សៀវភៅបៃតង – ភាគ៥

0 1,947

៤.៣ គោលនយោបាយការពារជាតិ និងសន្តិសុខជាតិ

១០៤. អនុវត្តកម្មវិធីពិសេសសម្រាប់ការអភិវឌ្ឍតំបន់ព្រំដែន មានដូចជា ហេដ្ឋា​​រចនាសម្ព័ន្ធ ធារាសាស្រ្ត អប់រំ សុខភាព និងទីផ្សារកសិផល។ ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​តាមព្រំដែនជាមួយ​ប្រទេស​ជិតខាង ឱ្យ​ក្លាយជា​ព្រំដែនសន្តិភាព និងពាណិជ្ជកម្ម។

១០៥. ដាក់ឱ្យដំណើរការនូវរថយន្តពន្លត់​អគ្គីភ័យ និង​រៀប​ចំ​ក្រុម​ស្ម័គ្រ​ចិត្ត​ សម្រាប់​​​ការងារពន្លត់​អគ្គីភ័យនៅគ្រប់ស្រុក-ក្រុង-ខណ្ឌ។ បំពាក់​ឧទ្ធម្ភាគ​​ចក្រ​​​ពន្លត់​អគ្គីភ័យសម្រាប់រាជធានីភ្នំពេញ។

១០៦. កាត់បន្ថយចំនួនអ្នកទោស និងមណ្ឌលកែប្រែ ដោយ​បង្កើន​ការ​អប់រំ តាម​រយៈកម្មវិធី​ជាតិពលរដ្ឋល្អ។ បែងចែកអ្នកទោសប្រើប្រាស់​គ្រឿង​ញៀន​​ឱ្យ ដាច់ចេញ​ដោយ​ឡែក​ពី​អ្នក​ទោស​ព្រហ្ម​ទណ្ឌ​ផ្សេង​ទៀត។

១០៧. កំណែទម្រង់ និង​អភិវឌ្ឍ​កង​កម្លាំង​ប្រដាប់​អាវុធ​ឱ្យ​មាន​ប្រសិទ្ធ​ភាព មាន​​វិន័យ មានប្រាក់បៀវត្សសមរម្យ និង​មាន​គ្រឿង​យុទ្ធោប​ករណ៍​​ទំនើប។ បញ្ឈប់​ការផ្ដល់ស្លាកលេខយាន្តយន្ត​រដ្ឋនគរបាល កង​យោធ​ពល​​ខេមរ​​ភូមិន្ទ​ សម្រាប់​យានយន្ត​ទាំង​ឡាយ​ដែល​មិន​មែន​​ជា​របស់​រដ្ឋ នរគ​បាល និង​​កង​យោធពល​​ខេមរភូមិន្ទ។ ធានា​ឱ្យ​កង​កម្លាំង​ប្រដាប់​អាវុធ​ជា​របស់​ជាតិ មិនមែន​របស់​គណបក្ស​នយោ​បាយ។

១០៨. ផ្ដល់ប្រាក់ឧបត្ថម្ភ និងសម្ភារសម្រាប់កងកម្លាំងប្រដាប់អាវុធ ឱ្យ​ទាន់​ពេល​វេលា ដោយធានាមិនឱ្យមានការកាត់ ឬកឹបកេងឡើយ​។​ ដាក់​ទោស​ដល់​​មន្ត្រី​ប្រដាប់អាវុធ ដែលកេងប្រវ័ញ្ច​ប្រាក់​កងកម្លាំង​ប្រដាប់​អាវុធ។

១០៩. លើកកម្ពស់​ជីវភាពរស់នៅ​របស់គ្រួសារ​​កងកម្លាំង​​ប្រដាប់​​អាវុធ តាម​​រយៈការ​បែងចែក​កម្មសិទ្ធិ​ដីធ្លី កសាងលំនៅដ្ឋាន​ជូន​គ្រួសារ​កងទ័ព​​នៅ​​តាម​​​តំបន់​​ព្រំដែន និង​អភិវឌ្ឍព្រំដែន​ឱ្យក្លាយ​ជា​គោល​ដៅ​​ខ្សែ​​ក្រវ៉ាត់​​យុទ្ធ​​សាស្រ្ត​​​ការពារជាតិ។ ធានា​ឱ្យ​កូន​របស់​កង​កម្លាំង​ប្រដាប់​អាវុធ​ដែល​ការពារ​​ទល់ដែន ទទួលបានការអប់រំល្អ និង​ទទួល​បាន​ការ​ឧបត្ថម្ភ​បន្ថែម​ពីរដ្ឋ។ ប្រជាពលរដ្ឋ ខ្មែរដែល​មិនមាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត គឺ​អាច​បម្រើ​ក្នុង​វិស័យកងកម្លាំង ប្រដាប់​អាវុធ​ត្រឹម​សក្តិ​៥​ប៉ុណ្ណោះ។

១១០. អនុវត្តច្បាប់អន្តោប្រវេសន៍ឱ្យមានប្រសិទ្ធភាព​ដោយ​អនុ​លោម​តាម​ច្បាប់​អន្តោ​ប្រវេសន៍ជាតិ និងអន្តរជាតិ។ បណ្ដុះបណ្ដាល​នគរបាល​ស្ថិតិ និង​​រៀប​ចំមន្ត្រី នៅ​ថ្នាក់ឃុំ-សង្កាត់ ដើម្បី​ឱ្យ​មាន​សមត្ថ​ភាព​​គ្រប់​គ្រង​ជន​អន្តោ​ប្រវេសន៍។ ធ្វើការស្រង់ទិន្នន័យជនអន្តោប្រវេសន៍ឳ្យបានច្បាស់ លាស់ ទៀងទាត់ និងប្រកបដោយតម្លាភាព។

១១១. ចរចា និងទាក់ទង​ឱ្យ​ម្ចាស់ប្រទេស​ទទួលយក​ជន​អន្តោប្រវេសន៍​របស់​​ខ្លួន​​ត្រឡប់​ទៅវិញ។ បណ្ដេញចោល​ និងដាក់ទោស​ចំពោះ​សមត្ថ​កិច្ច​ ដែល​​ផ្សំ​គំនិត​ឱ្យ​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​ចូល​មក​កម្ពុជា​ និង​អនុញ្ញាត​ឱ្យ​​ស្នាក់​​នៅ។​ ដាក់ទោស​ និងបិទក្រុមហ៊ុន​ និង​សហ​គ្រាស​​ទាំងឡាយ​ណា ​ដែល​ទទួល​យក​ជនអន្តោ​ប្រវេសន៍​ខុស​ច្បាប់​​ឱ្យធ្វើការ។

១១២. បង្កើតក្រុមជំនាញបច្ចេកទេសច្បាប់អន្តរជាតិ ប្រវត្តិសាស្រ្ត និង​ផែនទី​ ដើម្បី​​ផ្តល់យោបល់ ក្នុងការដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង។

១១៣. ធានាឱ្យកងកម្លាំងប្រដាប់អាវុធ​ការពារដែនសមុទ្រ និង​ដែន​អាកាស មានសមត្ថភាព និងធនធានគ្រប់គ្រាន់សម្រាប់ការពារ និង​ឆ្លើយ​តប​រាល់​ការ​​រំលោភ​បូរណភាពទឹកដី។

១១៤. ពង្រឹង​កិច្ច​សហការ​ល្អជាមួយ​ប្រទេស​ជិតខាង​ក្នុង​ស្មារតី​គោរព​គ្នា​ទៅ​វិញ​​ទៅ​មក​បម្រើផលប្រយោជន៍រួមគ្នា ដោយ​មិន​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង គោរព​បូរណភាពដែនដី និង​ទំនាក់​ទំនង​មិត្តភាព​ដោយ​ស្មើភាព។

១១៥. ធានាឱ្យនគរបាលមានសមត្ថភាព ធនធាន និង​សេរី​ភាព​ធ្វើការ​បម្រើ​ប្រជា​ពល​រដ្ឋ​នាំមកនូវ​សន្តិសុខ សុវត្តិភាព ដល់សហគមន៍។ ​លុប​​បំបាត់​ការ​ជួញដូរ និងប្រើប្រាស់គ្រឿងញៀន បងធំ​បង​តូច​ (ជនទំនើង) និង​ផ្សារ​ចោរ។ នគរបាលគ្រប់រូប ទទួល​បាន​ប្រាក់​បៀវត្ស​ចាប់ពី ២​លាន​រៀល​ឡើង​ទៅ និងមានមធ្យោបាយធ្វើការ ដូចជា​ម៉ូតូ រថយន្ត និងទូរសព្ទទំនាក់​ទំនង​ទាន់សម័យ។

១១៦. រៀបចំឱ្យមានពានរង្វាន់នគរបាលល្អថ្នាក់ខេត្ត និងថ្នាក់ជាតិ ដោយ​ក្រុម​នគរ​បាល​ល្អ​ថ្នាក់ខេត្តទទួលបានរង្វាន់ចាប់ពី ២៥​លាន​រៀល ក្រុម​នគរបាល​ល្អ ថ្នាក់ជាតិទទួលបានរង្វាន់ចាប់ពី ១០០​លាន​រៀល​ឡើង​ទៅ។ ប្រធានប៉ុស្តិឃុំ-សង្កាត់ ដែល​ទទួល​បាន​រង្វាន់​នឹង​ទទួល​បាន​អាទិភាព​​​ក្នុងការតំឡើងបុណ្យ​សក្តិបន្ថែមទៀត។

Comments
Loading...