ជំហរក្នុងការសន្ទនាមតិនយោបាយដើម្បីលើកស្ទួយឯកភាពជាតិ

0 822

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម)បានអនុម័តជាឯកច្ឆន្ទ មិនចូលរួមក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការនាយក កាលពីថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០១៨។ ប៉ុន្តែ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅតែរក្សាជំហរគាំទ្រការសន្ទនាមតិរវាងគណបក្សនយោបាយ និងគណបក្សនយោបាយ និងជាមួយរដ្ឋាភិបាល និងសភាជាតិ លើបញ្ហាប្រជាពលរដ្ឋ និងបញ្ហាប្រទេសជាតិដែលជាផ្នែកមួយនៃគោលនយោបាយបង្រួបបង្រួមជាតិ ដូចដែលមានចែងក្នុងសៀវភៅបៃតង នៅក្នុងបរិបទសង្គមប្រជាធិបតេយ្យសេរីពហុបក្ស។

គណបក្សប្រជាធិបតេយ្យមូលដ្ឋានមើលឃើញថា ការបង្កើតឧត្តមក្រុមប្រឹក្សានេះ ជាយន្តការសំខាន់មួយ សម្រាប់ការពិគ្រោះយោបល់ និងសន្ទនាមតិ ប៉ុន្តែយើងក៏មើលឃើញពីយន្តការដទៃទៀត ដូចជាសមាជប្រជាពលរដ្ឋ និងការជួបជុំរវាងប្រជាពលរដ្ឋជាមួយតំណាងគណបក្សនយោបាយ និងតំណាងរាស្រ្តនៅតាមមណ្ឌលរៀងៗខ្លួនជាដើម ដើម្បីពាំនាំទុក្ខកង្វល់ និងស្នើសុំដំណោះស្រាយ និងការគាំពារដល់ប្រជាជន។ កន្លងមករាជរដ្ឋាភិបាលក៏ធ្លាប់រៀបចំឲ្យមានវេទិកាជាមួយវិស័យឯកជន សង្គមស៊ីវិល និងអ្នកសារព៏ត៌មានជាដើម ដែលយន្តការស្រដៀងគ្នានេះ ជាច្រកយ៉ាងសំខាន់ក្នុងការពិគ្រោះយោបល់ និងប្រមូលធាតុចូលជាមួយអ្នកពាក់ព័ន្ធនានាសម្រាប់ការអភិវឌ្ឍប្រទេស។

បើទោះជាមិនចូលរួមរួមក្នុងឧត្តមក្រុមប្រឹក្សាក៏ដោយគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ត្រៀមខ្លួនជានិច្ច ដើម្បីធ្វើការសន្ទនាមតិជាមួយគណបក្សនយោបាយ រដ្ឋាភិបាល និងសភាជាតិ និងផ្ដល់យោបល់ទៅលើបញ្ហាប្រជាពលរដ្ឋ និងបញ្ហាប្រទេសជាតិ ដើម្បីលើកស្ទួយឯកភាពជាតិ សន្តិភាព និងការអភិវឌ្ឍន៍ប្រកបដោយចិរភាព តាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស៕

Comments
Loading...