ដំណាំឆាយ៉ា

0 33,615

១. លក្ខណៈទូទៅ
ដំណាំឆាយ៉ា មានឈ្មោះវិទ្យាសាស្ត្រថា (Cnidoscolus Chayamansa ឬ Cnidoscolus Acnitifolius) វាជារុក្ខជាតិ ដែលមានប្រភពដើមនៅតំបន់អាមេរិកកណ្តាល ជារុក្ខជាតិរស់បានយូរឆ្នាំ ហើយបច្ចុប្បន្នកំពុងត្រូវបានដាំដុះនៅកម្ពុជា។
ប្រជជនមួយចំនួន នៅប្រទេសកម្ពុជាហៅឈ្មោះថា បន្លែផ្អែមអូលីវ ឬខាត់ណាយក្សដែលឈ្មោះនេះ ហៅទៅតាមតំបន់។
ដំណាំនេះ គេដាំក្នុងសួនធ្វើជាបន្លែ ដាំធ្វើជារបងរស់ព័ទ្ធជុំវិញសួន ឬដាំធ្វើជារុក្ខជាតិលំអរក៏បាន។

២. សារៈប្រយោជន៍ដំណាំឆាយ៉ា
ដំណាំឆាយ៉ាសម្បូរណ៍ទៅដោយសារធាតុចិញ្ចឹមជាច្រើន ជាពិសេសជាតិដែក ប៉ូតាស្យូម កាល់ស្យូម វីតាមីនអារ និងវិតាមីនសេ។ ជាទូទៅ វាមានសារធាតុចិញ្ចឹម ២ ទៅ ៣ ដង ច្រើនជាងពួកបន្លែស្លឹក ផ្សេងៗទៀត។ តាមការស្រាវជ្រាវរបស់វិទ្យាស្ថានជាតិអាហារូប្ថម្ភប្រទេសម៉ិចស៊ិចកូ និងពីប្រភពផ្សេងៗទៀត បានបញ្ជាក់ថា ការបរិភោគឆាយ៉ានាំមកនូវផលប្រយោជន៍ដល់សុខភាព ដូច ខាងក្រោម៖
• ជួយឱ្យចរន្តឈាមក្នុងរាងកាយដំណើរការបានល្អ
• ជួយការរំលាយអាហារបានល្អ
• ជួយការពារជម្ញឺឬសដូងបាត
• ជួយភ្នែកឱ្យមើលបានច្បាស់
• ជួយបន្ថយកូឡេស្តេរ៉ុល (Cholesterol)
• ជួយសម្រកទម្ងន់
• បង្កើតជាតិកាល់ស្យូមក្នុងឆ្អឹង
• ជួយការពារការរលាកបំពង់ក និងជម្ងឺក្អក
• ការពារកុំឱ្យមានជម្ងឺខ្វះឈាមក្រហម
• ជួយការចងចាំ និងខួរក្បាលដើរតួនាទីបានល្អ
• ជួយប្រឆាំងជម្ងឺទឹកនោមផ្អែម
• ជួយធ្វើឱ្យក្រចកដៃរឹងបានល្អ

៣. ការរៀបចំដី និងវិធីដាំដុះ
គេ រៀបចំដីសម្រាប់ដាំឆាយ៉ា ដូចរៀបចំដីដាំដំណាំដំឡូងមីដែរ ដោយកាប់ដីជំរៅពី ១ – ១,៥ តឹក។ ឆាយ៉ា ជាដំណាំងាយដាំដុះដោយគេអាចយកដើមមកកាត់ជាកង់ៗ ប្រវែង ១,៥តឹក បន្ទាប់មកយក ទៅដាក់ដាំកន្លែងដែលបានរៀបចំរួច ដោយដាក់ភ្នែកមកខាងលើ។

៤. ការកែច្នៃសម្រាប់ធ្វើម្ហូប
• មុនពេលយកឆាយ៉ាមកបរិភោគ អាចធ្វើការសកដើមដូចជាបន្លែខាត់ណាដើម។ មុននឹងឆា គេយកទៅស្រុសជាមួយទឹកក្តៅជាមុនសិន ដើម្បីកាត់បន្ថយជ័រ ឬក្លិនក្រពុល។
• អាចបរិភោគធ្វើជាអន្លក់ (ស្រុសឱ្យឆ្អិន) ឆា សម្លកកូរ ប្រហើរ និងចៀនជាមួយពងទាបាន

• ស្លឹកឆាយ៉ា គេអាចប្រើធ្វើជាចំណីសត្វ ដូចជាមាន់ ទា បានដែរ តែយកល្អ គេគួរតែត្រូវហាល វាឱ្យស្ងួតសិន។

ដោយដើមឆាយ៉ាមានភាពងាយស្រួលក្នុងការដាំ ផ្តល់ផលច្រើន និងអាចប្រើជាបន្លែ ដែលមាន ប្រយោជន៍ល្អដល់សុខភាព និងសម្រាប់ការចិញ្ចឹមសត្វឱ្យស៊ីប្រមាណត្រឹម២០ភាគរយប៉ុណ្ណោះ ហើយ យកល្អហាលឱ្យស្ងួត។ ប៉ុន្តែ គេត្រូវចម្អិនវាឱ្យបានល្អរយៈពេលប្រមាណ ៥ ទៅ ១០នាទីមុននឹងបរិភោគ។ ដូច្នេះ យើង គួរនាំគ្នាដាំ និងបរិភោគឆាយ៉ា។

អត្ថបទ៖ កាហ្វេក្លែងក្លាយ កាហ្វេធម្មជាតិ កាហ្វេសរីរាង្គ

បណ្ឌិត យ៉ង សាំងកុមារ

Comments
Loading...