នយោបាយ ប្រជាធិបតេយ្យ ជីវភាពប្រជាពលរដ្ឋ និងជោគវាសនាប្រទេសជាតិ

0 11,617

នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ប្រជាពលរដ្ឋខ្មែរមានឱកាសចូលរួមកំណត់ទិស ដៅនៃការដឹកនាំប្រទេស តាមរយៈការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ។ ដើម្បីចូលរួមចំណែក ក្នុងការបង្កើនការយល់ដឹងបន្ថែមឲ្យដល់ ប្រជាពលរដ្ឋទូទៅទាក់ទងសារៈសំខាន់នៃការបោះ​ឆ្នោត យើងខ្ញុំសូមចែករំលែក ជាពិសេស តើការបោះឆ្នោតមានទំនាក់ទំនងជាមួយរឿង​នយោបាយ ហើយនយោបាយមានទំនាក់ទំនង ជាមួយប្រជាធិបតេយ្យហើយប្រជាធិបតេយ្យ​មានទំនាក់ទំនងជាមួយជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ និងជោគវាសនាប្រទេសជាតិ​យ៉ាងណាដែរ?

ភាសាសាមញ្ញ នយោបាយ គឺសំដៅលើរបៀប ឬសិល្បៈដឹកនាំប្រទេស។ ប្រជាធិបតេយ្យ មានន័យថាការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការដឹកនាំប្រទេសដោយដោយការចូលរួមមាន ផ្ទាល់ (ប្រជាធិបតេយ្យផ្ទាល់ Direct Democracy) ឬចូលរួមជាប្រយោល (ប្រជាធិបតេយ្យតំណាង Indirect / Representative Democracy)។ ប្រជាធិបតេយ្យផ្ទាល់ មានន័យថាការសម្រេចចិត្ត សំខាន់ៗត្រូវឆ្លងមតិប្រជាពលរដ្ឋ។ ប្រទេសដែលអនុវត្តប្រជាធិបតេយ្យផ្ទាល់ច្រើនជាងគេ គឺ ប្រទេសស្វីស គឺភាគច្រើន ឬការសម្រេចចិត្តសំខាន់ៗ (ឧទាហរណ៍ ការចូល ឬមិនចូលជា សមាជិកសហភាពអ៊ឺរ៉ុប) ត្រូវឆ្លងកាត់ប្រជាមតិ (ការបោះឆ្នោតគាំទ្រ ឬមិនគាំទ្រពីប្រជាពលរដ្ឋ) ឬការសម្រេចចិត្តឲ្យចូលសញ្ជាតិស្វីស។ ឧទាហរណ៍ មួយទៀត ប្រទេសអង់គ្លេសកាលពី ឆ្នាំ២០១៦ បានធ្វើប្រជាមតិបោះឆ្នោតពីការបន្តនៅ ឬដកខ្លួនចេញពីសហភាពអ៊ឺរ៉ុប ហើយប្រជាពលរដ្ឋភាគច្រើនគាំទ្រឲ្យរដ្ឋាភិបាលដកខ្លួនចេញពីសហភាពអ៊ឺរ៉ុប។

ប្រជាធិបតេយ្យប្រយោល ឬប្រជាធិបតេយ្យតំណាង មានន័យថា ប្រជាពលរដ្ឋរើសតំណាង របស់ខ្លួនឲ្យធ្វើការសម្រេចចិត្តលើច្បាប់ និងគោលនយោបាយដឹកនាំប្រទេស។ ប្រជាធិបតេយ្យ តំណាងគេចែកជា២ គឺប្រជាធិបតេយ្យបែបសភានិយម (ដូចនៅកម្ពុជា) ជប៉ុន អូស្ត្រាលី ។ល។ និងប្រជាធិបតេយ្យបែបប្រធានាធិបតីនិយម (ឧទាហរណ៍ ប្រទេសហ្វីលីពីន សហរដ្ឋអាមេរិច ។ល។ ដោយឡែក ក៏មានប្រព័ន្ធប្រជាធិបតេយ្យចំរុះ ដែលមានន័យថា ប្រធានាធិបតីនិយម និង សភានិយម (ឧទាហរណ៍ដូចជា ប្រទេសបារាំង ឬកម្ពុជាកាលពីសម័យសាធារណរដ្ឋខ្មែរ)។

ជាទូទៅ ប្រព័ន្ធដឹកនាំបែបប្រជាធិបតេយ្យនិមួយៗ មានគុណសម្បត្តិ និងគុណវិបត្តិ ហើយការ ជ្រើសរើសយកប្រព័ន្ធណាមួយ អាស្រ័យលើប្រទេសជាតិនិមួយៗ។ ដោយឡែក កម្ពុជាដើរតាម របបនយោបាយប្រជាធិបតេយ្យ បែបសភានិយម (ប្រជាធិបតេយ្យតំណាង)។ ជារៀងរាល់៥ឆ្នាំ តាំងពី១៩៩៣ ប្រជាពលរដ្ឋ ទៅ បោះឆ្នោតរើសតំណាងរបស់ខ្លួន (តំណាងរាស្ត្រ) ដើម្បីធ្វើ ការសម្រេចចិត្តលើច្បាប់ និង គោលនយោបាយដឹកនាំប្រទេស និងជ្រើសរើសនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីចាត់ចែងការងារ ដឹកនាំប្រទេសប្រចាំថ្ងៃ។

នៅថ្ងៃទី២៩ កក្កដា ២០១៨ខាងមុខនេះ ប្រជាពលរដ្ឋ នឹងទៅបោះឆ្នោតរើសតំណាងរបស់ខ្លួន ចំនួន១២៥រូប ដើម្បីបង្កើតជាសភាជាតិ។ ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការបោះឆ្នោតរើស តំណាងរាស្ត្រ គឺជាផ្នែកមួយសំខាន់នៃ ប្រជាធិបតេយ្យហើយការបោះឆ្នោតនេះ វាទាក់ទងនិង ការរស់នៅជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ​ និងជោគវាសនាប្រទេសជាតិ។ នៅពេលបោះឆ្នោត គណបក្សនយោបាយ និមួយៗខំប្រឹងប្រែងបង្ហាញពីគោលនយោបាយរបស់ខ្លួននៅតាម​វិស័យនិមួយៗ ដែលពាក់ព័ន្ធ ការរស់នៅប្រចាំថ្ងៃ និងប្រទេសជាតិ មានន័យថា តំណាងរាស្ត្រ​ជាប់ឆ្នោត នឹងអនុម័តឲ្យ រដ្ឋាភិបាលធ្វើអ្វីខ្លះ ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋដូចជា​បញ្ហាសេវាសុខាភិបាល បញ្ហាសិក្សាធិការ បញ្ហាទីផ្សារកសិកម្ម បញ្ហាចរាចរណ៍ បញ្ហាការងារ បញ្ហាយុវជន បញ្ហាគ្រឿងញៀន បញ្ហាអន្តោប្រវេសន៍ ។ល។ ក៏ដូចជា ការអនុម័តលើការបែង​ចែកថវិកាជាតិ ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងផលប្រយោជន៍ជាតិ។

នៅពេលបោះឆ្នោត គណបក្សដែលដឹកនាំរដ្ឋាភិបាលបច្ចប្បន្នក៏ខំប្រឹងប្រែងប្រជែងជាមួយ គណបក្សផ្សេងទៀតដើម្បីបន្តកាន់អំណាច។ តាមរយៈការប្រកួតប្រជែង ធ្វើឲ្យគណបក្សដែល ដឹកនាំ រដ្ឋាភិបាលខំធ្វើការឲ្យបានល្អ ដើម្បីយកចិត្តប្រជាពលរដ្ឋ។ ក្នុងន័យនេះ ទោះបីកន្លងមក គណបក្សប្រកួតប្រជែង ឬគណបក្សប្រឆាំងជាមួយគណបក្សដឹកនាំរដ្ឋាភិបាលបច្ចប្បន្ន មិនទាន់ បានឱកាសឈ្នះដឹកនាំប្រទេស ក៏ប្រជាពលរដ្ឋភាគច្រើនបានឈ្នះ ឬបានទទួលផលប្រយោជន៍ ខ្លះៗពីការកែលំអនូវគោលនយោបាយមួយចំនួន។ ឧទាហរណ៍ ក្រោយការបោះឆ្នោតឆ្នាំ២០១៣ រដ្ឋាភិបាលប្រឹងប្រែងខុសពីធម្មតា មានទាំងការជំរុញនូវវិធានការមួយចំនួនដើម្បីទទួលបាន សន្លឹកឆ្នោតពីប្រជាពលរដ្ឋ​ដូចវាការឧបត្ថម្ភដល់ស្ត្រីកម្មករចំនួន៤០ម៉ឺនរៀលពេលសម្រាលកូន ម្តង តម្លើងប្រាក់ខែដល់មន្ត្រីរាជការ១លានរៀល ផ្តល់សេវាឡានក្រុងពេលបុណ្យចូលឆ្នាំដោយ អត់យកលុយ បញ្ចុះតម្លៃអគ្គិសនី។ល។

ការបោះឆ្នោតដោយប្រជាពលរដ្ឋ ជាវិធីសាស្ត្រមួយប្រកបដោយសន្តិភាព ដែលជួយឲ្យ ប្រជាពលរដ្ឋទទួលបាននូវអ្វីដែលត្រូវបាន និងមានសារសំខាន់សម្រាប់ការរស់នៅប្រចាំថ្ងៃ ទាំង ជីវភាព សេរីភាព សន្តិសុខ ។ល។ តាមពិត ការប្តូរគណបក្សដឹកនាំប្រទេសទៅវិញទៅមកតាម រយៈការបោះឆ្នោត ដូចជានៅអ៊ឺរ៉ុបខាងលិច ជប៉ុន សហរដ្ឋអាមេរិច កាណាដា។ល។ ជារឿងល្អ ពីព្រោះ គណបក្សដែលធ្លាប់កាន់អំណាចពេលក្លាយជា បក្សប្រឆាំងអាចប្រឆាំងបានល្អដោយ សារធ្លាប់ មានបទពិសោធន៍ដឹកនាំប្រទេសកន្លងមក។

ដើម្បីឲ្យប្រជាពលរដ្ឋ និងជាតិទាំងមូលទទួលផលប្រយោជន៍ពីប្រជាធិបតេយ្យ និងការបោះឆ្នោតទាល់តែប្រជាពលរដ្ឋទាំងអស់បើកចិត្តឲ្យទូលាយ មានន័យថា មិនសំខាន់តើគណបក្សណា ឬបុគ្គលណាឈ្នះទេ? សំខាន់បំផុត គឺគោលនយោបាយល្អៗ ដែលផ្តល់ប្រយោជន៍ដល់ ប្រជាពលរដ្ឋ និងជាតិត្រូវបានអនុវត្ត។ ការគាំទ្រជ្រុលពេកដល់ក្រុមណាមួយ បុគ្គលណាមួយ ឬ បក្សណាមួយ តាមរបៀបយកឈ្នះយកចាញ់ មានមួយអត់មួយ ហើយចងកំហឹងរវាងគ្នាទៅវិញ ទៅមកបាននាំបញ្ហាច្រើនណាស់ដល់សង្គមយើង ហើយប្រជាពលរដ្ឋភាគច្រើនបំផុតជា អ្នកចាញ់ពីការប្រកួតប្រជែងរបៀបនេះ។ អ្នកនយោបាយដែលឈ្នះ ក៏មិនប្រាកដថាឈ្នះរហូតដែរ ហើយក្រុមគាត់អាចជួបហានិភ័យនៅពេលអស់អំណាចពេលក្រោយដែរ។ ដើម្បីឲ្យប្រទេស ជាតិ មានការដឹកនាំល្អ ប្រជាពលរដ្ឋទាំងអស់ទទួលផលប្រយោជន៍ពីប្រព័ន្ធដឹកនាំបែប​ប្រជាធិបតេយ្យ ហើយការផ្ទេរអំណាចពីក្រុមមួយទៅក្រុមមួយទៀតប្រកបដោយសន្តិភាព ប្រជាពលរដ្ឋយើង ត្រូវចូលរួមសកម្មក្នុងការជំរុញឲ្យគណបក្សទាំងអស់ប្រកួតប្រជែងគ្នានូវ​គោលនយោបាយល្អៗ និងដាក់បេក្ខជនល្អឲ្យឈរឈ្មោះ ហើយប្រជាពលរដ្ឋ រើសគណបក្សណា​ដែលល្អជាងគេដើម្បីដឹកនាំប្រទេស។

Comments
Loading...