រងលើកខ្ពស់ឬរងកាប់ជ្រៅ

0 3,088

រងលើកខ្ពស់ឬរងកាប់ជ្រៅជាប្រភេទរងមួយមានជារណ្តៅឬពំនូនដែលក្នុងរណ្ដៅឬពំនូននេះគេកប់បញ្ចូលនូវសារធាតុសរីរាង្គជាពិសេសរុក្ខជាតិផ្សេងៗ។រងនេះមានល្ខណៈសមស្របបំផុតចំពោះតំបន់ណាដែលដីមិនសូវផុសល្អឬមានការជាំទឹកខ្លាំង។ការធ្វើរបៀបនេះផ្តល់នូវផលប្រយោជន៍យ៉ាងច្រើនដល់ម្ចាស់សួន៖

  • រុក្ខជាតិអាចចាក់ឫសបានស្រួលដោយសារដីផុសល្អ
  • រក្សាសំណើមក្នុងដីបានយូរហើយមិនសូវទាមទារឱ្យមានការស្រោចទឹកញឹកញាប់ (ជាពិសេសនៅពេលឫសចាក់ដល់ស្រទាប់ជីដែលរលួយ)
  • ផ្តល់ជីជាតិបន្តិចម្តងៗតាមរយៈភាពពុកនៃសារធាតុសរីរាង្គដែលមានក្នុងរណ្ដៅឬពំនូន
  • ទប់ស្កាត់ការហូរសឹកឬហូរច្រោះដោយទឹកជ្រាបចូលក្នុងដីបានលឿន
  • អាចដាំដំណាំបន្លែមមួយសារទៀតក្រោយពីប្រមូលផលដោយមិនទាមទារឱ្យលើកជារងថ្មីទេគឺគ្រាន់តែជ្រោយដីប៉ុណ្ណោះ។ក៏ប៉ុន្តែគេត្រូវដូរប្រភេទដំណាំ។

ទន្ទឹមនឹងគុណសម្បត្តិរងខ្ពស់ក៏អាចនាំបញ្ហាមួយចំនួនដែរដូចជា៖

  • ត្រូវការសារធាតុសរីរាង្គច្រើន
  • ត្រូវការកម្លាំងច្រើនជាងការធ្វើរងធម្មតា
  • ពេលដំបូងការលូតលាស់របស់បន្លែរាងយឺតដោយសារធាតុសរីរាង្គមិនទាន់ពុកផុយ។

របៀបធ្វើនិងដាំ

ក-គូសចំណាំនូវកន្លែងដែលត្រូវធ្វើរងហើយចាំងស្មៅចេញដោយយកស្មៅទុកមួយដុំសម្រាប់​ប្រើដាក់ចូលក្នុងរណ្ដៅវិញ។

ខ-ជីករណ្ដៅឱ្យបានជ្រៅ៣តឹកហើយយកអាចម៌ដីគរទុកមួយដុំ។

គ-បន្ទាប់ពីជីកហើយបំផុសបាតរណ្ដៅ។

ឃ-កប់បញ្ចូលនូវស្លឹកឈើស្មៅនិងកាកសំណល់រុក្ខជាតិផ្សេងៗនិងលាមកសត្វខ្លះៗឬបន្តិចបន្តូច (ប្រហែល១/៤នៃបរិមាណណស្លឹកឈើ)។

ង-យកអាចម៌ដីមកកប់ពីលើរណ្ដៅវិញទាំងអស់ហើយកំរាស់សាច់ដីគឺត្រូវយ៉ាងតិចបំផុត​ក៏​ប្រវែង​មួយចំអាមដែរ។

ច-យកជីកំប៉ុស្តមកលាយជាមួយអាចម៌ដីនេះបើអត់ជីកំប៉ុស្តយើងអាចប្រើលាមកសត្វដែលពុក​ៗ​ឬយកដីស្រទាប់លើដែលមានជីជាតិ។

ឆ-ស្រោចទឹកលើផ្ទៃរងឱ្យជោគ។

ជ-យកស្លឹកឈើគ្របលើផ្ទៃរងហើយទុកចោលប្រហែល១អាទិត្យទៅ២អាទិត្យមុនដាំ។នៅពេលដាំបើយើងដាំពេលល្ងាចគឺស្រោចទឹកពេលព្រឹក (ស្រោចមុនពេលដាំ)។

ឈ-ចាប់ផ្តើមដាំបន្ទាប់ពីស្រោចហើយបានប្រហែល៥ម៉ោងក្រោយមក។សូមកុំស្រោចទឹកថែមទៀតមុនពេលដាំភ្លាមហើយក្រោយពេលដាំ។សូមរក្សាគំរបដីនៅដដែល។

ញ-មួយថ្ងៃឬ២ថ្ងៃក្រោយមកបើរងមានសភាពស្ងួតយើងអាចស្រោចទឹកបន្ថែម។

កំណត់សម្គាល់ផ្សេងៗក្នុងការធ្វើរងនេះ

  • បរិមាណជីលាមកសត្វគួរតែស្មើប្រហែលមួយ១/៤នៃសារធាតុសរីរាង្គទាំងអស់។
  • បើពិបាកកាប់ចូលទៅជ្រៅខ្លាំងយើងអាចធ្វើជារបៀបពូនឡើងវិញ។យើងអាចប្រើដើមចេកឬកំណាត់ឈើជារបាំងសងខាងរងដើម្បីងាយស្រួលគរសារធាតុសរីរាង្គនិងពូនដី
  • ប្រសិនបើនៅកន្លែងដែលជាដីខ្សាច់យើងគួរលាយដីដំបូកន្លះៗជាមួយដីដែលពូនជារងខាងលើ​។
Comments
Loading...