សំណួរ ចម្លើយទាក់ទងគោលនយោបាយ សទី៥ នៃ សទាំង៥

0 13,554

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានដាក់ចេញនូវគោលនយោបាយ ស៥ មានន័យថា រដ្ឋាភិបាលដឹកនាំដោយ គបម នឹងផ្តោតលើវិស័យចំនួន៥ គឺ៖

  1. សទី១ សេដ្ឋកិច្ច និងការងារ
  2. សទី២ សុខាភិបាល
  3. សទី៣ សិក្សាធិការ និងយុវជន
  4. សទី៤ សង្គមកិច្ច
  5. សទី៥ សេវាសាធារណៈ និងអភិបាលកិច្ចបែបប្រជាធិបតេយ្យ

ខាងក្រោមនេះ ជាខ្លឹមសារនៃការសួរឆ្លើយរវាងលោកខាត់សុធី និងលោកបណ្ឌិតយ៉ងសាំងកុមារ ទាក់ទងទៅនិងគោលនយោបាយ សទី៥។

សំណួរទី១៖លោកបណ្ឌិត តើអ្វីទៅជាទំនាក់ទំនងរវាងតំណាងរាស្ត្រល្អ មន្ត្រីល្អ និងពលរដ្ឋសកម្ម?

នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត គបម ដាក់ចេញនូវគោលនយោបាយ១២៥ចំណុច ហើយ សង្ខេបមកបាន គោលនយោបាយ ស៥ (សទី១ សទី២ សទី៣ សទី៤ សនិងសទី៥)។ រដ្ឋាភិ​បាល ដឹកនាំដោយ គបម នឹងលូកដៃឲ្យបានច្រើន ប្រើប្រាស់ធនធានថវិកាជាតិឲ្យបានច្រើន និងប្រើប្រាស់ ធនធានមនុស្សឲ្យបានច្រើន ធ្វើការក្នុងវិស័យទាំងនោះ ដើម្បីធ្វើឲ្យប្រសើរឡើង នូវជីវិភាពរបស់ ប្រជាពលរដ្ឋ។

ដើម្បីឲ្យបានឱកាសក្នុងការអនុវត្តគោលនយោបាយរបស់ គបម យើងចូលរួមប្រកួតប្រជែងក្នុង​ការបោះឆ្នោតជាតិ២០១៨។ ការដាក់ចេញនូវ គោលនយោបាយ ស៥ – សទី៥ ព្រោះសទី៥ ទាក់ ទងនិង ការធ្វើម៉េចឲ្យមានមន្ត្រីល្អ ធ្វើការបម្រើប្រជាពលរដ្ឋ? ធ្វើម៉េចឲ្យមានមន្ត្រីល្អ បម្រើក្នុង វិស័យទាំងអស់នោះ? ដើម្បីឲ្យមានមន្ត្រីល្អ ទាល់តែមានតំណាងរាស្ត្រល្អ អ៊ីចឹងយើង​ចាប់ផ្តើមក្នុងយុទ្ធនាការរបស់យើងក្នុង សទី៥ និយាយពីតំណាងរាស្ត្រល្អ មន្ត្រីល្អ និងពលរដ្ឋសកម្ម។

តំណាងរាស្ត្រ គឺជាតំណាងរាស្ត្រដែល​បំពេញតួនាទីបានល្អ ក្នុងការបម្រើប្រជាពលរដ្ឋ និងបម្រើ ប្រទេសជាតិទាំងមូល ហើយតួនាទីសំខាន់គឺមាន ៤ ដូចខាងក្រោម៖

  1. ជាតំណាងប្រជាពលរដ្ឋ
  2. ទី២ ជាអង្គបោះឆ្នោត ជាអ្នកជ្រើសរើសនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងអ្នកដឹកនាំជាតិ សំខាន់ៗដទៃផ្សេងទៀត
  3. ជាអ្នកធ្វើច្បាប់ អ្នកអនុម័តច្បាប់ ក្នុងនោះមានច្បាប់ថវិកាជាតិ។ នៅពេល យើងមាន តំណាងរាស្ត្រល្អ តំណាងរាស្ត្រនោះទៅធ្វើច្បាប់ ដើម្បីទម្លាក់ថវិកជាតិបម្រើវិស័យសំខាន់ ដែលមានសេដ្ឋកិច្ច សុខាភិបាល សង្គមកិច្ច សិក្សាធិការជាដើម។
  4. មើលពីលើការងាររបស់រដ្ឋាភិបាល មើលលើការដឹកនាំ ការបម្រើសេវាដល់ប្រជាពលរដ្ឋ។

ដើម្បីឲ្យវិស័យ ដែលគបម ដាក់ចេញដំណើរការបាន អាចអនុវត្តបាន មានធនធាន មានមន្ត្រីល្អ​ធ្វើការគ្រប់គ្រាន់ យើងត្រូវមានតំណាងរាស្ត្រដែលល្អបំពេញតួនាទី។ នេះជារឿងសំខាន់ ដែល យើង​​ចង់ឲ្យអស់លោក អ្នកស្រី ជាប្រជាពលរដ្ឋទាំងអស់បាន និងកំពុងត្រៀមខ្លួនទៅបោះឆ្នោត ត្រូវពិនិត្យបញ្ហាហ្នឹងឲ្យមែនទែន។ យើងបោះឆ្នោតរើសតំណាងរាស្ត្រនៅអាណត្តីទ៦ យើងរើស​១២៥រូប ហើយអ្នកទាំង១២៥រូបនោះ ត្រូវទៅបំពេញតួនាទីសំខាន់ៗទាំង៤ខាងលើ។ ក្នុងនោះ គបម ក៏ទទួលបានតំណាងរាស្ត្រល្អ បំពេញតួនាទីនោះបាន ហើយអ៊ីចឹងបានជាយើងរើសនីតិវិធី ក្នុងការរើសលំដាប់លេខរៀងបេក្ខជនតំណាងរាស្ត្រពីក្រោមឡើងលើ គឺបានន័យថា ទុកឲ្យប្រជា- ពលរដ្ឋតាមខេត្តនីមួយៗធ្វើការជ្រើសរើស ដើម្បីឲ្យបេក្ខជនតំណាងរាស្ត្រ មានគណនេយ្យភាព ការទទួលខុសត្រូវចំពោះប្រជាពលរដ្ឋក្នុងការបំពេញតួនាទីទាំងនោះ។ ប៉ុន្តែ យើងទាមទារឲ្យប្រជា- ពលរដ្ឋដើរតួយ៉ាងសកម្មដែរ ក្នុងការរក រើសបេក្ខជនតំណាងរាស្ត្រ និងជួយរកសំឡេងដើម្បីឲ្យ បេក្ខជនតំណាងរាស្ត្រពួកគាត់ជាប់ឆ្នោត ហើយបានចូលក្នុង រដ្ឋសភាជាតិធ្វើការអនុម័តច្បាប់ គោលនយោបាយផ្សេងៗ និងរើសមនុស្សល្អៗធ្វើជាមន្ត្រី ដើម្បី បម្រើប្រជាពលរដ្ឋ។

សំណួរទី២៖ តើអ្វីទៅជាពលរដ្ឋសកម្ម? ហេតុអ្វី បានជាចាំបាច់មានពលរដ្ឋសកម្ម?

នៅក្នុងរចនាសម្ព័ន្ធគ្រប់គ្រងដឹកនាំប្រទេស ក្នុងការផ្តល់សេវាកម្ម យើងមានប្រជាពលរដ្ឋទូទៅ ប្រហែល១៥លាននាក់ ក្នុងនោះ អ្នកមានសិទ្ធិបោះឆ្នោតប្រហែល១០លាន់នាក់ (៧ – ៨លាននាក់ បានទៅបោះឆ្នោត)។ យើងមានពលរដ្ឋសកម្ម (មិនមែនសកម្មក្នុងការបោះឆ្នោតទេ) គឺសកម្មក្នុង ការចូលរួមតាមដាន តម្រង់ទិស និងផ្តល់យោបល់ផ្សេងៗឲ្យដល់តំណាងរាស្ត្រ។ ដោយតំណាង-រាស្ត្រ ជាអ្នបោះឆ្នោតរើសនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី (ពីមុនរួមបញ្ចូលទាំងរដ្ឋលេខាធិការ តែថ្មីៗនេះ គេធ្វើវិសោធនកម្មច្បាប់ អនុញ្ញាតឲ្យនាយករដ្ឋមន្ត្រី​មានសិទ្ធិតែងតាំងរដ្ឋលេខាធិការផ្ទាល់ ដែល មិនចាំបាច់ឆ្លងកាត់តំណាងរាស្ត្រទេសនោះទេ)។ តែនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រី គាត់ត្រូវចាត់តាំង មន្ត្រីសំខាន់ៗ ដើម្បីធ្វើការបម្រើប្រជាពលរដ្ឋ ដើម្បីធ្វើការបម្រើប្រជាពលរដ្ឋវិញ។ ដូច្នេះពេល ប្រជាពលរដ្ឋ ជាអ្នកទទួលសេវាពីមន្ត្រីរាជការ គាត់អាចផ្តល់យោបល់ត្រឡប់ តាមរយៈពលរដ្ឋ សកម្ម មកកាន់តំណាងរាស្ត្រ ហើយតំណាងរាស្ត្រអាចផ្តល់យោបល់ទៅឲ្យ រដ្ឋមន្ត្រី (មិនចាំបាច់ ដល់នាយករដ្ឋមន្ត្រីភ្លាមទេ) ឧទាហរណ៍ថា ឥឡូវប្រជាពលរដ្ឋយល់ឃើញថាមណ្ឌលសុខភាពឃុំ ដំណើរការមិនល្អ ខ្វះនេះខ្វះនោះ អត់មានពេទ្យមកធ្វើការគ្រប់គ្រាន់ មិនទៀងទាត់ ដូច្នេះគាត់ បានជូនដំណឹងមកតំណាងរាស្ត្រ ហើយតំណាងរាស្ត្រគាត់ ហៅរដ្ឋមន្ត្រីមកសួរ ឬក្រសួង សុខាភិបាលមកសួរ តើហេតុការណ៍ហ្នឹងយ៉ាងម៉េច? តើយើងមានវិធានការណ៍អ្វីខ្លះ ដោះស្រាយ បញ្ហាហ្នឹង? តើធ្វើយ៉ាងម៉េច ឲ្យប្រជាពលរដ្ឋទទួលបានសេវាកម្មល្អ? ដូច្នេះ វាមានទំនាក់ទំនងគ្នា ហើយ គបម ចង់លើកស្ទួយនូវសិទ្ធីសេវរីភាពរបស់ប្រជាពលរដ្ឋឲ្យចូលរួម យ៉ាងសកម្មក្នុងការ តាមដានវាយតម្លៃលើគុណភាពរបស់សេវាសាធារណៈ ដើម្បីធ្វើយ៉ាងណា ឲ្យមន្ត្រីសាធារណៈ មានការទទួលខុសត្រូវខ្ពស់ចំពោះប្រជាពលរដ្ឋ ទន្ទឹមនិងនេះតម្រូវឲ្យមានធនធាន និងសមត្ថភាព គ្រប់គ្រាន់ក្នុងការធ្វើកិច្ចការនេះ។

សំណួរទី៣៖ តើគបម ធ្វើយ៉ាងម៉េចដើម្បីឲ្យកម្ពុជាទទួលបាន មានតំណាងរាស្ត្រល្អ មន្ត្រី និងពលរដ្ឋសកម្ម?

មន្ត្រីសាធារណៈ (មន្ត្រីរដ្ឋាភិបាល) ទាក់ទងនិងសេវាសាធារណៈ ហើយក្នុងសង្គម មនុស្សទូទៅ ត្រូវការសេវា។ សេវា យើងបែងចែកជាសេវាសាធារណៈ និងសេវាឯកជន។ សេវាសាធារណៈ មានន័យថា ជាសាធារណៈទូទៅមិនចំពោះ នរណាក៏អាចទទួលប្រើប្រាស់សេវានោះបានដូចៗ គ្នា ក្នុងតម្លៃដូចៗគ្នា ក្នុងការបង់លុយ គុណភាពល្អដូចៗគ្នា។ សេវាឯកជន មានន័យថា បុគ្គល មួយអាចទទួលបាន ហើយបុគ្គលផ្សេងៗទៀតមិនអាច ភាគច្រើនទាក់ទងនិងការបង់លុយថ្លៃ សេវា។ ទី១ យើងត្រូវសម្រេចថា អ្វីជាសេវាសាធារណៈ ដែលរដ្ឋាភិបាលដឹកនាំ ដោយ គបម កំណត់? ហើយអ្វីដែលយើងទុកឲ្យវិស័យឯកជនទទួលខុសត្រូវ? ឧទាហរណ៍ គមនាគមន៍ និងដឹកជញ្ជូន យើងចាត់ទុកជាសេវាសាធារណៈ ឬជាសេវាសាធារណៈដែលរដ្ឋត្រូវមានតួនាទី ឬ យុទ្ធវិធីដាក់ឡានក្រុងឲ្យប្រើក្នុងទីក្រុង ដាក់ឲ្យតភ្ជាប់ពីខេត្តមួយទៅខេត្តមួយ ត្រូវមានរថភ្លើងរដ្ឋ បម្រើសេវាខេត្តមួយទៅខេត្តមួយ ហើយប្រជាពលរដ្ឋត្រូវបង់ប្រាក់សេវាបន្តិចបន្តួច ដើម្បីរួមចំណែក ឲ្យដំណើរការ។ ឧទាហរណ៍ ទាក់ទងនិងវិស័យសុខាភិបាល ជាសេវាសាធារណៈ ឬឯកជន? ចំពោះ គបម ចាត់ទុកជាសេវាសាធារណៈ មានន័យថា យើងចង់ ឲ្យប្រជាពលរដ្ឋគ្រប់រូបទទួល បានសេវាថែទាំព្យាបាលគ្រប់រូប គ្រប់ទីកន្លែងអាចមានលទ្ធភាពទទួលបានការព្យាបាលដូចៗគ្នា។ ដូចគ្នា ក្នុងសេវាអប់រសិក្សាធិការដែរ។ យើងឃើញវិស័យមួយចំនួន ចែងក្នុងគោលនយោបាយ ស៥ ដូចជាវិស័យកសិកម្ម យើងក៏ចាត់ទុកជាវិស័យសាធារណៈដែរ មានន័យថា យើងចង់ឲ្យ មានមន្ត្រីកសិកម្ម ចុះធ្វើការមប្រើរាស្ត្រគ្រប់កន្លែង ប្រកបដោយគុណភាព ប្រកបដោយ សុវត្ថិភាព តម្លាភាព គ្មានភាពរើសអ៊ើង។ ទាំងនេះគ្រាន់តែចង់ បញ្ជាក់ពីសេវាសាធារណៈ។ ទី២ ដើម្បីធានាឲ្យ​ ប្រជាពលរដ្ឋយើងទទួលបានសេវាសាធារណៈល្អៗដូចៗគ្នា គឺ គបម យើងមាន គោលនយោបាយជាពិសេសយើងផ្តោតលើ៣ចំណុច ចំណុចទី១ យើងលុបបំបាត់ចោល រចនាសម្ព័ន្ធបក្ស នៅតាមស្ថាប័នរដ្ឋ គឺយើងត្រូវបែងចែកឲ្យច្បាស់រវាង មន្ត្រីជំនាញ និងមន្ត្រីបក្ស នោះជារឿងពីរខុសគ្នា។ រឿងនយោបាយ និងការងារបច្ចេកទេស សុំកុំឲ្យឡូកឡំគ្នា កុំឲ្យថា អ្នកឯងអាចធ្វើប្រធានមន្ទីរ ប្រធានការិយាល័យបាន ទាល់តែអ្នកឯងបម្រើបក្ស ទាល់តែអ្នកឯង ឆ្លៀតទៅជួយបក្ស យើងចង់លុបបំបាត់ចោល យើងចង់បិទទំព័រប្រវត្តិសាស្ត្រហ្នឹងចោល។ យើង បើកទំព័រប្រវត្តិសាស្ត្រថ្មី ដើម្បីលើកស្ទួយអ្នកមានសមត្ថភាពចូលរួមបម្រើ​ប្រជាពលរដ្ឋគ្រប់រូប។ ហើយអ្នកដែលចងបានតំណែងបក្សក្នុងនយោបាយ គឺគេនិយាយពី តំណាងរាស្ត្រ អ៊ីចឹងបើអ្នក ចង់ឈរឈ្មោះជាតំណាងរាស្ត្រមានន័យថា តំណាងបក្សមួយទៅ ហើយឯឈរឈ្មោះជាតំណាង រាស្ត្រក្រុមប្រឹក្សាឃុំសង្កាត់ នោះជាតំណែងនយោបាយ ដូច្នេះ ត្រូវបែងចែកឲ្យច្បាស់រវាង តំណែងនយោបាយ និងតំណែងបច្ចេកទេស។ ក្នុង គបម  គោលនយោបាយយើងច្បាស់លាស់ ក្នុងការលុបចោលរចនាសម្ព័ន្ធបក្ស នៅតាមស្ថាប័នរដ្ឋទាំងអស់គឺជាចំណុចទី១ ហើយចំណុចទី២ លើកស្ទួយគុណភាពសមត្ថភាពរបស់មន្ត្រីរាជការ ជាពិសេសការ តំឡើងបុណ្យសក្តិតួនាទីទៅ តាមសមត្ថភាព ហើយទី៣ ធ្វើយ៉ាងម៉េចឲ្យមន្ត្រីរាជការយើង ធ្វើការបម្រើសេវាសាធារណៈ

ដល់ ប្រជាពលរដ្ឋ ជាពិសេសផ្តល់ជូនគាត់នូវធនធានគ្រប់គ្រាន់ មានប្រាក់ខែ គ្រប់គ្រាន់ដើម្បីបម្រើ ប្រជាពលរដ្ឋ ហើយករណីនេះយើងអាចរៀនសូត្រពីប្រទេសសិង្ហបុរី។ អ្នកដឹកនាំសិង្ហបុរីថា អ្នកដឹកនាំដែលមានអំណាចអាស្រ័យលើគុណភាព និងប្រសិទ្ធិភាព សេវាសាធារណៈ អ៊ីចឹង បើអ្នកដឹកនាំ ចង់កាន់អំណាចយូរ ដើម្បីបម្រើប្រជាពលរដ្ឋ គាត់ត្រូវធ្វើយ៉ាងម៉េច ឲ្យមន្ត្រីរាជការ មានសមត្ថភាព មានធនធានគ្រប់គ្រាន់បម្រើប្រជាពលរដ្ឋ ដោយមិនរើសអើង​ ដោយស្មោះត្រង់​ និងប្រកបដោយប្រសិទ្ធិភាព។ តាមរបៀបហ្នឹង យើងចង់​ជំរុញឲ្យប្រទេសកម្ពុជាយើង ប្រកាន់យក របៀបហ្នឹង នោះជាចម្លើយដែលបញ្ជាក់ថា ធ្វើម៉េចឲ្យបានអ៊ីចឹង?

យើងដាក់គោលនយោបាយចូលប្រកួត ក្នុងគោលនយោបាយយើងចែងច្បាស់ នៅពេលយើង ឈ្នះឆ្នោតដឹកនាំរដ្ខាភិបាល, ជាថ្មីម្តងទៀត, យើងលុបបំបាត់ចោលនូវរចនាសម្ព័ន្ធបក្សនៅក្នុង ស្ថាប័នរដ្ឋទាំងអស់ ហើយទី២ តំឡើងបុណ្យសក្តិ តួនាទីរបស់មន្ត្រី តាមសមត្ថភាពរបស់គាត់ តាមជំនាញវីជ្ជាជីវៈរបស់ពួកគាត់ ឯចំណុចទី៣ ធ្វើឲ្យគាត់មានធនធានធ្វើការ មានប្រាក់ខែ និង មធ្យោបាយគ្រប់គ្រាន់ ដើម្បីធ្វើការបម្រើប្រជាពលរដ្ឋ នេះជាគោលនយោបាយដែលយើងជំរុញ។ មួយទៀត យើងបង្កើតឲ្យមានយន្តការធ្វើយ៉ាងម៉េច ឲ្យមន្ត្រីរាជការទាំងអស់នោះ រួមមានទាំង មន្ត្រី ឧត្តមមន្ត្រី រដ្ឋមន្ត្រី នាយករដ្ឋមន្ត្រី មានគណនេយ្យភាព និងការទទួលខុសត្រូវចំពោះមុខ តំណាងរាស្ត្រ។ ដូចដែលបានបញ្ជាក់ តំណាងរាស្ត្រ មានតួនាទីមួយក្នុងតួនាទីទាំងបួន គឺគាត់មើល ពីលើការងាររដ្ឋមន្ត្រី ការងាររបស់នាយករដ្ឋមន្ត្រី​ដូចក្នុងសភាជាតិបច្ចប្បន្នមានគណៈកម្មាធិការ ចំនួន១០ ហើយគណៈកម្មាធិការនិមួយៗមានក្រសួងទៅតាមជំនាញ។ តំណាងរាស្ត្រ អាចសួរនាំ ជជែកគ្នាជាមួយរដ្ឋមន្ត្រី ទាងក់ទងនិងការងារមួយចំនួនដើម្បីធ្វើឲ្យរដ្ឋមន្ត្រីរូបនោះ ដឹកនាំក្រសួង តាមវិស័យនីមួយៗ (ស្រុកខ្មែរមាន២៨ក្រសួង ហើយក្រសួងនីមួយៗកាន់វិស័យរបស់ខ្លួន)ដោយធ្វើ យ៉ាងណាឲ្យក្រសួងនីមួយៗបំពេញតួនាទីខ្លួនឲ្យបានល្អ ក្នុងការបម្រើសេវាដល់ប្រជាពលរដ្ឋ។ ហើយក្នុងនោះ ចំណុចសំខាន់ទៀត ជុំវិញរឿង «ពលរដ្ឋសកម្ម»។ យើងគាំទ្រឲ្យមានសមាគម ឬបណ្តាញពលរដ្ឋសកម្ម ដែលមានតំណាងរបស់ខ្លួននៅថ្នាក់ឃុំ ថ្នាក់ស្រុក ថ្នាក់រាជធានីខេត្ត។ ហើយយើង ជំរុញឲ្យមានការិយាល័យពលរដ្ឋសកម្ម បើមិនបានថ្នាក់ស្រុក ក៏បានត្រឹមថ្នាក់ខេត្ត ដែរ។ ដើម្បីអ្វី? ឧទាហរណ៍ ប្រជាពលរដ្ឋ មានបញ្ហាអ្វីមួយ ដែលចង់ឲ្យដោះស្រាយ ដោយសារ យើងមិនពេញចិត្តសេវាសាធារណៈ ប៉ុន្តែប្រជាពលរដ្ឋ ពិបាកនឹងទៅជួបពួកតំណាងរាស្ត្រ ប៉ុន្តែ ប្រជាពលរដ្ឋអាចមកជួបពលរដ្ឋសកម្ម ដែលជាតំណាងរបស់ប្រជាពលរដ្ឋនៅក្នុងភូមិឃុំគាត់។ ពលរដ្ឋសកម្ម ពាំនាំបញ្ហានោះមកជួបជាមួយតំណាងរាស្ត្រ ហើយតំណាងរាស្ត្រគេ ពាំនាំបញ្ហា ទៅជួបមន្ត្រី ក្រសួងជំនាញដែលពាក់ព័ន្ធ ហើយយើងចង់បង្កើតយន្តការនេះឡើង ដែលហៅថា «ប្រជាធិបតេយ្យ»។ ប្រជាធិបតេយ្យ មានន័យថា ប្រជាពលរដ្ឋគាត់មានច្រក ហើយប្រជាធិប-តេយ្យមិនមែនមានន័យថា ទៅបោះឆ្នោត៥ឆ្នាំម្តងហៅថាប្រជាធិបតេយ្យទេ វាគ្រាន់តែជាផ្នែក មួយប៉ុណ្ណោះ។ ប៉ុន្តែ ប្រជាពលរដ្ឋ នៅតែមានឱកាស សិទ្ធិសេរីភាព ក្នុងការចូលរួមតម្រង់ទិស តាមដាន វាយតម្លៃ លើគុណភាពសេវាសាធារណៈ។ នៅពេល ពលរដ្ឋសកម្មចូលរួមយ៉ាងសកម្ម មន្ត្រីរដ្ឋាភិបាលក៏សកម្មដែរ បើមន្ត្រីរដ្ឋាភិបាលមិនសកម្មទេ ពួកគាត់នឹងជួបបញ្ហា ព្រោះត្រូវ ទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋ។ ឧទាហរណ៍ សាមញ្ញមួយ អ្នកបម្រើការងារនៅតាមហាង អ្នកបរិភោគដូចជា ប្រជាពលរដ្ឋអ៊ីចឹង បើមកបរិភោគ ហើយគាត់មិនពេញចិត្តសេវាកម្មហាង នោះ គាត់អាចប្រាប់ទៅថៅកែហាង ហើយបើថៅកែយល់ថា អត់ល្អមែន គាត់អាចកែ ឬក៏ដក បុគ្គលិកនោះចេញ។ ដូចគ្នាដែរ ប្រជាពលរដ្ឋដូចជាភ្ញៀវគាត់មិនពេញចិត្ត គាត់ប្រាប់ទៅតំណាង របស់គាត់ តំណាងគាត់គឺតំណាងរាស្ត្រ។ អ្នកចាត់ចែង ដូចជាមន្ត្រី អាចធ្វើការណែនាំ បើណែនាំ មិនស្តាប់ទេ គេអាចដក ដូរ ដាក់មនុស្សថ្មី។ យើងចង់ឲ្យសេវាសាធារណៈមានគណនេយ្យភាព អាចឆ្លើយតបទៅនឹង តម្រូវការរបស់ប្រជាពលរដ្ឋ ដើម្បីកុំឲ្យប្រជាពលរដ្ឋមានអារម្មណ៍ភ័យខ្លាច ក្នុងការសួរនាំ ក្នុងការតវ៉ា ក្នុងការរករឿង ចំពោះគុណភាពសេវាសាធារណៈ វាជារឿងមួយល្អ ហើយទាមទារឲ្យមានអ្នកនាំធ្វើ អ្នកជំនាញការងារ, កន្លងមក, ដូចខ្ញុំធ្លាប់ធ្វើការក្នុងអង្គការ សង្គមស៊ីវិល យើងបង្កើតគម្រោង «គណៈកម្មាធិការឃ្លាំមើល» មានន័យថា ប្រជាពលរដ្ឋក្នុងឃុំហ្នឹងនាំគ្នាបង្កើតជាក្រុម ធ្វើការឃ្លាំមើល ហើយត្រឡប់យោបល់ទៅក្រុមប្រឹក្សាឃុំ។​ វាជួយកែលម្អ គុណភាពសេវាសាធារណៈ។

សំណួរទី៤៖ ឥឡូវនេះ យើងឃើញមានគណបក្សកាន់អំណាចមានតំណាងរាស្ត្រក្នុងសភាជាតិ។ អ្វីដែលខ្ញុំ ចង់ជម្រាបសួរលោកបណ្ឌិត តើសេវាសាធារណៈរបស់រដ្ឋាភិបាលបច្ចប្បន្ន ល្អកម្រិត ណាហើយ ឬត្រូវកែតម្រូវតាម ប៤ របស់ គបម?

ប៤ មានន័យថា បន្ត បន្ថែម បន្ថយ បញ្ឈប់។ នៅក្នុងប្រព័ន្ធដឹកនាំបច្ចប្បន្ន យើងឃើញមាន តំណាងរាស្ត្រ រដ្ឋាភិបាល(ដឹកនាំដោយ នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ មន្ត្រី) បើយើងគិតទៅ រចនាសម្ព័ន្ធនេះមានមនុស្សច្រើន។ មួយទៀតមាន ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល ដែលបានចូលរួមសកម្មខ្លះដែរ ក្នុងការតាមដាន ផ្តល់យោបល់ ពីប្រជាពលរដ្ឋ។ ចំណុចខ្វះខាត ដែលចង់បន្ថែម បន្ថយ ឬត្រូវបញ្ឈប់ មានចំណុចមួយចំនួនដូច ខាងក្រោម។ ចំណុចទី១ ចាប់ផ្តើម ពីគណនេយ្យភាព។ អ្វី ដែលយើងបានសង្កេតឃើញ គឺថា តំណាងរាស្ត្រទៅជួបរាស្ត្រ តែនៅពេលសុំសន្លឹកឆ្នោត មានន័យថា ពេលត្រូវការសន្លឹកឆ្នោត សំពះសុំ ដល់ពេលចប់ពីយុទ្ធនាការបោះឆ្នោតរយៈពេល៥ឆ្នាំ គាត់ហាក់ដូចជាមិនសូវជិតស្និត ជាមួយប្រជាពលរដ្ឋ។ រវាងប្រជាពលរដ្ឋ និងតំណាងរាស្ត្រ គាត់ចាត់ទុកតំណាងរាស្ត្រដូចជា «លោកធំ»របស់ពួកគាត់យ៉ាងម៉េច? ប្រជាពលរដ្ឋ ខ្លាចតំណាងរាស្ត្រ មិនហ៊ាននៅជិត។ ហើយ ត្រូវដល់ពេល គេមកមាន Lexus 570 មានអង្គរក្សខ្លះ ប្រជាពលរដ្ឋខ្លួនឯង អត់សូវហ៊ានទៅជិត គិតថាអ្នកធំ ហើយប្រជាពលរដ្ឋខ្លួនយើង អត់យល់ពី តួនាទីទាំង៤របស់តំណាងរាស្ត្រ ហើយ តំណាងរាស្ត្រខ្លួនឯងវិញក៏មិនសូវរវីរវល់បំពេញតួនាទីរបស់ខ្លួនផងដែរ។

តំណាងរាស្ត្រខ្លះ គាត់ខំធ្វើការ ឯតំណាងរាស្ត្រខ្លះគាត់ក៏ខំធ្វើការយកចិត្តមេបក្សនៅខាងលើដែរ ព្រោះបើគាត់មិនយកចិត្ត គាត់មិនបានលេខរៀងល្អមិនអាចឈរឈ្មោះទៀតទេ។ ប្រព័ន្ធបែបនេះ មានបញ្ហា បញ្ហាត្រង់ថាតំណាងរាស្ត្រភាគច្រើនជាទូទៅគាត់គោរពខ្លាចមេបក្ស ជាជាងគោរព ប្រជាពលរដ្ឋ។ ដូច្នេះ បើយើងចង់ធ្វើការផ្លាស់ប្តូរ ទី១ ធ្វើយ៉ាងម៉េចឲ្យយើងបាន តំណាងរាស្ត្រ គោរពខ្លាចប្រជាពលរដ្ឋច្រើនជាង។ ហើយប្រជាពលរដ្ឋ ត្រូវគិតថាតំណាងរាស្ត្រមិនមែនអ្នកធំទេ មិនមែនអ្នកមានបុណ្យធ្លាក់មកពីលើមេឃ មិនមែនអ្នកមានលុយទ្រព្យសម្បត្តិធំដុំឡើយ គ្រាន់តែ ជាតំណាងរបស់រាស្ត្រ ហើយត្រូវបំពេញតួនាទីខ្លួន ព្រោះប្រជាពលរដ្ឋខ្មែរយើង១៥លាននាក់ ជ្រើសរើសតំណាងចំនួន១២៥រូប។ នេះជាការការអនុវត្តប្រជាធិបតេយ្យបែបតំណាង ដោយសារ យើង មិនអាចយកមនុស្សទាំង១៥លាននាក់មកប្រជុំបង្កើតច្បាប់ណាមួយទេឡើយ តែយើងអាច ហៅមនុស្សតំណាង១២៥រូប មកប្រជុំ ដើម្បីពិនិត្យសម្រេចអ្វីមួយបម្រើប្រយោជន៍ប្រជាពលរដ្ឋទូទៅ។

(នៅមានភាគបន្ត …..)

Comments
Loading...