សៀវភៅបៃតង – ភាគ៨

0 5,549

៦. ធនធានមនុស្ស

ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពនូវគោលនយោបាយ ១២៥ យើង​​ត្រូវ​ការ​ធនធានមនុស្សដែលមានសមត្ថភាពល្អ និង​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់។ រាជ​រដ្ឋាភិបាលដឹកនាំដោយ គបម នឹង​មាន​ធនធាន​មនុស្ស​ប្រកប​ដោយ សមត្ថភាព​​គ្រប់​​គ្រាន់​​សម្រាប់​ធ្វើការ​បម្រើ​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋយោងទៅ​តាម​មូល​ហេតុ​សំខាន់ៗ​ដូចខាង​ក្រោម៖

១. មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធរាប់សែននាក់ ដែលបម្រើ​ការ​ងារ​នៅ​​តាមស្ថាប័នរដ្ឋទាំងអស់ចាប់ពីតំណែងអគ្គនាយក ចុះ​មក​ក្រោម​ត្រូវ​រក្សា​ទុកដដែល។ ដូចគ្នាដែរ​សម្រាប់​កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​លំដាប់​ថ្នាក់​ទាំងអស់ក៏គ្មានការផ្លាស់ប្តូរតំណែង និងតួនាទីដែរ សំខាន់​គឺ​យើង​គ្រាន់​តែផ្លាស់ប្តូរថ្នាក់ដឹកនាំកំពូលរាជរដ្ឋាភិបាល គោល​នយោបាយ និង​ប្រព័ន្ធ​ការងារ។

២. យើងនឹងធ្វើការលើកទឹកចិត្ត និង​បង្កើន​គុណភាព​ការងារ​របស់​មន្ត្រី​រាជ​ការ ទាំង​អស់​​តាម​គោលការណ៍​សមត្ថភាព​ធិបតេយ្យ (Meritocracy) ហើយ​លុប​បំបាត់​ចោល​ការ​ភ្ជាប់​តួនាទី​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ ​ជាមួយ​តួនា​ទី​គណបក្ស​នយោបាយ និងធ្វើការ​តំឡើង​ប្រាក់​ខែ​យ៉ាងតិច​បំផុត ២លាន​រៀល ដោយ​ចាប់​ផ្តើមពី​គ្រូបង្រៀន គ្រូពេទ្យ គ្រូកសិកម្ម និង​នគរបាល។

​​៣. បង្កឱកាសឱ្យមន្ត្រីរាជការដែលមានស្រាប់ ទទួល​នូវ​ការ​ពង្រឹង​សមត្ថ​ភាព​បន្ថែម នៅ​ក្នុង​និង​ក្រៅ​ប្រទេស​តាមរយៈ​វគ្គ​បណ្តុះ​បណ្តាល​រយៈ​ពេល​ខ្លី រយៈ​ពេលវែង កម្មសិក្សា និងទស្សនកិច្ចសិក្សា ដើម្បី​ឱ្យ​ធ្វើ​ការ​បម្រើ ប្រជា​ពលរដ្ឋ​​ឱ្យបានកាន់តែល្អប្រសើរ។

៤. ជ្រើសរើសអ្នកជំនាញខ្មែរ ដែល​មាន​សមត្ថភាព​ខ្ពស់​ពីសំណាក់​អង្គការ​ ក្រៅ​​រដ្ឋា​ភិបាលជាតិ និងអន្តរជាតិ និងក្រុមហ៊ុនឯកជនផ្សេងៗ ដើម្បី ចូល​រួម​​ចំណែក​​បម្រើ​ការងារ​ក្នុងស្ថាប័ន​រដ្ឋ​ទៅ​តាម​តម្រូវ​ការ​ជាក់ស្តែង។ ជ្រើស​រើស​អ្នក​ដែលទើបបញ្ចប់ការសិក្សា ដើម្បី​ចូល​រួម​បម្រើ​ការងារ​ក្នុង​ស្ថាប័ន​រដ្ឋ ជាពិសេសនៅតាមខេត្ត ស្រុក ដើម្បី​បំពេញ​នូវ​កង្វះខាត​ធនធាន​មនុស្ស​​នៅ​តាម​មូលដ្ឋាន។ រដ្ឋ​នឹង​ធ្វើការ​ឧបត្ថម្ភ​ពិសេស​បន្ថែម​ដល់​អ្នក​ទាំង​​នោះ ដើម្បីឱ្យពួកគាត់ អាច​ទៅ​បំពេញ​ការងារ​នៅតាម​តំបន់​ឆ្ងាយៗ​បាន​ពេញ​លេញល្អ។

៥. រៀបចំឱ្យមាន​កម្មវិធីស្ម័គ្រចិត្តជាតិ និងអន្តរជាតិ ដើម្បីបានធនធាន មនុស្ស​បន្ថែម​​មក​​ជួយ​លើការងា​រអប់រំ សុខាភិបាល សង្គមកិច្ច បរិស្ថាន និង​វប្បធម៌​ជាដើម។

Comments
Loading...