គោលនយោបាយ និងកម្មវិធីនយោបាយ ១២៥ចំណុចរបស់ គ ប ម – កសាងជាតិ (ភាគ១)

0 4,268

គោលនយោបាយកសាងជាតិរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ ប ម) ផ្តោតលើការកែទម្រង់ និងអភិវឌ្ឍវិស័យ សំខាន់ៗប្រាំ (អ៥)៖

 • អភិវឌ្ឍន៍សេដ្ឋកិច្ច និងការងារ
 • អភិវឌ្ឍន៍ធនធានមនុស្ស ដោយផ្តោតលើវិស័យសុខាភិបាល សិក្សាធិការ និងសង្គមកិច្ច
 • អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត
 • អភិរក្សធនធានធម្មជាតិ និងវប្បធម៌
 • អភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ និងសេវាសាធារណៈ

ខាងក្រោមនេះ ជាកម្មវិធីនយោបាយទាក់ទងទៅនឹងការកសាងជាតិ៖

 • ធានានូវកំណើនសេដ្ឋកិច្ច ជាមធ្យមឲ្យបានលើសពី៧%ក្នុង១ឆ្នាំ ជាពិសេស តាមរយៈការ ជំរុញវិស័យកសិកម្ម ដោយផ្សាភ្ជាប់ជាមួយការអភិវឌ្ឍវិស័យ ឧស្សាហកម្ម សិប្បកម្មកែច្នៃ និងទេសចរណ៍ ក៏ដូចជាបង្ករបរិយាកាស អំណោយផលបន្ថែមទៀតដល់ការវិនិយោគទុនបរទេស។ ធ្វើការគាំទ្រប្រកប ដោយប្រសិទ្ធិភាពដល់ការអភិវឌ្ឍកសិកម្មជាលក្ខណៈគ្រួសារ សហគ្រាស និង​អាជីវកម្មខ្នាតតូចនិងមធ្យមចំនួន១លាន ដើម្បីក្លាយជាកម្លាំងចលករ របស់សេដ្ឋកិច្ចជាតិ និងចូលរួមចំណែកបង្កើតការងារសរុបចំនួន៧លាននាក់ ដោយចំនួនការងារបង្កើតថ្មីបន្ថែមមាន១លានកន្លែង។
 • ធ្វើការបណ្តុះបណ្តាល និងបញ្ជូនមន្ត្រីជំនាញចំនួន ៥០០០នាក់ ឲ្យចុះទៅធ្វើ ការនៅគ្រប់ភូមិឃុំ ដោយមួយឃុំមាន២ទៅ៥នាក់ ដើម្បីជួយដោះស្រាយ បញ្ហាទឹក ទុន ទីផ្សារ និង បច្ចេកទេសជូនកសិករគ្រប់រូប ជាពិសេស ការពង្រឹងសមត្ថភាពកសិករឲ្យមានសមត្ថភាព ផលិតផ្សាភ្ជាប់មកទីផ្សារ។ យើង អាចត្រូវការរយៈពេល ៣ទៅ៥ឆ្នាំ ដើម្បីបណ្តុះបណ្តាល និងបញ្ជូនមន្ត្រី ដែលមានសមត្ថភាពចុះទៅធ្វើការបម្រើកសិករនៅគ្រប់ទីកន្លែង ដោយចាប់ ផ្តើមពីឆ្នាំទី១ មានមន្ត្រីពី១០០០ ទៅ១៥០០នាក់។
 • រៀបចំឲ្យមានវិទ្យាស្ថាន ស្ថានីយស្រាវជ្រាវ និងផ្សព្វផ្សាយកសិកម្មនៅគ្រប់ តំបន់កសិកម្ម និងទៅតាមមុខដំណាំ និងប្រភេទសត្វសំខាន់ៗដែលក្នុងនោះ មានកន្លែងពិសោធន៍ កន្លែងបង្ហាញ កន្លែងបណ្តុះបណ្តាល និងស្នាក់នៅ។ វិទ្យាស្ថាន និងស្ថានីយទាំងអស់ ស្ថិតនៅ ក្រោមការគ្រប់គ្រងរួមរបស់ អគ្គនាយកដ្ឋានស្រាវជ្រាវកសិកម្ម។
 • ធ្វើការគាំទ្រនូវការវិនិយោគលើការដាំដុះ ដំណាំឧស្សាហកម្មជាលក្ខណៈគ្រួសារ មានដូច ជាកៅស៊ូ ស្វាយចន្ទី ម្រេច កាហ្វេ ។ល។ និងគាំទ្រនូវការរៀបចំកែច្នៃ ផលិតផលក្នុងស្រុក សម្រាប់នាំចេញដោយមិនអាស្រ័យប្រទេសជិតខាង។ ធ្វើការជំរុញឲ្យមានការដាំដុះឡើងវិញ​ដំណាំក្រចៅ និងកប្បាសដើម្បីប្រើប្រាស់ ជាវត្ថុធាតុដើមសម្រាប់ឧស្សាហកម្មក្នុងស្រុក។
 • លើកស្ទួយកសិកម្ម និងចំណីអាហារសរីរាង្គដើម្បីសុខភាព និងនិរន្តរភាព បរិស្ថាន ដោយរៀបចំឲ្យមានស្តង់ដារជាតិ គាំទ្រនូវការស្រាវជ្រាវ និងបណ្តុះ បណ្តាលកសិកម្មសរីរាង្គ ធ្វើការឧបត្ថម្ភធនដល់កសិករដែលចាប់ផ្តើមអភិវឌ្ឍន៍ កសិកម្មសរីរាង្គ និងធ្វើការអប់រំជាសាធារណៈ ពីផលប្រយោជន៍កសិកម្ម សរីរាង្គ។ គាំទ្រឲ្យមានសិក្ខាសាលាផ្នែកកសិកម្ម សរីរាង្គថ្នាក់ស្រុក ថ្នាក់ខេត្ត និងថ្នាក់ជាតិជារៀងរាល់ឆ្នាំ និងការរៀបចំពិពណ៌កសិកម្មសរីរាង្គជាតិ និង អន្តរជាតិ។
 • អនុវត្តកម្មវិធីជាតិលើកស្ទូយប្រព័ន្ធកសិកម្ម ដែលទប់ទប់ជាមួយការផ្លាស់ប្តូរ អាកាសធាតុ ដោយផ្តោតលើការគាំទ្រគ្រួសារកសិករឲ្យអភិវឌ្ឍកសិដ្ឋានពហុ ប្រយោជន៍ ស៤ (មានស្រះ ទឹក សួនដំណាំ ស្រែ និងសត្វ) និងផ្សាភ្ជាប់ ជាមួយការធ្វើ និងប្រើប្រាស់ជីវឧស្ម័ន។ គ្រួសារ កសិករនិមួយៗ នឹងទទួល បានការឧបត្ថម្ភពីរដ្ឋចំនួន២លានរៀល និងទុនកម្ចីបន្ថែមពី កម្មវិធីឥណទានកសិកម្មជាតិ។
 • មន្ត្រីជំនាញ ជួយគាំទ្រដល់កសិករអ្នកផលិតឲ្យចងក្រងជាក្រុម និងសមាគម អ្នកផលិត ដើម្បីទទួលបានកិច្ចសន្យា ទីផ្សារច្បាស់លាស់ និងងាយស្រួល ទទួលបានទុន សម្រាប់យកមកអភិវឌ្ឍកសិដ្ឋាន និងទុនសម្រាប់យកមក អភិវឌ្ឍសហគមន៍ ក៏ដូចជាសម្រាប់​ធានារ៉ាប់រង ទប់ទល់និងហានិភ័យដោយ គ្រោះធម្មជាតិធ្ងន់ធ្ងរ។ សមាគមអ្នកផលិត ត្រូវបានសម្របសម្រួលឲ្យជ្រើស រើសគណៈកម្មាធិការដឹកនាំ។ ប្រធាន និងសមាជិកគណៈកម្មាធិការសហគមន៍ ត្រូវទទួលបានការបណ្តុះបណ្តាល លើជំនាញ ដឹកនាំ និងគ្រប់គ្រង។ យើង នឹងរៀបចំបង្កើតឲ្យមានវិទ្យាស្ថានបណ្តុះបណ្តាល អ្នកដឹកនាំ សហគមន៍ កសិករនៅ គ្រប់ខេត្ត។ រដ្ឋាភិបាល ធ្វើការផ្តល់ជូន និងឧបត្ថម្ភដល់មន្ត្រី ជំនាញខាងការងារគ្រប់គ្រង មកជួយធ្វើការសហគមន៍ រយៈពេល២-៣ឆ្នាំដំបូង។
 • រាជរដ្ឋាភិបាលរៀបចំឲ្យមានកម្មវិធីឥណទានកសិកម្មជាតិ ដើម្បីផ្តល់ទុនកម្ចីដែល សហគមន៍កសិករអ្នកផលិត ដែលឥណទាននេះមានការប្រាក់តែ២%ក្នុង១ឆ្នាំ។ សហគមន៍ អាចប្រើ ប្រាស់ទុនកម្ចីនេះ ដើម្បីកសាងឃ្លាំងស្តុកកសិកផល កន្លែងប្រមូលផ្តុំ និងសម្ញួត រថយន្តដឹក ជញ្ជូនកសិផលពី សមាជិក។ សហគមន៍ ក៏ប្រើប្រាស់ទុននេះ ដើម្បីផ្តល់កម្ចីបន្ត ដល់សមាជិកដោយ បរិមាណកម្ចីសម្រាប់សមាជិកម្នាក់ៗ អាចរហូតដល់២៥លានរៀល ក្នុង អត្រាការប្រាក់ ០,៥%ក្នុង១ខែ (៦%ក្នុង១ឆ្នាំ) ហើយរយៈពេលសងអាច រហូតដល់៥ឆ្នាំ។
 • អ្នកជំនាញគ្រប់គ្រងសហគមន៍ នឹងជួយស្វែងរកទីផ្សារ ជូនសហគមន៍ តាមរយៈការ សម្របសម្រួលឲ្យមានការ សហការរវាងសហគមន៍ និងក្រុមហ៊ុន ក៏ដូចជាជាមួយ សិប្បកម្មកសិកម្ម និងពាណិជ្ជករផ្សេងៗ។ អ្នកជំនាញ សម្របសម្រួលសហគមន៍ ក៏ជួយ គាំទ្រដល់សហគមន៍ ដើម្បីទទួលបានការបញ្ជាក់គុណភាពតាមស្តង់ដារ ផ្សេងៗដែលជា តម្រូវការទីផ្សារជាតិ និងអន្តរជាតិដូចជា ស្តង់ដារសរីរាង្គ ស្តង់ដារកសិកម្មសុវត្ថិភាព។

(នៅមានភាគបន្ត …..)

Comments
Loading...