ពិសោធន៍ល្អ ក្នុង​ការ​ដាំ​ដំណាំ​ខ្ទឹម​ស្លឹក​ទទួល​បាន​ផល​ខ្ពស់។

ដើម្បីទទួល​បាន​ផល​​ល្អ​ខ្ពស់ គាត់​បាន​អនុវត្តន៍​ពិសោធន៍ជី ទាំង​ជី​កំប៉ុស្តគោក និង​ជី​កំប៉ុស្តទឹក និង​ប្រៀប​ធៀប​ជាមួយ​ជី​ទឹក​របស់​ក្រុម​ហ៊ុន។ ហើយ​ការ​ពិសោធន៍នេះ​បាន​អនុវត្តន៍​ធ្វើ​ពី​ថ្ងៃទី ០៣ / ១១​ / ២០១៨ ដល់​ថ្ងៃទី ០៩/១២/២០១៨ ហើយលទ្ធផលដូចខាងក្រោម៖

គាត់​ធ្វើ​រង​ទំហំ ១ម៉ែត្រ x​ ១០ម៉ែត្រ និង​កំពស់ ០.៣ម៉ែត្រ។ ហើយ​រង​នីមួយៗ ប្រើ​ជី​សរីរាង្គ Melfertចំនួន២គីឡូក្រាមដាក់​ទ្រាប់បាត បន្ទាប់មក​គាត់​គ្រប​រង​ដោយ​ប្រើ​សារធាតុ​សរីរាង្គ និង​ដាក់​ដាំ​ខ្ទឹម​។ ក្រោយ​ដាំបាន​២​អាទិត្យ គាត់​សំអាត​ស្មៅ។ បន្ទាប់​ពី សំអាត​ស្មៅ​រួច​ស្អាត​ហើយ គាត់​ចាប់​ផ្ដើម​ប្រើ​ជី​ទឹក​ទៅ​តាម​បច្ចេកទេស និង​ទទួល​បាន​លទ្ធ​ផល​ដូច​ខាង​ក្រោម៖

១. អត់​ប្រើ​ជីទឹក បានទទួល​ផល​ ២២គីឡូក្រាម ក្នុង​មួយរង។

២. ប្រើ​ជីទឹក ​Fitohorm Oil 20 cc +​ ទឹក​ធម្មតា​២០លីត្របានទទួលផល ២៦,១គីឡូក្រាម ក្នុង​មួយរង។

៣. ប្រើ​ជីទឹក SAWKASET PLUS 20 CC + SAWKASET WATER 10 CC + ម្ស៉ៅ​សារ៉ាយ Seaweed Extract ០,៥គ្រាប់​ + ទឹក​ធម្ម​តា ២០លីត្រ បានទទួលផល ២៧,៤គីឡូក្រាម ក្នុងមួយរង។

៤. ប្រើជីទឹកដែលកសិករផលិតខ្លួនឯង ទទួលបាន​ផល ៣០,៥គីឡូក្រាម ក្នុងមួយរង។

ការ​ពិសោធន៍​​ប្រើ​ជី​ទឹក​នេះ គឺ​គាត់​ប្រើ​៣ដង​ដូចៗគ្នា ដែ​ល​ប្រើ​លើក​ទី២ គឺ​បន្ទាប់​ពី​ប្រើ​លើក​ទី ១បាន​ ១​អាទិត្យ។ ហើយ​ប្រើលើក​ទី៣ បន្ទាប់​ពី ប្រើលើកទី ២ បាន​ចំនួន​ ១០ ថ្ងៃ។តាម​ការ​ពិសោធន៍​បង្ហាញថា​ ការ​ប្រើ​ប្រាស់​ជី​ទឹក​ ធ្វើ​ឱ្យ​ទិន្នផល​កើន​ពី​ជាង​ ៤គីឡូក្រាមទៅជាង ៦គីឡូក្រាម (ពី១៨ ទៅ ២៧ភាគរយ) ដោយ​ការ​ប្រើ​ជី​ទឹក​ដែល​កសិករ​ធ្វើ​​ខ្លួន​ឯង​ ទទួល​បាន​ផល​ខ្ពស់​ជាង​គេ។

ដើម្បីទទួល​បាន​ផល​ខ្ពស់ គាត់​មានរូបមន្តសម្រាប់​ធ្វើ​ជី​ទឹក​​ដោយ​ខ្លួន​ឯងដូចខាងក្រោមនេះ៖

  • លាមកគោស្រស់ ១០គក
  • លាមកមាន់​ ៥គក
  • លាមក​ជ្រូក​ស្រស់ ១០គក
  • ទន្រ្ទានខែត្រ​ស្រស់​ បូត​ឱ្យ​បាន​ ១ ធុង​ប៉េត្រូ យក​តែ​ស្លឹក
  • សាកសពសត្វ (កូនសត្វពពែងាប់)
  • ទឹកកាកឡជីវឧស្ម័ន ២៥០លីត្រ។

របៀប​ធ្វើ​គឺ​យក​លាមក​សត្វ​ទាំង​អស់​ខាងលើច្រកដាក់បាវ រួច​យក​ទៅ​ដាក់​នៅ​ក្នុង​ពាង​ធំមួយ រួច​ដាក់ទឹក​កាក​ឡ​ជីវឧស្ម័ន​ចូល​ឱ្យលិច​បាវជី និង​ត្រាំទុក​រយៈពេល ១ខែ ទើប​អាច​ប្រើ​បាន។ តែក្នុង​ពេល​ត្រាំគាត់​ឧស្សាហ៍​បើក​គម្រប និង​កូរបង្វិលជីបាវ​ឱ្យបាន​សព្វល្អ។

បរិមាណ​ប្រើ​ប្រាស់​ គឺ​ដូច​អ្វី​ដែល​បាន​បង្ហាញលទ្ធផល​ពិសោធន៍ខាងលើ​គឺ​ប្រើ​ក្នុង​បរិមាណ ២លីត្រ លាយ​ជាមួយ​ទឹក​ធម្មតា​ចំនួន​ ២០លីត្រ ស្រោច​លើ​រង​ទំហំ ១០ម៉ែត្រ​ការ៉េ ដោយប្រើចំនួន ៣ដងក្នុងមួយវគ្គដាំដុះ​ខ្ទឹម រហូតដល់ពេល​ប្រមូលផល។តាម​បទ​ពិសោធន៍​ខាង​លើ​នេះ យើង​​សូម​លើ​ទឹក​ចិត្ត​ឱ្យ​កសិករ​​ធ្វើ​ជី​ទឹក​ខ្លួន​ឯង​ឱ្យ​បាន​ល្អ ដើម្បីប្រើប្រាស់​បង្កើន​ទិន្ន​ផលដំណាំ។

កំណត់សម្គាល់ ៖ បើមិន​មាន​សាកសពសត្វក៏បានដែរ តែគេអាច​ជំនួសបានដោយ​ស្បែកគោ កាកសំណល់ត្រីផ្សេងៗ និងខ្ចៅខ្យងជាដើម។

អត្ថបទដើម៖ ប៉ែន វណ្ណៈ – «ក្រុមកសិដ្ឋានពន្លកបៃតង – សេដាក»

Comments
Loading...