គោលនយោបាយ និងកម្មវិធីនយោបាយ ១២៥ចំណុចរបស់ គ ប ម – កសាងជាតិ (ភាគ៣)

0 4,582

គោលនយោបាយកសាងជាតិរបស់ (គ ប ម) ផ្តោតលើការកែទម្រង់ និងអភិវឌ្ឍវិស័យសំខាន់ៗប្រាំ (អ៥)៖

  • អភិវឌ្ឍន៍សេដ្ឋកិច្ច និងការងារ
  • អភិវឌ្ឍន៍ធនធានមនុស្ស ដោយផ្តោតលើវិស័យសុខាភិបាល សិក្សាធិការ និងសង្គមកិច្ច
  • អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត
  • អភិរក្សធនធានធម្មជាតិ និងវប្បធម៌
  • អភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ និងសេវាសាធារណៈ

ខាងក្រោមនេះ ជាកម្មវិធីនយោបាយទាក់ទងទៅនឹងការកសាងជាតិ៖ (ភាគបន្ត)

 

  • ធ្វើការសហការជាមួយធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងអស់ ដើម្បីឲ្យ ស្ថាប័នទាំងនេះ មានលទ្ធភាពផ្តល់ឥណទាន ដល់សហគ្រាសក្រុមហ៊ុន ខ្នាតតូច មធ្យម ដែលមិនពាក់ព័ន្ធផ្ទាល់ ជាមួយវិស័យកសិកម្មក្នុងអត្រាការ ប្រាក់ទាបជាង១%ក្នុង១ខែ។ រដ្ឋាភិបាល និងធនាគារជាតិ នឹងជួយសម្រួល ឲ្យស្ថាប័នហិរញ្ញវត្ថុទាំងនោះ ទទួលបានទុនដែលមានការប្រាក់ទាប និង កាត់បន្ថយការចំណាយលើសេវា រដ្ឋបាល និងបន្ទុកពន្ធដារផ្សេង។

 

  • ធានាឲ្យមានការស្តុកទុកស្បៀង និងប្រេងឥន្ទនៈគ្រប់គ្រាន់ ដើម្បីទប់ទល់ ហានិភ័យផ្សេងៗ និងការពារនូវស្ថេរភាពតម្លៃស្បៀង សាំង ម៉ាស្សូត និង ធានាឲ្យកម្ពុជាមានអធិបតេយ្យភាពស្បៀង និងថាមពល។

 

  • សិក្សាពីអត្រាពន្ធនាំចូល​ និងរៀបចំកំណត់អត្រាពន្ធជាថ្មី ដើម្បីធានា​បាន​ការការពារ ផលិតផល ក្នុងស្រុក និង​ការជំរុញ​ផលិតកម្មក្នុងស្រុក។លុប​បំបាត់​ការនាំចូលដោយខុស ច្បាប់ និងឥតបង់ពន្ធលើទំនិញ​គ្រប់​ប្រភេទ​។

 

  • បែងចែកថវិកាជាតិដល់វិស័យឯកជនយកទៅប្រើប្រាស់លើការងារស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាថ្មី ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ឧស្សាហកម្ម និងសិប្បកម្មខ្មែរ។

 

  • រៀបចំឲ្យមាន ពានរង្វាន់ប្រចាំឆ្នាំសម្រាប់ កសិករឆ្នើមនិងសហគ្រិនឆ្នើម យុវសហគ្រិនឆ្នើម សហគ្រិនស្ត្រីឆ្នើម ក្នុងការមានស្នាដៃល្អក្នុងការអភិវឌ្ឍ សហគ្រាសដែលចូលរួមចំណែកដល់ វិស័យសេដ្ឋកិច្ច ការងារ និងមាននូវ ផលប្រយោជន៍ល្អច្រើនដល់សង្គម។ បង្កើតច្បាប់ដើម្បីលើកស្ទួយ និងគាំទ្រ សហគ្រាសសង្គម និងសហគ្រាសសហគមន៍។

 

  • ធ្វើការគាំទ្រ លើការពង្រឹងពង្រីកតួនាទីសភាពាណិជ្ជកម្ម សភាសិប្បកម្ម និងសភាកសិកម្មថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងរៀបចំឲ្យមានការ ជួបសន្ទនាមតិទៀងទាត់ រវាងតំណាងពាណិជ្ជករ សិប្បករ និងកសិករ​ជាមួយតំណាងរដ្ឋាភិបាល។

 

  • ពង្រឹងពង្រីកបន្ថែមតំបន់ទេសចរណ៍វប្បធម៌ធម្មជាតិ និងសិប្បនិម្មិត ហើយ ផ្សាភ្ចាប់វិស័យទេសចរណ៍ ជាមួយការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ជាពិសេស វិស័យកសិកម្មមូលដ្ឋាន។ គាំទ្រដល់សហគមន៍ក្នុងការចូលរួមដឹកនាំ និងគ្រប់គ្រង តំបន់ទេសចរណ៍។ មួយចំណែកនៃប្រាក់ចំណូលពីតំបន់ទេសចរណ៍ ដូចជា​ចំណូលពីសំបុត្រទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទនានាត្រូវបែងចែក សម្រាប់ការអភិវឌ្ឍមូលដ្ឋានជុំវិញតំបន់នោះ។

 

  • គាំទ្រដល់ការធ្វើសមាហរណកម្មនៃកម្មករចំណាកស្រុកជាពិសេសគាំទ្រក្នុងការបង្កើត មុខរបរ ដោយខ្លួនឯងនៅតាមភូមិ-ឃុំ និងការផ្តល់ជំនាញសម ស្របសម្រាប់រកការងារធ្វើក្នុងស្រុក។ រៀបចំឲ្យមានការិយាល័យការងារ ដែល មានភ្ជាប់ជាមួយមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈបន្ថែម​ ដើម្បីងាយស្រួលបាន ការងារ។

 

  • គាំទ្រ និងអភិវឌ្ឍក្រុមប្រឹក្សាការងារ ដើម្បីសម្រួលទំនាក់ទំនងរវាងបុគ្គលិក កម្មករ និងអ្នកដឹកនាំ​សហគ្រាស។ គាំទ្រការបង្កើតសមាគមធុរកិច្ច និងវេទិកា ធុរកិច្ចរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ប្រចាំឆមាសនៅថ្នាក់ខេត្ត និង ថ្នាក់ជាតិ។ ក្រុមការងារអន្តរក្រសួង ដែលមានក្រសួងពាក់ព័ន្ធ ដូចជា ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម ហិរញ្ញវត្ថុ នឹងសម្របសម្រួលការងារនេះ។

(នៅមានភាគបន្ត ….)

Comments
Loading...