សួនដំណាំជាលក្ខណៈគ្រួសារ – ការការពារដំណាំបានល្អ

0 1,890

ជាទូទៅដំណាំរបស់យើង តែងតែមានជួបបញ្ហានូវការបំផ្លាញពីសត្វល្អិត និងជំងឺផ្សេងៗ (បង្កដោយមេរោគដូចជាផ្សិត បាក់តេរី។ល។​ គ្រាន់តែការបំផ្លាញវាមានកំរិតខុសៗគ្នា។ ក្រៅពីសត្វល្អិត និងជំងឺ ក៏អាចជួបបញ្ហាបំផ្លាញដោយសារតែមកពីការខ្វះជីជាតិដី ឬសារធាតុចិញ្ចឹម ឬអាចដីដាំជាំទឹកពេក។

ចំពោះអ្នកគ្រប់គ្រងសួនដំណាំតាមគោលការណ៍ធម្មជាតិ គេយល់ថាបញ្ហារបៀបនេះវាតែងតែមាននៅក្នុងធម្មជាតិ។ដើម្បីជៀសវាងកុំឲ្យមានបញ្ហានេះកើតមានឡើងធ្ងន់ធ្ងរ គេតែងតែអនុវត្តទៅតាមគោលការណ៍ការពារប្រសើរជាងព្យាបាល។​ តែបើបញ្ហានៅតែកើត មានឡើង​ គេអនុវត្តនូវវិធានការណ៍សមស្របមួយ ក៏គេចុះចាញ់ដោយសមរម្យ​។

អ្នកការពារដំណាំដោយអនុវត្តតាមគោលការណ៍ធម្មជាតិ គេយល់ឃើញថា​ជាទូទៅប្រសិនបើ យើងម្នាក់ៗ​ អនុវត្តនូវវិធានការខាងក្រោមនេះបានច្បាស់ជាបញ្ហាទាក់ទងទៅនឹងសត្វល្អិត​ និងជំងឺមិនអាច កើតមានធ្ងន់ធ្ងរទេ៖

  • ការយកចិត្តទុកដាក់លើការកែលំអ ថែរក្សាជីជាតិដី
  • ការជ្រើសរើស និងទុកដាក់ពូជឲ្យបានល្អ
  • ការធានាឲ្យដំណាំមានការចាប់ផ្តើមបានល្អនៅក្នុងសួន(ការគ្រប់គ្រងនិងថែរក្សាកូនដំណាំឲ្យបានល្អ)
  • ការជ្រើសរើសដំណាំឲ្យសមស្របទៅនឹងរដូវកាល និងទីកន្លែង
  • ការពារកុំឲ្យសត្វល្អិតមកស៊ីដំណាំតាមរយៈការចុះពិនិត្យសួន ដោយយកចិត្តទុកដាក់
  • ការដកស្មៅបំផុសដីបានល្អ
  • កុំដាំដំណាំកៀកគ្នាពេក ឬបើកៀកពេកត្រូវដកចោលខ្លះ
  • យកល្អដកចោលនូវដំណាំណាដែលមានការបំផ្លាញដោយជំងឺ ដើម្បីកុំឲ្យឆ្លងទៅដំណាំដទៃទៀត
  • ការអនុវត្តនូវប្រព័ន្ធដាំដុះចំរុះ
  • មានការបង្ហូរទឹកបានល្អ ជៀសវាងកុំឲ្យដីមានភាពជាំទឹកយូរ
  • ស្គាល់នរណាជាមិត្ត នរណាជាសត្រូវធម្មជាតិរបស់ដំណាំ ហើយការពារនិងបង្កល័ក្ខខ័ណ្ឌឲ្យមិត្ត របស់ដំណាំអាចរស់នៅបានល្អ តាមរយៈការមិនប្រើថ្នាំពុល​ការបង្កើតនូវជម្រកផ្សេងៗការ មិនចាប់សម្លាប់សត្វទាំងនោះ (ឧទាហរណ៍​ កង្កែប​​ ​ គីង្គក់ ។ល។)
  • ដាំដំណាំបណ្តេញសត្វចង្រៃ (ដំណាំដែលមានក្លិនក្រពុលដូចជា ជី​ ស្លឹកគ្រៃ​ ផ្កាស្បៃរឿង ។ល។

ប៉ុន្តែប្រសិនបើ​ សួនដំណាំជួបបញ្ហាបំផ្លាញដោយសត្វល្អិត​​ និងជំងឺផ្សេងៗ​ គេតែងតែអនុវត្តដូចខាងក្រោមនេះ៖

  • កំណត់ពីបញ្ហាឲ្យបានច្បាស់លាស់​មុននឹងឈានទៅរកការសំរេចចិត្ត​លើការអនុវត្តនូវវិធានការណ៍អ្វីមួយ
  • ស្វែងយល់ពីមូលហេតុឲ្យបានច្បាស់ (តើវាអាចមកពីមូលហេតុអ្វី?)
  • ប្រមូលនូវដំណោះស្រាយ​ ឬជំរើសផ្សេងៗ
  • សំរេចចិត្តអនុវត្តនូវជំរើសណាមួយដែលសមស្រប(ឧទាហរណ៍ ការប្រើថ្នាំដែលផ្សំពីរុក្ខជាតិ)
  • ធ្វើការវាយតម្លៃនូវលទ្ធផលនៃការអនុវត្ត
  • បើទៅមិនរួច ចុះចាញ់ប្រកបដោយសន្តិភាព។

ជាទូទៅគេតែងតែពិភាក្សាជាមួយអ្នកជិតខាង និងអ្នកមានបទពិសោធន៍ច្រើន ដើម្បីស្វែងយល់ពី

បញ្ហាឲ្យបានច្បាស់លាស់ ហើយប្រមូលនូវបទពិសោធន៍ ឬដំណោះស្រាយផ្សេងៗ។ គេមិនឈាន ទៅរកការអនុវត្តរបៀបរហ័សតាមរយៈការប្រើថ្នាំពុលទេ ជាពិសេស​ ថ្នាំពុលគីមី។ ការប្រើថ្នាំពុលគីមី វាគ្រាន់តែជាដំណោះស្រាយខ្លីទេ ហើយវានាំមកនូវបញ្ហាច្រើន រហូតអាចឈានទៅដល់គ្រោះថ្នាក់ ដល់អាយុជីវិតអ្នកប្រើថ្នាំផង (សូមអានបន្ថែម សៀវភៅថ្នាំពុល និងបញ្ហារបស់វាដែលបោះពុម្ភផ្សាយ ដោយអង្គការសេដាក)។ ប្រសិនបើករណីចាំបាច់​គួរប្រើថ្នាំផ្សំពីរុក្ខជាតិ ដើម្បីបណ្តេញ និងសម្លាប់សត្វ ដែលបំផ្លាញដំណាំ។​ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏ថ្នាំផ្សំពីរុក្ខជាតិក៏មានគ្រោះថ្នាក់ដែរ​ហើយវា ទាមទារឲ្យមានការប្រើប្រាស់ប្រកបដោយការប្រុងប្រយ័ត្នជានិច្ច។

Comments
Loading...