គោលនយោបាយ និងកម្មវិធីនយោបាយ ១២៥ចំណុចរបស់ គ ប ម – បង្រួបបង្រួមជាតិ

0 23,192

កាលពីថ្ងៃទី៦ ឧសភា ២០១៨ គណកម្មាធិការនាយករបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានសម្រេចូលរួមការបោះឆ្នោតជាតិនៅថ្ងៃទី២៩ កក្កដា ២០១៨​ខាងមុខនេះ។ គោលបំណង សំខាន់មួយនៃការចូលរួមការបោះឆ្នោតនេះ គឺការទទួលបានឱកាសប្រកួតប្រជែងនូវគោល នយោបាយ និងកម្មវិធីនយោបាយល្អដើម្បីដោះស្រាយបញ្ហាប្រជាពលរដ្ឋ និងបញ្ហាជាតិ។

គណៈកម្មាធិការនាយក គ ប ម បានសម្រេចជាផ្លូវការនូវគោលនយោបាយ និងកម្មវិធីនយោបាយចំនួន ១២៥ចំណុច ដោយ ផ្តោតសំខាន់លើការបង្រួបង្រួមជាតិ ការកសាងជាតិ ការការពារជាតិ និងការលើស្ទួយកិច្ចសហ ប្រតិបត្តិការអន្តរជាតិ។ គ ប ម នឹងធ្វើការបោះពុម្ពផ្សាយសៀវភៅគោលនយោបាយនេះក្នុង ពេលឆាប់ៗនេះ។ ពេលនេះ យើងខ្ញុំសូមដកស្រង់នូវគោលនយោបាយនេះមកចែករំលែកជា ដំណាក់ៗដោយចាប់ផ្តើមពី គោលនយោបាយបង្រួបបង្រួមជាតិ។

គោលបំណងនៃគោលនយោបាយនេះ គឺធានាឲ្យអ្នកនយោបាយ និងប្រជាពលរដ្ឋខ្មែរ ដែល មាននិន្នាការនយោបាយផ្សេងគ្នា មានភាពអត់ឱន យោគយល់ គោរពឲ្យតម្លៃ និងមានការទុក ចិត្តគ្នាទៅវិញទៅមក ហើយប្រជាពលរដ្ឋខ្មែរគ្រប់រូបឈប់ភ័យខ្លាច ដោយសាររឿងនយោបាយ។ ដើម្បីសម្រេចនូវគោលបំណងនេះ គបម នឹងអនុវត្តកម្មវិធីនយោបាយសំខាន់ៗ ដូចខាងក្រោម៖

    1. រៀបចំឲ្យមានរដ្ឋាភិបាលសាមគ្គីជាតិ​ ដោយសមាសភាពមានមកពីគណបក្សនយោបាយ ដែល មានអាសនៈនៅសភាជាតិ និងអតីតអ្នកនយោបាយជាន់ខ្ពស់មួយចំនួន។ រដ្ឋាភិបាលសាមគ្គីជាតិ នឹងធ្វើការបែងចែកតួនាទី និងការទទួលខុសត្រូវតាមក្រសួង និមួយៗ និងបង្ករឱកាសឲ្យ អ្នកដឹកនាំតាមក្រសួងនិមួយៗមានសេរីភាព និងទទួលបានថវិកាជាតិស្មើភាពគ្នា ដើម្បីធ្វើ ការយកស្នាដៃក្នុងការបម្រើប្រជាពលរដ្ឋ និងចូលរួម ចំណែកកសាង និងការពារជាតិ។
    2. បង្កើតឧត្តមក្រុមប្រឹក្សាកសាងជាតិសម្រាប់ផ្តល់ការណែនាំ និងផ្តល់អនុសាសន៍ដល់ រាជ រដ្ឋាភិបាល ក្នុងការកសាងគោលនយោបាយអភិវឌ្ឍជាតិ និងនយោបាយក្រៅប្រទេស។ អ្នកនយោបាយ និងឥស្សរជនជាន់ខ្ពស់រួមមានអតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា និង ប្រធានរដ្ឋសភា និងអតីតអ្នកនយោបាយជាន់ខ្ពស់ផ្សេងៗទៀត នឹងត្រូវបានអញ្ជើញជា សមាជិកនៃឧត្តមក្រុមប្រឹក្សាជាតិ ដែលសមាជិក ម្នាក់ៗត្រូវការពារដោយច្បាប់ដែលមាន អភ័យឯកសិទ្ធិ។
    3. លើកស្ទួយវប្បធម៌សន្ទនា រវាងអ្នកនយោបាយ ដោយមានការរៀបចំឲ្យមានការជួបជុំគ្នាជា ទៀងទាត់រវាងតំណាងគណបក្សនយោបាយស្របច្បាប់ទាំងអស់ ក្រោមព្រះរាជអធិបតី- ភាពព្រះមហាក្សត្រ ដោយមានអាហារសាមគ្គី។ ការជួបជុំនេះអាចប្រារព្ធ ២ដងក្នុង១ឆ្នាំគឺ មួយដងមុនពេលចូលឆ្នាំខ្មែរ និងមួយដងទៀតក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្យ។
    4. លុបបំបាត់ និងហាមមិនឲ្យមានភាពរើសអើងនយោបាយ និងការមានរចនាសម្ព័ន្ធបក្ស នៅតាម ស្ថាប័នរដ្ឋទាំងអស់ និងលុបបំបាត់ការតាមដានប្រជាពលរដ្ឋពីនិន្នាការ នយោបាយ ពីសំណាក់អាជ្ញាធរគ្រប់ជាន់ថ្នាក់។ មេភូមិ និងអនុភូមិទាំងអស់ នឹងតម្រូវឲ្យលាលែងពី សមាជិក គណបក្សនយោបាយ ឬមិនអនុញ្ញាតឲ្យក្លាយជាសមាជិកគណបក្សនយោបាយ ណាមួយឡើយ។
    5. ទទួលស្គាល់តួនាទីស្របច្បាប់របស់គណបក្សប្រឆាំង និងបែងចែកថវិកាជាតិដល់ គណបក្ស ដែលមានអាសនៈនៅសភាជាតិ ឬមានសំឡេងគាំទ្រពីប្រជាពលរដ្ឋាចាប់ពី២% នៃសំឡេង ឆ្នោតសរុបឡើងទៅ ដើម្បីយកទៅប្រើប្រាស់លើសកម្មភាពអប់រំនយោបាយ ដល់សមាជិក និងប្រជាពលរដ្ឋទូទៅជាពិសេសពីរដ្ឋធម្មនុញ ពីច្បាប់គណបក្សនយោបាយ ច្បាប់បោះឆ្នោត និងគោលនយោបាយរបស់គណបក្ស។ គណបក្សនិមួយៗ មានសិទ្ធិបង្កើតអង្គការមួយ ដែលសម្ព័ន្ធរបស់គណបក្ស ដើម្បីធ្វើការងារចូលរួមលើកស្ទួយលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និងសិទ្ធិមនុស្សនៅកម្ពុជា។ អង្គការទាំងនោះ នឹងទទួលបានថវិកាជាតិ តាមរយៈ សភាជាតិ ដែលបរិមាណថវិកាអាស្រ័យលើសំឡេងឆ្នោតដែលគណបក្សសាមីទទួលបាន។
    6. រៀបចំឲ្យមានកម្មវិធីសន្ទនាមតិរវាងប្រជាពលរដ្ឋ ជាពិសេសយុវជនយុវនារី ដែលមាន និន្នាការគណបក្សនយោបាយផ្សេងគ្នា ដែលកម្មវិធីនេះមានរៀបចំនៅគ្រប់រាជធានី​ខេត្ត និង​សម្របសម្រួលដោយការិយាល័យរដ្ឋសភា តាមរាជធានីខេត្ត ឬដោយអង្គការមិនមែន រដ្ឋាភិបាលជាតិ និងអន្តរជាតិ។
    7. រៀបចំឲ្យមានការពិភាក្សា ប្រកួតប្រជែងនូវទស្សនៈនយោបាយ ជាពិសេសក្នុងចំណោម យុវជនតាមរយៈវេទិកាសាធារណៈ វិទ្យុ ទូរទស្សន៍ ឬបណ្តាញសង្គម។ល។ អ្នកមានការ គាំទ្រច្រើនត្រូវទទួលបានឱកាសចូលរួមប្រកួតវេទិកាជាតិស្តីពី «ទស្សនៈនយោបាយជាតិ» ដែលរៀបចំយ៉ាងតិច១ឆ្នាំ១ដង ហើយអ្នកដែលទទួលបានការគាំទ្រច្រើនជាងគេនៅថ្នាក់ ជាតិទទួលបានពានរង្វាន់ពីសភាជាតិ និងមានឱកាសទទួលបានការងារ នៅក្រុមប្រឹក្សា គោលនយោបាយជាតិរបស់រដ្ឋាភិបាល គណៈកម្មាធិការសភា ឬព្រឹទ្ធសភា ឬជាសមាជិក ជាន់ខ្ពស់របស់គណបក្សនយោបាយ ណាមួយ។
    8. ដោះលែង និងផ្តល់សិទ្ធិសេរីភាពដល់អ្នកទោសមនសិការ និង អ្នកនយោបាយទាំងអស់។ វិសោធនកម្មក្រមព្រហ្មទណ្ឌ ដើម្បីធានាថាប្រជាពលរដ្ឋកម្ពុជាគ្មានទោសក្បត់ជាតិ។

អត្ថបទ៖ បន្តជំពូកនយោបាយចាស់ ឬផ្តើមជំពូកនយោបាយថ្មី ?

Comments
Loading...