សួនដំណាំជាលក្ខណៈគ្រួសារ – គ្រប់គ្រងរក្សាកូនដំណាំ

0 3,243

ការដាំដំណាំមានច្រើនរបៀប ដូចជាការដាំដោយគ្រាប់ផ្ទាល់ ការដាំដោយប្រើមែក​ ទង ដើម និងមើម និងការដាំដោយបណ្តុះគ្រាប់​ហើយបានដកកូនទៅដាំឬទៅស្ទូង ។ ដំណាំបន្លែជាច្រើនប្រភេទ ត្រូវបានគេអនុវត្តការដាំរបៀបបណ្តុះកូនជាមុនសិនមុនដាំ ដោយគេយល់ថាវាអាចមានលក្ខណៈប្រសើរជាងការដាំដោយគ្រាប់​ផ្ទាល់ (ឧទាហរណ៍ ​ម្ទេស ​ត្រប់ ប៉េងប៉ោះ)។

ក្នុងករណីគេបណ្តុះគ្រាប់ ហើយបានដកកូនយកទៅដាំ​គោលបំណងសំខាន់ៗគឺគេចង់បាន កូនដំណាំដែលមានសុខភាពល្អ​ កម្លាំងខ្លាំងយកទៅដាំ ហើយលៃយ៉ាងណាបន្ទាប់ពីដាំហើយ​កូនដំណាំ នោះអាចមានលទ្ធភាពលូតលាស់បានល្អភ្លាម។

គំនិតសំខាន់ៗ ដែលយើងអាចជ្រើសរើសសំរាប់យកទៅអនុវត្តមាន៖

  • យកតែគ្រាប់ថ្លោស ពេញល្អទៅសាប
  • សាបស្តើងល្មមដើម្បីឲ្យកូនដំណាំអាចរីកមាឌបានល្អ
  • នៅពេលសាបកុំឲ្យគ្រាប់កប់ជ្រៅពេក (ជំរៅនៃការកប់អាស្រ័យលើទំហំរបស់គ្រាប់)
  • ប្រើជីកំប៉ុស្តរោយលើផ្ទៃខាងលើរបស់ថ្នាលមុននឹងសាប
  • ថែរក្សាថ្នាលឲ្យបានល្អ ជាពិសេសការពារកុំឲ្យមានទឹកដក់ជាំខ្លាំងឬរាំងស្ងួតខ្លាំង​ក៏ដូចជាទទួលបំផ្លាញពីសត្វល្អិត និងជំងឺ ក៏ដូចជាការបំផ្លាញពីសត្វផ្សេងៗទៀត
  • ដកតែដើមថ្លោស​ទៅដាំ
  • ពេលដក ការពារកុំឲ្យមានការប៉ះពាល់ខ្លាំងដល់ឫស​ដោយដកថ្នមៗ​ ហើយមានដោយដីជាប់ទៅ ជាមួយខ្លះៗ និងការពារកុំឲ្យឫសកូនដំណាំប៉ះពន្លឺថ្ងៃខ្លាំងពេលដកទៅដាំ
  • ដកកូនភ្លាមយកទៅដាំ ឬស្ទូងភ្លាមកុំទុកយូរចាំឲ្យស្រពោនអន់ដើម
  • ដាំដោយថ្នមៗហើយកុំកប់ឫសកូនដំណាំជ្រៅពេក
  • យកល្អដាំនៅពេលថ្ងៃល្ងាច ដើម្បីកុំឲ្យដំណាំរងនូវពន្លឺថ្ងៃខ្លាំងពេក
  • ដាំហើយយកល្អគ្របគល់ដើម្បីរក្សាសំណើមឲ្យបានល្អ
  • ក្នុងរយៈពេល ២-៣ថ្ងៃដំបូងគួរគ្របកូនដំណាំតាមរយៈប្រើស្លឹកដូង ​ឬសំភារៈស្រដៀងនេះ។ការគ្របនេះធ្វើនៅពេលថ្ងៃ​ ជាពិសេសថ្ងៃត្រង់ និងថ្ងៃរសៀលក៏ដូចជាពេលដែលយើងបារម្ភថាអាចមានភ្លៀងធ្លាក់ខ្លាំង។

ចំណុចសំខាន់ដែលអ្នកត្រូវរង់ចាំពេលដកកូនដំណាំទៅដាំ គឺកូនដំណាំទាមទារឲ្យមានការថ្នាក់ថ្នមប្រៀបដូច ក្មេងតូច ឬកូនង៉ែត ហើយការពារកុំឲ្យឫសត្រូវកំដៅថ្ងៃ។

Comments
Loading...