វប្បធម៌នយោបាយថ្មី ជំនួសវប្បធម៌នយោបាយជេរប្រមាថដាក់បណ្តាសា

0 4,325

អ្នក​នយោបាយ ត្រូវ​ចាត់ទុក​ជា​បុគ្គល​សាធារណៈ ហើយ​ត្រូវ​ទទួល​បាន​ការ​ឃ្លាំ​មើល​ពី​ភ្នែក​ប្រជា​ពល​រដ្ឋ​រាប់​លាន​នាក់។នៅ​ក្នុង​សង្គម​មនុស្ស ប្រជា​ពល​រដ្ឋ តែង​តែ​មាន​ការ​យល់​ឃើញ​ផ្សេងៗ​គ្នា ចំពោះ​សកម្ម​ភាព និង​ពាក្យ​សម្តី​របស់​អ្នក​នយោបាយ​ ដោយ​មាន​អ្នក​ខ្លះ​គាំទ្រ សរសើរ លើក​ទឹក​ចិត្ត អ្នក​ខ្លះ​រិះ​គន់​ស្ថាបនា អ្នក​ខ្លះ​រិះ​គន់​បំផ្លាញ ហើយ​មាន​អ្នក​ខ្លះ​ឈាន​រហូត​ទៅ​ដល់​ជេរ​ប្រមាថ ដាក់​បណ្តាសា​ផ្សេងៗ។ នៅប្រទេសយើង​ក៏​មិន​សូវ​ខុស​ពី​នៅ​ប្រទេស​ផ្សេង​ទៀត​ដែរ ជា​ពិសេស​ប្រទេស ដែល​ប្រកាន់​យក​របប​ប្រជា​ធិបតេយ្យ​សេរី​ពហុ​បក្ស ដែល​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ​ជា​គោល​ការណ៍​ដ៏​សំខាន់​មួយ។

អត្ថបទ៖ អ្នកមិនអាចដឹកនាំបានទេ ពេលអ្នកភ័យខ្លាច

ឧទាហរណ៍​កន្លង​មក នៅ​ពេល​ដែល​ខ្ញុំ​ចាប់​ផ្តើម​សកម្ម​ភាព​ជាមួយ​រឿង​នយោបាយ ហើយ​ក្លាយ​ជា​ស្ថាប​និក និង​អ្នក​ដឹក​នាំ​សំខាន់​មួយរូប​របស់​គណបក្ស​ប្រជាធិប​តេយ្យ​មូល​ដ្ឋាន ជា​ពិសេស​ចុង​ក្រោយ​នេះ ពេល​យើង​សម្រេច​ចិត្ត​ចូល​រួម​ការ​បោះ​ឆ្នោត​ជាតិ ២០១៨​ខាង​មុខ​នេះ គឺ​ខ្ញុំ​ទទួល​បាន​ការ​គាំទ្រ ក៏​ដូច​ជា​ការ​រិះ​គន់ ជេរ​ប្រមាថ បន្ទាប​បន្ថោក​​គ្រប់​រូប​ភាព ហើយ​អ្នក​ដែល​ជេរ​ប្រមាថ​លើ​រូប​ខ្ញុំ មានក្មេង មាន​ចាស់ និង​មាន​អ្នក​ដែល​ធ្លាប់​ស្គាល់​រាប់​អាន​ខ្ញុំ​​ផង​ដែរ។ ក៏​ប៉ុន្តែ  ទោះ​បី​ជា​មាន​ការ​ជេរ​ប្រមាថ​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​តែង​តែ​បង្ហាត់​ចិត្ត​ខ្លួន​ឯង​ឲ្យ​មាន​ការ​យោគ​យល់ និង​អត់​ធ្មត់​ខ្ពស់ ជា​ពិសេស​ទៀត ជៀស​វាង​ជេរ​ប្រមាថ ដាក់​បណ្តាសា​ត្រឡប់​ទៅ​វិញ ដូច​ជា​ជៀស​វាង​ការ​ប្រើ ពាក្យ​សម្តី​ទៅ​កាន់​អ្នក​ដែល​មាន​ទស្សនៈ​ខុស​ពី​ខ្ញុំ ដោយ​ផ្សា​ភ្ជាប់​ពាក្យ​រន្ទះ​បាញ់ ឡាន​បុក អាប តិរិច្ឆាន អគតិ។ល។ និង​។ល។​ ទន្ទឹម​នឹង​នេះ យើង​ក៏​បណ្តុះ​ស្មារតី​អត់​ធ្មត់ យោគ​យល់​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ចំណោម​សកម្ម​ជន និង​អ្នក​គាំ​ទ្រ ហើយ​បង្កើន​សកម្ម​ភាព​អប់រំ ពន្យល់​ពី​គោល​ការណ៍ និង គោល​នយោបាយ​ល្អៗ​ដល់​ប្រជា​ពល​រដ្ឋ។ លើស​ពី​នេះ​ទៀត យើង​ក៏​ត្រូវ​ផ្តល់​ឱកាស​ដល់​អ្នក ដែល​មិន​គាំ​ទ្រ​យើង​ ឲ្យ​ពួក​គាត់​អាច​ពន្យល់​ពី​ទស្សនៈ​របស់​គាត់​ផង​ដែរ។ ការ​រៀន​ស្តាប់​គ្នា​ទៅ​វិញ​ទៅ​មក ជា​ទង្វើ​មួយ​ដ៏​សំខាន់​ក្នុង​ការ​ចូល​រួម​ចំណែក​កាត់​បន្ថយ​នូវ​អវិជ្ជា ដែល​ជា​ប្រភព​ដ៏​សំខាន់ មួយ​នៃ​បញ្ហា​ក្នុង​សង្គម​ជាតិ​យើង។

អត្ថបទ៖ ស្រុកខ្មែរសម្បូរសប្បាយ តាមរយៈសេដ្ឋីស្រុកស្រែ

ជា​សរុប​មក ខ្ញុំ​ចង់​បញ្ជាក់​ថា បើ​ចង់​ក្លាយ​ខ្លួន​ជា​អ្នក​នយោបាយ​ដឹក​នាំ​ប្រទេស ការ​ប្រឈម​ទៅ​នឹង​ការ​រិះ​គន់ ជេរ​ប្រមាថ ជា​រឿង​ធម្មតា ហើយ​យើង​ត្រូវ​មាន​ភាព​អត់​ធ្មត់​ ទទួល​យក​ដោយ​ជៀសវាង​ការ​ជេរ​ប្រមាថ​ ដាក់​បណ្តាសា​ត្រឡប់​ទៅ​វិញ ដែល​វា​នាំ​មក​នូវ​បញ្ហា និង​ភាព​បែក​បាក់​គ្នា ក្នុង​សង្គម​កាន់​តែ​ខ្លាំង។ អ្នក​ដឹក​នាំ​ល្អ​បែប​ប្រជា​ធិប​តេយ្យ ជា​អ្នក​ដែល​មាន​ភាព​ឈាន​មុខ ក្នុង​ការ​គោរព ឲ្យ​តម្លៃ​លើ​សេរី​ភាព​របស់​ប្រជា​ពល​រដ្ឋ ជា​ពិសេស​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​ការ​ចូល​រួម ក៏​ដូច​ជា​គាំ​ទ្រ​ទស្សនៈ ឬ​គណ​បក្ស​នយោបាយ​ផ្សេងៗ។

«ខ្ញុំ មិន​គាំ​ទ្រ​ទស្សនៈ​របស់​អ្នក​ទេ តែ​ខ្ញុំ​នឹង​ខំ​ធ្វើ​យ៉ាង​ណា ដើម្បី​ឲ្យ​អ្នក​បាន​បញ្ចេញ​នូវ​ទស្សនៈ​របស់​អ្នក ឲ្យ​គេ​ឯង​បាន​ដឹង​ឮ» (Voltaire)។

អត្ថបទ៖ គោលនយោបាយ និងកម្មវិធីនយោបាយ ១២៥ចំណុចរបស់ គ ប ម – កសាងជាតិ (ភាគ១)

Comments
Loading...