របៀបដាក់ជី និងស្រោចទឹកលើដំណាំឈើហូបផ្លែ

0 25,183

បទពិសោធន៍កន្លងមក បានបង្ហាញឱ្យឃើញថា ការធ្វើជាចង្អូរនៅជុំវិញដើមឈើ​ហូប​ផ្លែ​សម្រាប់ដាក់ជី និងស្រោចទឹក អាចជួយឱ្យដើមឈើហូបផ្លែលូតលាស់ និងបានផលល្អ។

ដូចនេះ យើងខ្ញុំសូមលើកយករបៀបអនុវត្តនូវបច្ចេកទេសនេះ មកបង្ហាញដូចតទៅ៖

ក-យើងត្រូវជីកចង្អូរជារាងរង្វង់ជុំវិញគល់ឈើដោយកន្លែងជីកចង្អូរ ត្រូវនៅចំកន្លែងចុង​មែក​របស់ដើមឈើ ឬកូនឈើនោះ ពីព្រោះជាកន្លែងដែលឫសលូតលាស់ដល់ ហើយជាកន្លែងដែល​ប្រជុំ​នូវប្រព័ន្ធឫសដែលស្រូបយកជីជាតិ និងទឹកពីដី (រូបទី១ និងរូបទី២)។ ទំហំរបស់ចង្អូរគឺ ទទឹង ១តឹក​កន្លះ​ទៅ ២តឹក ហើយជំរៅប្រហែល ១តឹកកន្លះទៅ ២តឹក។

ខ-បន្ទាប់មកយើងប្រមូលយកស្លឹកឈើ លាមកសត្វ និងជីធម្មជាតិផ្សេងៗ យកមកដាក់​បំពេញ​តាមចង្អូរនេះ។ នៅពេលចង្អូរពេញ យើងអាចលាយដីពីលើថែមបន្តិចៗ (សូមប្រើដីស្រទាប់​លើ)​។ យើងក៏អាចយកផេះលាយជាមួយដីបន្ថែមបានដែរ។

គ-នៅពេលយើងស្រោចទឹកបន្ថែម យើងស្រោចតែតាមចង្អូរបានហើយ។ ប្រសិនយើងមាន​ជី​ទឹកសម្រាប់ស្រោចជាការមួយល្អណាស់ ជាពិសេសនៅពេលមុនឈើរៀបចេញផ្លែ ឬកំពុងចេញ​ផ្កា​បានបន្តិច។

ឃ-ក្នុងរយៈពេល ២-៣អាទិត្យក្រោយមក សារធាតុសរីរាង្គត្រូវបានពុកបន្តិចម្តងៗ ពេលនោះជីក្នុង​រណ្តៅក៏ស្រុតចុះដែរ។ ដូចនេះ យើងត្រូវឧស្សាហ៍ដាក់ជីបន្ថែម។

ដើម្បីចង់ដឹងថាតើវិធីសាស្ត្រដូចរៀបរាប់ខាងលើអាចជួយនាំមកផលល្អ សូមបងប្អូនកសិករ​ធ្វើការជ្រើសរើសប្រភេទឈើហូបផ្លែ (ឧទាហរណ៍ ត្របែក ក្រូចឆ្មារ ពុទ្រា។ល។)។ ចំនួន ៤ ទៅ ៥ដើម ធ្វើ​ការ​ពិសោធន៍ ហើយធៀបជាមួយអ្វីដែលជាទំលាប់របស់បងប្អូន។ យើងសង្ឃឹមថា ការពិសោធន៍​របស់បងប្អូនជួបបានលទ្ធផលល្អ។

Comments
Loading...