គោលនយោបាយ និងកម្មវិធីនយោបាយ ១២៥ចំណុចរបស់ គ ប ម – កសាងជាតិ (ភាគ២)

0 1,144

………ជាកម្មវិធីនយោបាយទាក់ទងទៅនឹងការកសាងជាតិ៖ (ភាគបន្ត)

 • រដ្ឋាភិបាល ក៏ធ្វើការគាំទ្របន្ថែមដល់សិប្បករ សហគ្រាស និងក្រុមហ៊ុនដែល ធ្វើការកែច្នៃ ផលិតផលកសិកម្ម និងនាំចេញកសិផលខ្មែរទៅក្រៅប្រទេស តាមរយៈការផ្តល់កម្មវិធី ឥណទាន ពិសេសដែលមានការប្រាក់ ០,៥% ក្នុង ១ខែ ការគាំទ្រលើការនាំចេញ ទៅកាន់ទីផ្សារអន្តរជាតិតំបូង ដើម្បីកុំឲ្យមាន បន្ទុកចំណាយខ្ពស់ និងការលើកលែងពន្ធរយៈពេល ៥ឆ្នាំ​ សម្រាប់ក្រុមហ៊ុន និងសហគ្រាសបង្កើតដំបូង។ ការគាំទ្ររបស់រដ្ឋាភិបាល គឺជួយធ្វើយ៉ាងណាឲ្យ សហគ្រិន និងពាណិជ្ជករខ្មែរមានសមត្ថភាពគ្រប់គ្រាន់ប្រកួតជាមួយបរទេស និងបង្កើនសមត្ថភាពកម្ពុជាក្នុងការនាំចេញនូវទំនិញកែច្នៃ ដែលជួយលើក ស្ទួយតម្លៃ និងការងារក្នុងស្រុក។

 

 • បង្កើតកម្មវិធីជាតិសម្រាប់គ្រប់គ្រង និងកែច្នៃ​សំរាម ដើម្បីផលិតជីធម្មជាតិ នៅរាជធានីភ្នំពេញ និងនៅគ្រប់ក្រុង និងទីប្រជុំជនសំខាន់ៗ។ ធ្វើការគាំទ្រ ដល់ក្រុមហ៊ុនសហគ្រាសក្នុង ស្រុកផលិតជី ចំណីសត្វ ពូជដំណាំ និង ពូជសត្វ។

 

 • ធ្វើការគាំទ្រដល់ការរៀបចំពិពណ៌ពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ជាតិ និង អន្តរជាតិឲ្យបានរៀងរាល់ឆ្នាំនៅលើទឹកដីកម្ពុជា និងគាំទ្រដល់ពាណិជ្ជករ ​សិប្បករ និងសេវាករកម្ពុជា មានឱកាសចូលរួមពិពណ៌អន្តរជាតិផ្សេងៗ។ ធ្វើការលើកស្ទួយមុខមាត់ ផលិតផលកម្ពុជា «Made in Cambodia» នៅលើ ទីផ្សារអន្តរជាតិឲ្យបានទូលំទូលាយតាម រូបភាពផ្សេងៗដែលជាយុទ្ធសាស្ត្រ សំខាន់មួយៗក្នុងការពង្រីកទីផ្សារជូនផលិតផលខ្មែរ។

 

 • ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយថ្លៃដើមផលិត និងកែច្នៃ រដ្ឋាភិបាល ក៏ធ្វើការគាំទ្រ ដល់សហគ្រាស និងរោងចក្រផលិតជីក្នុងស្រុក ផលិត គ្រឿងយន្ត និងឧបករណ៍កសិកម្មផ្សេងៗ សិប្បកម្មដែលកែច្នៃមាននៅតាម ទីក្រុង និងទីប្រជុំជន ដើម្បីធ្វើជាជីធម្មជាតិ និងត្រូវទទួលការឧបត្ថម្ភ ធនធានពីរដ្ឋាភិបាល។ រដ្ឋាភិបាល ក៏ចូលរួមចំណែកក្នុងការកាត់បន្ថយ ការចំណាយលើផ្នែកអគ្គិសនីឲ្យទាប មកនៅត្រឹម ១គីឡូវ៉ាត់ ៥០០រៀល សម្រាប់ការប្រើក្នុងវិស័យកសិកម្ម និងការកែច្នៃកសិផល។ រាល់ការទារលុយ ឬការបង់លុយបន្ថែម (សេវាក្រៅ) លើការដឹកជញ្ជូនកសិផល ក៏ត្រូវលុប បំបាត់ចោល ហើយអ្នកដែលទារលុយពីការដឹកជញ្ជូនតាមផ្លូវសាធារណៈ នឹងត្រូវទទួលទោសតាមច្បាប់។

 

 • យុវជនយុវនារី ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ដែលចង់ចាប់ផ្តើមមុខ របរ​ដោយខ្លួនឯងទៅតាមវិស័យផ្សេងៗ ត្រូវទទួលបានការគាំទ្រដូចជាការ បណ្តុះបណ្តាលបន្ថែមលើរបៀបចាប់ផ្តើម និងគ្រប់គ្រងជំនួញ។
  • ការផ្តល់ទុនចំណងដៃរហូតដល់៥លានរៀល
  • ផ្តល់ការអនុគ្រោះពន្ធរយៈពេល៥ឆ្នាំ
  • ទុនកម្ចីដែលមានការប្រាក់០,៥%(៦%ក្នុង១ឆ្នាំ)
  • ការសម្របសម្រួលឲ្យមានបណ្តាញសហការគ្នា ឬសមាគមយុវសហគ្រិន ថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ។
 • រាល់ការចុះបញ្ជីក្រុមហ៊ុនសហគ្រាសទាំងអស់ គឺធ្វើតែ មួយកន្លែងហើយ ធ្វើនៅត្រឹម ការិយាល័យស្រុក ក្រុង ឬខណ្ឌ។ រយៈពេលនៃការចុះបញ្ជី ប៉ាតង់ និងស្លាកសញ្ញាផ្សេងៗ មិនត្រូវធ្វើឲ្យលើសពីរយៈពេល១៤ថ្ងៃឡើយ។ រាល់ក្រុមហ៊ុន សហគ្រាស ដែលចាប់ផ្តើម ដំបូងទាំងអស់ត្រូវបាន អនុគ្រោះ ពន្ធរហូត ដល់រយៈពេល៥ឆ្នាំ និងអាចទទួលបានការគាំទ្រផ្សេងៗបន្ថែមពី រដ្ឋ។ បង្ករបរិយាកាសងាយស្រួល ដល់សហគ្រិនធំ អ្នកវិនិយោគទុនក្នុង និង ក្រៅប្រទេសក្នុង ការធ្វើជំនួញនៅកម្ពុជា ជាពិសេសការលុបបំបាត់ចោលនូវ អំពើពុករលួយគ្រប់រូបភាព ការិយាល័យធិបតេយ្យ និងការគោរពការពារ នូវកម្មសិទ្ធិឯកជន។

 

(នៅមានភាគបន្ត)

Comments
Loading...