២៩ កក្កដា ២០១៨ ជាឱកាសថ្មីមួយទៀតសម្រាប់កម្ពុជា

0 16,051

ក្រោយពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) សម្រេចចូលរួមការបោះឆ្នោតជាតិខាងមុខ នេះ មានមតិ និងយោបល់ជាច្រើនជុំវិញបញ្ហានេះដោយមានការអ្នកខ្វះយល់ថា គបម បាន សម្រេចចិត្តត្រឹមត្រូវក្នុងការផ្តល់ជាជម្រើសថ្មីមួយដល់អ្នកដែលមាននិន្នាការផ្លាស់ប្តូរ តែក៏មាន អ្នកខ្លះយល់ថា គ ប ម ជាគណបក្ស ឱកាសនិយម គណបក្សរណប គណបក្សលំអ ហើយអ្វី ដែលធ្ងន់ធ្ងរបំផុតគឺថា គបមចូលរួមបំផ្លាញការខំប្រឹងរបស់អ្នកប្រជាធិបតេយ្យ ដែលកំពុង បំពេញកិច្ចការជិតសម្រេចគោលដៅហើយ។ល។

ចំពោះដំណើរការកសាងសង្គមប្រជាធិបតេយ្យនៅកម្ពុជាកន្លងមក យើងមានឱកាសច្រើន។ ទាក់ទងទៅនិងឱកាស និងការប្រើឱកាសយើងអាចចែកជា ៤៖

1. បង្កើតឱកាសឲ្យខ្លួនឯង
2. ប្រើឱកាសដែលកើតឡើងស្រាប់
3. បង្កើតឱកាសដល់អ្នកដទៃ
4. មិនចេះប្រើឱកាស

អត្ថបទ៖ ស្រុកខ្មែរសម្បូរសប្បាយ តាមរយៈសេដ្ឋីស្រុកស្រែ

នៅឆ្នាំ១៩៩១ ភាគីនយោបាយខ្មែរ និងប្រទេសដែលពាក់ព័ន្ធបានរួមគ្នា បង្កើតឱកាសឲ្យកម្ពុជា ក្នុងការកសាងសង្គមប្រជាធិបតេយ្យសេរីពហុបក្សបន្ទាប់ពីសង្គ្រាមរវាងខ្មែរ និងខ្មែរអស់ប្រមាណ ២០ឆ្នាំ។ នៅពេលនោះ ភាគីទាំងអស់នោះបានរៀបចំឲ្យមានការបោះឆ្នោតនៅខែឧសភា ១៩៩៣ ដែលមានគណបក្សជាច្រើនបានចូលរួម។ គណបក្សចំនួន៤ទទួលបានអាសនៈក្នុងសភាហើយ បានរួមគ្នា រៀបចំឲ្យមានរដ្ឋធម្មនុញ្ញមួយដែលអ្នកខ្លះចាត់ទុកជារដ្ឋធម្មនុញ្ញមានលក្ខណៈល្អ បំផុតនៅអាស៊ី ហើយបន្ទាប់មកបង្កើតឲ្យមានរដ្ឋាភិបាលចម្រុះបង្រួបបង្រួមជាតិ ដោយមានតំណាងពីគណបក្ស ទាំង៤ជាសមាជិករាជរដ្ឋាភិបាល។

សហគមន៍អន្តរជាតិ ក៏បានប្រមែប្រមូលគ្នាមកជួយកម្ពុជាតាមរយៈកម្មវិធីអភិវឌ្ឍផ្សេងៗផងដែរ។ ទោះបីជាមានឱកាសដ៏ល្អប្រសើរសម្រាប់កសាងជាតិតាមគោលការណ៍ប្រជាធិបតេយ្យសេរី ពហុបក្ស ក៏អ្នកដឹក នាំខ្មែរនៅពេលនោះមិនបានប្រើឱកាសនេះបានល្អប្រសើរ។ ផ្ទុយទៅវិញ គេងាកទៅយកការ ប្រកួតប្រជែងគ្នា តាមកម្លាំងយោធាដោយបណ្តាលឲ្យមានការផ្ទុះអាវុធ កណ្តាលក្រុងកាលពី ថ្ងៃ៥-៦ កក្កដា ១៩៩៧។ លើសពីនេះទៀត គណបក្សដែលធំជាងគេដែល ជាគណបក្សដែលអះ អាងខ្លួនថា ជាអ្នករាជានិយម ជាតិនិយម ប្រជាធិបតេយ្យនិយមត្រូវបាន បែកជាច្រើនបក្ស ដោយការបែកនេះគឺភាគច្រើនមកពីភាពទន់ខ្សោយនៃការដឹកនាំរបស់ ប្រធានបក្សផ្សំជាមួយកត្តាខាងក្រៅ។ អ្នកដែលទទួល បានជោគជ័យជាងគេក្នុងការបំបែក គណបក្សហ៊្វុនស៊ិនប៉ិចគឺលោកសម រង្ស៊ី តាមរយៈការបង្កើត គណបក្ស ជាតិខ្មែរ ដែលក្រោយ មកប្តូរឈ្មោះមកគណបក្សសម រង្ស៊ី។ តាមពិតប្រសិនបើ គណបក្ស ហ៊្វុនស៊ិនប៉ិច មិនមានការបែកបាក់គ្នាទេ គណបក្សប្រជាជន ប្រហែលជាមិនឈ្នះឆ្នោត ទេនៅឆ្នាំ ១៩៩៨។ ក្រៅពីការបែកបាក់គ្នារវាងគណបក្សហ៊្វុនស៊ិនប៉ិច ក៏មានការបែកបាក់គ្នារវាង គណបក្ស ប្រជាធិបតេយ្យសេរីព្រះពុទ្ធសាសនា ឬក្រុមលោកតា ស៊ឺនសានដែរ។

អត្ថបទ៖ កាហ្វេក្លែងក្លាយ កាហ្វេធម្មជាតិ កាហ្វេសរីរាង្គ

ក្រៅពីការបែកបាក់គ្នារវាងក្រុមដែលប្រកួតប្រជែងជាមួយគណបក្សប្រជាជន អ្នកនយោបាយ ខ្មែរជំនាន់មុន ក៏បណ្តោយឲ្យមានការដូររូបមន្តបោះឆ្នោតដែលយកសំណល់ធំបំផុត (Ballinski Young) មកមធ្យមខ្ពស់ (Jefferson) នៅឆ្នាំ ១៩៩៨ ដែលរូបមន្តថ្មីនេះ ផ្តល់ឱកាសឲ្យតែគណបក្ស ធំៗទេ ក្នុងការទទួលបានអាសនៈនៅសភាជាតិ។

ក្រោយមកនៅឆ្នាំ២០០៦ មេដឹកនាំចលនាបំបែកចេញពីហ៊្វុនស៊ិនប៉ិច គឺលោកសម រង្ស៊ី បាន សហការជាមួយសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែនធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដោយផ្តល់សិទ្ធិ អំណាចសម្រេចចិត្តក្នុងការបង្កើតរដ្ឋាភិបាល និងសម្រេចច្បាប់ផ្សេងៗដោយត្រូវការតែសំឡេង ៥០%+១នៃសភាជាតិ មិនមែន២/៣ ដូចមុនទៀតទេ។ រូបមន្តសម្រេចចិត្តតាមគោលការណ៍ ៥០%+១ នេះហើយដែលសមាជិកសភា របស់គណបក្សប្រជាជនចំនួន៦៨រូប បានប្រើដើម្បី វិសោធនកម្មច្បាប់គណបក្ស និងច្បាប់ពាក់ព័ន្ធផ្សេងទៀត ដើម្បីបើកផ្លូវឲ្យតុលាការកំពូល រំលាយគណបក្សសង្គ្រោះជាតិ។

ការរំលាយគណបក្សសង្គ្រោះជាតិ ធ្វើឲ្យប្រជាពលរដ្ឋខ្មែរដែលមាននិន្នាការមិនគាំទ្រការដឹកនាំ គណបក្សប្រជាជនមានការអស់សង្ឃឹមខកចិត្ត ក្តៅក្រហាយ ខឹងសម្បារ ជាពិសេសធុញថប់ទៅ នឹងរឿងនយោបាយរហូតដល់អ្នកខ្លះសម្រេចចិត្តនឹងមិនទៅបោះឆ្នោតថែមទៀត។ ស្ថានភាពនេះ កាន់តែធ្ងន់ធ្ងរថែមទៀតដោយលោកសម រង្ស៊ី បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលមាននិន្នាការ ចង់បានការផ្លាស់ប្តូរធ្វើពហិការការបោះឆ្នោត។ ជាទូទៅគាត់តែងតែមានសិល្បៈក្នុងការបណ្តុះនូវសេចក្តីសង្ឃឹម ដែលគ្មានភាពច្បាស់លាស់ដូចជាមុនរំលាយសង្គ្រោះជាតិ គាត់ថា គេមិនហ៊ាន រំលាយទេ ហើយដល់ដល់ពេលគេរំលាយហើយ គាត់ថាសង្គ្រោះជាតិនឹងរស់ឡើងវិញ ចូលរួម ការបោះឆ្នោតក្រោយមកគាត់ថាការបោះឆ្នោតអត់មានសង្គ្រោះជាតិ គឺអត់សេរី និង យុត្តិធម៌ សហគមន៍អន្តរជាតិគេមិនទទួលស្គាល់ទេ ហើយគណបក្សផ្សេងៗដែលចូលរួមការបោះឆ្នោតជា គណបក្ស អំពិលអំពែក គណបក្សអាប គណបក្សរន្ទះបាញ់ គណបក្សឡានបុកជាដើម ។ល។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ជាគណបក្សដែលបង្កើតឡើងដោយក្រុមអ្នកនយោបាយ ជំនាន់ថ្មី ដែលអ្នកផ្តួចផ្តើមគំនិតជាក្រុមដែលមានស្នាដៃ និងបទពិសោធន៍ក្នុងការងារអភិវឌ្ឍ សង្គម រួមទាំងអ្នកវិភាកសង្គមដូចជាបណ្ឌិតកែមឡីជាដើម។ គណបក្សនេះបានបង្កើតឡើងនៅ ថ្ងៃទី០២ សីហា ២០១៥ មុនការរំលាយគណបក្សសង្គ្រោះជាតិជាង២ឆ្នាំ។ យើងបង្កើតឡើងដើម្បី បង្កើតឱកាសសម្រាប់ចូលរួមការបោះឆ្នោតតាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស ហើយយើងបានចូលរួមបោះឆ្នោតឃុំ សង្កាត់នៅចំនួន២៧ឃុំសង្កាត់កាលពីឆ្នាំ២០១៧កន្លងមក។ យើងបានប្រកួតជាមួយ គណបក្សប្រជាជន គណបក្ស សង្គ្រោះជាតិ និងគណបក្សផ្សេងទៀត ហើយយើងទទួលបានសំឡេងឆ្នោតនៅគ្រប់ឃុំសង្កាត់ រហូតទទួលបានអាសនៈចំនួន៥នៅឃុំចំនួន៣។

អត្ថបទ៖ បន្តជំពូកនយោបាយចាស់ ឬផ្តើមជំពូកនយោបាយថ្មី ?

ក្រោយការរំលាយ គសជ ហើយអតីតអ្នកគាំទ្រភាគច្រើនមិនបានស្រុះស្រួលគ្នាក្នុងការបង្កើត គណបក្សថ្មី វាពិតជាផ្តល់ឱកាសដល់ គ ប ម ក្នុងការទទួលការគាំទ្របន្ថែមពីម្ចាស់ឆ្នោត ជាពិសេសសម្រាប់ប្រជាពលរដ្ឋដែលមាននិន្នាការ ផ្លាស់ប្តូរហើយធ្លាប់បោះឆ្នោតឲ្យ សគជ និងប្រជាពលរដ្ឋជាយុវជនយុវនារី ទើបគ្រប់អាយុបោះ ឆ្នោតក្រោយខែកក្កដា ២០១៣។ ដូចនេះ យើងជាអ្នកបង្កើតឱកាសចូលរួមការបោះឆ្នោតដោយខ្លួនឯង ហើយប្រើឱកាសដែលមានស្រាប់ដើម្បីចូលរួមការបោះឆ្នោតឲ្យបានល្អ ប្រសើរដើម្បីផ្តល់ឱកាសដល់ប្រជាពលរដ្ឋដែលមាននិន្នាការចង់បានការផ្លាស់ប្តូរឲ្យមានជាជម្រើសថ្មី នាំមកនូវសេចក្តីសង្ឃឹមថ្មីជូនជាតិខ្មែរទាំងមូល។ យើងយល់ឃើញថាការចូលរួមបោះឆ្នោត វាជាជម្រើសល្អជាងការពហិការមិនចូលរួម។ ការពហិការបោះឆ្នោតដោយរំពឹងថា មានការផ្លាស់ប្តូរដោយសារសំពាធសហគមន៍អន្តរជាតិ វា ជាការភាន់ច្រឡំមួយហើយ ក្នុងបរិបទពិភពលោកបច្ចប្បន្ន។

ការសម្រេចចិត្តរបស់យើង ជាការសម្រេចចិត្តប្រវត្តសាស្ត្រ តែយើងអត់ទាន់មានប្រព្រឹត្តកំហុស ប្រវត្តិសាស្ត្រអ្វីទេ ដូចជាយើងអត់មានពាក់ព័ន្ធព្រឹត្តិការណ៍១៨ មីនា ១៩៧០ ឬ១៧ មេសា ១៩៧៥ ឬ៧ មករា ១៩៧៩ ឬព្រឹត្តិការណ៍ ៥-៦កក្កដា ១៩៩៧ និងការកែរដ្ឋធម្មនុញ្ញពី២/៣ មក៥០%+១ ពីការដឹកនាំបំបែកគណបក្សនយោបាយណាមួយទេ។
យើងចូលរួមធ្វើនយោបាយ មិនមែនដើម្បីលំអ ឬរណបនរណាទេ គឺយើងធ្វើនយោបាយដើម្បី បង្ករឲ្យប្រជាពលរដ្ឋចូលរួមក្នុងកិច្ចការនយោបាយដោះស្រាយបញ្ហាតាមគុណតម្លៃ សាមគ្គីភាព យុត្តិធម៌ អហិង្សា តាមគោលការណ៍ប្រជាធិបតេយ្យពីក្រោមទៅលើ គណនេយ្យភាពពីលើមក ក្រោម និងមានគោលនយោបាយនិងកម្មវិធីនយោបាយចំនួន១២៥ចំណុច(សៀវភៅបៃតង) ដែលសង្ខេបជាគោលនយោបាយ ស៥ ផ្តោតលើវិស័យសេដ្ឋកិច្ច សុខាភិបាល សិក្សាធិការ សង្គមកិច្ច និងសេវាសាធារណៈ។

ក្នុងរបបប្រជាធិបតេយ្យសេរីពហុបក្ស ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពក្នុងការសម្រេចចិត្តនូវ ជម្រើសផ្សេងៗ ហើយគណបក្សដែលចង់ឲ្យប្រជាពលរដ្ឋធ្វើការជ្រើសរើស សូមខំធ្វើឲ្យខ្លួនឯង ឲ្យល្អ ស្អាតស្អំ រឹងមាំមានឯកភាពផ្ទៃក្នុងល្អមានអ្នកដឹកនាំល្អៗច្រើន និងមានគោលនយោបាយល្អ សម្រាប់ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងជាតិទាំងមូល។ គណបក្សប្រជាធិបតេយ្យ មូលដ្ឋាន កំពុងកសាងខ្លួនឲ្យក្លាយជាជម្រើសថ្មី និងនាំមកនូវសេចក្តីសង្ឃឹមថ្មីជូនប្រជាពលរដ្ឋគ្រប់រូបជាពិសេសប្រជាពលរដ្ឋដែលមាននិន្នាការផ្លាស់ប្តូរ។

អត្ថបទ៖ ការកសាងជាតិតាមគោលនយោបាយ ស៥

ឱកាសថ្មីសម្រាប់ការផ្លាស់ប្តូរដោយសន្តិភាពមកដល់ទៀតហើយ សំខាន់គឺប្រជាពលរដ្ឋដែល មាននិន្នាការផ្លាស់ប្តូរ គួររួមគ្នាទៅបោះឆ្នោត ដើម្បីរើសយកជម្រើសថ្មី។ ការធ្វើពហិកាមិនទៅ បោះឆ្នោត ឬការទៅបោះឆ្នោតគូសសន្លឹកឆ្នោត មិនបានជួយស្តារប្រជាធិបតេយ្យសេរីពហុបក្ស ទេ តែផ្ទុយទៅវិញប្រៀបដូចជាផ្តល់ឱកាសជាថ្មីដោយចេតនា ឬអចេតនា ដល់គណបក្សកាន់ អំណាចបន្តដឹកនាំប្រទេស៥ឆ្នាំទៀត។ គ្មានបរទេសណាជួយយើងបានទេ បើខ្មែរយើងមិនរួមគ្នា ជួយខ្លួនឯង។ បញ្ហាខ្មែរ តម្រូវឲ្យខ្មែរចេះរួមគ្នាដោះស្រាយដោយខ្លួនឯង។

Comments
Loading...