សៀវភៅបៃតង – ភាគ២

0 1,876

ភាគទី២ នៃសៀវភៅបៃតង និយាយអំពីបញ្ហាសំខាន់ៗរបស់ប្រជាពលរដ្ឋ និងរបស់ជាតិខ្មែរ។

៣. បញ្ហាសំខាន់របស់ប្រជាពលរដ្ឋ និងរបស់ជាតិខ្មែរ

យើងទទួលស្គាល់ថា ក្រោម​ការ​ដឹក​នាំ​របស់​រាជ​រដ្ឋា​ភិបាល​បច្ចប្បន្ន ប្រទេស​​កម្ពុជា​មានសន្តិភាព និងការអភិវឌ្ឍ ជាពិសេស​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ដូច​ជា​ផ្លូវ ស្ពាន បណ្តាញ​អគ្គិសនី និងកំណើនសេដ្ឋកិច្ច (ផលិត​ផល​សង្គម GDP)។ល។ តែទន្ទឹម​នឹងនេះ សង្គម​ជាតិ​ខ្មែរ​ទាំង​មូល​នៅ​ជួប​ប្រទះនូវបញ្ហា​សំខាន់ៗ​​ជាច្រើន ដែល​ទាម ទារ​ឱ្យ​មាន​ការ​ដោះ​ស្រាយ ជាពិសេស​ទាក់ទងនឹង​ភាព​អយុត្តិធម៌​សង្គម អំពើហិង្សា ផ្នែក​នយោបាយ ការ​ធ្លាក់​ចុះ​នៃ​គុណភាព​សេវា​សាធារណៈ និង​សមត្ថភាព​ប្រកួត​ប្រជែង​របស់​សេដ្ឋកិច្ច​ខ្មែរ​ជាដើម។ បញ្ហា​សំខាន់ៗ​ចំនួន៨ចំណុច មាន​ដូច​ខាង ក្រោមនេះ៖

១. ការកើនឡើងនៃអំពើហិង្សាក្នុងសង្គម ជាពិសេសអំពើហិង្សានយោបាយ​រវាង​ខ្មែរ​​និងខ្មែរ ដោយសារ​តែនិន្នាការ​នយោបាយ និងការ​​ភ័យ​ខ្លាច​របស់​ពលរដ្ឋ​ក្នុង​ការ​​ចូលរួម​កិច្ចការនយោបាយ។ បញ្ហា​នេះ វា​នឹង​នាំ​មក​​នូវ​អស្ថេរ​​ភាព​សង្គម ការ​ខ្វះ​​នូវឯកភាពជាតិភាព អសកម្ម​របស់​ប្រជាពលរដ្ឋ​ក្នុង​​ការ​​ចូល​រួម​ប្រកប​ដោយ​ប្រសិទ្ធ​​ភាព ក្នុង​ការ​ដឹកនាំ​ប្រទេស និង​កសាង​ជាតិ។

២. ការកើនឡើងនូវ​ភាព​អយុត្តិ​ធម៌សង្គម ជាពិសេស​ភាពក្រីក្ររបស់ ប្រជា​ពល​រដ្ឋ​រស់​នៅជនបទ ចាស់ជរារាប់សែននាក់រស់នៅ​ក្នុង ស្ថានភាព​លំបាក​គ្មាន​ចំណូល​ច្បាស់លាស់ គម្លាតរវាងអ្នកមាន និងអ្នកក្រ គម្លាត​រវាង​អ្នក​ជនបទ​​​​និងអ្នកទីក្រុងកា​ន់តែខ្លាំងឡើង ជាពិសេស​ទាក់ទងនឹង​ឱកាស​ទទួល​បាន​សេវាព្យាបាល និងសេវា អប់រំ​ប្រកបដោយគុណភាព។

៣. គុណភាព និងប្រសិទ្ធភាពនៃសេវាសាធារណៈ​មានការធ្លាក់ចុះ។​ មន្ត្រី​ភាគ​ច្រើន​ប្រមូល​ផ្តុំគ្នា​នៅរាជធានី និងទីរួមខេត្ត។ មន្ត្រី សាធារណៈ​មិនមាន​ធនធាន និង​សេរីភាព​គ្រប់គ្រាន់ក្នុងការ​ធ្វើ​ការ​​បម្រើ​ប្រជាពល​រដ្ឋ ហើយ​ភាព​​រើសអើង​ដោយសារ​តែ​និន្នាការ​នយោបាយ​ចាក់ឫស​យ៉ាង​ជ្រៅ​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ ហើយ​មន្ត្រី​ដែល​ត្រូវ​ការ​រក្សាបុណ្យសក្តិ​ តួនាទី​ត្រូវ​បង្ខំ​ចិត្ត​ធ្វើការ​​បម្រើ​​បក្ស​នយោបាយ​​ច្រើនជាង​បម្រើ​រដ្ឋ និងប្រជាពលរដ្ឋទូទៅ។

៤. ភាពក្រីក្រ និងអសមត្ថ​ភាព​ក្នុងការ​រកប្រាក់​ចំណូល​គ្រប់គ្រាន់ ដើម្បី ដោះ​ស្រាយ​​បំណុល​ដែលចេះ​តែកើន​ឡើង ជាពិសេស​ក្នុងចំណោម ប្រជា​កសិករ អាជីវករ និងកម្មករ។ ប្រជាពលរដ្ឋរាប់លាននាក់ បង្ខំ​ចិត្ត​ចំណាក​ស្រុក ដើម្បី​រកការងារធ្វើនៅក្រៅប្រទេស ទោះបី​ជា​ការងារ​ខុស​ច្បាប់​ក៏​ដោយ។

៥. សេដ្ឋកិច្ចមានការកើនឡើងពិតមែន ប៉ុន្តែភាគច្រើនអាស្រ័យលើឧស្សា​ហ​កម្ម​​កាត់​ដេរដែលមិនសូវនិរន្តរភាព និងឱនភាពនៃជញ្ជីង ពាណិជ្ជកម្ម ជា​ពិសេស​ជាមួយប្រទេសជិតខាង។ កសិករ សិប្បករ ឧស្សាហករ​ខ្មែរ​ភាគ​ច្រើន​បាត់​បង់​នូវសមត្ថភាពប្រកួតប្រជែងដែល នាំ​ឱ្យ​ផលិតផល​កាន់​តែ​ច្រើន​ហូរ​ចូល​មកទីផ្សារក្នុងស្រុក ដែលធ្វើឱ្យ បាត់បង់​ការងារ​ក្នុងស្រុក និង​ប្រាក់​ចំណូល​ជាតិ។ ម្យ៉ាងវិញទៀត ការ​នាំ​ចេញ​នូវ​កសិផល​សំខាន់ៗ ដូចជា​​កៅស៊ូ ម្រេច ដំឡូង ស្វាយចន្ទី ។ល។ ត្រូវ​ពឹង​ទាំង​ស្រុង​លើ​ប្រទេស​​ជិត​ខាង។

៦. ការធ្លាក់ចុះនៃសីលធម៌សង្គមក្នុងចំណោមយុវជន យុវនារី ហើយ ភាព​រើស​អើង​ស្ត្រី​ក្នុងសង្គមនៅ​តែ​បន្តមាន។ ការកើនឡើងនៃការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​​នៅគ្រប់ទីកន្លែង ក្នុងចំណោមយុវវ័យនៅគ្រប់ ទី​កន្លែងបាន និង​កំពុង​នាំមកនូវ​ហានិភ័យ​ខ្ពស់​ដល់​សង្គមជាតិ។

៧. អត្រា​បាត់បង់ព្រៃឈើ ជម្លោះ​ដីធ្លី និងចំនួនកសិករដែលគ្មាន​ដីធ្លី ​បញ្ហាបទ​ល្មើស​​នេសាទ និងការបំពុលប្រព័ន្ធបរិស្ថានតាមរយៈ អាជីវ​កម្មផ្សេងៗ នៅ​​តែ​​បន្ត​កើត​​មានឡើងកាន់​តែច្រើនដោយមិនទាន់ មាន​ដំណោះ​ស្រាយ​សម​ស្រប។

៨. ការកើនឡើងនូវ​ជនអន្តោប្រវេសន៍​ទាំងខុសច្បាប់ ទាំងស្របច្បាប់ ការ​ខ្វះខាត​ការគ្រប់គ្រងជនអន្តោប្រវេសន៍​ដោយតម្លាភាព និងការ ខ្វះ​ខាត​ការ​ធ្វើសមាហរណកម្ម​ជនអន្តោរ​ប្រវេសន៍ក្នុងសង្គមខ្មែរ អាច​នាំ​មកនូវ​ហានិ​ភ័យ​​ទាក់ទងទាំងសន្តិសុខសង្គម និងនិរន្តរភាព ជាតិខ្មែរ។ គោល​នយោ-​បាយ និងកម្មវិធីនយោបាយសំខាន់ៗទាំង ១២៥​ចំណុច នឹងចូលរួម​ចំណែក​​ដោះស្រាយ​បញ្ហា​សំខាន់ៗ​ទាំង​៨​ខាង​លើ​នេះ។

 

Comments
Loading...