ទស្សនៈ គ ប ម ក្នុងការចូលរួមការបោះឆ្នោតសភាជាតិ២០១៨

0 8,808

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) បានបង្កើតតាំងពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៥ ដើម្បីចូលរួមប្រឡូកក្នុងកិច្ចការនយោបាយនៅកម្ពុជាក្នុងនាមជាគណបក្សដែលកសាង ឬផ្តល់ជម្រើសថ្មីនៅកម្ពុជា។

យើង បានចូលរួមការបោះឆ្នោតឃុំសង្កាត់ដោយប្រកួតនៅចំនួន២៧ឃុំសង្កាត់ ដើម្បីធ្វើការដកបទពិសោធន៍លើសកម្មភាពនយោបាយ។ តាមរយៈការបោះឆ្នោតនេះ គ ប ម ក៏បានទទួលសំឡេងឆ្នោតគាំទ្រពីប្រជាពលរដ្ឋនៅគ្រប់ឃុំសង្កាត់រហូតដល់បានអាសនៈចំនួន៥នៅ៣ឃុំ។ ទាក់ទងទៅនិងការបោះឆ្នោតថ្ងៃទី២៩ កក្កដា ២០១៨ យើងបានសម្រេចចិត្តចូលរួមការបោះ ឆ្នោតដោយធ្វើឡើងជា៣ដំណាក់កាល។

ដំណាក់កាលទី១ គឺយើងបានសម្រេចនូវការរៀបចំ បេក្ខជនដែលដំណើរការនេះចាប់ផ្តើម នៅខែមករា ២០១៨។

ដំណាក់កាលទី២ គឺសម្រេចយកបញ្ជីឈ្មោះបេក្ខជន និងឯកសារពាក់ព័ន្ធទៅដាក់ជាផ្លូវការនៅ គជប ដែលការសម្រេចចិត្តនេះ ត្រូវបានធ្វើនៅថ្ងៃទី៦ ឧសភា ដោយគណៈកម្មាធិការនាយកក្នុងសំឡេង៣១ ទល់និង ១។

ដំណាក់កាលទី៣ យើងនឹងសម្រេចចិត្តមួយទៀតទាក់ទងការចូលរួមឃោសនា។ តែបើខែមិថុនា ស្ថានភាពទាក់ទងការបោះឆ្នោតដូចជាសេរីភាពក្នុងការធ្វើសកម្មភាព និងស្ថានភាពការចូលរួម សង្កេតការណ៍បោះឆ្នោត មិនមានអំណោយផលទេ យើងក៏នឹងអាចឈានទៅសម្រេចដកខ្លួន ចេញវិញពីការបោះឆ្នោតដែរ។

ទាក់ទងការសម្រេចចូលរួមការបោះឆ្នោត យើងមានហេតុផលសំខាន់ដូចខាងក្រោមនេះ៖

  1. យើងជាគណបក្សនយោបាយស្របច្បាប់ ហើយមានសេរីភាព និងសមត្ថភាពចូមរួម បោះឆ្នោត។ មានសមាជិកយើងខ្លះ សួរថា បើមិនចូលរួមបោះឆ្នោតទេ បង្កើតគណបក្ស មកធ្វើអ្វី?
  2. ការចូលរួមបោះឆ្នោតធ្វើឲ្យប្រជាពលរដ្ឋអាចស្គាល់ពីគណបក្សកាន់តែច្រើន ហើយអាច ឲ្យគណបក្សដែលមានបេក្ខជន សឹងទាំងអស់ជាអ្នកនយោបាយជំនាន់ថ្មីទទួលបានបទ ពិសោធន៍ទាក់ទងទៅនឹងការងារនយោបាយ និងការងារបោះឆ្នោត។
  3. ការចូលរួមបោះឆ្នោតផ្តល់ឱកាសឲ្យគណបក្សបញ្ជ្រៀបនូវគោលនយោបាយ១២៥ ចំណុចជាពិសេសគោលនយោបាយ ស៥ និងការបណ្តុះនូវរបៀបនិងវប្បធម៌នយោបាយ ថ្មី ក្នុងសង្គមខ្មែរ គឺនយោបាយដែលផ្តោតទៅលើការប្រកួតនូវគំនិតល្អៗ ក្នុងការដោះ ស្រាយបញ្ហានយោបាយបណ្តុះនូវសេចក្តីសង្ឃឹម និងភាពយោគយល់គ្នាទៅវិញទៅមក ជាដើម។ លើសពីនេះទៀត ការចូលរួមរបស់យើងដើម្បីទទួលបានអាសនៈនៅសភា យ៉ាងអស់ណាស់ក៏ការពារកុំឲ្យគណបក្សកាន់អំណាច អាចទទួលបានសំឡេង២/៣ នៅសភាជាតិដែរ ដែលជាសំឡេងដែលត្រូវការសម្រាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ។
  4. ការពហិការមិនចូលរួមការបោះឆ្នោត គ្រាន់តែអាចបង្ហាញថាប្រជាពលរដ្ឋតិចជាង ធម្មតាទៅបោះឆ្នោត ក៏ប៉ុន្តែវានឹងចូលរួមចំណែកគាំទ្រដោយអចេតនាដល់គណបក្ស កាន់តអំណាបន្តដឹកនាំប្រទេសទៀត ជាពិសេសអាចទៅជាប្រព័ន្ធសភាឯកបក្ស គ្មាន សំឡេង ឬតំណាងប្រឆាំងក្នុងសភា។ ហើយវានឹងធ្វើឲ្យប្រជាធិបតេយ្យសេរីពហុបក្ស លែងមានទៀតនៅកម្ពុជាយ៉ាងតិចណាស់ក៏ ៥ឆ្នាំដែរ។ ណាមួយទៀត មកដល់ពេលនេះ មិនទាន់មានរដ្ឋាភិបាលប្រទេសណាមួយប្រកាសថា នឹងមិនទទួលស្គាល់ការបោះឆ្នោតទេ។

អត្ថបទ៖ បន្តជំពូកនយោបាយចាស់ ឬផ្តើមជំពូកនយោបាយថ្មី ?

ជាសរុបមក ការចូលរួមបោះឆ្នោតនាំមកនូវផលប្រយោជន៍វែងឆ្ងាយ សម្រាប់ប្រទេសជាតិ។ គណបក្ស ក៏បានទទួលផលប្រយោជន៍តាមរយៈការទទួលបានឱកាសក្នុងការកសាងខ្លួនឲ្យ កាន់តែរឹងមាំ ដើម្បីក្លាយជាជម្រើសថ្មី កម្លាំងនយោបាយថ្មី ដែលនាំសេចក្តីសង្ឃឹមថ្មីសម្រាប់ ប្រជាជាតិទាំងមូល។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បាននិងកំពុងកសាងខ្លួនឲ្យក្លាយជា កម្លាំងនយោបាយមួយដែលផ្តល់ជម្រើស ថ្មីជូនប្រជាពលរដ្ឋ។ យើង រៀបចំឲ្យមានដឹកនាំ មូលដ្ឋានល្អឲ្យក្លាយជាបេក្ខជនតំណាង រាស្ត្រល្អ ធ្វើការផ្សព្វ ផ្សាយឲ្យបានទូលំទូលាយនូវ «សៀវភៅបៃតង»របស់យើង និងគោលនយោបាយអាទិភាព ស៥ និងធ្វើយ៉ាងណាឲ្យមានអ្នក ស្ម័គ្រចិត្តគ្រប់គ្រាន់ដែលអាចទទួលយកបានសម្រាប់​ ចូលរួមសង្កេតការណ៍បោះឆ្នោត។ ការសង្កេតការណ៍ការបោះឆ្នោត និងរាប់សន្លឹកឆ្នោត ជាកត្តាស្លាប់រស់របស់យើង។

Comments
Loading...