សៀវភៅបៃតង – ភាគ៧

0 5,807

៥. ការគ្រប់គ្រង និងបែងចែកថវិកាជាតិ

រាជរដ្ឋាភិបាល​បច្ចប្បន្ន បាន​ប្រើ​ប្រាស់​ថវិកា​ជាតិ​ចំនួន​ប្រមាណ​ ២៤០០០ ពាន់លានរៀល (ជាង ៦០០០ លានដុល្លារអាមេរិច) ដែល​ថវិកា​នេះ​​បាន​មក​ពី​ចំណូល​ក្នុងស្រុក និងជំនួយបរទេស។ បរិមាណ​ថវិកា​នេះ មាន​ការ​កើន​ឡើង​ជាប់​ជានិច្ច ដែល​បរិមាណ​នេះ​អាច​កើន​ឡើង​ដល់​ជាង ៣២០០០ លានរៀល (៨ ពាន់លានដុល្លារ) នៅឆ្នាំ២០២៣។ រាជ​រដ្ឋា​ភិបាល​ថ្មី​ដែល​ដឹកនាំ​ដោយ គប​ម  នឹងធ្វើការគ្រប់គ្រង ប្រើ​ប្រាស់​ថវិកា​ជាតិប្រកបដោយប្រសិទ្ធភាព តម្លា​ភាព និង​ចំ​ទិស​ដៅ​ជា​ពិសេស​លើ​វិស័យ​អាទិភាពសំខាន់ៗ​ (ស៥) ដូចជា​វិស័យ​សេដ្ឋកិច្ចនិងការងារ វិស័យ​សុខាភិបាល វិស័យ​សិក្សា​ធិការនិងអប់រំ វិស័យ​សង្គមកិច្ច និង​គុណភាព​សេវា​សាធារ​ណៈ។ ការធ្វើ​ផែនការថវិកាជាតិ ត្រូវ​មាន​ការ​​ចូល​​រួម​ពី​រដ្ឋ​បាល​មូល​ដ្ឋាន ស្ថាប័ន​ពាក់ព័ន្ធ និង​ដៃគូអភិវឌ្ឍ។

រាជរដ្ឋាភិបាលដែលដឹកនាំដោយ គប​ម មានគម្រោងប្រមូល និង​បង្កើន​ថវិកាជាតិ តាម​រយៈ​ប្រភព​សំខាន់ៗ​ដូចខាងក្រោម៖

១. គ្រប់គ្រង​ចំណូល​ពន្ធដារ និងអាករដែលមានស្រាប់ ឱ្យ​មាន​ប្រសិទ្ធ​​ភាព ដោយ​​មិន​ចាំបាច់​ធ្វើការ​តម្លើង​អត្រា​ពន្ធ​ដារ​បន្ថែម​ឡើយ។

២. ធ្វើការគ្រប់គ្រងចំណូលរដ្ឋផ្សេងៗទៀត ដែល​មាន​ស្រាប់​ឱ្យ​បាន​ល្អ​ប្រសើរ ដូច​​ជា​ចំណូលសេវារដ្ឋបាល ចំណូលពីសម្បទាន អាជីវកម្ម​ផ្សេងៗ​  ចំណូល​​ពីអាជីវកម្ម​ផ្ទាល់របស់រដ្ឋ ចំណូលទិដ្ឋាការ ចំណូល​ពីការ​លក់​សំបុត្រ​ចូល​​ទស្សនា​តំបន់​ប្រាសាទអង្គរ និង​ចំណូល​ពី​សេវា​រដ្ឋបាល​ផ្សេង​ដទៃ​​ទៀត។

៣. លុបបំបាត់​អំពើ​ពុក​រលួយ​នៅគ្រប់វិស័យ ដូចជា​វិស័យ​ឧស្សាហកម្ម​រ៉ែ និង​ថាមពល វិស័យសាធារណការ វិស័យធារាសាស្ត្រ វិស័យ​សុខា​ភិបាល  វិស័យ​ពាណិជ្ជកម្ម។ល។ កាត់បន្ថយ​នូវ​ការ​ចំណាយ​អត់​ប្រយោជន៍​មួយ​ចំនួន ដូចជាការ​ចំណាយ​លើ​ទីប្រឹក្សា រថយន្តទំនើប អង្គរក្ស ដែល​មាន​ចំនួន​សន្ទឹក​សន្ធាប់ និង​មន្ត្រី​រាជការ​ដែល​មាន​តែ​ឈ្មោះ។

៤. បន្តសហការជាមួយប្រទេសជាមិត្ត និងអង្គការអន្តរជាតិ ដើម្បីទទួល ជំនួយ​​ថវិកា សម្រាប់គម្រោងសំខាន់ ដូចជា​វិស័យកសិកម្ម អប់រំ សុខា​ភិបាល​  អគ្គិសនី​ជនបទ និងគមនាគមន៍ ជាពិសេសសំណូមពរឱ្យ ប្រទេស​​ម្ចាស់​​ជំនួយ​​ប្រើប្រាស់ថវិកាជំនួយ ដើម្បី​ឧបត្ថម្ភ​ដល់​យុវជន​ខ្មែរ​ទៅ​​បន្ត​ការ​​សិក្សា និងធ្វើកម្មសិក្សានៅប្រទេសរបស់ខ្លួន។ លើក​ទឹក​ចិត្ត ឱ្យ​​ប្រទេស​​ម្ចាស់​​ជំនួយ​ សហការ​គ្នា​ដោយ​ដាក់​ថវិកា​ក្នុង​កញ្ចប់​រួម​តែ​មួយ​ សម្រាប់​គាំទ្រគម្រោងអភិវឌ្ឍផ្សេងៗ។

៥. សម្រប​សម្រួល​ឱ្យ​មាន​ការ​ចូលរួម​បដិភាគ​ពី​ប្រជាពល​រដ្ឋ​គ្រប់​មជ្ឈ​ដ្ឋាន និង​ក្រុម​ហ៊ុន សហគ្រាស​ ជាពិសេស​ក្នុងការ​អភិវឌ្ឍសហគមន៍ និង​កសាង​ប្រព័ន្ធធានារ៉ាប់​រងសង្គម។

៦. បន្ត​ទទួលនូវប្រាក់កម្ចីពី​ស្ថាប័ន​អន្តរជាតិ និងប្រទេសជាដៃគូអភិវឌ្ឍ ដែល​មាន​ជាកម្ចីរយៈពេល​វែងការប្រាក់ទាប (ជាង ១%ក្នុង១ឆ្នាំ) សម្រាប់​កម្ម​វិធី​វិនិ​​យោគ​​សាធារណៈ អភិវឌ្ឍធារាសាស្ត្រ ផ្លូវ ស្ពាន អគ្គិសនី ជនបទ និង​ការ​ធ្វើឥណទានកសិកម្ម និង​ឥណទាន​សហគ្រាស​ខ្នាត​តូច និង​មធ្យម។ រាល់គំរោងប្រាក់កម្ចីនីមួយៗ ត្រូវ​មាន​តម្លា​ភាព និងមាន​ការ​ចូល​រួម​ពិភាក្សាសម្រេចពីតំណាងរាស្ត្រ ហើយ​ក៏​មិន​ឱ្យកម្ពុជាមាន​ភាព​អាស្រ័យ​​ខ្លាំង​​តែទៅ​លើ​ប្រទេស​ណា​មួយ​ ក្នុង​ការ​ទទួល​បានកម្ចីទេ។

Comments
Loading...