កាហ្វេក្លែងក្លាយ កាហ្វេធម្មជាតិ កាហ្វេសរីរាង្គ

0 118,712

កាហ្វេ កំពុងក្លាយជាភេសជ្ជៈពេញនិយមរបស់ខ្មែរយើងកាន់តែច្រើន តែទន្ទឹមនឹងនេះវាក៏ក្លាយ ជាបញ្ហាដែរជាពិសេសទាក់ទងកាហ្វេក្លែងក្លាយកាហ្វេគីមីជាដើម។ ដើម្បីបង្កើនការយល់ដឹង បន្ថែមដល់អ្នកនិយមបរិភោគកាហ្វេទាក់ទងបញ្ហាកាហ្វេ ខ្ញុំសូមចែករំលែកនូវបទពិសោធន៍ មួយចំនួន។

កាហ្វេក្លែងក្លាយ (Fake Coffee) តាមពិតមិនមែនជា កាហ្វេទេ គឺជាផលិតផលដែលគេលាយចូល គ្នានូវសណ្តែកសៀង ម្ស៉ៅពោត និងគ្រឿងផ្សេងទៀត។ ដើម្បីមានជាតិកាហ្វអ៊ីន (Cafein) គេដាក់ លាយម្ស៉ៅគ្រាប់កាហ្វេមែនទែនអាច១០%ទៅ២០%ឬ៣០%។ ផលិតផលកាហ្វេក្លែងក្លាយនេះ សម្បូរណាស់ ជាពិសេសនៅប្រទេសវៀតណាម ហើយក៏មាននាំមកលក់គ្រប់ទីកន្លែងនៅប្រទេស កម្ពុជា។ ទន្ទឹមនឹងនេះ សិប្បកម្មកាហ្វេក្លែងក្លាយ ក៏មាននៅស្រុកខ្មែរដែរ។

កាហ្វេគីមី គឺជាភាសាទូទៅ ដែលខ្មែរយើងប្រើជំនួសពាក្យកាហ្វេក្លែងក្លាយ ដោយសារការផលិត កាហ្វេក្លែងក្លាយ គេមានលាយបន្ថែមសារធាតុគីមីសិប្បនិម្មិត ដើម្បីបង្កើនរសជាតិ ក្លិន ពណ៌ និងពពុះ។ សារធាតុគីមីសំខាន់ៗ មួយចំនួនដែលគេប្រើនៅវៀតណាមមានដូចជា៖

  • Sodium Lauryl Sulfate
  • Carboxymethyl Cellulose
  • Choramphenicol (អង់ទីប្យូទិក)
  • Sodium Cylamate (មេស្ករ)

ក្នុងចំណោមសារធាតុគីមីខាងលើនេះ Sodium Lauryl Sulfate ជាសារធាតុគីមីដែលគេផ្សំ សម្រាប់ ផលិតសាប៊ូលាងចាន និងសាប៊ូកក់សក់ (Shampoo) ហើយគេយកលាយដើម្បីឲ្យកាហ្វេ ក្លែងក្លាយមានពពុះ។

ការបរិភោគកាហ្វេក្លែងក្លាយ វានាំមកនូវបញ្ហា ឬគុណវិបត្តិមួយចំនួន៖

  1. សារធាតុគីមី ដែលគេដាក់លាយបន្ថែមអាចមានភាពគ្រោះថ្នាក់ដល់សុខភាព។ ថ្មីៗនេះ ក៏មានលេចព័ត៌មានពីការប្រើសារធាតុធ្វើថ្មពិលលាយជាមួយកាហ្វក្លែងក្លាយ ដែលជា រឿងមួយគ្រោះថ្នាក់ណាស់ ដោយក្នុងថ្មពិលមានសារធាតុលោហៈដែលពុល ឬមាន គ្រោះថ្នាក់ដល់មនុស្ស។
  2. កាហ្វេក្លែងក្លាយច្រើនផលិតកែច្នៃដោយខ្វះអនាម័យ ហើយវត្ថុធាតុដើមដូចជា សណ្តែក សៀង និងគ្រាប់កាហ្វេ ភាគច្រើនអាចជារបស់មានគុណភាពអន់មានតម្លៃថោក។
  3. ការបរិភោគកាហ្វេក្លែងក្លាយប្រៀបដូចជាការបរិភោគសណ្តែកសៀង និងលាយជាមួយ ពោត និងពពុះសាប៊ូ ដែលសឹងតែគ្មានរសជាតិកាហ្វពិតប្រាកដ។

កាហ្វេធម្មជាតិ គឺជាកាហ្វេសុទ្ធពិតប្រាកដ ដែលសម្បូរជាតិកាហ្វអ៊ីន ដោយអត់មានលាយ ជាមួយអ្វីផ្សេងទៀត​ទេ។ ដោយឡែក កាហ្វេធម្មជាតិក៏មានកាហ្វេធម្មជាតិសុទ្ធ១០០% និង កាហ្វេធម្មជាតិមិនសុទ្ធ១០០%ដែរ ពីព្រោះជួនកាលគេអាចលាយជាមួយម្ស៉ៅគ្រាប់សណ្តែក សៀង  ឬម្ស៉ៅគ្រាប់ធញជាតិផ្សេងទៀតខ្លះៗដែរ។

កាហ្វេសរីរាង្គ ជាកាហ្វេធម្មជាតិ ដែលដាំដុះតាមស្តង់ដារសរីរាង្គ ជាពិសេសមិនប្រើជីគីមី សំយោគ ថ្នាំពុលគីមីសំយោគ ដើម្បីឲ្យកាហ្វេដុះលូតលាស់បានផលល្អ ហើយគ្រាប់កាហ្វេត្រូវ បានទុកដាក់ កែច្នៃ និងវេចខ្ចប់ដោយមិនមានប្រើសារធាតុគីមីសំយោគបន្ថែម។ បច្ចប្បន្ន នៅលើ ទីផ្សារស្រុកខ្មែរ មានកាហ្វេស្តង់ដារសរីរាង្គអង្គការសេដាក ដែលដាំដុះដោយកសិករនៅទឹកដី ប៊ូស្រាខេត្តមណ្ឌលគីរី។ កាហ្វេស្តង់ដារសរីរាង្គអង្គការសេដាក មានលក់នៅហាងអូក្រា ហាង កសិផលធម្មជាតិសេដាក ហាង F Cafe និងហាងផ្សេងៗទៀត។ លោកអ្នក អាចចំណាំវាបាន តាមរូបសញ្ញា (logo) សរីរាង្គសេដាក។

តាមការពិសោធន៍កន្លងមក គេអាចបែងចែកកាហ្វេធម្មជាតិ និងកាហ្វេក្លែងក្លាយដូចខាងក្រោម៖

  1. កាហ្វេធម្មជាតិក្នុងបរិមាណមួយកញ្ចប់ដូចគ្នា គឺស្រាលជាងកាហ្វក្លែងក្លាយ។​ តែបើ ទម្ងន់ដូចគ្នា កញ្ចប់កាហ្វេធម្មជាតិធំជាងកាហ្វេក្លែងក្លាយ។
  2. កាហ្វេធម្មជាតិ ពេលបរិភោគជាកាហ្វេខ្មៅក្តៅសុទ្ធ និងមានរសជាតិរាងល្វីង ហើយជូរ បន្តិច ឯកាហ្វេក្លែងក្លាយវិញ មានរសជាតិរាងផ្អែមដោយសារមានលាយជាមួយស្ករ តាំងម៉ែ។
  3. កាហ្វេធម្មជាតិ ពេលថែមទឹកច្រើនរាងឡើងពណ៌ត្នោតហើយថ្លា។ កាហ្វេក្លែងក្លាយ ពេលដំបូងខ្មៅ តែពេលលាយទឹកថែមកាន់តែច្រើន បាត់ពណ៌ ឬសាបពណ៌។
  4. ម្ស៉ៅកាហ្វេធម្មជាតិរាងស្ងួត ហើយមិនមានភាពស្អិតជាប់គ្នាទេ ចំណែកឯម្ស៉ៅកាហ្វេក្លែង ក្លាយ រាងសើម ហើយស្អិតជាប់គ្នា។
  5. នៅពេលយើងយកកាហ្វេធម្មជាតិមួយស្លាបព្រាដាក់ក្នុងទឹកត្រជាក់មួយកែវ វារាង អណ្តែតចេញពណ៌មកតិចៗទេហើយពណ៌រាងត្នោតថ្លា។ បើកាហ្វេក្លែងក្លាយ វានឹង ចេញពណ៌មកឡើង ខ្មៅ ហើយលិចទៅខាងក្រោមកែវ ហើយអាចមានទឹកពណ៌ថ្លា ស ដូចទឹកនៅផ្នែកខាងលើបំផុត។
  6. កាហ្វេធម្មជាតិ មានពណ៌រាងត្នោត ហើយមិនអាចមានពណ៌ខ្មៅខ្លាំងទេ។ នៅពេល លាយជាមួយទឹកកក (កាហ្វទឹកកក) វាមានពណ៌រាងត្នោតថ្លា។ ផ្ទុយទៅវិញ កាហ្វេក្លែង ក្លាយមានពណ៌ខ្មៅ ឬខ្មៅខ្លាំង។
  7. ជាទូទៅកាហ្វេក្លែងក្លាយ មានតម្លៃថោក តម្លៃដែលអ្នកឆុងកាហ្វេទិញចូលភាគច្រើនគឺ ១៥០០០ រៀល ទៅ២០០០០រៀលក្នុងមួយគីឡូ បើប្រៀបធៀបជាមួយកាហ្វេធម្មជាតិ (កាហ្វេ Robustra) តម្លៃអាចខុសគ្នាពី២ទៅ៣ដង។

ដោយសារបញ្ហា ដូចរៀបរាប់ខាងលើនេះ យកល្អលោកអ្នកគួរជៀសវៀងកុំពិសារកាហ្វក្លែង ក្លាយ ទោះបីជាមានការខុសតម្លៃគ្នាបន្តិចបន្តួច។ ណាមួយទៀត យើងបរិភោគកាហ្វេមិនមែន បរិភោគសណ្តែកសៀងលាយពោត និងពពុះសាប៊ូទេ។

អាជ្ញាធរ និងស្ថាប័នជំនាញ ត្រូវតែចាត់វិធានការឲ្យបានច្បាស់លាស់ក្នុងការបង្ក្រាបការផលិត និងការជួញដូរកាហ្វេក្លែងក្លាយ។

ទាំងអ្នកលក់កាហ្វេ និងអ្នកបរិភោគកាហ្វេ ក៏គួរនាំងាកមកគាំទ្រផលិតផលកាហ្វេធម្មជាតិខ្មែរ ជាពិសេសកាហ្វេសរីរាង្គ។ បច្ចប្បន្ននេះ ការដាំកាហ្វេ ក៏កំពុងរីកដុះដាលដែរ ជាពិសេសនៅខេត្ត មណ្ឌលគីរី ហើយយើងជឿជាក់ថាក្នុងរយៈពេលប្រមាណ៥ឆ្នាំខាងមុខនេះ ខ្មែរយើងអាចសម្បូរ កាហ្វេធម្មជាតិ នៅពេលមានការគាំទ្រច្រើនពីប្រជាពលរដ្ឋ និងរដ្ឋាភិបាល។

ប្រសិនបើលោកអ្នក ត្រូវការជាវកាហ្វសរីរាង្គប៊ូស្រា (កាហ្វេគ្រាប់ កាហ្វេគ្រាប់លីងហើយ កាហ្វេម្ស៉ៅ កាហ្វេកញ្ចប់តូចៗសម្រាប់ឆុងបរិភោគភ្លាមៗ) សូមទាក់ទងលេខទូរសព្ទ  077 72 66 99 (ឈុនលី), 012 54 53 60  (កុកថា), 077 67 15 71 (ប៊ុនដា)។

Comments
Loading...