សូមខ្មែរ កុំបែកបាក់គ្នាដោយរឿងបោះឆ្នោត

0 15,702

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន(គបម) បានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី២ សីហា ឆ្នាំ២០១៥ ដែលមានលោកបណ្ឌិត កែម ឡី ជាបិតាស្ថាបនិក។

គណបក្សត្រូវបានបង្កើតឡើងដើម្បីផ្តល់ជាជម្រើសថ្មី ឬជម្រើសទី៣ដល់ប្រជាពលរដ្ឋ ដែលមិនពេញចិត្ត នូវនយោបាយប្រឈមមុខដាក់គ្នារវាងគណបក្សធំៗទាំង២ គឺរវាងគណបក្សប្រជាជន និងអតីតគណបក្សសង្គ្រោះជាតិ។ តាំងពីការករកើតតំបូង គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បាននិងកំពុងកសាងខ្លួនជា កម្លាំងកណ្តាលនិយម មូលដ្ឋាននិយម និងសេរីនិយមសង្គម។

យើងជាគណបក្សនយោបាយមួយ ដែលមានគោលបំណងវែងឆ្ងាយ គុណតម្លៃ គោលការណ៍ និងគោលនយោបាយច្បាស់លាស់ដាច់ដោយឡែកពីគណបក្សដទៃ ហើយមិនរណប មិនចំណុះ ឬ មិនជាសម្ព័ន្ធគណ​បក្សមួយណាទេ។

កន្លងមក គបម បានដាក់បេក្ខជនចូលរួមការបោះឆ្នោតឃុំសង្កាត់ នៅចំនួន២៧ឃុំសង្កាត់ កាលពីខែមិថុនា ២០១៧ ហើយទទួលបានជោគជ័យនៅចំនួន៣ឃុំ ដោយទទួលបានអាសនៈ សរុបចំនួន៥។ ជំទប់ និងសមាជិកក្រុមប្រឹក្សាឃុំតំណាងឲ្យ គបម បាននិងកំពុងបំពេញតួនាទី របស់ខ្លួនបានយ៉ាងល្អ ក្នុងការធ្វើការបម្រើប្រជាពលរដ្ឋ។

សម្រាប់ការបោះឆ្នោតជាតិ នៅថ្ងៃទី២៩ ខែកក្កដា ២០១៨ ខាងមុខនេះ គបម ក៏បានត្រៀមខ្លួន ដាក់បេក្ខជនចូលរួមប្រកួត ហើយការសម្រេចចិត្តរបស់យើងធ្វើជាជំហានៗដូចខាងក្រោម៖

  1. នៅខែមករា ២០១៨ យើងបានសម្រេចចិត្តរើសបេក្ខជនសម្រាប់ឈរឈ្មោះ តាម គោលការណ៍ប្រជាធិបតេយ្យផ្ទៃក្នុងបក្ស។ មកដល់ពេលនេះ យើងបានត្រៀមបេក្ខជន សម្រាប់គ្រប់២៥រាជធានីខេត្ត។
  2. នៅថ្ងៃទី៦ ឧសភា ២០១៨ ខាងមុខនេះ យើងនឹងធ្វើការសម្រេចជាផ្លូវការពីការដាក់បញ្ជី ឬមិនដាក់បញ្ជីឈ្មោះបេក្ខជន ដើម្បីចូលរួមប្រកួតការបោះឆ្នោត។ តំណាងគណបក្ស របស់យើងមកពីរាជធានីខេត្ត នឹងចូលរួមធ្វើការសម្រេចរួមគ្នា បន្ទាប់ពីវាយតម្លៃលើ បរិយាកាស ការត្រៀមខ្លួនការបោះឆ្នោត និងការពិគ្រោះយោបល់ពីប្រជាពលរដ្ឋតាមមូលដ្ឋាន។
  3. ក្នុងករណី គបម សម្រេចចុះបញ្ជី ហើយយើងក៏អាចដកខ្លួនចេញពីការបោះឆ្នោតពេល ណាក៏បានដែរ ជាពិសេសប្រសិនបើលក្ខខណ្ឌទាំង៤របស់យើង មិនត្រូវបានបំពេញ។ លក្ខខណ្ឌទាំង៤ នោះគឺ៖
    • ទី១៖ សេរីភាពនៃការធ្វើសកម្មភាពដូចជា ការលើកស្លាក ការជួបជុំសមាជិក និងអ្នកគាំទ្រ
    • ទី២៖ បេក្ខជន សកម្មជន និងអ្នកគាំទ្រ មិនរងការគំរាមកំហែងក្រោមរូបភាព ផ្សេងៗ
    • ទី៣៖ សេរីភាពក្នុងការផ្សព្វផ្សាយ ពីគណបក្សតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ
    • ទី៤៖ មានការផ្តល់សិទ្ធិ សេរីភាពពេញលេញដល់អ្នកសង្កតការណ៍ជាតិ និង អន្តរជាតិចូលរួមបានគ្រប់គ្រាន់ទាំងមុនពេលបោះឆ្នោត ពេលថ្ងៃបោះឆ្នោត និង ពេលរាប់សន្លឹកឆ្នោត។

ការចូលរួម ឬមិនចូលរួមរបស់ គបម ក្នុងការបោះឆ្នោតជារឿងសំខាន់។ តែអ្វី ដែលសំខាន់បំផុត គឺយើងមិនត្រូវឲ្យខ្មែរបែកបាក់គ្នា ដោយសារការបោះឆ្នោតទេ។ ការឈ្នះ ឬចាញ់ឆ្នោត ជារឿង ធម្មតា ហើយអ្វីដែលសំខាន់បំផុត គឺក្រោយការបោះឆ្នោត យើងចេះរួបរួមគ្នាកសាងជាតិ តាម គោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស។ យើងធ្លាប់ទទួលរងគ្រោះគ្រប់គ្រាន់ ជាពិសេស ចាប់តាំងពីឆ្នាំ១៩៧០ តាមរយៈសង្គ្រាមរវាងខ្មែរនិងខ្មែរ ខ្មែរសម្លាប់ខ្មែរ ដោយសារនិន្នាការ នយោបាយផ្សេងគ្នា។ មានតែការរៀនរស់នៅជាមួយគ្នា ដោយយោគយល់គ្នាទៅវិញទៅមក តាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្សទេ ទើបខ្មែរយើងបានសុខទាំងអស់គ្នាយូរអង្វែង។

Comments
Loading...