សៀវភៅបៃតង – ភាគ៤

0 4,627

៤.២ គោលនយោបាយកសាងជាតិ

គោល​នយោបាយកសាងជាតិផ្តោតលើការកែទម្រង់ និង​អភិវឌ្ឍ​វិស័យ​ប្រាំ (អ៥) សំខាន់ៗដូចខាងក្រោម៖

  • អភិវឌ្ឍន៍សេដ្ឋកិច្ច និងការងារ
  • អភិវឌ្ឍន៍ធនធានមនុស្ស ដោយផ្តោតលើវិស័យសុខាភិបាល សិក្សា​ធិការ និងសង្គមកិច្ច
  • អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត
  • អភិរក្សធនធានធម្មជាតិ និងវប្បធម៌
  • អភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ និងសេវាសាធារណៈ។

ខាងក្រោមនេះ ជាកម្មវិធីនយោបាយ (៩៥ចំណុច)​ទាក់​ទង​ទៅនឹង​ការ​កសាង​ជាតិ៖

៩. ធានានូវកំណើនសេដ្ឋកិច្ច ជាមធ្យមឱ្យបានលើសពី៧%ក្នុង១ឆ្នាំ ជា​ពិសេស​​តាម​រយៈ​ការជំរុញវិស័យកសិកម្ម ដោយ​ផ្សាភ្ជាប់​ជាមួយ​ការ​អភិ​វឌ្ឍ​វិស័យ ឧស្សាហកម្ម សិប្បកម្មកែច្នៃ និងទេសចរណ៍ ក៏ដូច​ជា​បង្ក​បរិយាកាស​​អំណោយ​ផល​បន្ថែម​ទៀត​ដល់​ការវិនិ​យោគ​ទុន​បរទេស។ ធ្វើ​ការ​គាំទ្រប្រកប ដោយ​ប្រសិទ្ធភាព​ដល់ការ​អភិវឌ្ឍ​កសិកម្ម​ជា​លក្ខណៈ​គ្រួសារ សហគ្រាស និង​អាជីវកម្មខ្នាតតូច និង​មធ្យម​ចំ​នួន១លាន ដើម្បី​ក្លាយ​ជា​កម្លាំងចលករ របស់សេដ្ឋកិច្ចជាតិ និង​ចូលរួម​ចំណែក​បង្កើត​ការងារ​សរុបចំនួន ៧លាននាក់ ដោយ​ចំនួន​ការ​ងារ​បង្កើតថ្មីបន្ថែមមាន ១ លានកន្លែង។

១០. ធ្វើការបណ្តុះបណ្តាល និងបញ្ជូនមន្ត្រីជំនាញចំនួន ៥០០០នាក់ ឱ្យ​ចុះ​ទៅ​ធ្វើ ការនៅគ្រប់ភូមិឃុំ ដោយមួយឃុំមាន២ទៅ៥នាក់ ដើម្បី​ជួយដោះ​ស្រាយ​បញ្ហាទឹក ទុន ទីផ្សារ និង​បច្ចេកទេស​ជូន​កសិករ​គ្រប់​រូប ជាពិសេស​ការ​ពង្រឹង​​សមត្ថភាពកសិករឱ្យមានសមត្ថភាព ផលិត​ផ្សាភ្ជាប់មកទីផ្សារ។ យើង​អាចត្រូវការរយៈពេល ៣ទៅ៥ឆ្នាំ ដើម្បីបណ្តុះបណ្តាល និង​បញ្ជូន​មន្ត្រី ដែល​មាន​សមត្ថភាព​ចុះ​ទៅធ្វើ​ការ​បម្រើកសិករនៅគ្រប់ទីកន្លែង ដោយ​ចាប់ ផ្តើមពីឆ្នាំទី១ មាន​មន្ត្រី​ពី ១០០០ ទៅ ១៥០០នាក់។

១១. រៀបចំឱ្យមានវិទ្យាស្ថាន ស្ថានីយស្រាវជ្រាវ និង​ផ្សព្វផ្សាយ​កសិកម្ម​នៅ​គ្រប់​​តំបន់កសិកម្ម និងទៅតាមមុខដំណាំ និង​ប្រភេទ​សត្វ​សំខាន់ៗ​ ដែល​ក្នុង​នោះ​​មានកន្លែងពិសោធន៍ កន្លែងបង្ហាញ កន្លែង​បណ្តុះ​បណ្តាល និង​កន្លែង​ស្នាក់​នៅ។ វិទ្យាស្ថាន និង​ស្ថានីយ​ទាំង​អស់​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​រួម​របស់អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​កសិកម្ម។

១២. ធ្វើការគាំទ្រនូវការវិនិយោគលើការដាំដុះ ដំណាំ​ឧស្សាហកម្ម​ជា​លក្ខណៈ​គ្រួសារ មានដូចជាកៅស៊ូ ស្វាយចន្ទី ម្រេច កាហ្វេ ។ល។ និង​​គាំទ្រ​នូវ​ការ​រៀប​ចំ​កែច្នៃ​ផលិតផលក្នុងស្រុក សម្រាប់​នាំ​ចេញ​ដោយ​​មិន​អាស្រ័យ​ប្រទេស​ជិតខាង។ ​ជំរុញ​ឱ្យមាន​ការដាំដុះ​ឡើង​     វិ​ញ​​ដំណាំ​ក្រចៅ និង​កប្បាស ដើម្បីប្រើប្រាស់ជា​វត្ថុធាតុ​ដើម​សម្រាប់​​ឧស្សាហកម្ម​ក្នុងស្រុក។

១៣. លើកស្ទួយកសិកម្ម និងចំណីអាហារសរីរាង្គដើម្បីសុខភាព និង​និរន្តរ​ភាព​បរិស្ថាន ដោយរៀបចំឱ្យមានស្តង់ដារជាតិ គាំទ្រ​នូវ​ការ​ស្រាវ​ជ្រាវ និង​បណ្តុះ​​បណ្តាលកសិកម្មសរីរាង្គ ធ្វើការ​ឧបត្ថម្ភ​ធន​ដល់​កសិករ​ដែល​ចាប់​ផ្តើម​អភិវឌ្ឍន៍ កសិកម្មសរីរាង្គ និង​ធ្វើការ​អប់រំ​ជា​សាធារណៈពី​ផល​ប្រយោជន៍​​កសិកម្ម​សរីរាង្គ។ គាំ​ទ្រ​ឱ្យ​មាន​សិក្ខា​សាលា​ផ្នែក​កសិកម្ម​សរីរាង្គ​​ថ្នាក់​ស្រុក ថ្នាក់ខេត្ត និង​ថ្នាក់​ជាតិ​ជា​រៀង​រាល់​ឆ្នាំ និង​ការរៀប​ចំ​ពិព័រណ៌​កសិកម្ម​សរីរាង្គជាតិ និងអន្តរ​ជាតិ។

១៤. អនុវត្ត​កម្មវិធី​ជាតិ​លើក​ស្ទួយប្រព័ន្ធ​កសិកម្ម ដែល​ទប់​ទល់​ជាមួយ​ការ​ផ្លាស់​ប្តូរ​អាកាសធាតុ ដោយ​ផ្តោត​លើ​ការ​គាំ​ទ្រ​គ្រួសារ​កសិករ​ឱ្យ​អភិវឌ្ឍ​កសិដ្ឋាន​​ពហុ​ប្រយោជន៍ ស៤ (មានស្រះ ទឹក សួនដំណាំ ស្រែ និងសត្វ) និង​​ផ្សា​ភ្ជាប់​ជាមួយ​ការ​ធ្វើ និងប្រើប្រាស់ជីវឧស្ម័ន។ គ្រួសារ​កសិករ​នីមួយៗ នឹងទទួលបាន​ការ​ឧបត្ថម្ភ​ពីរដ្ឋ​ចំនួន​២ លាន​រៀល​ និង​ទុន​កម្ចី​បន្ថែម​ពី​កម្មវិធីឥណទានកសិកម្មជាតិ។

១៥. មន្ត្រីជំនាញ​ជួយគាំទ្រដល់កសិករអ្នកផលិតឱ្យចងក្រងជាក្រុម និង​សមាគម​​អ្នកផលិត ដើម្បីទទួល​បាន​កិច្ច​សន្យា​ទី​ផ្សារច្បាស់លាស់ និង​ងាយ​​ស្រួល​ទទួលបានទុន សម្រាប់យកមកអភិវឌ្ឍកសិដ្ឋាន និង​ទុន​សម្រាប់​​យកមក​អភិវឌ្ឍ​សហគមន៍ ក៏ដូចជាសម្រាប់​ធានារ៉ាប់រង ទប់ទល់​នឹ​ង​ហានិភ័យ​គ្រោះធម្មជាតិ​ធ្ងន់ធ្ងរ។ សមាគមអ្នកផលិត ត្រូវ​បាន​សម្រប​សម្រួល​​ឱ្យជ្រើស​រើសគណៈ​កម្មាធិការ​ដឹកនាំ។ ប្រធាន និង​សមាជិក​គណៈ​​កម្មា​ធិការសហគមន៍ ត្រូវ​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​លើ​ជំនាញ​ដឹកនាំ និងគ្រប់គ្រង។ យើង នឹង​រៀបចំ​បង្កើត​ឱ្យ​មាន​វិទ្យាស្ថាន​បណ្តុះ​បណ្តាល​អ្នកដឹកនាំសហគមន៍កសិករ នៅ​គ្រប់​ខេត្ត។ រដ្ឋា​ភិបាល​ធ្វើការ​ផ្តល់ជូន និងឧបត្ថម្ភដល់មន្ត្រីជំនាញខាង ការងារ​គ្រប់គ្រង​មក​ជួយ​ធ្វើការ​សហគមន៍​រយៈពេល ២-៣ឆ្នាំដំបូង។

១៦. រាជរដ្ឋាភិបាលរៀបចំឱ្យមានកម្មវិធីឥណទានកសិកម្មជាតិ ដើម្បី​ផ្តល់​ទុន​កម្ចី ដល់​សហគមន៍កសិករអ្នកផលិត ដែល​ឥណទាន​នេះ​មាន​ការ​ប្រាក់​តែ ២% ក្នុង១ឆ្នាំ។ សហគមន៍​អាច​ប្រើប្រាស់​ទុន​កម្ចី​នេះ ដើម្បី​កសាង​ឃ្លាំង​ស្តុក​កសិក​ផល កន្លែងប្រមូលផ្តុំ និងសម្ញួត រថយន្ត​ដឹក​ជញ្ជូន​កសិផលពី​សមាជិក។ សហគមន៍​ក៏​ប្រើប្រាស់​ទុន​នេះ ដើម្បីផ្តល់កម្ចីបន្តដល់សមាជិក ដោយ​បរិមាណ​កម្ចី​សម្រាប់​សមាជិក​ម្នាក់ៗ អាច​រហូត​ដល់ ២៥​លាន​រៀល ក្នុង​អត្រាការប្រាក់ ០,៥%​ក្នុង​១ខែ (៦%ក្នុង១ឆ្នាំ) ហើយ​រយៈ​ពេល​ស​ង​អាច​រហូត​ដល់ ៥ឆ្នាំ។

១៧. អ្នកជំនាញគ្រប់គ្រងសហគមន៍ នឹង​ជួយ​ស្វែង​រក​ទីផ្សារ​ជូន​សហគមន៍ តាម​រយៈ​ការ​សម្រប​សម្រួល​ឱ្យ​មាន​ការ​សហការ​រវាង​សហគមន៍ និង​ក្រុម​ហ៊ុន ក៏ដូចជាជាមួយសិប្បកម្មកសិកម្ម និង​ពាណិជ្ជករ​ផ្សេងៗ។ អ្នក​ជំនាញ​សម្រប​​សម្រួល​សហគមន៍ ក៏​ជួយ​គាំទ្រ​​ដល់​សហគមន៍​ដើម្បី​ទទួល​បាន​ការ​បញ្ជាក់ គុណភាព​តាម​ស្តង់ដារ​ផ្សេងៗ​ ដែល​ជា​តម្រូវ​ការ​ទីផ្សារ​ជាតិ និងអន្តរជាតិ ដូចជា​ស្តង់ដារ​សរីរាង្គ និងស្តង់ដារកសិកម្មសុវត្ថិភាព។

១៨. រាជរដ្ឋាភិបាល ក៏ធ្វើការគាំទ្របន្ថែមដល់សិប្បករ សហគ្រាស និង​ក្រុម​ហ៊ុន ដែលធ្វើការកែច្នៃផលិតផលកសិកម្ម និង​នាំ​ចេញ​កសិផល​ខ្មែរ​ទៅ​ក្រៅ​ប្រទេស តាមរយៈការផ្តល់កម្មវិធីឥណទាន ពិសេស​ដែល​មាន​ការ​ប្រាក់ ០,៥% ក្នុង ១ខែ ការ​គាំទ្រ​លើការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរ​ជាតិ​តំបូង ដើម្បី​កុំ​ឱ្យមាន បន្ទុកចំណាយខ្ពស់ និង​ការ​លើក​លែង​ពន្ធរយៈពេល ៥ឆ្នាំ​ សម្រាប់ក្រុមហ៊ុន និង​សហគ្រាស​បង្កើត​ដំបូង។ ការគាំ​ទ្រ​របស់​រាជ​រដ្ឋា​ភិបាល គឺជួយធ្វើយ៉ាងណា ឱ្យ​សហគ្រិន និង​ពាណិជ្ជករ​ខ្មែរ​មាន​​សមត្ថ​ភាព​​គ្រប់គ្រាន់​ប្រកួត​ជាមួយ​បរទេស និង​បង្កើន​សមត្ថភាព​កម្ពុជា​ក្នុង​​ការ​​នាំចេញ​នូវ​ទំនិញ​​កែច្នៃ ដែល​ជួយលើកស្ទួយតម្លៃ និង​ការងារ​ក្នុង​ស្រុក។

១៩. បង្កើតកម្មវិធីជាតិសម្រាប់គ្រប់គ្រង និងកែច្នៃ​សំរាម ដើម្បី​ផលិត​ជី​ធម្មជាតិ នៅរាជធានីភ្នំពេញ និងនៅគ្រប់ក្រុង និង​ទី​ប្រជុំ​ជន​សំខាន់ៗ។ គាំទ្រ ដល់ក្រុមហ៊ុនសហគ្រាសក្នុងស្រុកផលិតជី ចំណី​សត្វ ពូជដំណាំ និង​ពូ​ជសត្វ។

២០. គាំទ្រដល់ការរៀបចំពិព័រណ៌ពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍​ជាតិ និង​​អន្តរជាតិ​ឱ្យបានរៀង​រាល់​ឆ្នាំ​នៅលើ​ទឹក​ដី​កម្ពុជា និង​គាំទ្រ​ដល់​ពាណិជ្ជ​ករ ​សិប្បករ និងសេវាករកម្ពុជា មាន​ឱកាស​ចូល​រួម​ពិព័រណ៌​អន្តរជាតិ​ផ្សេងៗ។ លើកស្ទួយ​មុខមាត់​ផលិតផល​កម្ពុជា «Made in Cambodia» នៅលើ ទីផ្សារ​អន្តរជាតិ​ឱ្យ​បាន​ទូលំទូលាយ​តាម​រូបភាពផ្សេងៗ ដែល​ជា​យុទ្ធ​សាស្ត្រ សំខាន់ៗ​ក្នុង​ការ​ពង្រីក​ទី​ផ្សារ​ជូនផលិតផលខ្មែរ។

២១. ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយថ្លៃដើមផលិត និងកែច្នៃ រាជ​រដ្ឋា​ភិបាល ក៏ធ្វើការគាំទ្រដល់សហគ្រាស និង​រោង​ចក្រ​ផលិត​ជី​ក្នុង​ស្រុក ផលិត​​គ្រឿងយន្ត និងឧបករណ៍កសិកម្មផ្សេងៗ សិប្បកម្ម​ដែល​កែ​ច្នៃ​មាន​នៅតាម ទីក្រុង និងទីប្រជុំជន ដើម្បីធ្វើជាជីធម្មជាតិ ព្រម​ទាំង​ត្រូវ​ទទួល​ការ​ឧបត្ថម្ភ​ធនធាន​ពី​រាជរដ្ឋាភិបាល។ រាជរដ្ឋា​ភិបាល ក៏ចូល​រួម​ចំណែក​ក្នុង​ការ​កាត់បន្ថយ​ការ​ចំណាយ​លើ​ផ្នែក​អគ្គិសនី​ឱ្យ​ទាប​មកនៅត្រឹម ៤៥០​រៀល  ក្នុង ១គីឡូវ៉ាត់ សម្រាប់​ការ​ប្រើ​ក្នុង​វិស័យ​កសិកម្ម និង​ការ​កែ​ច្នៃ​កសិផល។ រាល់ការទារលុយ ឬការ​បង់​លុយ​បន្ថែម (សេវាក្រៅ) លើ​ការ​ដឹក​ជញ្ជូន​កសិផល ក៏ត្រូវ​លុប​បំបាត់​ចោល ហើយអ្នក​ដែល​ទារ​លុយ​ពីការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​សាធារណៈ ​នឹង​ត្រូវទទួលទោសតាមច្បាប់។

២២. យុវជន យុវនារី ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ដែល​ចង់​ចាប់​ផ្តើម​មុខ​របរ​ដោយខ្លួនឯងទៅតាមវិស័យផ្សេងៗ ត្រូវ​ទទួល​បាន​ការ​គាំទ្រ​ ដូចជាការ​បណ្តុះ​បណ្តាលបន្ថែមលើរបៀបចាប់ផ្តើម និង​គ្រប់​គ្រង​ជំនួញ។​

  • ផ្តល់​​ទុន​ចំណងដៃរហូតដល់ ៥លានរៀល
  • ​ផ្តល់​ការ​អនុ​គ្រោះ​ពន្ធ​រយៈ​ពេល ៥ឆ្នាំ
  • ផ្ដល់​ទុនកម្ចីមានការប្រាក់ ០,៥% ក្នុងមួយខែ (៦%ក្នុង១ឆ្នាំ)​
  • ផ្ដល់​ការ​សម្រប​សម្រួលឱ្យមានបណ្តាញសហការគ្នា ឬ​សមាគម​យុវ​សហ​គ្រិន​ថ្នាក់​មូលដ្ឋាន និងថ្នាក់ជាតិ។

២៣. រាល់ការចុះបញ្ជីក្រុមហ៊ុនសហគ្រាសទាំងអស់ គឺធ្វើ​តែ​មួយ​កន្លែង​ ហើយ​ធ្វើ​នៅ​​ត្រឹមការិយាល័យ​ស្រុក ក្រុង ឬខណ្ឌ។ រយៈ​ពេល​នៃការ​ចុះ​បញ្ជី​ប៉ាតង់ និងស្លាកសញ្ញាផ្សេងៗ មិនត្រូវ​ធ្វើឱ្យ​លើស​ពីរយៈ​ពេល​ ១៤ថ្ងៃ​ឡើយ។ រាល់​ក្រុមហ៊ុន សហគ្រាស ដែល​ចាប់​ផ្តើម​ដំបូង​ទាំង​អស់​ត្រូវ​បាន​អនុ​គ្រោះ​ពន្ធរហូតដល់រយៈពេល​ ៥ឆ្នាំ និង​អាច​ទទួល​បាន​ការគាំទ្រ​ផ្សេងៗ​បន្ថែមពី​រដ្ឋ។ បង្កបរិយាកាស​ងាយស្រួល ដល់​សហ​គ្រិន​ធំ អ្នក​វិនិ​យោគ​​ទុនក្នុង និងក្រៅ​ប្រទេស​ក្នុង​ការ​ធ្វើ​ជំនួញ​នៅ​កម្ពុជា ជា​ពិសេស​ការ​លុប​បំបាត់​ចោលនូវ​អំពើ​ពុក​រលួយ​គ្រប់​រូប​ភាព ការិយាធិបតេយ្យ និង​ការ​គោរព​ការ​ពារនូវ​កម្ម​សិទ្ធិ​ឯកជន។

២៤. សហការជាមួយធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងអស់ ដើម្បី​ឱ្យ​ស្ថាប័ន​​ទាំងនេះ មានលទ្ធភាពផ្តល់ឥណទាន ដល់​សហគ្រាស​ក្រុមហ៊ុន ខ្នាត​តូច មធ្យម ដែលមិនពាក់ព័ន្ធផ្ទាល់​ជាមួយ​វិស័យ​កសិកម្ម​ក្នុង​អត្រាការ​ប្រាក់​ទាបជាង ១%ក្នុង១ខែ។ រាជរដ្ឋាភិបាល និង​​ធនាគារ​ជាតិ នឹង​ជួយ​សម្រួល​​ឱ្យស្ថាប័នហិរញ្ញវត្ថុទាំងនោះ ទទួល​​បាន​ទុន​ដែល​មាន​ការ​ប្រាក់​ទាប និងកាត់​បន្ថយការ​ចំណាយ​លើ​​សេវា​រដ្ឋបាល និង​បន្ទុក​ពន្ធដារ​ផ្សេង។

២៥. ធានាឱ្យមានការស្តុកទុកស្បៀង និងប្រេងឥន្ទនៈគ្រប់គ្រាន់ ដើម្បី ទប់​ទល់​នឹង​​ហានិភ័យផ្សេងៗ និងការពារនូវស្ថេរភាពតម្លៃស្បៀង ប្រេង​ឥន្ទនៈ​ និង​​ធានាឱ្យកម្ពុជាមានអធិបតេយ្យភាពស្បៀង និង​ថាមពល។

២៦. សិក្សាពីអត្រាពន្ធនាំចូល​ និងរៀបចំកំណត់អត្រាពន្ធជាថ្មី ដើម្បី​ធានា​​បាន​​ការការពារ​ផលិតផលក្នុងស្រុក និង​ការជំរុញ​ផលិតកម្ម​ក្នុង​ស្រុក។ លុប​បំបាត់​ការនាំចូលដោយខុសច្បាប់ និង​ឥត​បង់​ពន្ធ​លើ​ទំនិញ​​គ្រប់​​ប្រភេទ​។

២៧. បែង​ចែក​ថវិកា​ជាតិ​ដល់​វិស័យ​ឯកជន​យក​ទៅ​ប្រើ​ប្រាស់​លើ​ការងារ​ស្រាវ​ជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាថ្មី ដើម្បី​បង្កើន​សមត្ថភាព​ប្រកួត​ប្រជែង​របស់​ឧស្សាហកម្ម និងសិប្បកម្មខ្មែរ។

២៨. រៀបចំឱ្យមាន ពានរង្វាន់ប្រចាំឆ្នាំសម្រាប់ កសិករ​ឆ្នើម​និង​សហ​គ្រិន​ឆ្នើម យុវសហគ្រិនឆ្នើម និង​សហគ្រិនស្ត្រីឆ្នើម ក្នុង​ការ​មាន​ស្នាដៃ​ល្អ​ក្នុង​​ការអភិវឌ្ឍសហគ្រាស ដែលចូលរួមចំណែកដល់​វិស័យសេដ្ឋកិច្ច ​ការងារ និងមាននូវ​ផលប្រយោជន៍​ល្អច្រើនដល់សង្គម។​ បង្កើត​ច្បាប់​ដើម្បី​លើក​ស្ទួយ និងគាំទ្រ​សហគ្រាសសង្គម និងសហគ្រាស​សហគមន៍។

២៩. ធ្វើការគាំទ្រ លើការពង្រឹងពង្រីកតួនាទីសភាពាណិជ្ជកម្ម សភា​សិប្ប​កម្ម និង​សភាកសិកម្មថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំង​រៀបចំ​ឱ្យ​មានការ​ជួប​​សន្ទនា​មតិទៀងទាត់​រវាងតំណាងពាណិជ្ជករ សិប្បករ និង​កសិករ​​ជាមួយ​តំណាងរដ្ឋាភិបាល។

៣០. ពង្រឹងពង្រីកបន្ថែមតំបន់ទេសចរណ៍វប្បធម៌ធម្មជាតិ និង​សិប្ប​និម្មិត ហើយ​ផ្សាភ្ចាប់​វិស័យ​ទេសចរណ៍​ជាមួយ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន ជា​ពិសេស​​វិស័យកសិកម្មមូលដ្ឋាន។ គាំទ្រ​ដល់​សហគមន៍​ក្នុង​ការ​ចូល​រួម​ដឹក​នាំ និងគ្រប់គ្រង​តំបន់ទេសចរណ៍។ មួយ​ចំណែក​នៃប្រាក់​ចំណូល​ពីតំបន់​ទេស​ចរណ៍ ដូចជា​ចំណូល​ពី​សំបុត្រ​ទស្សនា​ប្រាសាទ​អង្គរវត្ត និង​ប្រាសាទ​នានាត្រូវបែងចែក សម្រាប់​ការ​អភិវឌ្ឍ​មូលដ្ឋាន​ជុំវិញតំបន់នោះ។

៣១. គាំទ្រដល់​ការធ្វើ​សមាហរណកម្ម​នៃ​កម្មករ​ចំណាក​ស្រុក​ ជា​ពិសេស​គាំ​ទ្រ​​ក្នុង​ការ​បង្កើតមុខរបរដោយខ្លួនឯងនៅតាមភូមិ-ឃុំ និង​ការ​ផ្តល់​ជំនាញ​សម​ស្រប សម្រាប់រកការងារធ្វើក្នុងស្រុក។ រៀបចំ​ឱ្យ​មាន​ការិយាល័យ​ការងារ ដែល​មាន​ភ្ជាប់​ជាមួយ​មណ្ឌល​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈបន្ថែម​ ដើម្បី​ងាយ​ស្រួលរក​ការងារ។

៣២. គាំទ្រ និងអភិវឌ្ឍក្រុមប្រឹក្សាការងារ ដើម្បី​សម្រួល​ទំនាក់​ទំនង​រវាង​បុគ្គលិក កម្មករ និងអ្នកដឹកនាំ​សហគ្រាស។ គាំទ្រ​ការ​បង្កើត​សមាគម​ធុរកិច្ច និងវេទិកា ធុរកិច្ចរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ប្រចាំ​ឆមាស​​នៅ​​ថ្នាក់​ខេត្ត និង​ថ្នាក់ជាតិ។ ក្រុមការងារអន្តរក្រសួង ដែលមាន​ក្រសួង​​ពាក់ព័ន្ធ ដូចជា​ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម ហិរញ្ញវត្ថុ នឹង​សម្រប​សម្រួលការងារនេះ។

៣៣. គាំទ្រនូវការសហការគ្នារវាងកម្មករ កម្មការិនីជាសហជីព និង​សហ​ព័ន្ធ និង​ធានាឱ្យសហជីព មានសិទ្ធិ​អំណាច​គ្រប់​គ្រាន់​ក្នុង​ការ​ចរចា​ជាមួយ​និយោជក និងរាជរដ្ឋាភិបាល (កិច្ចសហប្រតិបត្តិការត្រីភាគី) ដើម្បី​ការពារ​ផល​ប្រយោជន៍​កម្មករ កម្មការិនី និង​ផលប្រយោជន៍​សេដ្ឋ​កិច្ច​ជាតិ​ទាំង​មូល។

៣៤. រៀបចំ​ប្រព័ន្ធ​គ្រប់​គ្រង​ចំណូល​ពី​ឧស្សាហនីសារណកម្ម (រ៉ែ និង​ប្រេង​កាត) ប្រកប​​ដោយ​តម្លាភាព និងការទទួលខុសត្រូវខ្ពស់ និង​ប្រើ​ប្រាស់​ប្រាក់​​ចំណូល​នេះ ដើម្បីបម្រើផលប្រយោជន៍ជាតិ។

៣៥. គាំទ្រឱ្យមានមជ្ឈមណ្ឌលស្រាវជ្រាវ និង​បណ្តុះ​បណ្តាល​ឱសថ​បុរាណ​ថ្នាក់​​ជាតិ ដែល​មាន​សាខា​នៅ​តាមតំបន់​ផ្សេងៗ​ទៅតាម​ភាព​ចាំបាច់។ បែង​ចែក​​ថវិកាជាតិ​ សម្រាប់ការស្រាវជ្រាវ និង​បណ្តុះ​បណ្តាល​ដល់​អ្នក​ជំនាញ​​ឱសថ​បុរាណគ្រប់កម្រិត។ រៀបចំ​ឱ្យ​មាន​ប្រព័ន្ធ​ត្រួត​ពិនិត្យ វាយ​តម្លៃ​ច្បាស់លាស់ លើការ​ធ្វើ​អាជីវកម្ម​ឱសថ​បុរាណ។

៣៦. អនុវត្តឱ្យ​បាន​ប្រកបដោយប្រសិទ្ធភាព​​នូវច្បាប់ ស្ដីពី​សុវត្ថិភាព​ចំណី​​អាហារ​ និងធ្វើការត្រួតពិនិត្យឱ្យបានទៀងទាត់ច្បាស់លាស់ ហើយ​ដាក់​ទោស​ទណ្ឌ ពិន័យ​ចំពោះ​អាជីវករ​ណា​ ដែល​រំលោភ​ច្បាប់។ រឹតបន្តឹង​ភូត​គាម​អនាម័យ វិធានចត្តាឡីស័ក និង​វិធាន​ជីវ​សុវត្ថិភាព​នៅ​គ្រប់​ច្រក​​ព្រំ​ដែន​ ដើម្បីជំរុញការ​ត្រួតពិនិត្យ ​ទប់ស្កាត់ និង​កាត់បន្ថយ​​​ការរីករាល​ដាល​នៃ​ជំងឺ​ឆ្លង។

៣៧. គាំទ្រឱ្យមានសមាគមអ្នកបរិភោគ និង​ប្រើ​ប្រាស់​ ដើម្បី​ការពារ​ផល​ប្រយោជន៍ ប្រជាពលរដ្ឋពីការក្លែងបន្លំបោកប្រាស់នូវគុណភាព បរិមាណ និងតម្លៃផលិតផ្សេងៗ។ រៀបចំឱ្យមានស្ថាប័នឯករាជ្យ ដែល​ធ្វើ​តេស្ត វាយ​តម្លៃ​លើ​គុណភាព​ផលិត​ផល​ ដែល​ចរាចរ​លើ​ទីផ្សារ។

៣៨. ធ្វើការសហការជាមួយមន្ទីរពេទ្យឯកជន គ្លីនិក ឱសថ​ស្ថាន​ឯកជន​នានា ដើម្បី​​ធានានូវភាពស្របច្បាប់ គោរពតាមគោលការណ៍វិជ្ជាជីវៈ និង​ក្រម​សីល​ធម៌ ពេទ្យ​បានល្អប្រសើរ។ រៀបចំ​ឱ្យ​មាន​មន្ត្រី​ទទួល​ពាក្យ​បណ្តឹង​ផ្សេងៗ​​ពី​ប្រជាពលរដ្ឋ ទាក់ទង​គុណភាព​នៃ​សេវា​របស់​មន្ទីរ​ពេទ្យ​ និង​ឱសថ​ស្ថានឯកជន។

៣៩. រៀបចំ​សាកល​វិទ្យាល័យ​ជាតិ​ឱ្យ​បាន ៣​ទៅ ៥​កន្លែង​នៅ​ទូទាំង​ប្រទេស ដែល​​មានកម្រិត​ស្តង់ដារអន្តរជាតិ។ សាកលវិទ្យា​ល័យ​មាន​ទីធ្លារ​ទូលាយ មាន​អាគារ​​សិក្សា មន្ទីរពិសោធន៍ កន្លែងធ្វើកម្មសិក្សា ទីធ្លាកីឡា សួន​សាធារណៈ ប្រព័ន្ធអ៊ីនធើណែត កន្លែងស្នាក់នៅសម្រាប់និស្សិត និង​សាស្ត្រា​ចារ្យ និងចំណត​រថយន្ត​សាធារណៈ​ផ្សា​ភ្ជាប់​ជាមួយ​ទី​ប្រជុំ​ជន​ធំៗ។

៤០. រៀបចំឱ្យមានកម្មវិធីយុវជនស្ម័គ្រចិត្តក្នុងបេសកកម្មកសាងជាតិ​​ ដែល​ទាក់​​ទង​​ការងារអភិវឌ្ឍសហគមន៍ ការងារវប្បធម៌ ការបម្រើការ​ក្នុង​កង​យោធ​​ពល​​ខេមរៈ​ភូមិន្ទ និងវិស័យផ្សេងៗ។ យុវជន​ស្ម័គ្រ​ចិត្ត​ទាំង​នេះ ទទួល​បាន​​ការឧបត្ថម្ភពីរដ្ឋ ហើយ​មាន​អាទិភាព​ក្នុង​ការ​ទទួល​អាហារូប​ករណ៍​ ពិសេសដើម្បីបន្តការសិក្សាថ្នាក់ឧត្តម និង​ក្រោយ​ឧត្តម​សិក្សា។

៤១. បង្កឱកាសឱ្យយុវជន យុវនារី ជាមធ្យម ២០.០០០ (ពីរម៉ឺន) នាក់ ក្នុង ១ឆ្នាំ បានទៅបន្តការសិក្សាធ្វើកម្មសិក្សា ទស្សនកិច្ចសិក្សា និង​ចូល​រួម​កម្ម​វិធី​ផ្លាស់​ប្តូរ​បទពិសោធន៍ផ្សេងៗ​នៅក្រៅប្រទេស ជា​ពិសេស​នៅ​បណ្តា​ប្រទេស ដែលមាន​ការរីក​ចម្រើនខ្ពស់។

៤២. លើក​ស្ទួយ​វិស័យ​កីឡា​ជាតិ​តាមរយៈ​ការ​គាំទ្រ​ឱ្យ​មាន​ទីលាន​កីឡា​សាធារ​​ណៈ​នៅតាមទីប្រជុំជន ក្លឹបកីឡា និង​ការ​រៀប​ចំ​ការ​ប្រកួត​កីឡា​ជាតិ​​ឱ្យ​បាន​ទៀង​ទាត់​រាល់​ ៣ឆ្នាំម្តង។​ ធានា​មិន​ឱ្យ​មាន​បក្ស​ពួក​គ្រួសារ​និយម និង​អំពើពុករលួយ គ្រប់រូបភាពក្នុងវិស័យកីឡា។

៤៣. រៀបចំ​ឱ្យ​មាន​កញ្ចប់​ថវិកា​ជាតិ ដើម្បី​ផ្តល់​ជូន​សាលា​រដ្ឋ​យក​ទៅ​ប្រើ​ប្រាស់​លើការដឹកនាំសិស្ស និស្សិត​ធ្វើ​ទស្សន​កិច្ច​សិក្សា​ទៅ​តំបន់​ប្រវត្តិ​សាស្ត្រ និងតំបន់​ធម្មជាតិសំខាន់ៗរបស់ខ្មែរ។

៤៤. រៀបចំឱ្យមានមណ្ឌលសុខភាព មន្ទីរពេទ្យល្អនៅគ្រប់ឃុំ ស្រុក ក្រុង ខេត្ត-រាជធានី ដោយមន្ទីរពេទ្យនីមួយៗ ប្រើ​ប្រព័ន្ធ​គ្រប់​គ្រង​គុណភាព​ដែល​​អនុ​លោមតាម​ស្តង់ដារអន្តរជាតិ ISO 9001។ ប្រជា​ពល​រដ្ឋ​គ្រប់​រូប​ទទួល​បានសេវាថែទាំ និង​ព្យាបាល​ល្អ​ពី​មណ្ឌល​សុខភាព និង​មន្ទីរ​ពេទ្យ​ដោយ​អត់​មានបង់លុយ ដោយ​គ្រាន់​តែ​បង់​ប្រាក់​សមាជិក​ភាព​សហគមន៍ ធានា​រ៉ាប់រងសុខភាពតែ ៥០០​រៀល​ក្នុង ១ខែ សម្រាប់​អ្នក​ដែល​មាន​អាយុ​ពី​១៨ដល់៦៥ឆ្នាំ។ រៀបចំ ឱ្យ​មាន​​ពាន​រង្វាន់​ថ្នាក់ខេត្ត និង​ថ្នាក់​ជាតិ​សម្រាប់​មណ្ឌលសុខភាពល្អ និង មន្ទីរ​ពេទ្យ​ល្អជារៀងរាល់ឆ្នាំ។ គ្រប់​មណ្ឌល​សុខ​ភាពឃុំ ត្រូវ​មាន​រថយន្ត សម្រាប់ដឹកអ្នកជំងឺសង្គ្រោះបន្ទាន់។ មាន​​ក្រុម​​គ្រូពេទ្យ​ចល័ត​ចុះ​បម្រើ​ប្រជា​ពលរដ្ឋ នៅ​តំបន់​ដាច់​ស្រយាល​ឱ្យ​បាន​ទៀង​ទាត់។

៤៥. ធានាឱ្យពលរដ្ឋគ្រប់រូបទទួលបានទឹកស្អាតប្រើប្រាស់ និង​មាន​បង្គន់​អនាម័យ​ប្រើប្រាស់។ គាំទ្រ​ឱ្យ​មាន​កម្ម​វិធី​ជាតិ​អប់រំ​ប្រជាពលរដ្ឋ​អំពី​សុខ​ភាព អនាម័យ និងអាហារូបត្ថម្ភ ដែល​មាន​មន្ត្រី​ជំនាញ​សុខាភិបាល​ជាង ៣.០០០នាក់ ចុះធ្វើ​ការនៅតាមភូមិ គ្រប់​ភូមិ​ឃុំ​ដែល​ក្នុង ១​ឃុំមានពី ១​ទៅ​៣នាក់ ដែលក្នុងនោះ មន្ត្រីភាគច្រើន (ជាង២/៣) ជា​ស្ត្រី​ដែល​សុទ្ធ​តែ​ជា​អ្នក​មាន​ជំនាញ ឬទទួល​បាន​ការ​បណ្តុះ​បណ្តាល​ពី​សុខ​ភាព​សាធារណៈ។

៤៦. គាំទ្រនូវការសហការល្អរវាងមន្ទីរពេទ្យ សាកល​វិទ្យាល័យ​សុខា​ភិបាល ដើម្បី ផ្តល់​ឱកាស​ដល់​និស្សិត​ពេទ្យ​ធ្វើកម្ម​សិក្សា​ទទួល​បាន​បទ​ពិសោធន៍​ការងារ​​ច្បាស់លាស់។ រៀបចំ​ឱ្យ​មាន​សន្និបាត​ជាតិ​វិទ្យា​សាស្ត្រ​សុខា​ភិបាល​​យ៉ាងតិច​បំផុត ១ឆ្នាំម្ដង​ ដើម្បី​ឱ្យ​គ្រូពេទ្យ​មាន​ឱកាស​រៀន​សូត្រ​បន្ថែម​ពីគ្នាទៅវិញ​ទៅមក។ រៀបចំ និងគាំ​ទ្រ​នូវ​កម្ម​វិធី​សហការផ្លាស់ប្តូរ​បទ​ពិសោធន៍ការងារ រវាងមន្ទីរពេទ្យ គ្រូពេទ្យ និង​​មន្ត្រី​សុខា​ភិបាល​ខ្មែរ​ជាមួយ​ប្រទេសដទៃនៅ​ក្នុងតំបន់ និង​នៅ​លើ​ពិ​​ភពលោក។

៤៧. បង្កើតឱ្យមានក្រុមឯករាជ្យ ដើម្បីធ្វើការត្រួតពិនិត្យ វាយតម្លៃ​លើ​គុណ​ភាព​​​សេវាសុខាភិបាល ដោយ​ក្រុម​ឯករាជ្យ និង​​ធ្វើ​របាយ​ការណ៍​ផ្តល់​ទៅ​គណៈ​​កម្មាធិការ​ជំនាញរបស់រដ្ឋសភា ហើយ​ទទួល​ថវិកា​ជាតិ​ពី​រដ្ឋ​សភា​ផ្ទាល់។ គាំទ្រ ឱ្យមាន​ក្រុម​ប្រជា​ពលរដ្ឋ​ឃ្លាំ​មើល​ការងារ​របស់​មន្ទីរ​ពេទ្យ និង​មណ្ឌល​សុខភាពឃុំ ដោយក្រុមនេះ មាន​សិទ្ធិ​រាយការណ៍​មក​ការិយា-​ល័យ​​តំណាងរាស្ត្រ ឬមក​គណៈ​កម្មា​ធិការសភាជាតិទទួល​ខុស​ត្រូវ​វិស័យ​សុខាភិបាល។

៤៨. ឧបត្ថម្ភ​ដល់​យុវជន យុវនារី នូវទឹកប្រាក់​កម្ចី​ចំនួន ៥ លាន​ រៀល​ក្នុង​រយៈ​ពេល ៥ឆ្នាំ ក្នុងការ​បន្តការសិក្សា​គ្រប់ជំនាញ និងគ្រប់កម្រិត។ ដោយ​ធ្វើ​ការ​​សងត្រឡប់មកវិញក្នុងរយៈពេល ២៥ឆ្នាំ នៅ​ពេល​មាន​ការងារ និង​មុខ​របរ។

៤៩. រៀបចំឱ្យមាន​សាលាមត្តេយ្យ​ល្អ​គ្រប់ភូមិ ដើម្បី​ធានា​ឱ្យ​កូន​ខ្មែរ​គ្រប់​រូប​ ដែល​មាន​អាយុចាប់​ពី ៣ ទៅ៥ឆ្នាំ មាន​ឱកាស​ចូល​រៀន​នៅ​សាលា​មត្តេយ្យ ដែល​មានគុណភាពល្អដូចគ្នា។ គ្រូបង្រៀនមត្តេយ្យ ត្រូវ​មាន​សញ្ញា​​បត្រ​​ចាប់ពី​បរិញ្ញា​បត្រ​ឡើងទៅ ហើយ​ត្រូវ​ឆ្លង​កាត់​វគ្គ​បណ្តុះ​បណ្តាល​​គ្រូ​មត្តេយ្យ​បន្ថែម។ គ្រូមត្តេយ្យសាលា ដែល​មាន​ស្រាប់​ត្រូវ​បាន​គាំ​ទ្រ​​ឱ្យ​មាន​ការពង្រឹងសមត្ថភាព​បន្ថែម​ ដើម្បី​បន្ត​ការងារ។

៥០. រៀបចំ​សាលារដ្ឋ​ឱ្យមាន​គុណភាព​អប់រំ​ខ្ពស់​ដោយ​ប្រើ​ស្តង់ដារ​អន្តរ​ជាតិ ISO 9001 ចាប់​ពីមត្តេយ្យ ដល់​សាកលវិទ្យាល័យ​​ តាម​រយៈ​ការ​លើក​ស្ទួយ​​​សមត្ថភាព​ និងគុណតម្លៃគ្រូបង្រៀន​ក្នុងការបណ្ដុះ​កូន​ខ្មែរ។ រៀប​ចំ​ឱ្យ​មាន​ពានរង្វាន់ថ្នាក់ខេត្ត និងថ្នាក់ជាតិ សម្រាប់​សាលា​ល្អ និង​គ្រូ​បង្រៀន​​ល្អ។

៥១. ជំរុញ និងលើកទឹកចិត្តឱ្យ​អ្នករៀនពូកែ​ ក្លាយជាគ្រូបង្រៀន។ ផ្ដល់​អាទិភាព​ និងប្រាក់​បៀរវត្សខ្ពស់​សម្រាប់គ្រូមតេ្តយ្យ និង​គ្រូ​បឋម​សិក្សា ដើម្បី​ធានា​បាន​ការបណ្ដុះគ្រឹះអប់រំ​កុមារឱ្យ​បានត្រឹមត្រូវ។​ ជំរុញ​ និងផ្ដល់​ការ​ឧបត្ថម្ភ​​សម្រាប់​ គ្រូ​បង្រៀន​ដែល​ស្ម័គ្រ​ចិត្ត​ទៅ​បំពេញ​ការងារ នៅ​តាម​ស្រុក​ជាប់​ព្រំដែន និង តំបន់​ដាច់ស្រយាល។ អនុវត្ត​កម្ម​វិធីវិក្រិត​ការ ​ដើម្បី​លើក​កម្ពស់​សមត្ថភាព​គ្រូបង្រៀន។ គ្រូ​បង្រៀន ត្រូវ​ទទួល​បាន​បៀ​វត្ស​ចាប់​ពី ២​លានរៀលឡើងទៅ ។

៥២. កូន​ខ្មែរ​គ្រប់​រូប​ត្រូវ​ទទួល​បាន​ការ​អប់រំ​ល្អ​យ៉ាង​តិច​ចប់​ថ្នាក់​ទី៩ នៅ​ក្នុង​សាលា​ ​ដែល​មាន​គុណភាពល្អ។ យុវជនដែលរៀនចប់ថ្នាក់ទី៩ ហើយ​មិន​មាន​​សមត្ថភាព ឬលទ្ធភាព​បន្តការសិក្សា និង​មាន​ឱកាស​ទទួល​បាន​ការ​បណ្តុះ​បណ្តាលជំនាញវិជ្ជាជីវៈ ដើម្បី​ទទួល​បាន​នូវ​ការងារ​សម​រម្យ​ក្រោយ​រៀន​ចប់​ថ្នាក់ទី១២។

៥៣. ជំរុញអនុវត្តឱ្យបានល្អនូវមុខវិជ្ជាកីឡា សិល្បៈ និង​ហត្ថកម្ម​ក្នុង​កម្ម​វិធី​សិក្សា នៅថ្នាក់បឋម និងមធ្យមសិក្សា។ បំពាក់​គ្រឿង​បរិក្ខា​បច្ចេក​វិទ្យា និង​​ស្រាវជ្រាវ និងបណ្ណាល័យ​ ឌីជីថល ព្រមទាំង​សេវា​អ៊ីនធើណែត​​នៅ​គ្រប់​វិទ្យាល័យ និង​សាកលវិទ្យាល័យរដ្ឋ។

៥៤. បង្កើតកញ្ចប់ថវិកាពិសេសសម្រាប់គាំទ្រ​យុវជន​ដែល​មាន​ទេព​កោសល្យ​ខ្ពស់ និងផ្តល់អាហារូបករណ៍ដល់សិស្ស និងនិស្សិតពូកែ (និទ្ទេស A និង​B) បន្តការសិក្សានៅក្នុងប្រទេស និងក្រៅប្រទេស និង​ប្រាក់​ឧបត្ថម្ភ​បន្ថែម​សម្រាប់​គម្រោងស្រាវជ្រាវផ្សេងៗ។

៥៥. លើកស្ទួយវប្បធម៌សរសេរ និងអានតាមរយៈការគាំទ្រដល់​វត្ត​អារាម បង្កើត បណ្ណាល័យ​សាធារណៈ ដើម្បីលើកកម្ពស់ទម្លាប់អានដល់ ប្រជា​ពល​រដ្ឋ​ខ្មែរ។ រៀបចំឱ្យមានពិព័រណ៌សៀវភៅគ្រប់ខេត្ត-រាជធានី និង​ពាន​រង្វាន់​​ជាតិ​សម្រាប់​អ្នកនិពន្ធឆ្នើម។

៥៦. រៀបចំឱ្យមានមូលនិធិជាតិមួយ សម្រាប់​ផ្តល់​ថវិកា​ដល់​អ្នក​វិទ្យា​សាស្ត្រ សាស្ត្រាចារ្យ និស្សិតថ្នាក់អនុបណ្ឌិត ថ្នាក់បណ្ឌិត យក​ទៅ​ប្រើ​ប្រាស់ ដើម្បី​​ធ្វើការស្រាវជ្រាវ និង​រៀប​ចំ​សិក្ខា​សាលា​ក៏​ដូច​ជា​សន្និ​សីទ​វិទ្យា​សាស្ត្រ​​ផ្សេងៗ។ រាជរដ្ឋាភិបាល នឹង​បែង​ចែក​ថវិកា​ជាតិ​យ៉ាង​តិច​បំផុត ១% ​ឬជាង ២០០​ពាន់លាន​រៀល (៥០លានដុល្លារ) ក្នុង ១ឆ្នាំ​ដល់​មូល​និធិ។ អ្នកស្រាវជ្រាវ ឬក្រុម​ស្រាវជ្រាវនីមួយៗ អាច​ទទួល​បាន​ថវិកាចាប់ពី ១០​លាន​​រៀល ​ រហូត​ដល់ ២០០​លាន​រៀល ក្នុង​ ១គម្រោង។

៥៧. ពង្រឹងគុណភាពភាសាអង់គ្លេស ដើម្បី​ធានា​ថា​កូន​ខ្មែរ​គ្រប់​រូប​ក្រោយ​ចប់​ថ្នាក់​មហាវិទ្យាល័យ​ អាច​ចេះ​ភាសា​អង់គ្លេស​ប្រើការ​បាន​ សម្រាប់​ទំនាក់​ទំនង​​ការងារ​បាន។ ដាក់បញ្ចូល ភាសា​អង់គ្លេស​ចាប់​ថ្នាក់​ទី៤ និង​ភាសា​នៃប្រជាជាតិ​អាស៊ី មួយ​ទៀត​(តាម​គោលការណ៍​ស្ម័គ្រ​ចិត្ត) ក្នុង​កម្មវិធី​សិក្សា​​ជាតិ​ចាប់ពីថ្នាក់ទី១០។

៥៨. រាជរដ្ឋាភិបាលធានាឧបត្ថម្ភ និងគាំពារមនុស្សចាស់ជរា ជនពិការ កុមារ​កំព្រា និងជនងាយ​រងគ្រោះ​ទាំងឡាយ​ឱ្យរស់នៅ​ប្រកប​ដោយ​សេចក្តី​ថ្លៃ​ថ្នូរ។ ចាស់​ជរា​ចាប់ពីអាយុ​ ៦៥ឆ្នាំ​ឡើងទៅ ដែលគ្មាន​ប្រាក់​សោធន​និវត្ត នឹង​ទទួលបាន​ការឧបត្ថម្ភ​ពី​​រដ្ឋ​ចំនួន ១៥ ប្រាំម៉ឺន​រៀល​ក្នុងមួយខែ។

៥៩. ស្រ្តី​គ្រប់រូប (ទាំងកម្មករ កសិករ អាជីវករ និងប្រជាពលរដ្ឋទូទៅ) ពេល​សម្រាល​​កូនម្ដង​ ទទួល​បាន​ការឧបត្ថម្ភ​ពីរដ្ឋ​ ៥​សែន)រៀល។ ពង្រឹង និង​ពង្រីក​​គុណភាព​សេវា​ផ្តល់​យោបល់​ដល់​ស្ត្រី​ជា​មាតា​គ្រប់​រូប និងធានាថា គ្រប់​​មណ្ឌល​សុខ​ភាព​ឃុំ​មាន​គ្រូពេទ្យ​ឆ្មប​ល្អ រួម​ទាំង​គ្រូ​ពេទ្យ​ឆ្មប​ចល័ត។

៦០. កម្មករ កម្មការិនីគ្រប់រូប ពេល​អត់​ការងារ​ធ្វើ​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​មូល​និធិ​ការងារ ដែលគ្រប់គ្រងដោយរដ្ឋរយៈពេល៥ខែ ហើយ​បរិមាណ​ឧបត្ថម្ភ​ស្មើ​​នឹង ៥០%នៃប្រាក់ខែដែលធ្លាប់ទទួលបាន។ ក្នុង​រយៈ​ពេល​នេះ កម្មករ​ក៏អាច ទទួល​បាន​ការ​បណ្តុះ​បណ្តាល​បន្ថែម ដើម្បី​ងាយ​ស្រួយ​រក​ការងារ​ធ្វើ។

៦១. ពង្រឹងពង្រីកកម្មវិធីជាតិលើកស្ទួយជនពិការ និង​លុប​បំបាត់​នូវ​ភាព​រើស​អើង​ជនពិការក្នុងសង្គម។ ធ្វើការសហការជាមួយក្រុមហ៊ុន សហ​គ្រាស ដើម្បីបង្កឱកាសឱ្យជនពិការទទួល​​បានការងារសមរម្យ។ លើក​​​ស្ទួយ​វិស័យ​​កីឡា និងសិល្បៈជនពិការ។ ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​ជន​ពិការ ដែល​មិន​អាច​មាន​លទ្ធភាពធ្វើការ ឬ​មិន​មាន​កាយ​សម្ប​ទា​គ្រប់​គ្រាន់ ដើម្បី​ធ្វើ​ការ​​បាន​ប្រាក់ចំណូល។

៦២. លើក​ស្ទួយ​សិទ្ធិ​ប្រជាពល​រដ្ឋ​ក្នុង​ការ​ទទួល​បាន​លំនៅ​ដ្ឋាន​សមរម្យ ជា​ពិសេស​​តាម​រយៈ​រៀបចំ​ឱ្យមាន​កម្មវិធី​ឥណទាន​លំនៅដ្ឋាន ដែល​មាន​ការ​ប្រាក់​ទាប​ជាង ០,៥%​ក្នុង​មួយ​ខែ ​ដែល​បរិមាណ​កម្ចី​គឺ​១៥ ដង​នៃ​ចំណូល​ប្រចាំ​​ឆ្នាំ ហើយ រយៈ​ពេល​សង​ត្រឡប់​រហូត​ដល់​ ២៥​ឆ្នាំ។

៦៣. រៀបចំឱ្យមានក្រុមស្រាវជ្រាវ និង​វិភាគ​ឯក​រាជ្យ​ ដើម្បី​ធ្វើការ​តាម​ដាន វាយ​តម្លៃ លើស្ថានភាពប្រទេសជាតិ និង​ការ​អនុវត្ត​គោល​នយោបាយ​រាជ​រដ្ឋា​​ភិបាល។ លទ្ធផលនៃការស្រាវជ្រាវ និង​តាម​ដាន​នេះ​ត្រូវ​បាន​យកមក​ប្រើ​ប្រាស់​​ដោយ​រាជរដ្ឋាភិបាល។ អនុញ្ញាត​ឱ្យ​មាន​ការ​ស្ទង់​មតិ​ដោយ​ស្ថាប័ន​​ឯករាជ្យលើ​ភាពពេញចិត្ត ឬ​មិន​ពេញ​ចិត្ត​របស់​ប្រជា​ពលរដ្ឋ​លើការ​ដឹកនាំ​របស់រាជ​រដ្ឋាភិបាល។

៦៤. កាត់បន្ថយសមាជិករាជរដ្ឋាភិបាល ព្រមទាំងកាត់បន្ថយ និង​បង្រួម​ក្រសួង ដើម្បី​​ទទួល​បានប្រសិទ្ធភាព និងបរិយាប័ន្ត​ការងារ (បង្រួម​ក្រសួង​ពី ២៨ មក ​១៥ក្រសួង)។ ក្រសួងនីមួយៗមានរដ្ឋមន្រ្តី១រូប និង​អនុ​រដ្ឋ​មន្រ្តី​​យ៉ាង​ច្រើន​បំផុត តែ៣រូប។ ក្រសួងទាំងនោះរួមមាន ១) ក្រសួង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម   ២) ក្រសួងអប់រំ យុវជន និងកីឡា ៣) ក្រសួងកសិកម្ម និងអភិវឌ្ឍមូលដ្ឋាន ៤)​ក្រសួង​សុខាភិបាល ៥) ក្រសួង​ការពារជាតិ ៦)​ក្រសួង​ការបរទេស និង​សហ​ប្រតិ​បត្តិការ​អន្តរជាតិ ៧) ក្រសួងមហាផ្ទៃ ៨) ក្រសួង​​វប្បធម៌ ទេសចរណ៍ ព័ត៌មាន និង​កិច្ច​ការសាសនា ៩) ក្រសួង​សង្គមកិច្ច ការងារ និងកិច្ចការនារី ១០) ទីស្ដី​ការ​គណៈរដ្ឋមន្ត្រី ១១) ក្រសួងយុត្តិធម៌ ១២) ក្រសួង​សាធារណការ និង​នគ​រោបនីយកម្ម ១៣) ក្រសួង​ព្រះបរមរាជវាំង ១៤) ក្រសួង​ទូរគមនាគមន៍ និង​គមនាគមន៍ និង ១៥) ក្រសួងរ៉ែ និងថាមពល។​

៦៥. ធានាឱ្យមានការចែកឱ្យដាច់ពីគ្នានូវអំណាចគ្រប់គ្រងរដ្ឋទាំងបីគឺ រដ្ឋសភា រាជ​រដ្ឋាភិបាល និងតុលាការ។ ធានា​នូវ​ឯករាជ្យ​ភាព​របស់​ស្ថាប័ន​ជាតិ​ ដូច​ជា​​ក្រុមប្រឹក្សាធម្មនុញ្ញ គណៈកម្មាធិការជាតិ រៀប​ចំ​ការ​បោះឆ្នោត គណៈ​កម្មា​ធិការជាតិប្រឆាំងអំពើពុករលួយ និង​ស្ថាប័ន​សវន​កម្មជាតិ។ល។ ដោយ​មិន​ឱ្យ​ចំណុះ​អ្នក​ដឹក​នាំ​រាជ​រដ្ឋា​ភិបាល។

៦៦. ធ្វើការរៀបចំ និង​បែងចែក​ថវិកា​ជាតិ​ដោយ​មាន​ការ​ចូល​រួម​ពី​រដ្ឋ​បាល​ថ្នាក់​មូលដ្ឋាន ពីមន្ទីរពាក់ព័ន្ធ និង​ពី​តំណាង​អ្នក​ពាក់​ព័ន្ធ​ផ្សេងៗ ដើម្បីធានា​ថា ថវិកា​​ជាតិ​ប្រចាំ​ឆ្នាំ​ ឆ្លុះ​បញ្ចាំង​តម្រូវ​ការ​ចាំ​បាច់។ ធ្វើការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​ផែន​ការ និង​របាយ​ការណ៍​ប្រើ​ប្រាស់​ថវិកា​ជាតិ។

៦៧. លើកស្ទួយការចូលរួមរបស់ស្ត្រីក្នុងកិច្ចការនយោបាយ ដោយ​មាន​កម្ម​វិធី​ជាតិបណ្តុះបណ្តាលស្ត្រីពីការដឹកនាំក្នុងវិស័យនយោបាយ និង​ធ្វើ​ការ​កំណត់​កូតា ចំនួន​ស្ត្រី​ក្នុង​ចំណោម​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ក្រុម​ប្រឹក្សា​ស្រុក ក្រុង ខណ្ឌ ខេត្ត-រាជធានី តំណាងរាស្ត្រ និង​សមាជិក​ព្រឹទ្ធសភា។

៦៨. កែទម្រង់ប្រព័ន្ធចុះបញ្ជីដីធ្លី និង​រៀប​ចំ​ការ​ចុះ​បញ្ជី​ដីធ្លី​ជា​ប្រព័ន្ធ​ប្លង់​រឹង​​ឱ្យ​បាន ១០០​%ទូទាំងប្រទេសហើយធ្វើ​នៅ​ត្រឹម​ថ្នាក់​ស្រុក​/​ក្រុង​/​ខ័ណ្ឌ។ រៀប​​ចំ​​ឱ្យមាន​ក្រុមការងារចុះបញ្ជីដីធ្លីនៅគ្រប់ឃុំ-សង្កាត់។

៦៩. ផ្តល់អំណាច តួនាទី និងធនធានដល់ថ្នាក់រដ្ឋបាលស្រុក ក្រុង ខណ្ឌ ក្នុង​ការ​ផ្តល់​​សេវា​សាធារណៈ ជូនប្រជាពលរដ្ឋឆាប់រហ័ស និង​មិន​យក​កម្រៃ​បន្ថែម (ដូចជាការធ្វើបណ្ណកម្មសិទ្ធិដីធ្លី ចុះបញ្ជី​ក្រុមហ៊ុន និង​អង្គការ​សមាគម ធ្វើលិខិត ឆ្លងដែន និងអត្តសញ្ញាណបណ្ណ ធ្វើ​ស្លាក​លេខ​រថយន្ត និង​បណ្ណ​បើកបរ គ្រប់គ្រងមន្ទីរពេទ្យ សាលារៀន និង​សាលា​បណ្តុះ​បណ្តាល វិជ្ជាជីវៈប្រមូលពន្ធពីសហគ្រិនខ្នាតតូច និង​មធ្យម។ល។

៧០. កំណត់អាណត្តិរបស់នាយករដ្ឋមន្រ្តី ប្រធានព្រឹទ្ធសភា ប្រធាន​រដ្ឋ​សភា តំណាងរាស្ត្រ អភិបាល​ខេត្ត-រាជធានី អភិបាលស្រុក ក្រុង ខណ្ឌ មេឃុំ​ ចៅសង្កាត់ និងមេភូមិ ត្រឹម២អាណត្តិ ដោយ​មួយ​អាណត្តិ​មាន​រយៈពេល ៥ឆ្នាំ។

៧១. ធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ និងច្បាប់ប្រឆាំងអំពើពុករលួយ ដោយ​ផ្តន្ទា ទោសចំពោះជនពុករលួយ​ លួច​លុយ​រដ្ឋ​ចាប់​ពី ​៤.០០០ ពាន់​លាន​រៀល (ជាប់ទោសអស់មួយជីវិត) ហើយ ៤០០ លានរៀល ទោស១០ឆ្នាំ និង​​ចាប់ពី ៤០ ​លានរៀលដាក់ទោស៥ឆ្នាំ។

៧២. លុបបំបាត់គ្រួសារនិយម បក្សពួកនិយមក្នុងស្ថាប័នរដ្ឋ និង​ធានា​ឱ្យ​មន្រ្តី​រាជ​​ការ​​គ្រប់​ជាន់​​ថ្នាក់ ធ្វើការបម្រើប្រជា​ពលរដ្ឋ​​តាម​ក្រម​សីល​ធម៌​វិជ្ជា​ជីវៈ តាម​​គុណវុឌ្ឍិ (សមត្ថភាពធិបតេយ្យ) និង​គ្មាន​ការ​រើស​អើង។​ លុប​បំបាត់​ចោល​​នូវរចនាសម្ព័ន្ធបក្ស​នយោបាយ​ក្នុង​ស្ថាប័ន​រដ្ឋ។

៧៣. លុបបំបាត់អំពើពុករលួយគ្រប់ទម្រង់ តាមរយៈ​ការ​ពង្រឹង​ស្ថាប័ន​ប្រឆំាង​អំពើ​​ពុក​រលួយ​ឱ្យក្លាយជាស្ថាប័នឯករាជ្យពិតប្រាកដ។ តួនាទី​រដ្ឋសភា​ក្នុង​ការ​ឃ្លាំ​មើលរាជរដ្ឋាភិបាល តុលាការឯករាជ្យ និងគោរព​ក្រម​​សីលធម៌​វិជ្ជា​ជីវៈ និង ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​ជា​ចំហ​សម្រាប់​មន្រ្តី​សាធារណៈ ដែល​មាន​តួនាទី ខ្ពស់​ចាប់​ពី​ប្រធាន​នាយកដ្ឋាន​ឡើង​ទៅ។

៧៤. លើកស្ទួយសេរីភាពសារព័ត៌មាន ធានាអព្យាក្រឹតភាព និង​ឯករាជ្យ​ភាព​​នៃ​​​ប្រព័ន្ធ​ផ្សព្វផ្សាយ  និងសិទ្ធិទទួលបានព័ត៌មាន។ គាំទ្រ​ឱ្យ​មាន​​​ការ​​ពង្រឹង​ពង្រីក​សមាគមអ្នកសារព័ត៌មាន  រៀបចំ​ឱ្យមាន​ក្រុម​ប្រឹក្សា​​ភិបាល​​របស់​វិទ្យុ និង​ទូរទស្សន៍​ជាតិ​ដែល​មាន​សមាជិក​មក​ពី​បុគ្គល​​ឯករាជ្យ។

៧៥. បែងចែកថវិកាជាតិប្រមាណ១% ឬ ២០០ ពាន់លាន​រៀល (ជាង៥០ លាន​​ដុល្លារ) ក្នុង១ឆ្នាំដល់​អង្គការសង្គមស៊ីវិល ដើម្បី​លើក​ស្ទួយ​តួនាទី​សង្គម​​ស៊ីវិល​ក្នុងការ​ងារ​សិទ្ធិ​មនុស្ស តស៊ូមតិ និង​អភិវឌ្ឍ​សង្គម។ អង្គការ សមាគម​​នីមួយៗ អាចទទួលបានថវិការហូតដល់ ៤០០ លានរៀល  (ឬ​១​សែន​ដុល្លារ) ក្នុង១ឆ្នាំ។

៧៦. ធ្វើការពង្រឹង​សមត្ថភាពមេឃុំ-ចៅសង្កាត់ សមាជិកក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ ក្នុងការធ្វើការបម្រើប្រជាពលរដ្ឋដោយមិនរើសអើង និង​ប្រកាន់ និន្នា​ការ​នយោបាយ។ ពង្រឹង​គុណភាព​នៃ​ការ​ផ្តល់​សេវា​សាធារណៈ​របស់​ឃុំ សង្កាត់ដោយប្រើប្រព័ន្ធគ្រប់គ្រងគុណភាព ដែល​អនុ​លោមតាម          ​ស្តង់​ដារ​​អន្តរជាតិ ISO 9001។ រៀបចំ​ឱ្យ​មាន​គណៈ​ក​ម្មា​ធិការ​ប្រជា​ពល​រដ្ឋ ឃ្លាំមើលការងារក្រុមប្រឹក្សារឃុំ-សង្កាត់ និង​រៀប​ចំវេទិកា​ប្រជា​ពល​រដ្ឋ​ដោយ​មាន​ការ​ចូល​រួម​ពី​អាជ្ញា​ធរ និង​ភាគីពាក់ព័ន្ធរៀងរាល់ ៣​ទៅ​៤​ខែ​ម្តង។

៧៧. រៀបចំឱ្យមានពានរង្វាន់ថ្នាក់ខេត្ត-រាជធានី និងថ្នាក់ជាតិ សម្រាប់ ឃុំ-សង្កាត់​ល្អ ដែលពានរង្វាន់ថ្នាក់ខេត្ត-រាជធានី ស្មើនឹង ៥០ លាន រៀល ហើយ​ពានរង្វាន់ថ្នាក់ជាតិស្នើនឹង២៥០លានរៀល។ ប្រជាពល​រដ្ឋ​តាម​ឃុំ-សង្កាត់​​សាមី និង​ស្ថាប័ន​ពាក់​ព័ន្ធ​ជា​អ្នក​ចូល​រួម​សម្រេច​លើ​ពាន​រង្វាន់នេះ។

៧៨. ឃុំ-សង្កាត់នីមួយៗមានសិទ្ធិអំណាចរើស ឬ​បញ្ឈប់​ស្មៀន​ដោយ​ខ្លួន​ឯង។ គាំទ្រ​ឱ្យរដ្ឋបាលឃុំ-សង្កាត់​នីមួយៗ​មាន​អ្នក​ជំនួយ​ការ​គ្រប់​គ្រង​ទូ​ទៅ និងបុគ្គលិក​ផ្នែកគណនេយ្យ​និងហិរញ្ញវត្ថុ គាំទ្រឱ្យឃុំ-សង្កាត់​នីមួយៗ​មាន​​​លទ្ធភាព​ប្រមូល និងទទួលបានថវិកាជាតិ ដែល​បរិមាណ​ថវិកា​​អាច​កើន​ឡើងជា​ជំហានរហូត​ដល់ ៤ ពាន់​លាន​រៀល​​ក្នុង ១ឆ្នាំ​សម្រាប់​ឃុំ-សង្កាត់​នីមួយៗ។

៧៩. សម្របសម្រួលឱ្យមានការសហការគ្នារវាងរដ្ឋបាលមូលដ្ឋាន (ឃុំ-សង្កាត់ ស្រុក ខណ្ឌ ខេត្ត-រាជធានី) ជាមួយ​រដ្ឋ​បាល​មូលដ្ឋាន​ប្រទេស​ផ្សេងៗ​​ទៀត។ ដើម្បីពង្រឹងពង្រីកនូវសមាគម ក្រុមប្រឹក្សាឃុំ-សង្កាត់ និង​គាំទ្រ​​នូវ​​សន្និបាត​ក្រុមប្រឹក្សាឃុំ-សង្កាត់ថ្នាក់ខេត្ត និងថ្នាក់ជាតិ។

៨០. បង្កបរិយាកាសអំណោយផល​ សម្រាប់​ការ​ចូល​រួម​របស់​ប្រជាពល​រដ្ឋ​ក្នុង​វិស័យ​នយោបាយ ដោយ​អនុញ្ញាត​ឱ្យ​បង្កើត​គណបក្សនយោ​បាយ​មូល​ដ្ឋាន​​​​ថ្នាក់ឃុំ-សង្កាត់ ឬថ្នាក់ស្រុក ខណ្ឌ ក្រុង ព្រមទាំង​បង្កើត​ប្រព័ន្ធ​ឯកត្ត​នាម ដើម្បីឱ្យ​បុគ្គល​ល្អៗ​​អាច​​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត ដើម្បី​កាន់​​តួនាទី​មេឃុំ-ចៅសង្កាត់ និងក្រុមប្រឹក្សាឃុំ-សង្កាត់ អភិបាល​ស្រុក ក្រុង ខណ្ឌនិងអភិបាល ខេត្ត-រាជធានី។

៨១. រៀបចំឱ្យមានការបោះឆ្នោតរើសមេភូមិដោយផ្ទាល់ ពីប្រជាពលរដ្ឋ ហើយ មេភូមិមានសិទ្ធិអំណាចរើសអនុភូមិ និងជំនួយការភូមិ ដើម្បី​ធ្វើ​ការជា​គណៈកម្មាធិការដឹកនាំភូមិ។ អនុញ្ញាតឱ្យបុគ្គលឯករាជ្យ ឈរ​ឈ្មោះជា​មេភូមិ។ ក្នុងករណីបុគ្គល ដែលជាប់ជាមេភូមិ ជាសមា​ជិក​គណបក្ស​នយោបាយណា​មួយ គាត់​ត្រូវ​លា​ឈប់​ពី​សមាជិក​បក្ស​នោះ ក្រោយ​ពីជាប់​ឆ្នោត​ជា​មេភូមិ។

៨២. បង្កើតឱ្យមាន​ការិយាល័យ​ប្រជាពល​រដ្ឋ នៅគ្រប់ខេត្ត-រាជធានី​ដោយ​​ការិយា​ល័យនេះ នៅ​ជាមួយការិយាល័យអ្នកតំណាងរាស្ត្រ ដើម្បី​ងាយ​ស្រួល​ឱ្យ​ប្រជា​​ពលរដ្ឋ និង​ការិយា​ល័យ​តំណាង​រាស្ត្រ​ទំនាក់​ទំនង​គ្នា។ បង្កើតសមាជជាតិ ប្រចាំឆ្នាំ ដោយ​មាន​ការ​ចូល​រួម​ពី​តំណាង​ប្រជា​ពលរដ្ឋ ដើម្បីសួរដេញដោល​ថ្នាក់​ដឹក​នាំ​រាជ​រដ្ឋា​ភិបាល។

៨៣. បង្កើតសាលារដ្ឋបាលសាធារណៈនៅតាមភូមិភាគ ដើម្បី​លើក​ទឹក​ចិត្ត និង​ពង្រឹង​យុវជន​ឱ្យ​ក្លាយជាមន្រ្តីសាធារណៈ និង​អ្នក​នយោ​-បាយ​នៅ​មូលដ្ឋាន។ គណបក្សនយោបាយនីមួយៗ ត្រូវ​បាន​ផ្តល់​ឱកាស​បញ្ជូន​សមាជិក និងអ្នក គាំទ្រ​របស់​ខ្លួន​មក​ចូល​រួម​ការ​បណ្តុះ​បណ្តាល​ដោយ​ស្មើភាពគ្នា។

៨៤. រៀបចំបង្កើត​តុលាការ​ការងារ និងតុលាការ​រដ្ឋបាល​នៅ​ថ្នាក់​ខេត្ត-រាជធានី និងបង្កឱកាសងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុង​ការ​ប្តឹង​មន្ត្រី​សាធារណៈ​ ក្នុងករណីបំពេញការងារមិនបានល្អ។ រៀប​ចំ​ឱ្យ​មាន​សាលា​ដំបូង​​មក​នៅ​ថ្នាក់​​ស្រុក ក្រុង ខណ្ឌ ហើយ​សាលា​ឧទ្ធរណ៍​​​នៅ​ត្រឹម​​ថ្នាក់​​ខេត្ត-រាជធានី។

៨៥. កំណែ​​ទម្រង់​​ប្រព័ន្ធតុលាការ និងប្រព័ន្ធយុត្តិធម៌ ដើម្បីធានាបាន​នូវ​យុត្តិធម៌ តាមផ្លូវ​ច្បាប់​​សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។ គាំទ្រ​នូវ​ឯករាជ្យ​ភាព​របស់ក្លឹប ឬសមាគមមេធាវី និង​ធានា​ថា​ប្រជា​ពលរដ្ឋ​គ្រប់​រូបទទួល​បានសេវា​មេធាវីដោយស្មើភាពគ្នា។

៨៦. ថែរក្សា ការពារ និងអភិរក្សធនធានជលផល ទាំងទឹកសាប និង​ទឹក​ប្រៃ តាមរយៈផ្តល់សិទ្ធិអំណាចដល់មន្ត្រីជលផល ក្នុង​ការ​សហការ​ជាមួយ​មន្ត្រី​នគរបាល និងកងកម្លាំង​ប្រដាប់​អាវុធ​ការពារ​ដែន​សមុទ្រ ធ្វើការ​បង្ក្រាប​ការ​នេសាទខុសច្បាប់។ កងយោធពលខេមរភូមិន្ទ មាន​កាតព្វ​កិច្ច​ចូល​រួម​ចំណែកការពារ និងទប់ស្កាត់​ឱ្យមាន​ប្រសិទ្ធភាព​នូវ​ការ​រំលោភ​ចូល​ដែន នេសាទ​សមុទ្រ​ខ្មែរ​ពី​សំណាក់​អ្នក​នេសាទ​បរទេស។

៨៧. រៀបចំឱ្យមានសួនរុក្ខជាតិជាតិមួយ (National Botanical Garden) ដើម្បី​អភិរក្សដើមឈើ និងរុក្ខជាតិផ្សេងៗ និង​ជា​កន្លែង​សម្រាប់​ប្រជា​ពល​រដ្ឋ​ខ្មែរ និងទេសចរបរទេសមកទស្សនារៀនសូត្រ។

៨៨. ពិនិត្យឡើងវិញដីសម្បទានសេដ្ឋកិច្ចទាំងអស់ ធ្វើការដកហូត​មក​វិញ​នូវ​ដី​​សម្បទាន​​​ដែល​ទុកចោល​ទំនេរ ឬប្រើប្រាស់មិនត្រឹមត្រូវ សម្រាប់​បង្កើត​​​តំបន់​ការពារ​ព្រៃ​សហគមន៍ ឬ​ប្រែក្លាយ​ជា​ដី​កសិកម្ម​សម្រាប់​ដី​​សម្បទាន​​​សង្គមកិច្ច​ចែកជូនដល់គ្រួសារក្រីក្រ។ ពិនិត្យ​លើ​​សំណង​​សម្រាប់​​ក្រុមហ៊ុន​​សម្បទាន ដែល​បាន​ដក​ហូត​ដី​សម្បទាន។ មិនអនុញ្ញាតឱ្យជន​បរទេស​លើស​ពី ១០%ធ្វើការនៅដី​ ឬ​ក្រុមហ៊ុន​សម្បទាន។ ធានា​ថា​​រាល់ដី​សម្ប​ទាន​សេដ្ឋកិច្ចទាំងអស់​ ត្រូវ​រក្សា​ផ្ទៃ​ដី​ព្រៃ​ឈើ​យ៉ាងតិច ១០% សម្រាប់​ឱ្យ ប្រជា​ពល​រដ្ឋ​ប្រើ​ប្រាស់ជា​លក្ខណៈប្រពៃណី។

៨៩. បង្កើត​តំបន់ការពារពិសេសចំពោះតំបន់ដែលនៅមានព្រៃឈើ (ព្រៃ​ឡង់ ជួរ​​ភ្នំក្រវាញ ជូរភ្នំបូកគោ និងតំបន់កន្ទុយនាគ) និងផ្តល់សិទ្ធិ និង​អំណាច​ឱ្យ​​សហគមន៍​មូលដ្ឋានចូលរួមការពារ និង​ទទួល​ផល​ពី​ធនធាន​ធម្ម​ជាតិ។​ មិនអនុញ្ញាតឱ្យយកភ្នំ និងកោះ​ធ្វើ​ជា​កម្ម​សិទ្ធិ​ឯកជន។

៩០. ការពារ និងដាំព្រៃឈើឡើងវិញនៅតំបន់ការពារធម្មជាតិ ទី​ជម្រាល និង​ព្រៃលិច​ទឹក ជាពិសេស​តំបន់បឹងទន្លេសាប ទន្លេមេគង្គ បឹង ស្ទឹង និងព្រែក ដើម្បី​ការពារការហូរច្រោះ និងជំរកត្រី។  ជំរុញ​ការ​ថែ​រក្សាធនធានធម្មជាតិ និង​ការ​ស្ដា​រ​ឡើង​វិញ​នូវ​គម្រប​ព្រៃឈើ​តាម​ផ្ទះ សាលារៀន វត្តអារាម ដង​ផ្លូវ និង​បង្កើត​សហគមន៍​ព្រៃ​ឈើ​តាម​ភូមិ ឃុំ ដែលមានដីព្រៃ។ រៀប​ចំ​ឱ្យ​មាន​ពាន​រង្វាន់​ជាតិ​សម្រាប់​បុគ្គល សហគមន៍ ឬក្រុមហ៊ុន ដែល​មាន​ស្នា​ដៃ​ល្អ​ក្នុង​ការ​ដាំ​ដើម​ឈើ​ឡើង​វិញ។

៩១. កែប្រែដីស្រែលិចទឹកប្រមាណយ៉ាងតិចបំផុត ១សែនហិកតា ឱ្យ​ទៅ​ជា​តំបន់​អភិរក្ស​មច្ឆា​ជាតិ​ដោយផ្តល់សំណងសមស្រប និងសិទ្ធិ នេសាទ​ត្រី​ដល់​​កសិករ​ម្ចាស់ដី។ កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ជីគីមី​នៅ​តំបន់​ទីជម្រាល និង​​លិចទឹក ដើម្បីបង្ការការបំពុលទឹក និង​ត្រី។ បង្កើតតំបន់​អភិរក្ស​មច្ឆា​ជាតិ​​ខ្នាតធំ​ មធ្យម និង​ខ្នាត​តូច​តាម​សហគមន៍។ ស្ដារស្ទឹង បឹងបួរ ព្រែក និងអូរ ដើម្បី ថែរក្សា​ប្រភព​ទឹក​ធម្ម​ជាតិ។

៩២. បង្កើត​ឱ្យមាន និង​គាំទ្រ​ឱ្យ​ដំណើរ​ការ​ប្រកប​ដោយ​ប្រសិទ្ធភាព​នូវ​ក្រុម​ការងារ​​គ្រប់គ្រង​តំបន់ជំរាល​ (Watershed) មានដូចជាតំបន់ទន្លេ ស្ទឹង និង​​ព្រែក​​សំខាន់ៗ ដែលហូរចូលប្រព័ន្ធទន្លេមេគង្គ បឹង​ទន្លេ​សាប និង​ដែន​សមុទ្រ ដើម្បីការពារ នូវ​ការ​កើត​មាន​ឡើង​នូវ​ហានិភ័យ​ផ្សេងៗ​ទាក់​ទង​នឹង​​បរិស្ថាន និងសុខភាពក៏ ដូចជា​ធានា​ឱ្យ​មាន​ការ​ប្រើប្រាស់​ទឹក​ប្រកប​ដោយ​​សមធម៌ និងនិរន្តរភាព។

៩៣. កាត់បន្ថយហានិភ័យនៃការប្រែប្រួលអាកាសធាតុ តាមរយៈ​ការ​រៀប​ចំ និង​​អនុវត្តផែនការសកម្មភាពជាតិ​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ និង​ការ​ប្រែប្រួលអាកាសធាតុ ដោយ​រួមទាំង​វិភាជ​ថវិកា​ជាតិ​ប្រមាណ ២០០ ពាន់លានរៀល (៥០លានដុល្លារ) ១ឆ្នាំ ឬ​ប្រមាណ ១%​នៃ​ថវិកា​ជាតិ សម្រាប់គម្រោង​ផែនការសកម្មភាពបន្ស៊ាំ ការ​ប្រែ​ប្រួល​អាកាសធាតុ និង​ការ​កាត់​បន្ថយឧស្ម័នផ្ទះកញ្ចក់។

៩៤. ធ្វើការពង្រីកវិស័យដឹកជញ្ជូនឱ្យបានទូលំទូលាយ ដោយ​សហការ​ជាមួយ វិស័យ​ឯកជន ដើម្បី​ឱ្យ​ប្រជាពល​រដ្ឋ​ជា​អ្នក​ធ្វើ​ដំណើរ​ទទួល​បាន​សេវា​ល្អ​ប្រកប​​ដោយផាសុខភាព សុវត្ថិភាព និងតម្លៃសមរម្យ។ ធ្វើការ​ឧបត្ថម្ភ​ធន​បន្ថែម​ដល់ ក្រុមហ៊ុន​ឯនជន ដើម្បី​ធានា​កុំ​ឱ្យ​មាន​ការ​ឡើង​ថ្លៃសំបុត្រ​ធ្វើ​ដំណើ​រ​នៅពេល ថ្ងៃឈប់​សម្រាក​មាន​បុណ្យ​ទាន។

៩៥. រៀបចំឱ្យមានកញ្ចប់ថវិកា និងប្រព័ន្ធថែទាំ និងជួសជុលផ្លូវ ស្ពាន កំពង់ផែ និងអាកាសយានដ្ឋាន ដើម្បី​ធានា​គុណ​ភាព​ល្អ​ជាប់​ជានិច្ច។ ពង្រឹង និង​ពង្រីកប្រព័ន្ធផ្លូវជនបទ និង​ស្ពានដើម្បីតភ្ជាប់ភូមិ ឃុំ គ្រប់​ទី​កន្លែង។ ពន្លឿន​ការធ្វើស្ពានថ្មើរជើង នៅ​តាម​ទី​ប្រជុំ​ជន​មួយ​ចំនួន​ ពិសេស​នៅ​​​រាជធានីភ្នំពេញ។

៩៦. ពង្រឹង និងពង្រីកបណ្តាញប្រព័ន្ធផ្លូវដែកឱ្យបានទូទាំងប្រទេស ជា​ពិសេស​​តំបន់ទំនាបកណ្តាល និងតភ្ជាប់ជាមួយប្រទេសជិតខាង និង​ប្រព័ន្ធ​​ផ្លូវទឹក តាមដងទន្លេមេគង្គ ទន្លេសាប ស្ទឹង និង​ប្រឡាយ​ធំៗ។

៩៧. ពង្រឹង និង​ពង្រីក​បណ្តាញ​អគ្គិសនី ដើម្បី​ធានា​ថា​ប្រជាជន​គ្រប់​រូប​ទទួល​បាន​ភ្លើង​អគ្គិសនី​ប្រើប្រាស់​ក្នុង​តម្លៃ​សមរម្យ (៤៥០រៀលក្នុង​១​គីឡូវ៉ាត់)។ ធានា​នូវឯករាជ្យភាពនៃថាមពល ដោយមិនអាស្រ័យ​លើ​​​​​​បរទេស តាម​រយៈ​ការ​ផលិតថាមពលអគ្គិសនីក្នុងស្រុក។ ជំរុញ​ការ​អភិវឌ្ឍ និង​លើក​កម្ពស់​​ដល់​​ការវិនិយោគ​ ការ​ស្រាវ​ជ្រាវ​ថាមពល​អគ្គិសនី ដែល​កើត​ឡើង​វិញ ដូចជាវារី​អគ្គិសនី ថាមពល​ពន្លឺ​ព្រះអាទិត្យ ថាមពលវាយោ និង​ថាម​ពល​ជីវឧស្ម័ន ។ល។ ជាពិសេស​នៅ​តំបន់​ដាច់​ស្រយាល។  សិក្សា និង​កែ​សម្រួល​បណ្ដាញ​ផ្គត់ផ្គង់​អគ្គិសនីនៅក្នុងរាជធានីភ្នំពេញ និង​បណ្ដា​ក្រុង​សំខាន់ៗ​មួយចំនួនទៀត ដើម្បី​​កាត់​បន្ថយអត្រា​គ្រោះថ្នាក់​បណ្ដាល​មក​ពី​អគី្គភ័យ និង​បង្កើន​​សោភ័ណភាព។

៩៨. លើកស្ទួយ និងគាំទ្រសកម្មភាពសិក្សាស្រាវជ្រាវ និង​តែង​និពន្ធ​អំពី​វប្បធម៌ សិល្បៈប្រពៃណី អរិយធម៌ និងចំណេះដឹងបុរាណខ្មែរ។ ថែរក្សា និង​លើក​ស្ទួយពហុវប្បធម៌នៅកម្ពុជា ដោយ​គាំទ្រ​ស្នាដៃ​សិល្បៈ​សូនរូប និង​​របាំ​ប្រពៃណី​របស់​ជនជាតិ​ដើម​ភាគ​តិច​នៅ​កម្ពុជា។  ពង្រឹង​ និង​ការពារ​​កម្ម​សិទ្ធិ​​បញ្ញា​​​សម្រាប់​ស្នាដៃ​អក្សរ​សិល្ប៍ វប្បធម៌ ការស្រាវជ្រាវ និង​របក​គំហើញ​​វិទ្យាសាស្រ្ត។

៩៩. វិភាជ​ថវិកាជាតិ​ សម្រាប់​ការការពារ អភិរក្ស និងជួសជុលប្រាសាទ​បុរាណ​​ខ្មែរ ដោយ​រួម​ទាំង​បង្កើត​វិទ្យាស្ថាន​ជាតិ​អង្គរ​សម្រាប់​កេរ្តិ៍​ដំណែល​។ ជំរុញ​នូវ​ការផ្សព្វផ្សាយ​ពី​ទេសចរណ៍​វប្បធម៌ និង​ធម្ម​ជាតិ​ទៅ​បណ្តា​ប្រទេស​ដទៃ​លើ​ពិភពលោក។

១០០. ថែរក្សា និងពង្រឹងតួនាទីសាសនា ក្នុងការងារអប់រំសីលធម៌ ផ្សព្វ​ផ្សាយ បរិស្ថាន អភិវឌ្ឍជនបទ និងការងារសង្គមផ្សេងទៀតដូចជា ការ​គាំទ្រវត្ត​អារាមឱ្យក្លាយជាកន្លែងសម្រាប់អាចថែទាំកុមារ​កំព្រា និង​ចាស់​ជរា​គ្មាន    ទី​ពឹង។ គោរពសេរីភាពនៃជំនឿសាសនា លើក​ស្ទួយ​ការ​ជជែក​ពិភាក្សា​រវាង​សាសនា​ផ្សេងៗ ដើម្បីលើក​កម្ពស់​ការ​យល់​ពីគ្នា​ទៅវិញទៅមក។

១០១. រៀបចំឱ្យមានវេទិកាជាតិ ដែល​មាន​ការ​ជួប​ជុំ​រវាង​តំណាង​ជនជាតិ​ដើម​ភាគ​​តិច ខ្មែរឥស្លាម និង​ជនជាតិ​ភាគតិច​ផ្សេង​ទៀត​ជាមួយ​តំណាង​រដ្ឋា​ភិបាល។ រៀបចំឱ្យមាននាយកដ្ឋាន ទំនាក់​ទំនង​កិច្ចការ​ជនជាតិ​ដើម​ភាគ​តិច និងជន​ជាតិ​ភាគតិច ដែល​នាយក​ដ្ឋាន​នេះ​ស្ថិត​នៅ​ក្រោម​សភាជាតិ។

១០២. គាំទ្រ និងលើកស្ទួយសិទ្ធិសេរីភាពរបស់ជនជាតិជាខ្មែរឥស្លាម ជន​ជាតិ​​ដើម​ភាគតិច និងជនជាតិភាគតិចផ្សេងទៀត ទាក់ទងជំនឿ សាសនា ប្រពៃណី​ទំនៀម​ទំលាប់​ ក៏​ដូចជា​សិទ្ធិ​សេរីភាព​ខាង​សេដ្ឋ​កិច្ច និង​       នយោ​បាយ។

១០៣. ពង្រឹង និង​ពង្រីកតួនាទីព្រះសង្ឃ និងវត្តអារាមនៅក្នុងសហគមន៍ និង​​សង្គមជាតិ​ទាំងមូល ជាពិសេសលើការអប់រំសីលធម៌ បរិស្ថាន និង​ការងារសង្គមកិច្ច។ ផ្តល់​ឱកាស​ឱ្យ​ព្រះសង្ឃ​គ្រប់​ព្រះអង្គ​ទទួល​ការ​សិក្សា​បន្ថែម ដោយមានទាំង​ការសិក្សា​តាមរយៈ​ប្រព័ន្ធ​អ៊ីនធើណែត។ គាំទ្រ​ដល់​ការ​ពង្រឹងពង្រីកការបណ្តុះ​បណ្តាល​បន្ថែម​ជា​ប្រចាំ​ដល់​អាចារ្យវត្ត។

Comments
Loading...