សៀវភៅបៃតង – ភាគ១

0 2,077

ភាគ១ នៃសៀវភៅបៃតង រាយរាប់ពី សេចក្តីផ្តើម, អំពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម), ប្រវត្តិ, ស្លាកសញ្ញា និងអត្ថន័យ, គោលបំណង និងបេសកកម្ម, គុណតម្លៃ, គោលការណ៍ទាំង៦, រចនាសម្ព័ន្ធដឹកនាំគណបក្ស

១. សេចក្តីផ្តើម

តាមរយៈកិច្ចព្រមព្រៀងនៅទីក្រុងបារីស អំពីបញ្ហា​កម្ពុជា​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ១៩៩១ ភាគីនយោបាយខ្មែរទាំង៤ បានឯក​ភាព​គ្នា​បញ្ចប់​សង្គ្រាម​បង្ហូរ​ឈាម ដណ្តើមអំណាចដឹកនាំប្រទេស ដោយ​ងាក​មកធ្វើការប្រកួតប្រជែងគ្នាវិញ តាម​រយៈ​ការ​បោះ​ឆ្នោត​​ដោយ​ឈរ​លើ​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស។   ដោយ​​មាន​ការ​ជួយ​ជ្រោម​​ជ្រែងពីអង្គការ​សហ​ប្រជាជាតិ​ តាមរយៈ​អាជ្ញា​ធរ​​អ៊ុនតាក់ (United Nations Transitional Authority in Cambodia – UNTAC)។ ការបោះ​ឆ្នោត​ជាតិ​មួយ​បាន​រៀបចំ​ឡើង​ទៅខែ​ឧសភា ឆ្នាំ១៩៩៣។ រដ្ឋ​​​ធម្ម​នុញ្ញថ្មី មួយក៏​ត្រូវ​បាន​បង្កើត និងអនុម័តប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ​១៩៩៣ ដែលបានចែងថា ប្រទេស​កម្ពុជា​ប្រកាន់​យក​របប​រាជា​​និយម​​អាស្រ័យ​​រដ្ឋធម្មនុញ្ញ និង​ប្រជា​ធិបតេយ្យ​​សេរីពហុបក្ស។ ចាប់​តាំង​​ពី​ឆ្នាំ១៩៩៣មក កម្ពុជា​បានរៀបចំការបោះឆ្នោត​ទៀង​ទាត់​រាល់​៥ឆ្នាំ​ម្តង ហើយនៅថ្ងៃទី២៩ ខែ​កក្កដា ឆ្នាំ២០១៨ ខាង​មុខ​នេះ កម្ពុជា​នឹង​រៀប​ចំការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​​​រាស្ត្រ សម្រាប់​អាណត្តិ​ទី៦ (២០១៨-២០២៣)។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) ដែល​បាន​បង្កើត​ឡើង​កាល​ពីខែ សីហា ឆ្នាំ២០១៥ នឹងចូលរួម​ប្រកួត​ប្រជែង​ការបោះ​ឆ្នោត​ជាតិ​នេះជាមួយគណបក្ស នយោបាយផ្សេងទៀត ជា​ពិសេស​ប្រកួត​ជាមួយ​គណបក្ស​ដែល​កំពុងដឹកនាំប្រទេស ដើម្បីទទួលបាន​សិទ្ធិ​អំណាច​ពី​ប្រជា​ពលរដ្ឋ​ខ្មែរ ក្នុងការចូលរួមចំណែកដឹកនាំ កសាង​ប្រទេស​កម្ពុជាមួយ ដែល​ប្រជា​ពលរដ្ឋខ្មែរគ្រប់រូបរស់​នៅ​មាន​​ជីវិតថ្លៃថ្នូរ និងប្រទេស​ជាតិ​មាន​អធិបតេយ្យ​ពេញលេញ។ ក្នុងការ​ចូលរួមការបោះឆ្នោតនេះ គណបក្ស​​ប្រជាធិបតេយ្យ​មូល​ដ្ឋាន​ (គបម) បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ និងកម្មវិធី​នយោ​បាយ​ចំនួន ១២៥ចំណុច ដែល​ផ្តោត​ទៅ​លើ ការ​បង្រួប​បង្រួម​ជាតិ កសាង និងការពារជាតិ ក៏​ដូចជា​ការ​ពង្រឹង​​សហប្រតិ​បត្តិការអន្តរជាតិ។ ការរៀប​ចំ​នូវចំណុចទាំង ១២៥ ដែល​​មានចែង​ក្នុងសៀវភៅនេះ ឈរ​លើ​គោល​ការណ៍ (ប៤) ផ្តោត​​ទៅ​លើ​ការ​​កែលំអបន្ថែម ក៏ដូចជាបន្ថយ ឬបញ្ឈប់ នូវ​​គោល​​នយោបាយ និង​ការអនុវត្តរបស់រាជរដ្ឋាភិបាលបច្ចប្បន្ន។ ទន្ទឹម​នឹង​នេះ ចំណុច​មួយ​​ចំនួន​ក៏ត្រូវបានផ្តោតទៅលើការបន្ត (ពង្រឹង​ពង្រីក​បន្ថែម) នូវអ្វីដែល​ជា​គោល​​​នយោបាយ​ល្អ​របស់​រាជរដ្ឋា​ភិបាល​​បច្ចប្បន្ន ជាពិសេសការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ។

សៀវភៅនេះ ដែលយើងហៅថា សៀវភៅបៃតង ជាកិច្ច​សន្យា​នយោបាយ ដ៏សំខាន់របស់ គបម ចំពោះ​ប្រជាពល​រដ្ឋ​ជា​ម្ចាស់​​ឆ្នោត និង​ជា​ផែនទី​បង្ហាញ​ផ្លូវ សម្រាប់រាជរដ្ឋាភិបាលអាណត្តិ​ថ្មី ដែល​ដឹកនាំ​ដោយគបម។ គួរ​បញ្ជាក់​ថា ប្រជាពលរដ្ឋ ត្រូវ​ធានា​នូវសិទ្ធិ​សេរី​ភាព​គ្រប់​គ្រាន់ ក្នុងការចូលរួម​តាម​ដាន​ផ្តល់​យោបល់ វាយតម្លៃលើ​ការ​អនុវត្ត​គោល​នយោបាយ​ទាំង ១២៥​ចំណុច​នេះ ក៏ដូច​​ជា​មានសិទ្ធិ​អំណាច​ក្នុង​ការ​​ដក​​តំណាងរាស្ត្រ (កូតាគបម) មុនអាណត្តិ ​ក្នុង​ករណី​បំពេញ​តួនាទី​​មិន​​បាន​ល្អ​តាម​ការ​សន្យា។

២. អំពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម)

២.១ ប្រវត្តិ

នៅខែកញ្ញា ឆ្នាំ២០១៤ ក្រុមបញ្ញវន្ត និង​អ្នកដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ខ្មែរ​មួយ​​ចំនួន​មានដូចជា លោកបណ្ឌិត កែម ឡី បណ្ឌិត យ៉ង សាំងកុមារ បណ្ឌិត​សាម អ៊ីន លោកយ៉េង វីរៈ ជាដើម បាន​បង្កើត​បណ្តាញ​សង្គម «ខ្មែរ​ដើម្បី​ខ្មែរ» ក្នុង​គោល​បំណង​ធ្វើការ​តស៊ូ​មតិ និង​អប់រំ​​នយោបាយ​ដល់​ប្រជា​ពលរដ្ឋ ជា​ពិសេស​ជំរុញ​គណបក្ស​នយោបាយ​នីមួយៗ មាន​គោលការណ៍​ប្រជាធិបតេយ្យ​ផ្ទៃ​ក្នុង​

បក្ស ហើយធ្វើ​ការ​ប្រកួត​ប្រជែង​​គ្នា​នូវ​​គោល​នយោបាយ​ល្អៗ ដើម្បី​ដោះស្រាយបញ្ហា​ប្រជា​ពលរដ្ឋ និង​បញ្ហា​ជាតិ។ ចាប់ពីខែ​មករា ឆ្នាំ២០១៥ សមាជិក​ស្ថាបនិក​នៃ​បណ្តាញ «ខ្មែរដើម្បីខ្មែរ»  បានធ្វើការ​ពិគ្រោះ​យោបល់​ជាមួយ​តំណាង​ប្រជា​ពល​រដ្ឋ ជាពិសេសមកពីខេត្តកំពង់ស្ពឺ តាកែវ និងកំពត រហូត​​ឈាន​​ដល់​​បង្កើត​គណ​បក្ស​នយោ​បាយថ្មីមួយ នៅថ្ងៃទី០២ ខែ​​សីហា ឆ្នាំ២០១៥ ដែលមានឈ្មោះថា «គណ​បក្ស​ប្រជាធិប-​តេយ្យ​​មូលដ្ឋាន» (Grassroots Democratic Party – GDP)។ ដើម្បី​ផ្តល់​កិត្តិយស ក៏ដូចជា​ការ​រំឭក​គុណ​ដល់បណ្ឌិត កែម ឡី ដែល​ចូលរួម​​ដំណើរ​ការ​បង្កើត​គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ​ហើយ​យើង​បាន​ចាត់​ទុក​រូប​​គាត់​​ជា «បិតា​ស្ថាបនិក​គណបក្ស»​

២.២ ស្លាកសញ្ញា និងអត្ថន័យ

គបម មាន​ស្លាក​សញ្ញា​រូប​ត្រី​កោណ មាន​ផ្ទៃ​ពណ៌​​បៃតង ព័ទ្ធ​ជុំវិញ​ដោយ ជ្រុង​​សង​ខាង​ពណ៌​​ខៀវ  និង​ជ្រុង​បាត​​ពណ៌​​​ក្រហមដឹតធំ​ មាន​​អក្សរ គបម ពណ៌​ស​​​នៅ​​កណ្ដាល និង​​មាន​​អក្សរ​​​ ពណ៌​ខៀវ​សរសេរ​ថា​គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​​នៅពី​ក្រោម។

  • រូបត្រីកោណ តំណាងឱ្យប្រជាធិបតេយ្យពីក្រោម​ឡើង​លើ យក​​​ប្រជា​ពល​រដ្ឋ​នៅ​តាមមូលដ្ឋានជាធំ
  • ផ្ទៃពណ៌បៃតងតំណាងឱ្យធម្មជាតិ កសិកម្ម និងប្រជា​ធិបតេយ្យ​មូលដ្ឋាន
  • ពណ៌ក្រហម តំណាងឱ្យការតស៊ូ ព្យាយាម និងយុត្តិធម៌
  • ពណ៌ខៀវ តំណាងឱ្យសិទ្ធិ សេរីភាព និងច្បាប់
  • ពណ៌ស តំណាងឱ្យតម្លាភាព ស្មោះត្រង់ និងសុចរិតភាព។

 ២.៣ គោលបំណង និងបេសកកម្ម

គោលបំណងវែងឆ្ងាយរបស់ គបម គឺ «ប្រជា​ពលរដ្ឋ​រស់នៅ​មាន​ជីវិត​ថ្លៃថ្នូរ និងប្រទេស​ជាតិមាន​អធិបតេយ្យពេញលេញ»

ដើម្បី​​សម្រេច​នូវគោលបំណងវែងឆ្ងាយនេះ គបម មាន​បេសក​កម្ម «បណ្តុះអ្នក​ដឹកនាំល្អ និង​កសាង​មូលដ្ឋាន​គ្រឹះ​ប្រជាធិប​តេយ្យ​ទូទាំង​ប្រទេស»

ទិសដៅរបស់យើង គឺធ្វើការជ្រើសរើស និង​បណ្តុះ​បណ្តាល​អ្នក​ដឹក​នាំ​នៅ​តាមមូលដ្ឋានឱ្យបានគ្រប់ភូមិឃុំ ដើម្បីក្លាយជាអ្នកជំហរ ឬ​សសរ​ទ្រូង​នៃ​សង្គម​​ប្រជាធិបតេយ្យ។

 ២.៤ គុណតម្លៃ

គុណតម្លៃ របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) មាន​ចំនួន៥ តែជាផ្លូវការយើងច្រើនបង្ហាញចំនួនតែ៣ប៉ុណ្ណោះ​គឺ សាមគ្គីភាព យុត្តិធម៌ និងអហិង្សា ហើយគុណតម្លៃ ២ទៀតគឺ សេរីភាព និងសុចរិតភាព

ក. គុណតម្លៃទី១៖ សាមគ្គីភាព

  • ធ្វើនយោបាយដោយមិនឱ្យ​ខ្មែរបែកបាក់គ្នាដោយនិន្នាការ​នយោបាយ
  • លើកស្ទួយការសហការគ្នារវាងប្រជាពលរដ្ឋជា​សមាគម សហគមន៍ សហជីព ក្រុមហ៊ុនជាដើម និង​បណ្ដុះ​ស្មារតី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​រវាង ប្រជាពលរដ្ឋ
  • រៀប​ចំឱ្យមានរដ្ឋាភិបាលសាមគ្គីជាតិមួយ ដែល​មានការ​ចូលរួម​ពី​គណបក្សនយោ​បាយ ដែលមានសំឡេងតិចជាង ហើយ​មាន​អាសនៈ​នៅក្នុងសភា តាម​គោលការណ៍​​ចែកការ​ទទួលខុស​ត្រូវ​ ដើម្បី​ផល​ប្រយោជន៍​ជាតិ។

ខ. គុណតម្លៃទី២៖ យុត្តិធម៌

  • ប្រជាពលរដ្ឋខ្មែរគ្រប់រូប ទទួល​បាន​នូវ​ការធានា​ស្មើភាព​គ្នា​ចំពោះ​​មុខ​​ច្បាប់ តាមគោលការណ៍នីតិរដ្ឋ និង​ប្រព័ន្ធ​តុលាការ​មួយ​​ដែល​ឯករាជ្យ និងយុត្តិធម៌
  • ប្រជា​ពល​រដ្ឋគ្រប់រូប គ្រប់ទីកន្លែង ទទួល​បាន​សេវា​សាធារណៈ​ល្អ​ដូច​គ្នា ជា​ពិសេសសេវាអប់រំ សេវាសុខាភិបាលល្អ និង​សេវា​សង្គម​កិច្ច។
  • ប្រជា​ពលរដ្ឋគ្រប់រូប មាន​ឱកាស​ដូចៗ​គ្នា​ក្លាយ​ជា​អ្នក​នយោ​-បាយ ឬអ្នកដឹក នាំនៅថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ។

គ. គុណតម្លៃទី៣៖ អហិង្សា

  • ការពារ​កុំឱ្យកើតមានឡើងនូវអំពើហិង្សា​ផ្សេងៗ​ក្នុង​សង្គម​ខ្មែរ​ជាពិសេសតាមរយៈ​ការលើក​ស្ទួយ​គុណតម្លៃទាំងអស់​របស់ គបម
  • មិន​ធ្វើ​នយោបាយដែល​នាំមក​នូវហិង្សា ដូចជាការប្រើភាសា ជេរ​ប្រមាថ លាប​ពណ៌ ញុះញង់ មួល​បង្កាច់ បោក​ប្រាស់​ជាដើម
  • មិន​ប្រើប្រាស់មធ្យោបាយហិង្សា ដើម្បីឈានទៅកាន់អំណាច គឺ​ដើរ​តាម​តែ​គោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស ជា​ពិសេស​​​តាម​មធ្យោ​បាយ​បោះឆ្នោតដោយសេរី ត្រឹមត្រូវ និង​យុត្តិធម៌។

ឃ. គុណតម្លៃទី៤៖ សេរីភាព

  • ធានាឱ្យប្រជាពលរដ្ឋមានសេរីភាពនយោបាយដូចជា សេរី​ភាព​បង្កើត និង​ចូល​រួមជាមួយគណបក្សនយោបាយ ជាមួយ​សមាគម សហជីព និងសហគមន៍។ល។
  • លើកស្ទួយ​សេរីភាព​សេដ្ឋកិច្ច​តាមគោលការណ៍​សេដ្ឋកិច្ច​ទីផ្សារ​សេរី។ បង្ក​បរិ​យាកាស​ល្អដល់​ភាពរីក​ចម្រើន​នៃវិស័យ​ឯកជន ជា​ពិសេស​សហ​គ្រាស​​ខ្នាត​តូច និងមធ្យម និង​លើក​ស្ទួយ​យុវជន និង​ស្ត្រីឱ្យ​ក្លាយជា​សហ​គ្រិនជោគជ័យ
  • ធានា​ឱ្យមាន​សេរីភាព​ខាងជំនឿ និងសាសនា និង​គាំទ្រ​ឱ្យ​មាន​ការ​សន្ទនា​​មតិរវាងក្រុមសាសនាផ្សេងៗ។

ង. គុណតម្លៃទី៥៖ សុចរិតភាព

  • រៀបចំឱ្យមានគោល​នយោបាយ ដែល​មាន​ភាព​សម​ស្រប​ទៅ​តាម​តម្រូវ​ការជាក់ស្តែង​របស់ប្រជាជន និងប្រទេសជាតិ
  • អនុវត្ត​ឱ្យបាន​ល្អនូវ​គោល​នយោបាយ​ដែលបាន​សន្យា​ជាមួយ​ម្ចាស់​ឆ្នោត
  • មាន​ការ​ទទួល​ខុសត្រូវ​ចំពោះ​ម្ចាស់​ឆ្នោត និង​សមាជិក​ ក្នុង​ករណី​អនុវត្ត​មិន​បាន​ល្អនូវ​គោលការណ៍ និង​គោល​នយោបាយ​តាម​ពាក្យ​សន្យា ជា​ពិសេស​មាន​យន្តការ​ផ្ទៃក្នុង​បក្ស​ឱ្យ​សមាជិក​ដក​តំណាង​រាស្ត្រ និង​នាយក​​រដ្ឋ​មន្ត្រីមុនអាណត្តិ។

២.៥ គោលការណ៍ទាំង៦

ជារួម គបម អនុវត្តនូវគោលការណ៍ «ប្រជា​ធិបតេយ្យ​ផ្ទៃក្នុង​បក្ស»​ និង​«គណនេយ្យ​ភាព​ពី​លើ​មក​ក្រោម» ដើម្បី​ឱ្យ​មនុស្ស​ល្អ​មាន​ឱកាស​ធ្វើការ​ជាមួយ​គណបក្ស ដើម្បី​បម្រើប្រជាពលរដ្ឋ និង​កសាង​ជាតិ។ ​

គោលការណ៍​​លម្អិតមាន ៦​ចំណុច​សំខាន់ៗ​ដូចខាង​ក្រោម៖

១. ស្ម័គ្រចិត្ត និង​បើកចំហសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ដើម្បី​ចូល​រួម​ជា​សមាជិក​

២. សមាជិកធិបតេយ្យ (ប្រជាធិបតេយ្យផ្ទៃក្នុងបក្ស) ដោយសមាជិក ឬ​ប្រតិភូតំណាង សមាជិកចូលរួមសម្រេចលើការរើសបេក្ខជន រើស​តំណាង​បក្ស​ថ្នាក់មូលដ្ឋាននិងថ្នាក់ជាតិ និង​សម្រេច​លើ​គោល​នយោបាយ​សំខាន់ៗ

៣. ប្រជាធិប​តេយ្យ​បែប​វិមជ្ឈការ ដោយ​សិទ្ធិ​អំណាច​សម្រេច​ចិត្ត​ត្រូវ​បាន​ប្រគល់​ឱ្យទៅ​ថ្នាក់មូលដ្ឋាន

៤. អ្នក​ដឹកនាំ​ខាង​លើដើរ​តួនាទី​ជាអ្នកសម្របសម្រួល និង​ពង្រឹង​សមត្ថភាព​ឱ្យ ​ដល់​សមាជិក និងប្រជាពលរដ្ឋទូទៅ

៥. ភាព​ជាម្ចាស់ ជាពិសេស​ស្វ័យ​ភាព​ហិរញ្ញវត្ថុ ដោយ​គណបក្ស​ប្រើ​ប្រាស់​តែ​លើ​​ការចូល​រួម​ថវិកា​ពីសមាជិក និង​អ្នក​គាំទ្រ​ ដើម្បី​ទ្រទ្រង់​សកម្មភាព​ផ្សេងៗ

៦. ឱកាសស្មើភាពគ្នា​សម្រាប់ស្ត្រី យុវជន យុវនារី ក្នុងការចូលរួមជាមួយ គណបក្ស ​ជាពិសេស​ការ​កំណត់​កូតា​ក្នុង​គណៈ​កម្មាធិការ​ដឹក​នាំ​តាំង​ពី​ថ្នាក់​មូល​ដ្ឋាន​ដល់ថ្នាក់ជាតិ។

២.៦ រចនាសម្ព័ន្ធដឹកនាំគណបក្ស

រចនាសម្ព័ន្ធ គបម មានចែកជារចនាសម្ព័ន្ធថ្នាក់ជាតិ និង​ថ្នាក់​មូល​ដ្ឋាន។ រចនាសម្ព័ន្ធថ្នាក់ជាតិ រួមមាន៖

  • សមាជជាតិ
  • គណៈកម្មាធិការនាយក
  • គណៈកម្មាធិការប្រតិបត្តិ
  • គណៈកម្មាធិការវិន័យ និងដោះស្រាយវិវាទ។

បច្ចប្បន្ន លោក យ៉េង វីរៈ ជាប្រធានគណៈ​កម្មាធិការ​ប្រតិបត្តិ បណ្ឌិត យ៉ង សាំងកុមារ ជាប្រធានគណៈកម្មាធិការនាយក និង​លោក​ស្រី ប្រុក វ៉ាន្នី ជាប្រធានគណៈកម្មាធិការវិន័យ និង​ដោះ​ស្រាយ​វិវាទ។ គណបក្ស ក៏មាន​តំណាងស្ត្រី តំណាងយុវជន និង​តំណាង​យុវតី​ថ្នាក់​ជាតិ​ដែរ។

ដោយឡែក អគ្គលេខាធិការដ្ឋានរបស់គណបក្សមានតួនាទី និង​ការ​ទទួល​ខុស​ត្រូវក្នុងការចាត់ចែង​ការងារ​ប្រចាំថ្ងៃ​របស់​គណបក្ស។ បច្ចប្បន្ន​ ​បណ្ឌិត សាម អ៊ីន គឺ​ជាអគ្គលេខាធិការ​របស់គណបក្ស។

នៅ​តាមបណ្តាខេត្ត-រាជធានី គណបក្ស​ត្រូវ​បាន​ដឹក​នាំ​ដោយ​គណៈ​កម្មា​ធិការ​​ប្រតិបត្តិ​ខេត្ត-រាជធានី ដែល​មានប្រធាន អនុប្រធាន តំណាងស្ត្រី តំណាង​យុវជន និងតំណាងយុវតីជាសមាជិក។ ប្រធាន​គណៈ​កម្មាធិការ​ប្រតិបត្តិខេត្ត-រាជ​ធានី តំណាងស្ត្រី យុវជន និងយុវតី ថ្នាក់​ខេត្ត-រាជធានី ត្រូវ​បាន​ជ្រើស​តាំង​តាម​រយៈ​​ការ​បោះឆ្នោត​ដោយ សមាជិក​ខេត្ត-រាជធានីសាមី។

 

 

Comments
Loading...