សៀវភៅបៃតង – ភាគ៦

0 6,219

៤.៤ គោលនយោបាយសហប្រតិបត្តិការអន្តរជាតិ

គោលបំណងសំខាន់​នៃគោលនយោបាយនេះ គឺលើក​ស្ទួយ​មុខ​មាត់​កម្ពុជា​លើ​ឆាកអន្តរជាតិ ជាពិសេស​ជា​ប្រទេស​មួយ​ ដែល​មាន​អធិបតេយ្យ​ពេញ​លេញ និង​មានតួនាទី​សំខាន់​ក្នុងការកសាងសន្តិភាព កិច្ច​សហ​ប្រតិ​បត្តិ​ការ​​ល្អ​​ជាមួយ​ប្រទេស ជិត​ខាង​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់ និង​លើ​ពិភព​លោក។ កម្ម​វិធី​នយោ​បាយ សំខាន់​មាន​ដូចខាង​ក្រោម​នេះ៖

១១៧. ប្រកាន់យកនូវគោលនយោបាយអធ្យាក្រឹត្យភាព និង​មិន​ចូល​បក្ស​សម្ព័ន្ធ​​យោធា និងមិនចំណុះឱ្យមហាអំណាចណាមួយ ក៏​ដូច​ជា​មិន​លូក​ដៃ​ចូល​​ក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយ។ មិន​អនុញ្ញាត​ឱ្យ​មាន​ទី​តាំង​យោធា​​បរទេស និង​ចលនា​កម្លាំង​ប្រដាប់​អាវុធ​បរទេស​នៅលើទឹក​ដី​កម្ពុជា។

១១៨. ពង្រឹកពង្រីកតួនាទីកម្ពុជា ក្នុងការ​ចូល​រួម​កសាង​សហគមន៍​អាស៊ាន ជា​ពិសេស​ចូលរួម ជំរុញ​ឱ្យ​មាន​ការ​សហការ​គ្នា​ល្អ​រវាង​ស្ថាប័ន​រដ្ឋាភិបាល​រវាង​​​ប្រទេស​សមាជិក​លើគ្រប់វិស័យ។ កម្ពុជា នឹង​ដើរ​តួនាទី​សំខាន់​ពង្រឹង​ពង្រីក ឱ្យមានកម្មវិធីផ្លាស់ប្តូរយុវជន និស្សិត អ្នកវិទ្យាសាស្ត្រ និង​កសិករ​រវាង​ប្រទេស​ជា​សមាជិក​អាស៊ាន។

១១៩. ចូលរួមសហការជាមួយបណ្តាប្រទេសនានាលើពិភពលោក ជា​ពិសេស​តាមរយៈអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិផ្សេងៗ ក្នុង​បេសក​កម្ម​ការពារសន្តិភាព លើកស្ទួយសិទ្ធិមនុស្ស លទ្ធិ​ប្រជា​ធិបតេយ្យ និង​អភិបាល​​កិច្ចល្អជាសកល។

១២០. ពង្រឹងពង្រីកបេសកកម្មការទូតកម្ពុជា នៅក្រៅ​ប្រទេស​ដោយ​បន្ថែម​លើ​​ការ​ងារ​​ការទូត​លើវិស័យវប្បធម៌ និងទេសចរណ៍ និង​វិស័យ​ពាណិជ្ជកម្ម។ ហាមប្រើប្រាស់បេសកកម្មការទូត ដើម្បី​បម្រើ​ផល​ប្រយោជន៍​​គណបក្សនយោ​បាយណាមួយ។ ការកសាង​គុណ​ភាព​ធនធាន​មនុស្ស​​លើវិស័យការទូត ឱ្យក្លាយ​ជាអ្នកជំនាញ​ការ​ទូត​ល្អ ដែល​មាន​សមត្ថភាព​គ្រប់​គ្រាន់តំណាងឱ្យ ជាតិ​លើ​វិស័យ​ការ​ទូត​អន្តរជាតិ។

១២១. ពិនិត្យសើរើ និង​អាច​ឈាន​ទៅ​ចរចា​ឡើង​វិញ​នូវ​កិច្ច​សហ​ប្រតិ​បត្តិការ និង កិច្ច​ព្រម​ព្រៀង​អន្តរជាតិ​មួយ​ចំនួន​ ដែល​អាច​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ដល់​ផល​ប្រយោជន៍​​ជាតិ និងអធិបតេយ្យជាតិ។

១២២. ធ្វើការសហប្រតិបត្តិការជាមួយប្រទេសថៃ វៀតណាម និង​ប្រទេស​ផ្សេងៗ​​ទៀត ដើម្បីធានាថា​ជនជាតិដើមខ្មែរ និងជនជាតិខ្មែរ មាន​សិទ្ធិ​សេរីភាព​​គ្រប់គ្រាន់ ជាពិសេសសិទ្ធិខាងវប្បធម៌ សាសនា ជំនឿ និង​សិទ្ធិ​ពល​រដ្ឋ​​ផ្សេងៗ។ រៀបចំឱ្យមានបេសកកម្មកុងសុល នៅ​ប្រចាំ​តំបន់​ដែល​មាន​ជនជាតិ​​ខ្មែររស់នៅច្រើន និង​បេសក​កម្ម​ពី​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ឱ្យ​បាន​ទៀង​ទាត់ទៅ​តំបន់​ដែល​មាន​ជន​ជាតិ​ខ្មែរ​រស់​នៅ។

១២៣. ធ្វើការ​សហការ​ទ្វេ​ភាគី​ជាមួយ​បណ្តា​ប្រទេស​នានា​លើ​ពិភព​លោក ទៅ​តាម​​ជំនាញ និង​ចំណុច​ខ្លាំង​ ​របស់​ប្រទេស​នីមួយៗ ដោយ​ឈរ​លើគោល​ការណ៍​ស្មើភាព និង​គោរព​អធិប​តេយ្យ​ភាព​គ្នា​ទៅ​វិញ​ទៅ​មក។

១២៤. ពង្រឹង​ពង្រីកការសហការគ្នាឱ្យបាន​ល្អ​ជាមួយ​ប្រទេស​នៅ​តាម​ដង​ទន្លេ​មេគង្គ ជាពិសេសធានាឱ្យការប្រើប្រាស់ និង​អភិវឌ្ឍ​ធនធាន​ទឹក​ប្រកប​ដោយ​​ចិរភាព និងសមធម៌។

១២៥. ជំរុញ​ឱ្យមានការសហការគ្នាឱ្យបានល្អជាមួយ​ប្រទេស​ជិតខាង មាន​​​ដូច​ជា​ប្រទេសថៃ ឡាវ និងវៀតណាម ដើម្បី​កសាង​តំបន់​ព្រំ​ដែន​​ជា​​តំបន់​សន្តិភាព សម្បូរសប្បាយ ដោយឈរលើ​គោល​ការណ៍​ស្មើ​ភាព គោរព​អធិប​តេយ្យ​​ភាព និង​បូរណ​ភាព​ដែន​ដី​គ្នា​ទៅ​វិញ​ទៅ​មក។

Comments
Loading...