សារៈប្រយោជន៍របស់កំប្លោក (Water Hyacinth, Eichhornia Crassipes )

0 9,312

កំប្លោក ជារុក្ខជាតិដុះក្នុងទឹកដែលមាននៅគ្រប់ទីកន្លែងនៅស្រុកខ្មែរ ដូចជាតាមស្រះទឹក ត្រពាំង បឹង ស្ទឹង ទន្លេ។ល។

វាជារុក្ខជាតិងាយដុះ និងមានការលូតលាស់លឿនរហ័សដោយក្នុង១សប្តាហ៍ វាអាចបំបែកខ្លួនក្លាយជា២។  កំប្លោកអាចចាត់ទុកជារុក្ខជាតិមួយដែលដុះលឿនជាងគេបំផុតលើលោកនេះ។ ដោយសារការដុះលូតលាស់លឿន កន្លែងខ្លះវាហាក់ដូចជាបង្ករជាបញ្ហាវិញ។

ដោយសារភាពងាយស្រួលដុះលូតលាស់របស់វា និងការផ្តល់នូវបរិមាណផលជាដើម ស្លឹក និងឬសច្រើន យើងត្រូវចេះទាញយកផលប្រយោជន៍របស់វា ជាពិសេសការប្រើប្រាស់ក្នុងវិស័យកសិកម្ម។

ខាងក្រោមនេះជាឧទាហរណ៍មួយចំនួនអំពីការប្រើប្រាស់ និងផលប្រយោជន៍របស់កំប្លោក៖

  1. កំប្លោក ជាពិសេសនៅពេលខ្ចី យកទៅប្រើជាចំណីសត្វដូចជាមាន់ ទា ជ្រូក គោក្របី ជាដើម។ សូបបញ្ជាក់ថា កំប្លោកមានប្រូតេអ៊ីនខ្ពស់ប្រហែល២០%ដែរ។
  2. កំប្លោកទាំងដើម ស្លឹក និងឬស ពេលទុកឲ្យរលួយទៅ ក្លាយជាជីធម្មជាតិដ៏ល្អ។ គេប្រើវា ជាធាតុ ផ្សំក្នុងការផលិតជីកំប៉ុស្ត
  3. ដើម ស្លឹក និងឬសកំប្លោក យកទៅគ្របដី និងគល់ដំណាំ ជួយការពារសំណើមក្នុងដី ការពារស្មៅ កុំឲ្យដុះ ផ្តល់ភាពម្លប់ត្រជាក់ដល់សត្វល្អិត មានប្រយោជន៍ក្នុងដី និងពេលរលួយក្លាយជា ជីធម្មជាតិ ដីល្អ។
  4. ដើម និងស្លឹកកំប្លោក ពេលហាលឲ្យស្ងួតដូចចំបើង គេអាចយកទៅបណ្តុះផ្សិតបាន។
  5. ផ្កាកំប្លោកជាបន្លែធម្មជាតិ (អន្លក់) ដែលមានរសជាតិឆ្ងាញ់
  6. កំប្លោក បើយើងរក្សាវាទុក ១ផ្នែកតូចនៃស្រះទឹកចិញ្ចឹមត្រី (ឧទាហរណ៍ ១/១០ នៃផ្ទះស្រះ) ឬសវា ជម្រកដល់ត្រី ហើយឬសរបស់វាក៏ជាចំណីដល់ត្រីដែរ។ យើងក៏ត្រូវការពារកុំឲ្យវារីកច្រើនពេក ដែលបណ្តាលឲ្យមានបញ្ហាដល់ត្រីវិញ តាមរយៈការធ្វើឲ្យទឹកខ្វះអុកស៊ីហ្សែន។
  7. កំប្លោកជារុក្ខជាតិ ដែលអាចជួយស្រូបជាតិពុលពីក្នុងទឹក។ វាក៏ជួយឲ្យទឹកថ្លាស្អាត តែក៏ត្រូវ ឧស្សាហ៍ស្រង់វាចេញដែរ។
  8. ផលប្រយោជន៍ផ្សេងៗទៀតដូចជា សរសៃររបស់វា ប្រើជាវត្ថុធាតុដើមសម្រាប់ការធ្វើខ្សែ ធ្វើអង្រឹង ធ្វើកន្ត្រកយួរ និងគ្រឿងសង្ហារឹមផ្សេងៗ។ល។
  9. កំប្លោកទាំងដើម និងស្លឹក យកធ្វើជាវត្ថុធាតុដើម ដើម្បីផលិតឧស្ម័នជីវ (Biogas)។
  10. គេយកទៅកែច្នៃបន្ថែម ដើម្បីធ្វើជាថ្នាំថែរក្សាសម្រស់ស្បែក និងសាប៊ូកក់សក់ (Shampoo)
  11. កំប្លោក ក៏គេអាចយកទៅប្រើជាឱសថបុរាណផ្សេងៗទៀតដូចជា ឈឺធ្មេញ ឈឺបំពង់ក។ ទាក់ទង ការប្រើប្រាស់ជាឱសថបុរាណ ទាមទារឲ្យមានការស្រាវជ្រាវផ្ទៀងផ្ទាត់បន្ថែមទៀត។

ដោយសារផលប្រយោជន៍ និងភាពងាយស្រួលក្នុងការដាំដុះ និងឲ្យផលមិនចេះអស់ យើងគួរយកចិត្ត ទុកដាក់ប្រើកំប្លោកឲ្យបានច្រើន។ ប្រសិនបើស្រះទឹករបស់អ្នកមិនទាន់មានកំប្លោកទេ សូមយកវាមកដាក់ ឲ្យដុំឲ្យបានច្រើន ដើម្បីប្រើប្រាស់ដូចបានរៀបរាប់ខាងលើ។

ឯកសារយោង

  1. Water Hyacinth Control and Possible Use (library.uniteddiverisity.coop)
  2. Water Hyacinth Ecological Value, Environmental Impacts – Gia Discovery – https://www.giadiscovery.com
  3. 15 Health Benefits of Water Hyacinth You Never Know Before – Dr Hebey https://drhealthbenefits.coom
Comments
Loading...