សៀវភៅបៃតង – ភាគ៣

0 5,180

៤. គោលនយោបាយ និងកម្មវិធីនយោបាយរបស់ គបម

៤.១ គោលនយោបាយបង្រួបបង្រួមជាតិ

គោលបំណងនៃគោលនយោ​បាយនេះ គឺធានាឱ្យអ្នកនយោបាយ និង​ប្រជា​ពល​រដ្ឋ​ខ្មែរ ដែលមាននិន្នាការនយោបាយផ្សេងគ្នា មាន​ភាព​អត់​ឱន យោគ​យល់ គោរពឱ្យតម្លៃ និង​មាន​ការទុក​ចិត្ត​គ្នា​ទៅវិញ​ទៅ​មក ហើយ​ប្រជា​ពល​រដ្ឋខ្មែរ​គ្រប់រូប​ឈប់​​ភ័យ​ ឈប់​ខ្លាច​ដោយ​សារ​តែ​រឿង​​នយោបាយ។ ដើម្បី​សម្រេច​នូវ​គោល​បំណង​នេះ គបម នឹង​អនុវត្ត​កម្ម​វិធី​នយោបាយ​សំខាន់ៗ ដូចខាងក្រោម៖

១. រៀបចំឱ្យមានរដ្ឋាភិបាលសាមគ្គី​ជាតិ​ ដោយ​សមាជិក​មាន​មក​ពី​គណបក្ស​នយោបាយ​ដែលមាន​អាសនៈនៅសភាជាតិ និង​អតីត​អ្នក​នយោបាយ​ជាន់ខ្ពស់​មួយចំនួន។ រាជរដ្ឋាភិបាលសាមគ្គីជាតិ នឹង​ធ្វើការបែង​ចែក​តួនាទី និង​ការទទួល ខុស​ត្រូវ​តាម​ក្រសួង​នីមួយៗ និង​បង្ក​ឱកាស​ឱ្យ​អ្នក​ដឹក​នាំ​តាមក្រសួងនីមួយៗ មាន​សេរីភាព និងទទួល​បាន​ថវិកា​ជាតិ​ស្មើ​ភាព​គ្នា ដើម្បី​ធ្វើការ​យក​ស្នាដៃ ក្នុង​ការបម្រើប្រជា​ពលរដ្ឋ និងចូលរួម​ចំណែក​​កសាង និង​ការពារ​ជាតិ។

២. បង្កើត​ឧត្តមក្រុមប្រឹក្សាកសាងជាតិ​សម្រាប់​ផ្តល់ការណែនាំ និង​ផ្តល់​អនុ​-សាសន៍ ដល់រាជរដ្ឋាភិបាល ក្នុង​ការ​កសាង​គោល​នយោ-​បាយ​អភិវឌ្ឍ​ជាតិ និងនយោបាយក្រៅប្រទេស។ អ្នក​នយោបាយ និង​ឥស្សរ​ជនជាន់​ខ្ពស់​រួមមាន​អតីតនាយករដ្ឋមន្ត្រី ប្រធាន​ព្រឹទ្ធ​សភា ប្រធាន​រដ្ឋសភា និង​អតីត​អ្នក​នយោបាយជាន់ខ្ពស់​ផ្សេងៗ​ទៀត នឹងត្រូវបាន​អញ្ជើញ​ឱ្យធ្វើ​សមា​ជិក​​នៃឧត្តម​ក្រុមប្រឹក្សាជាតិ ដែល សមាជិកម្នាក់ៗ​ត្រូវការពារដោយ​ច្បាប់​ដែលមាន​អភ័យឯក​សិទ្ធិ។

៣. លើក​ស្ទួយវប្បធម៌សន្ទនា រវាង​អ្នក​នយោបាយ​ដោយ​មាន​ការ​រៀប​ចំ​ឱ្យ​មានការជួបជុំ​គ្នាជា​ទៀង​ទាត់​ រវាង​តំណាង​គណបក្ស​​នយោបាយ​​ស្រប​ច្បាប់​ទាំងអស់ ក្រោម​ព្រះរាជ​អធិបតី​ភាព​ព្រះ​មហាក្សត្រ ដោយ​មាន​អាហារ​សាមគ្គី។ ការជួប ជុំ​នេះ​អាច​ប្រារព្ធ ២​ដង​ក្នុង​១ឆ្នាំគឺ មួយ​ដង​មុន​ពេល​ចូល​ឆ្នាំខ្មែរ និងមួយដង ទៀត​ក្នុង​អំឡុង​ពេល​បុណ្យភ្ជុំបិណ្យ។

៤. លុបបំបាត់ និងមិនឱ្យមានភាពរើសអើងនយោបាយ និង​ការ​មាន​រចនា​សម្ព័ន្ធ​បក្សនយោបាយ​នៅតាម​ស្ថាប័នរដ្ឋ​ទាំងអស់ និង​លុប​បំបាត់​ការ​តាម​ដាន​​ប្រជា​ពលរដ្ឋ​ពី​និន្នាការ​នយោបាយពី​សំណាក់​​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់។ មេភូមិ និងអនុភូមិទាំងអស់ នឹង​តម្រូវ​​​ឱ្យ​លាលែង​ពី​សមា​ជិក​គណ​បក្ស​នយោ​បាយ ឬ​មិន​អនុញ្ញាត​​ឱ្យ​ក្លាយ​​​ជា​​សមាជិក​គណបក្ស​នយោបាយ​ណា​មួយ​​ឡើយ។

៥. ទទួលស្គាល់តួនាទីស្របច្បាប់របស់គណបក្សប្រឆាំង និង​បែង​ចែក​ថវិកា​ជាតិ ដល់គណបក្សនយោបាយ ដែល​មាន​អាសនៈ​នៅ​សភា​ជាតិ ឬ​មាន​សំឡេង​គាំទ្រពីប្រជាពលរដ្ឋចាប់ពី ២%​នៃ​សំឡេង​ឆ្នោត​សរុប​ឡើង​ទៅ ដើម្បី​យកទៅប្រើប្រាស់​លើ​សកម្មភាព​អប់រំ​នយោបាយ​ដល់​សមាជិក និង​ប្រជា​ពល​រដ្ឋទូទៅ ជាពិសេស​ពី​រដ្ឋ​ធម្មនុញ្ញ ពីច្បាប់គណបក្សនយោបាយ ច្បាប់​បោះ​ឆ្នោត និង គោល​នយោបាយ​របស់​គណបក្ស។ គណបក្ស​នីមួយៗ មាន​សិទ្ធិ​បង្កើត អង្គការមួយ ដែល​សម្ព័ន្ធ​របស់​គណបក្ស ដើម្បី​ធ្វើការ​ងារ​​ចូល​រួម​លើក​ស្ទួយ​លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និង​សិទ្ធិ​មនុស្ស​​នៅ​កម្ពុជា។ អង្គការទាំង​នោះ នឹង​ទទួល​បាន​ថវិកា​ជាតិ​តាម​រយៈ​សភា​ជាតិ ដែលបរិមាណថវិកា អាស្រ័យ​លើ​សំឡេង​ឆ្នោត​ដែល​គណបក្ស​សាមី​ទទួលបាន។

៦. រៀប​ចំឱ្យមានកម្មវិធីសន្ទនាមតិរវាងប្រជាពល​រដ្ឋ ជា​ពិសេស​យុវជន យុវនារី ដែលមាន​និន្នាការគណបក្សនយោបាយផ្សេងគ្នា ដែល​កម្មវិ​ធី​នេះ​មាន​រៀប​​ចំនៅគ្រប់ខេត្ត-រាជធានី​ និង​សម្រប​សម្រួល​ដោយ​ការិ​យា​ល័យ​រដ្ឋ​សភា​​តាមខេត្ត-រាជធានី ឬ​ដោយ​អង្គការ​មិនមែន​រដ្ឋាភិបាលជាតិ និង​អន្តរ​ជាតិ។

៧. រៀបចំឱ្យមានការពិភាក្សា ប្រកួតប្រជែងនូវទស្សនៈនយោបាយ ជា​ពិសេស​​ក្នុងចំណោម យុវជនតាមរយៈវេទិកាសាធារណៈ វិទ្យុ ទូរ​ទស្សន៍ ឬ​បណ្តាញ​​សង្គម។ល។ អ្នកមានការគាំទ្រច្រើន ត្រូវ​ទទួល​បាន​ឱកាស​ចូល​រួម​ប្រកួត​វេទិកាជាតិស្តីពី «ទស្សនៈ​នយោបាយ​ជាតិ» ដែល​រៀប​ចំ​យ៉ាង​តិច១ឆ្នាំ១ដង ហើយ​អ្នក​ដែល​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ជាង​គេ​នៅថ្នាក់ជាតិ ទទួល​បាន​ពាន​រង្វាន់​ពី​សភាជាតិ និង​មាន​ឱកាស​ទទួល​បាន​ការងារ នៅ​ក្នុង​ក្រុម​ប្រឹក្សា​គោលនយោបាយជាតិរបស់រាជ​រដ្ឋាភិបាល គណៈ​​កម្មា​ធិការ​សភា ឬព្រឹទ្ធសភា ឬជា​សមាជិក​ជាន់ខ្ពស់​របស់​គណបក្ស​​នយោបាយ​​ណាមួយ។

៨. ដោះលែង និងផ្តល់សិទ្ធិសេរីភាពដល់អ្នកទោសមនសិការ និង អ្នក​នយោ-​បាយ​​ទាំងអស់។ ធ្វើ​វិសោធនកម្មក្រមព្រហ្មទណ្ឌ ដើម្បី​ធានា​ថា​ប្រជា​ពល​រដ្ឋ​កម្ពុជា គ្មានទោសក្បត់ជាតិ។

Comments
Loading...