សួនដំណាំជាលក្ខណៈគ្រួសារ – អនុវត្តប្រព័ន្ធដាំដុះចំរុះ

0 9,037

ការអនុវត្តនូវប្រព័ន្ធចំរុះ (ដាំដំណាំជាច្រើនមុខនៅលើដីសួន) ផ្តល់ផលប្រយោជន៍ការការពារដំណាំ ពីព្រោះវានាំមកនូវភាពចម្រុះនៃសត្វរស់នៅក្នុងសួន និងតុល្យភាពរវាងសត្វមានប្រយោជន៍ និងសត្វដែល បំផ្លាញដំណាំ។

ទន្ទឹមនឹងនេះ ការដាំដំណាំច្រើនមុខ ក៏អាចជួយដល់ជីជាតិដីដែរ ដោយដំណាំនីមួយៗតម្រូវការ និងស្រូបយកជីជាតិពីដីមានភាពខុសគ្នា។ ផ្ទុយទៅវិញការដាំដំណាំតែមួយមុខគត់នៅលើដីតែមួយបង្កលក្ខណៈ ងាយស្រួលឲ្យសត្វល្អិតដែលបំផ្លាញដំណាំក្នុងការប្រមូលផ្តុំ និងធ្វើការស្រូបជីជាតិដីដដែលៗអស់ចេញពីដី​។

លើសពីនេះទៀត ការដាំច្រើនមុខនាំឲ្យលោកអ្នកបានទទួលផលដំណាំដែលមានសារធាតុចិញ្ចឹមចម្រុះគ្រប់មុខសម្រាប់បរិភោគប្រចាំថ្ងៃ។

ប្រព័ន្ធដាំដុះចម្រុះដែលគេអាចអនុវត្តបានក្នុងសួនដំណាំមានដូចជា៖

  • ការដាំដំណាំច្រើនមុខលាយគ្នាលើដីតែមួយ
  • ការដាំដំណាំឆ្លាស់តាមរង (ឧទាហរណ៍ រងមួយមានដាំសណ្តែកកួរ ហើយរងមួយទៀតមានដាំ ត្រប់ជាដើម)
  • ការដាំបង្វិលមុខដំណាំទៅតាមរដូវ (ឧទាហរណ៍ នៅកន្លែងមួយមានដាំសណ្តែកកួរ តែរដូវក្រោយត្រូវដាំម្ទេស ឬដំណាំផ្សេងទៀតដែលខុសពីពួកសណ្តែក)
  • ការដាំច្រើនជាន់ (ការមានដាំដំណាំវារឡើងទ្រើង ហើយនៅខាងក្រោមទ្រើងមានដាំដំណាំ ផ្សេងទៀត ជាពិសេសដំណាំដែលធុននឹងម្លប់)
  • ការបញ្ចូលនូវដើមឈើក្នុងប្រព័ន្ធដាំដុះ (ដើមឈើសំខាន់មានដូចជា អង្គាដី ដែលគេអាចដាំនៅក្នុងសួនបានដោយវាមិនសូវមានម្លប់ខ្លាំង អាចជួយស្រូបជីជាតិមកចិញ្ចឹមដំណាំដទៃទៀត) ក្រៅពីរបៀបដាំដូចមានរៀបរាប់ខាងលើនេះ គេអាចដាំតាមរបងនូវដើមឈើមួយចំនួនដូចជា រលោះ កន្ធំធេត ស្ដៅ ជាដើមឈើដែលគេអាចប្រើប្រាស់ជាអាហារបានដែរ។
  • ការដាំជារបងសួន ឧទាហរណ៍ ការដាំដើមកន្ធំធេត ស្ដៅ ម្រុំ ស្អំ ។ល។

Comments
Loading...